កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០២៦​កើន​ឡើង​ជាង​៧ដ​ង​ ខណៈ​​រដ្ឋាភិបាល​ឱប​​ក្រសោប​​​​​ម​ន្ត្រីសំ​ពីង​​សំពោង

រដ្ឋសភា កាល​ពីថ្ងៃទី​​២៩ខែ​​វិច្ឆិកា ​បា​ន​​អនុម័ត​យល់​​ព្រម​ជា​ឯកច្ឆន្ទ តាម​​សំណើរ​​របស់​រដ្ឋា​ភិបា​ល​​​គ្រួសារ​ហ៊ុន​​ដែល​​បង្កើន​​កញ្ចប់​​​ថវិកា​ជាតិ​​​ដល់​​ជាង ​១០​​ពាន់​​លាន​​ដុល្លារ​​ក្នុង​​​ឆ្នាំ​​២០២៦ ​គឺ​​មាន​ការ​​កើន​​ឡើង​៧,៦% បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ដែល​​មា​ន​​ទឹក​​ប្រាក់​ចំនួន ៩ពាន់​​៤រយ​​លាន​​ដុល្លារ។

ក្នុង​ច្បាប់​​ហិរញ្ញ​វត្ថុនេះ ​ក៏បាន​​អនុញ្ញាត​ឱ្យ​រដ្ឋា​ភិបាល​​អាច​​​ខ្ចី​​ប្រាក់​ជាង​​ ៣​ពាន់​​លាន​​ដុល្លារ​​បន្ថែ​ម​​ទៀត ​យក​មក​​បង្គ្រប់​​​ការ​​ចាយ ខណៈ​​រដ្ឋាភិបាល​​មិន​​កាត់​បន្ថយ​ក្រសួង ​​​​និង​​បន្ត​​ឱប​ក្រសោប​មន្ត្រីច្រើ​ន​​សំពីង​សំពោងដេក​ស៊ីប្រា​ក់​ខែ​រដ្ឋ ស្រប​ពេល​ពលរដ្ឋ​ ​ជាពិសេស​​ពលករ​ខ្មែរ​​ដែល​​ទើ​​ប​​​​វិល​​ត្រឡប់​​មក​​ពី​ថៃ​ កំពុង​ជួប​​វិបត្តិបំណុល​​វ័ណ្ឌ​ក។

គេកត់​សម្គាល់​ឃើញ​​ថា នៅក្នុ​ង​រយៈ​​ពេល​​ជិត​១០​ឆ្នាំ​មក​​នេះ ​កម្ពុជា​​ត្រូវ​​បាន​​អង្គ​ការ​​តម្លាភាព​​អន្តរជាតិ ​ចាត់​ចំណាត់​​​ថ្នាក់​​​​នៅ​​បាត​តារាង​ជារៀ​ង​​រាល់​​​ឆ្នាំ ​ជាប្រ​ទេស​​ដែល​​កើត​​មាន​​អំពើ​​ពុក​​រលួយ​​ជា​ប្រព័ន្ធ​​ច្រើន​​ជាង​គេនៅ​លើ​​ពិភព​លោក​ ពោល​​​គឺ​ចាប់​​តាំង​​ពី​​លោក ​ហ៊ុន សែន ​បាន​​រំលាយ​​ប្រព័ន្ធ​​ដឹក​នាំ​​រដ្ឋ​​តាម​​បែប​ប្រជា​ធិប​តេយ្យ​​​ តាម​​រយៈ​​ការ​​រំលាយ​គណបក្ស​​សង្គ្រោះ​​ជាតិ ​​ចា​ប់​​ប្រធាន​គណបក្ស​​ លោក កឹម សុខា ឃុំ​​ខ្លួន​ ​ធ្វើ​ឱ្យ​លោក​ហ៊ុន សែន ​អា​ច​​ជិះ​​សេះ​​លែង​​ដៃ​​ចង់​​ធ្វើអ្វី​ៗ បាន​​តាម​​ចិត្ត ​ដោយ​​សារ​​តែ​​ពុំមាន​​គណបក្ស​ប្រឆាំង​​ជំទាស់។

