ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយខ្មែរ ជំរុញឱ្យមេដឹកនាំគ្រួសារហ៊ុន ប្រញាប់ងាកមកផ្សះផ្សាជាតិតាមគន្លងប្រជាធិបតេយ្យឡើងវិញ ដើម្បីរើខ្លួនពីចំណងវៀតណាម ដោយថា វៀតណាមពេលនេះ កំពុងបង្កើនសម្ពាធឱ្យមេដឹកនាំខ្មែរ អនុវត្តផែនការឥណ្ឌូចិនរបស់ លោក ហ៊ូ ជីមិញ តាមរយៈការជំរុញឱ្យកម្ពុជាសម្រួលលក្ខខណ្ឌអំណោយផលដល់សហគមន៍វៀតណាមរស់នៅកម្ពុជា។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា វិទ្យុបារាំង បានដកស្រង់ពីកាសែតប្រជាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចុះផ្សាយថា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ថាញ់ សឺន នឹងជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីដាក់សំណើរឱ្យកម្ពុជាជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីកម្ពុជា។
ប្រភពនិយាយថា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ថាញ់ សឺន បាននិយាយថា គណបក្សកុម្មុយនិស្តវៀតណាម ឬរដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ខ្លាំង ចំពោះសហគមន៍វៀតណាមនៅកម្ពុជា។
បើតាមប្រភពខាងលើ លោក ថាញ់ សឺន បញ្ជាក់ថា ការបង្កើតលក្ខខណ្ឌអំណោយផលនឹងជួយឱ្យពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជាមានអារម្មណ៍សុវត្ថិភាព និងអាចឱ្យពួកគេរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងចំណងមិត្តភាពបែបប្រពៃណីរវាងប្រទេសទាំងពីរ និងក្នុងភាពជាអ្នកជិតខាងល្អ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ សង្ឃឹមថា «សហគមន៍វៀតណាមនៅកម្ពុជានឹងបន្តរួបរួមគ្នា គាំទ្រគ្នាទៅវិញទៅមក គោរពច្បាប់កម្ពុជា និងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍»។
ការជំរុញនេះ ហាក់មិនមែនជាលើកទី១ទេ តួរយ៉ាង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជីញ បានសន្ទនាតាមទូរសព្ទជាមួយ លោក ហ៊ុន ម៉ាណែត ដោយស្នើសម្រួលដល់ការចូលសញ្ជាតិសម្រាប់ជនជាតិវៀតណាមដែលមានសិទ្ធិ ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនវៀតណាម ដើម្បីមានស្ថិរភាពជីវភាពធ្វើសមាហរណកម្ម។
ជុំវិញបញ្ហានេះ តំណារាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២ខែធ្នូនេះថា វៀតណាមកំពុងជំរុញឱ្យមេដឹកនាំគ្រួសារហ៊ុន ពន្លឿនអនុវត្តផែនការឥណ្ឌូចិនរបស់ ហ៊ូ ជីមិញ ដើម្បីលេបទឹកដីខ្មែរ។
