ក្រុមហ៊ុនហួយវ័នរបស់ឧកញ៉ា ហ៊ុន តូ ប្រកាសបិទការិយាល័យទាំងអស់ រួមទាំងប្រតិបត្តិការដកសាច់ប្រាក់នៅកម្ពុជា ដោយសំអាងថា មានអតិថិជនសម្រុកដកលុយចេញពីគណនីច្រើនលើសលប់ ខណៈអន្តរជាតិរកឃើញថា ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធបទឧក្រិដ្ឋលាងលុយកខ្វក់។
បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនហួយវ័នផេ ដែលត្រូវគេចែកចាយលើបណ្តាញសង្គមបានប្រកាសបិទសេវាកម្មដកប្រាក់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ហើយការិយាល័យទាំងអស់របស់ក្រុមហ៊ុននឹងបិទទ្វារ។
បើតាមប្រភពនោះ ដើម្បីធានាសុវត្ថិភាពប្រាក់របស់អតិថិជន ក្រុមហ៊ុនសម្រេចអនុវត្តវិធានការពន្យារការដកប្រាក់ជាដំណាក់កាល ក្រោយអតិថិជនសម្រុកដកលុយចេញពីគណនី។
យ៉ាងណា វិធានការនេះ ក្រោយប្រទេសកូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huione Group របស់ លោកឧកញ៉ា ហ៊ុន តូ ដែលរកស៊ីទីផ្សារងងឹតពាក់ព័ន្ធឧស្សាហកម្មឆបោកអនឡាញ។
ជុំវិញរឿងនេះ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា កម្ពុជា ជាកន្លែងឧក្រិដ្ឋជនឆ្លងដែន ដែលសហគមន៍អន្តរជាតិបានរកឃើញ ក្នុងនោះមានទាំងឧកញ៉ា ហ៊ុន តូ ម្នាក់ផងដែរដែលជាមេឧក្រិដ្ឋជន។
សមាជិករដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលារូបនេះ យល់ថា ក្រុមហ៊ុនលោក ហ៊ុន តូ នេះ មានជាក់ពាក់ព័ន្ធបទឧក្រិដ្ឋឆបោក និងលាងលុយកខ្វក់ ដែលកំពុងធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ រួមទាំងបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគបរទេសផងដែរ។
លោកថា៖ «អ្នកដែលវិនិយោគក្តី! គេអត់ហ៊ានទេ ព្រោះគេខ្លាច គេខ្លាចហើយ ដល់ពេលអ៊ីចឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឥលូវនេះ អ្នកណានៅទូទាំងពិភពលោកនរណាក៏ដឹងដែរ។ ប្រទេសមួយៗគេមិនឱ្យ (ប្រជាជនមកលេង) ប្រទេសកូរ៉េខាងត្បូងក្តី ចិនក្តីហ្នឹង! អត់ឱ្យប្រជាពលរដ្ឋគេមកលេងស្រុកខ្មែរ ហើយគេអត់ឱ្យមកវិនិយោគនៅស្រុកខ្មែរទៀត។ អ៊ីចឹងវាទូទាំងពិភពលោកហើយ ធ្វើឲ្យខូចកិត្តិយសៗខ្លាំងមែនទែនហើយ»។
ដោយឡែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា បញ្ហានេះកំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុកម្ពុជា ហើយពលរដ្ឋនឹងបាត់បង់ទំនុកចិត្តលើប្រព័ន្ធធនាគារកម្ពុជា ដែលការណ៍នេះទាមទារឱ្យធនាគារជាតិជួយអន្តរាគមន៍បន្ទាន់ ដើម្បីរកមធ្យោបាយការពារលុយអតិថិជន។
សម្រាប់លោក សុជាតិ ការប្រកាសបិទក្រុមហ៊ុន ហើយគ្មានដំណោះស្រាយ វានឹងធ្វើឱ្យប៉ះពាល់គ្រប់វិស័យផ្សេងៗទៀត ដែលកំពុងប្រើប្រាស់សេវាកម្មក្រុមហ៊ុននេះ។
លោកថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា គួរមានវិធានការហើយនឹងផ្តល់នូវមធ្យោបាយសមរម្យមួយ ដើម្បីឲ្យខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏ហួយវ័នផេគាត់អាចផ្តល់នូវកញ្ចប់ ឬក៏ចំណុចណាមួយជូនទៅដល់អតិថិជនរបស់គាត់វិញ។ កាលណាដែលយើងធ្វើការបិទទាំងស្រុង ហើយមិនមានដំណោះស្រាយនៅក្នុងដំណាក់កាលនេះ ខ្ញុំយល់ថា វាគឺបង្ហាញឲ្យឃើញនូវបញ្ហាពាក់ព័ន្ធជាមួយនឹងកង្វះ ឬក៏ការដែលគ្មានកញ្ចប់ថវិកាដែលធ្វើឲ្យប៉ះពាល់ទៅដល់វិស័យផ្សេងៗទៀត ដែលប្រើប្រាស់សេវាពីធនាគារនេះ ដោះស្រាយបញ្ហា»។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុនហួយវ័នគ្រុប និងប្រធានធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា កាលពីខែមីនា ឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជា (NBC) បានដកហូតអាជ្ញាបណ្ណក្រុមហ៊ុន Huione Pay ដោយសារតែក្រុមហ៊ុនមួយនេះ មិនបានបំពេញលក្ខខណ្ឌអនុលោមតាមបទបញ្ញត្តិ និងអនុសាសន៍ដែលធ្វើឡើងដោយនិយ័តករកម្ពុជា។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍រកឃើញមួយ នៅថ្ងៃទី០១ ខែឧសភាថា ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនមេនៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ជាបណ្ដាញលាងលុយកខ្វក់ដ៏ចម្បងមួយ និងស្នើកុំឱ្យក្រុមហ៊ុននេះ ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។
បន្ថែមលើនេះ ឧកញ៉ា ហ៊ុន តូ ក៏ត្រូវបានក្រុមហ៊ុនវិភាគកាក់ឌីជីថល Elliptic ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានរកឃើញថា កំពុងរកស៊ីខ្មៅងងឹត ក្រោមឈ្មោះក្រុមហ៊ុន ហួយ អាដេ គ្រុប ដោយប្រព្រឹត្តិអំពើលាងលុយកខ្វក់ និងចាប់ជំរិតតាមអនឡាញ។ ដោយឡែក កាស៊ីណូ WM នៅក្រុងព្រះសីហនុ ដែលមានបណ្តាញនឹងឧកញ៉ា ហ៊ុន តូ ក៏ត្រូវបាន វីអូឌី រកឃើញថា មានជាប់ពាក់ព័ន្ធប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ផងដែរ។
លើសពីនេះ របាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏បានរៀបរាប់ពីផលប៉ះពាល់ក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងត្បូង ដែលកើតចេញអំពីឧក្រិដ្ឋកម្មឆបោកនេះដែរ ជាពិសេសកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជូនឥស្សរជននយោបាយជាន់ខ្ពស់របស់ខ្លួនមកកាន់កម្ពុជា ជំរុញឲ្យរបបក្រុងភ្នំពេញចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអំពើទាំងនោះ។
បន្ថែមលើនេះ រដ្ឋាភិបាលកូរ៉េ ក៏បានប្រកាសរឹតបន្តឹងការធ្វើដំណើររបស់ជនជាតិកូរ៉េខាងត្បូងមកកម្ពុជា និងបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន លើបុគ្គល ១៥រូប និងអង្គភាពចំនួន ១៣២ស្ថាប័ន ដែលមានមូលដ្ឋាននៅក្នុងកម្ពុជា ដែលមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា ក្នុងនោះរួមមាន ក្រុមហ៊ុន Prince Holding Group របស់លោក ចេន ហ្ស៊ី ក្រុមហ៊ុន Huione Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣ផ្សេងទៀតរបស់លោក ហ៊ុន តូ ដែលត្រូវជាក្មួយប្រុសរបស់លោក ហ៊ុន សែន ផងដែរ។