អ្នក​ជំនាញ ​និងអ្នក​ឃ្លាំមើល​ លើកឡើងថា បច្ចុប្បន្ន​​កម្ពុជា​មាន​​ក្រសួង​ស្ថាប័នរដ្ឋ និង​មាន​​មន្ត្រីច្រើន​លើស​ពី​​៤ទៅ​​៩​ដង ​​ដែល​​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់កាត់​បន្ថយ ​ដើម្បីបង្កើន​ប្រសិទ្ធភាពការងារ​​និង​សន្សំសំចៃ​ថវិកា​ជាតិ​។

​លោក​ អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្ស​កែទម្រង់កម្ពុជា ​បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​១ខែ​ធ្នូ​នេះ ​ដោយ​សម្តែង​ការ​​ព្រួយបារម្ភ ​ខណៈ​​កម្ពុជាជារៀង​រាល់​ឆ្នាំ​​តែង​តែ​បង្កើន​ការ​ចាយ​ថវិកាជាតិ ​ហើយ​​នៅ​តែបន្តខ្ចីប្រាក់​ពីបរទេស​​ជារៀង​រាល់​ឆ្នាំ ​ដើម្បី​យក​មក​បង្គ្រប់ការ​ចាយ​ដែល​បាន​​​ធ្វើឱ្យ​បំណុល​​​កើនកាន់​តែច្រើនទៅៗ​​។ យ៉ាង​ណា​ក្តី លោក​ថា ចំនួន​ថវិកា​ជាតិ​ជាង​១០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំនេះ ​វាមិន​ច្រើនហួសហេតុពេកនោះទេ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ក៏គួរតែ​សន្សំសំចៃ​ដែរ ​​ដើម្បី​កុំឱ្យខ្ចីគេ​យក​មក​បង្រ្គប់​ការ​ចាយ​រាល់​ឆ្នាំ ​ពីព្រោះការ​ងារខ្លះ​ ​សេវាខ្លះ បូក​រួម​ទាំងការធ្វើកំណែទម្រង់ ​ដូច​មិន​ឃើញ​មាន​អ្វីប្រែប្រួល​បាន​ល្អប្រសើរ​ជាដុំកំភួន​​​​គួរ​​ឱ្យ​កត់​សម្គាល់​នោះទេ​។ លោក​បន្តថា ថវិកា​ជាតិ​ទាំងនោះ ​បើសិន​ជាបង្កើនការ​ចំណាយ​​ទៅលើ​វិស័យ​ដែល​​​អាទិភាព​ចាំ​បា​ច់​​​​ ដូច​ជា ​វិស័យ​អប់រំ​ វិស័យ​សុខាភិបាល ​និង​វិស័យ​សង្គម​​កិច្ច​ជាដើម​ គឺជារឿង​ប្រសើរ​ ប៉ុន្តែ​​​ត្រូវធ្វើយ៉ាង​ណា​​ឱ្យ​មាន​តម្លាភាព​និង​ប្រសិទ្ធភាព។

លោកថា៖ «ជាការពិតយើងចំណាយ​ទៅលើ​ប្រាក់​ខែ មន្រ្តីតាម​ស្ថាប័នទាំង​ស្ថាប័ន​​នយោបាយ​​ទាំង​ស្ថា​ប័ន​រដ្ឋបាល​​អីជាដើម ហើយខ្ញុំមើល​ឃើញ​ស្ថាប័ន​នយោបាយ​ខ្លះ ​ហាក់​ដូច​ជាមិន​មាន​ប្រសិទ្ធ​ភាព ​ហើយ​​ជា​ពិ​សេ​ស​​ក្បាល​ម៉ាស៊ីន​នៅ​ក្នុងស្ថាប័នមួយ​ៗហ្នឹង ហាក់​​ដូច​ជា​គរ​ជើង​គ្នា​​ច្រើន​ពេក​​ធ្វើ​ឱ្យកា​រ​​​ប្រើ​ប្រាស់​ថវិកាជាតិ​ហ្នឹង​​ខ្ជះខ្ជាយ​ច្រើនណាស់ មិន​​មាន​ប្រសិទ្ធភាពអីទេ។ ដូច្នេះគួរ​តែកាត់បន្ថយ​មន្ត្រី​ដែល​មិន​ចាំបាច់​ទាំង​​ឡា​យ​​ហ្នឹង គួរតែកាត់បន្ថយទៅ»។