លោកអះអាងថា វៀតណាមនៅតែមានមហិច្ចតាចិញ្ចឹមចិត្តលេបទឹកដីខ្មែរ ដោយប្រើយុទ្ធសាស្រ្តបញ្ជូនជនជាតិខ្លួនឱ្យមករស់នៅកម្ពុជាច្រើនទៅៗ និងទាមទារសញ្ជាតិស្របច្បាប់ពីរដ្ឋាភិបាលគ្រួសារហ៊ុន។
លោកថា៖ «នៅពេលដែលមេដឹកនាំវៀតណាម ស្នើឲ្យមេដឹកនាំកម្ពុជាផ្ដល់ភាពស្របច្បាប់ ឬក៏សម្រួលដល់ការរស់នៅរបស់ជនជាតិវៀតណាមហ្នឹង នឹងធ្វើឲ្យជនជាតិវៀតណាមក្លាយទៅជាជនអន្តោប្រវេសន៍ស្របច្បាប់ ហើយនិងបានសញ្ជាតិខ្មែរបានមកស្នាក់នៅអចិន្ត្រៃយ៍ អាហ្នឹងវាជាហានិភ័យទៅដល់បូរណភាពទឹកដីយើង នៅពេលអនាគត អាចកម្ពុជាយើងនឹងបាត់បង់ទឹកដីកម្ពុជាហ្នឹង ដូចដែលបាត់បង់ទឹកដីកម្ពុជាក្រោម កម្ពុជាអាចក្លាយទៅជាកម្ពុជាក្រោមទីពីរអាចក្លាយទៅជាប្រទេសចំប៉ាទីពីរ»។
សម្រាប់ លោក សំអាន ការផ្ដល់លក្ខខណ្ឌអំណោយផលដល់ជនអន្តោប្រវេសន៍វៀតណាមបែបនេះ នឹងធ្វើឱ្យប្រទេសជាតិជួបហានិភ័យខ្លាំង ខណៈសមាគមជនជាតិវៀតណាម មាន២៥ខេត្តក្រុង រួមទាំងពលករវៀតណាមកំពុងរស់នៅលើដីសម្បទានទំហំជាង ២៤ម៉ឺនហិកតានៅខេត្តជាប់ព្រំដែនទៀត។
លោកបារម្ភថា សព្វថ្ងៃវៀតណាមកំពុងអនុវត្តផែនការ ហូ ជីមិញ គឺបង្ហូរជនជាតិគេឱ្យមករស់នៅលើទឹកដីកម្ពុជាកាន់តែច្រើន ហើយជនជាតិវៀតណាមមួយចំនួន កំពុងកាន់តែតំណាងក្នុងជួររដ្ឋាភិបាលទៀត។
លោកថា៖ «លោក ហ៊ុន សែន គាត់បានកាន់តំណែងដោយសារវៀតណាមលើកបន្តុប ដូច្នេះការអនុវត្តផែនការរបស់វៀតណាម ក្នុងការលេបត្របាក់យកកម្ពុជាហ្នឹងទៅដាក់ទៅក្នុងសហព័ន្ធឥណ្ឌូចិន ដែលមានកម្ពុជា វៀតណាម ឡាវ ជាប្រទេសតែមួយនៅពេលអនាគត ដូច្នេះដើម្បីអាចរក្សាអំណាចត្រកូលហ៊ុនបាន ត្រូវការការជួយពីវៀតណាម បើវៀតណាមមិនជួយទេ គឺប្រាកដជាមានបញ្ហាផ្ទៃក្នុងហើយ អ៊ីចឹងហើយក៏ត្រូវអនុវត្តផែនការរបស់វៀតណាម ក្នុងការលេបត្របាក់យកកម្ពុជាទៅដាក់ក្នុងសហព័ន្ធឥណ្ឌូចិន»។
ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បារម្ភថា បើមេដឹកនាំគ្រួសារហ៊ុននៅតែបន្តអនុវត្តផែនការឥណ្ឌូចិនរបស់ ហ៊ូ ជីមិញ ទឹកដីខ្មែរ ថ្ងៃអនាគត មិនខុសពីខ្មែរកម្ពុជាក្រោមទេ។
លោករំឭកថា តាមប្រវត្តិសាស្រ្ត វៀតណាមបានស៊ីដាច់ទឹកដីកម្ពុជាក្រោមបាត់ទៅហើយ មកដល់បច្ចុប្បន្ននេះ តាមរយៈយុទ្ធសាស្រ្តឱ្យបញ្ចូលជនជាតិខ្លួនទៅរស់ឱ្យកាន់តែច្រើន មិនចាកចេញវិញទេ។