សរុបមក អត្ថបទទាំងបួនខាងលើសុទ្ធតែបង្ហាញថា មជ្ឈមណ្ឌលឆបោកនៅកម្ពុជា កំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតដែលពិបាកដោះស្រាយបាន ព្រោះចំណូលពីឧស្សាហកម្មឆបោក និងការលាងលុយកខ្វក់នេះ គឺជាប្រភពស្នូលនៃសេដ្ឋកិច្ចនយោបាយរបស់ប្រទេស និងសម្រាប់ប្រើប្រាស់ដើម្បីក្តោបក្តាប់អំណាចរបស់អ្នកនយោបាយគណបក្សប្រជាជនកម្ពុជា បើទោះបីបញ្ហានេះ ក្លាយជាក្តីបារម្ភសន្តិសុខកាន់តែខ្លាំងឡើង សម្រាប់ប្រទេសក្នុងតំបន់ និងទូទាំងពិភពលោកក៏ដោយចុះ។
ដោយឡែក លោក សេង វណ្ណលី នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅអូស្ត្រាលី បាននិយាយថា ទាក់ទិននឹងបញ្ហានេះ របបបច្ចុប្បន្នយកផលប្រយោជន៍បុគ្គល ធំជាងមុខមាត់ជាតិ។
ក្នុងន័យនេះ លោកពន្យល់ថា បញ្ហាឆបោក និងការលាងលុយកខ្វក់ គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបាននិងកំពុងជះផលប៉ះពាល់ជាអវិជ្ជមាន ដល់សក្កានុពលគ្រប់វិស័យរបស់កម្ពុជា ទាំងរយៈពេលខ្លី និងរយៈពេលវែង ហើយដែលរបបភ្នំពេញព្យាយាមគេចវេស មិនដោះស្រាយឲ្យចំឫសគល់នៃបញ្ហា។
ការបរាជ័យនេះ កើតចេញពីកង្វះទំនួលខុសត្រូវ ប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពអំណាច ដែលត្រូវរបបភ្នំពេញបំផ្លាញ សំដៅរក្សានូវអំណាចផ្តាច់មុខដោយគ្មានការរារាំង។
លោកនិយាយក្នុងសម្តីដើមថា៖ «យើងសង្កេតឃើញថា ក្រោយការរំលាយគណបក្សប្រឆាំង ការរឹតត្បិតសកម្មភាពអង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យ កិច្ចការបន្ទាប់របស់គណបក្សកាន់អំណាច គឺការព្យាយាមបំភាន់សាធារណៈមតិ និងលាក់បាំងនូវអំពើទុច្ចរិតរបស់ពួកគេ តាមរយៈការប្រើប្រាស់ (១) ថវិកាដែលបានពីអាជីវកម្មឆបោក (២) ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន និងសហភាព/សមាគម/មូលនិធិ ដែលកូនចៅគេកាន់កាប់ (៣) មន្ត្រីរាជការ និងទ្រព្យសម្បត្តិរដ្ឋ ធ្វើសកម្មភាពនានាដើម្បីពង្វក់ស្មារតីពលរដ្ឋឲ្យជឿលើឧត្តមភាពនៃការដឹកនាំរបស់កូនចៅគេ និងវិបុលភាពក្លែងក្លាយ»។
លោកថា នៅម្ខាង គណបក្សកាន់អំណាចជឿថា ពលរដ្ឋចំនួនតិចណាស់ដែលមានការយល់ដឹងពីការគ្រប់គ្រងរដ្ឋ និងខ្វាយខ្វល់ពីផលប្រយោជន៍រួម។ ម្ខាងទៀត បើទោះបីដឹង ក៏ពួកគេជឿថា ពលរដ្ឋមិនអាចធ្វើសកម្មភាពអ្វីដែលអាចប៉ះពាល់ដល់អំណាចរបស់ពួកគេបានដែរ ព្រោះស្ថាប័នរដ្ឋ ដូចជា តុលាការ និងកងកម្លាំងប្រដាប់អាវុធ សុទ្ធតែស្ថិតនៅក្រោមការក្តោបក្តាប់ដែលពួកគេអាចប្រើប្រាស់ដើម្បីកម្ចាត់រាល់ការរិះគន់ ទាំងផ្លូវច្បាប់ និងទាំងមធ្យោបាយហិង្សាគ្រប់ប្រភេទ៕