វីអូឌី ​មិន​អាច​ទាក់​ទង​លោក ​មាស សុខសេន​សាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិ​ប្បាយ​លើ​បញ្ហា​នេះបាន​ទេ ​នៅ​ថ្ងៃទី​២ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥​​​នេះ​។

ប៉ុន្តែ​លោក​ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឱ្យដឹង​ថា សេចក្ដីព្រាង​ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង​ក្នុង​បរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តហ៊ុមព័ទ្ធ​​ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះ​នឹង​ការគ្រប់គ្រងរបស់កម្ពុជា​នោះឡើយមាន​ជាអាទិ៍​ដូច​ជា​ ការប្រែប្រួលយ៉ាងរហ័ស​នៃរបត់​គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និង​ឯកតោនិយម តាមរយៈគោលនយោបាយពន្ធគយបដិការ ការបន្តបិទខ្ទប់​ព្រំដែនគោក រវាង​កម្ពុជា-ថៃ។

បើ​តាម លោក ​អូន ព័ន្ធមុនីរ័ត្ន សេចក្តីព្រាង​​ច្បាប់​​​នេះ ក៏ត្រូវបានរៀបចំឡើង​ដោយផ្តល់​​អាទិភាព​ ​​លើ​ការពង្រឹងសមត្ថភាពការពារអធិបតេយ្យ​ជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់​និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់​ស្ថាប័ន​រដ្ឋ ការគាំទ្រការអនុវត្តជា​អាទិភាពនូវ​​គោល​នយោ​បាយ​សំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និង​ជាក់ស្តែងនានា ដែលត្រូវ​បន្ត​អនុ​វត្តនៅក្នុង​ឆ្នាំ​២០២៦។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន។

គួរ​រំឭកថា លោក ​​ហ៊ុន ម៉ាណែត ​​ដែល​ត្រូវ​បាន​លើក​បន្តុប​ឱ្យ​ឡើង​ស្នង​តំណែង​​ជានាយក​រដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃទី២២ ​ខែ​សីហា ​ឆ្នាំ២០២៣ ជំនួសឪពុក​របស់​លោក ​​​គឺ​ជាបញ្ញវ័ន្ត​ដែល​​បាន​ទៅ​សិក្សា​នៅ​​បស្ចឹមប្រទេសក្នុង​​នោះក្នុង​ឆ្នាំ១៩៩៩ ​​ទទួលបាន​សញ្ញាបត្រ​ពីបណ្ឌិត​សភា​​យោធា​អា​មេរិក​ ឆ្នាំ២០០២​​បញ្ចប់​ម៉ាស្ទ័រ​ពីសាកល​វិទ្យា​ល័យ​ញូយ៉កផ្នែក​សេដ្ឋ​កិច្ច និង​​ក្នុង​ឆ្នាំ២០០៩​ ​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​​បណ្ឌិត​ពីសាកល​វិទ្យា​ល័យ​​ប្រីស្តុល​នៃ​ចក្រភព​អង់គ្លេស។​ ប៉ុន្តែ​ចាប់តាំងពីលោក​ឡើង​ធ្វើជានាយករដ្ឋមន្ត្រី ក្នុង​រយៈ​ពេល​ជាង​២ឆ្នាំ​មក​នេះ ​មិន​ត្រឹម​តែមិន​ឃើញ​មាន​​ភាពរីកចម្រើន​​លេច​ធ្លោលើ​វិស័យណាមួយ​នោះ​ទេ ថែម​ទាំងទន់​ខ្សោយ​​ធ្វើ​​ឱ្យកើតមាន​​វិបត្តិសង្គមចាក់ស្រែះ​ស្ទើរ​គ្រប់​​វិស័យ​ ​​​រាប់​ចាប់​តាំង​​ពី​វិស័យការ​ពារ​ជាតិ​​បូរណភាពទឹកដី​​ អំពើ​ពុករលួយ​​បក្ខពួកនិយម អំពើអយុត្តិធម៌សង្គម ​អំពើឆបោក​ចាប់​ជម្រិត ​និង​ការ​ជួញដូរគ្រឿង​​ញៀន​ជាដើម​បាន​រីក​រាលដាល​ចាក់ស្រែះ ​​សូម្បីតែតម្លៃ​កសិផល​​របស់កសិករ​ក៏ធា្លក់ចុះ​​យ៉ាងសម្បើម​ផងដែរ។ នេះ​បើតាម​​ក្រុម​អ្នក​ឃ្លាំមើល​។