លោកថា៖ «រដ្ឋាភិបាលកម្ពុជា ទាំងលោក ហ៊ុន សែន រហូតដល់កូនគាត់ លោក ហ៊ុន ម៉ាណែត ហ្នឹងនៅតែបន្តសងគុណវៀតណាម គឺសងគាត់មិនចេះចប់មិនចេះហើយ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងកំពុងតែភ័យស្លន់ស្លោត នៅក្នុងអាណានិគមបែបថ្មីរបស់វៀតណាមលើប្រទេសកម្ពុជា ក្រោមរូបមន្តទំនាក់ទំនងត្រីភាគី វៀតណាម កម្ពុជា ឡាវ ដែលពីដើមឡើយ គេហៅថា ឥណ្ឌូចិនរបស់វៀតណាម ហើយវៀតណាមនឹងពង្រីកឥទ្ធិពលដូចអាហ្នឹងនៅលើទឹកដីឡាវ ដីកម្ពុជា វៀតណាមត្រូវតែប្រើឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតនៅក្នុងរដ្ឋបាលរបស់ លោក ហ៊ុន ម៉ាណែត អ៊ីចឹងបានមេដឹកនាំវៀតណាមជួបមេដឹកនាំខ្មែរ ស្នើឲ្យកម្ពុជានឹងបំពេញបំណងរបស់ពលរដ្ឋវៀតណាម រស់នៅកម្ពុជាដោយខុសច្បាប់ហ្នឹង ឱ្យមកស្របច្បាប់»។
ការណ៍នេះ លោក ម៉ែន ណាត ជំរុញឱ្យមដឹកនាំគ្រួសារហ៊ុន ត្រូវគិតគូរពិចារណាឡើងវិញ ដោយងាកមកផ្សះផ្សាជាតិ ស្តារប្រជាធិបតេយ្យ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស២៣តុលា ដើម្បីជួយសង្រ្គោះជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ពីចំណងរបស់វៀតណាម។
លោកថា៖ «ដើម្បីដោះខ្លួនបានសម្រេចទាល់តែរដ្ឋាភិបាលកម្ពុជាហ្នឹង ត្រូវអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅ ដោះខ្លួនទី១ ហើយមេដឹកនាំកម្ពុជាត្រូវតែពង្រឹងសមត្ថភាពទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងយោធាខ្លួនឯង មួយទៀត ដើម្បីដោះខ្លួនបានសម្រេចមែនទែន គឺត្រូវបើកលំហសេរីភាពក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ឲ្យគណបក្សផ្សេងណាដែលមិនមែនជាគណបក្សប្រជាជន មកដឹកនាំប្រទេសអាហ្នឹងអាចដោះខ្លួនបាន»។
ចំណែក អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ ធ្លាប់អះអាងថា មូលហេតុដែលលោក ហ៊ុន សែន ចាប់ខ្លួនលោក ដោយសារលោកប្រឆាំងនឹងបំណងវៀតណាម ដែលចង់ឱ្យលោកកាត់ដីតាមព្រំដែនឱ្យ និងបង្ហូរជនជាតិវៀតណាមចូលមករស់នៅក្នុងដែនដីកម្ពុជា។
លោកថា៖ «គេសុំខ្ញុំ៣ចំណុច! ទី១សុំកាត់ដីឱ្យស្រុកគេ ទី២ គេសុំខ្ញុំបញ្ចូលនិគមគេ១ខេត្ត៣ពាន់គ្រួសារ ខ្ញុំអត់ឱ្យ។ ទី៣សុំបង្កើតក៥ ខ្ញុំអត់ឱ្យទៀត ទាំងអស់ហ្នឹងសុទ្ធតែយកដីខ្មែរ សម្លាប់ប្រជាជនខ្មែរ។ បញ្ជូលនិគមគេមក ខ្ញុំដាច់ខាតមិនឱ្យ ហើយដល់ លោក ហ៊ុន សែន គេថាខ្ញុំមានគំនិតចង្អៀត ជាតិនិយម ប្រឆាំងវៀតណាមមកតាំងនៅស្រុកខ្មែរ។ គេប្រឆាំងខ្ញុំរហូត! ហ៊ុន សែន ហេង សំរិន»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជានជនកម្ពុជា លោក ជា ធារិទ្ធិ ច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា ក្រោមការដឹកនាំរបស់បក្សកាន់អំណាចមិនធ្វើឱ្យបាត់ដីទៅប្រទេសជិតខាងទេ។
លោកថា៖ «អ្វីដែលពួកគេលើកឡើងរាប់សិបឆ្នាំមកហើយ ប៉ុន្តែសួរថាកម្ពុជាឥឡូវយ៉ាងម៉េចកម្ពុជានៅតែជាកម្ពុជា កម្ពុជានៅតែជារដ្ឋអធិបតេយ្យកម្ពុជា នៅតែជារបស់ប្រជាជនខ្មែរ កម្ពុជាកំពុងតែរីកចម្រើនទៅមុខ តើកម្ពុជាទៅណាឥឡូវហ្នឹង ប៉ុន្តែការលើកឡើងរបស់ពួកគេគ្រាន់តែជាសំឡេង គ្រាន់តែថា ចេះតែថា ប៉ុន្តែថាបើគ្មានទឡ្ហីករច្បាស់លាស់ នរណាក៏ចេះថាបានដែរ»។
ដោយឡែក នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅអូស្ត្រាលី លោក សេង វណ្ណលី យល់ថា មេដឹកនាំបក្សកាន់អំណាច មិនអាចរើខ្លួនចេញពីចំណងវៀតណាមបានទេ ចាត់តាំងពីទសវត្សរ៍៨០មក ដោយសំអាងថា អ្នកដែលវៀតណាមលើកបន្ទុប នឹងត្រូវវៀតណាមរកវិធីទម្លាក់ចេញពីអំណាច បើមិនតាមការចង់បានរបស់វៀតណាម ដូចករណីលោក ប៉ែន សុវណ្ណ ជាដើម ។
ក្នុងន័យនេះ លោកសំអាងថា មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជាសព្វថ្ងៃ ត្រូវវៀតណាមជាអ្នកលើកបន្ទុបឱ្យកាន់អំណាចតាំងពីទស្សវត្សរ៍ទី៨០ ដូច្នេះមេដឹកនាំកម្ពុជារូបនេះ ពិបាករើខ្លួនចេញពីចំណងវៀតណាមណាស់។
លោកថា ជាប្រវត្តិសាស្រ្តវៀតណាមបានចង លោក ហ៊ុន សែន តាំងពីទសវត្សរ៍៨០មក ក្រោយចាប់វៀតណាមកម្ចាត់ លោក ប៉ែន សុវណ្ណ ដោយប្រើដៃលោក ហ៊ុន សែន ហើយក្រោយមកវៀតណាម ប្រគល់កៅអីនាយករដ្ឋមន្ត្រីនេះ ឱ្យលោក ហ៊ុន សែន ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រឥណ្ឌូចិន។
លោកថា៖ «ខ្ញុំអត់មានឃើញសញ្ញាណាមួយ ដែលរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនហ្នឹង អាចរលាស់ខ្លួនពីឥទ្ធិពលវៀតណាមបាននោះទេ ហើយក៏មិនអាចបដិសេធរាល់សំណើរបស់វៀតណាមបានដែរ ដរាបណាប្រព័ន្ធនយោបាយឯកបក្សបច្ចុប្បន្ន នៅបន្តកាន់កាប់អំណាច ហើយនិងគ្មានការបើកឲ្យមានការប្រកួតប្រជែង ដោយឈរលើភាពសុក្រឹតនៃការបើកឲ្យមានសេរីភាព សិទ្ធសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហើយនឹងពង្រឹងសកម្មភាពរបស់អង្គការសង្គមស៊ីវិល ដើម្បីត្រួតពិនិត្យ និងរក្សាតុល្យភាពនៅក្នុងការត្រួតពិនិត្យ ការប្រើប្រាស់អំណាចរបស់រដ្ឋបច្ចុប្បន្ននោះទេ ខ្ញុំមើលទៅវាប្រហែលជាគ្មានសង្ឃឹមសោះឡើយ ក្រោមរដ្ឋបាលគ្រប់គ្រងដោយបក្សប្រជាជនបច្ចុប្បន្ន ដោយសារតែរឿងអាស្រូវជាច្រើន ទាំងក្នុងជួរមន្ត្រីឥស្សរជននយោបាយបច្ចុប្បន្នផង ហើយដឹងសាវតានៃការកើតមានគណបក្សប្រជាជនផង»។
ជ្រុងមួយនេះ ផែនការណ៍នេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសថា ដីទំហំ ៤០ហិកតានោះ ត្រូវបានផ្ដល់ទៅប្រជាជន ៤ ៥៦៣គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹកលើដងទន្លេសាបនៅក្នុងខេត្តនេះ ក្នុងនោះអាជ្ញាធរថា មានជនជាតិវៀតណាម ២ ៤៨០គ្រួសារ ឬ ១០ ៣១១នាក់ ប្រជាពលរដ្ឋខ្មែរ ២ ០១០គ្រួសារ និងពលរដ្ឋខ្មែរឥស្លាម ៧៣គ្រួសារផងដែរ។
អាជ្ញាធរបញ្ជាក់ថា អ្នកដែលត្រូវបានរៀបចំឱ្យបន្លាស់ទីមានចំនួនជាង ៤ពាន់គ្រួសារ (៤.៥៦៣) ក្នុងនោះជនអន្តោប្រវេសន៍វៀតណាមមានជាង ២ពាន់គ្រួសារ (២.៣៧៩គ្រួសារ) ស្មើនឹងជាង ១ម៉ឺននាក់ (១០.០៨៧)។ ក្រៅពីនោះ គឺជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម។
លើសពីនេះ ប្រធានសមាគមវៀតណាមប្រចាំកម្ពុជា លោក ស៊ឹម ជី ធ្លាប់អះអាងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា មានជនជាតិវៀតណាមប្រមាណ ១ ០០០គ្រួសារ ដែលជម្លៀសចេញពីផ្ទៃទឹកក្នុងរាជធានីភ្នំពេញនោះ គឺ១០០គ្រួសារ ជាប់គាំងនៅព្រំដែនវៀតណាម ខេត្តកណ្ដាល ដោយអាជ្ញាធរវៀតណាមមិនអនុញ្ញាតឱ្យជនជាតិវៀតណាមត្រឡប់ចូលប្រទេសវិញនោះទេ។ ខណៈជាង៤០០គ្រួសារឡើងគោកជួលផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញ និងផ្សេងៗទៀត រស់នៅលើផ្ទៃទឹកក្នុងខេត្តកណ្តាល ក្បែរព្រំប្រទល់រាជធានីភ្នំពេញ។
បន្ថែមពីនេះ កាលពីខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃកម្ពុជា បានចេញរបាយការណ៍ស្តីពីចំនួនជនអន្តោប្រវេសន៍វៀតណាម ដែលចូលមករស់នៅកម្ពុជា មានចំនួន ៨៩ ៤៧១នាក់ ក្នុងចំណោមជនអន្តោប្រវេសន៍ទាំងនោះមានចំនួន ៣៧ ៤៣៦នាក់ កាន់កាប់ឯកសារមិនប្រក្រតី។
ក្រសួងមហាផ្ទៃ ក៏បានចេញបណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ប្រជាពលរដ្ឋវៀតណាមទាំងនេះជាង ៦ម៉ឺននាក់ ដែលមានអាយុលើស១៨ឆ្នាំ និងដែលបានចូលមកកម្ពុជាមុនឆ្នាំ២០១២។ ទន្ទឹមនឹងនោះដែរ ក្រសួងក៏បានចេញលិខិតអនុញ្ញាតជិត ២ម៉ឺនច្បាប់ ដើម្បីបន្តការស្នាក់នៅរៀងរាល់២ឆ្នាំម្តង ដល់ជនជាតិវៀតណាមទាំងនោះ។
ភាគច្រើននៃជនជាតិវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា បានទទួលបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដោយត្រូវបង់ថ្លៃបណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន២៥ម៉ឺនរៀល ជារៀងរាល់ពីរឆ្នាំម្តង សម្រាប់ជនជាតិវៀតណាមម្នាក់៕