កម្ពុជា​ដែល​មាន​ប្រជាជន​ត្រឹមតែប្រមាណ​ ១៧លាន​នាក់​ ត្រូវបាន​គេមើល​ឃើញថា ជា​ប្រទេស​​ដែល​មាន​ក្បាល​​ម៉ាស៊ីន​​ដឹកនាំ​​រដ្ឋ​ធំ​សំពីង​សំពោង​​លើសគេ​ នៅលើពិភព​លោក ​ក្នុងនោះ​គ្រាន់​តែ​ទីស្តីការគណៈរដ្ឋមន្ត្រី​​មាន​រដ្ឋលេខា​ធិការ និងអនុរដ្ឋលេខាធិការ​ចំនួន​១១៣​នាក់។

បច្ចុប្បន្ន​កម្ពុជា​​មាន​ ២៨​ក្រសួង ​រដ្ឋលេខាធិការដ្ឋាន​១​ និង​មាន​អាជ្ញាធរជាតិ​​ យ៉ាង​ហោចណាស់​ចំនួន​១៧​ស្ថាប័ន​​ផ្សេង​ទៀត ​រួម​ទាំង​មាន​តំណែង​​រដ្ឋមន្ត្រី​ប្រតិភូអម​នាយក​រដ្ឋមន្ត្រី​ ទីប្រឹក្សា និង​ជំនួយការ​​ប្រមាណ​ជាង​ ៥​ពាន់​នាក់​​ថែមទៀត។

បើ​និយាយ​ពីថ្នាក់​ក្រោម​ជាតិ​វិញ ​គ្រាន់​តែ​ខេត្តកែប ដែល​ជាខេត្ត​តូចជាងគេ​បំផុត​មួយ​​របស់​កម្ពុជា ​មាន ប្រជាជន​​ត្រឹម​​តែ​​ជាង​ ​​៤ម៉ឺន​​១ពាន់​​នាក់​ គឺមាន​អភិបាល​រង​ខេត្ត​រហូត​​​ដល់​​១០​​នាក់​ឯ​ណោះ​។ នេះបើយោងតាម​​មន្ត្រី និង​សារព័ត៌មាន​ក្នុង​ស្រុក។

ក្រសួងមុខងារសាធារណៈ បានបង្ហាញទិន្នន័យមន្ត្រីរាជការស៊ីវិលនៅទូទាំងប្រទេស ឱ្យដឹង​ថា​ ​គិត​ត្រឹម​ខែមករា​ឆ្នាំ២០២៥ មានមន្ត្រី​រាជការ​សរុបចំនួន ២៣២ ០៣៤នាក់។ ក្នុងនោះ​ថ្នាក់ជាតិមានចំនួន ៥៤ ៥៨៥នាក់ស្មើ ២៣,៥២% និងថ្នាក់ក្រោមជាតិមានចំនួន ១៧៧ ៤៤៩នាក់ ស្មើនឹង៧៦,៥៣%។

ប្រទេស​វៀតណាមនៅក្នុងឆ្នាំ២០២៥ បានកាត់បន្ថយក្រសួងពី២០​មកត្រឹម១៤ក្រសួង តិចជាកម្ពុជាពាក់កណ្តាល បើ​ទោះ​ពី​ពលរដ្ឋគេមាន​​ប្រជាជន​​១០០លាន​នាក់​​លើសពលរដ្ឋកម្ពុជាជិត៦ដង។ រីឯ​ទីភ្នាក់ងារ​ចំ​នួន​​​៣បង្រួម​ខេត្តក្រុង​ពី៦៣ឱ្យមក​នៅ៣៤ និង​ក៏បាន​កាត់​បន្ថយ​មន្ត្រី​រដ្ឋប្រមាណ​៨ម៉ឺន​នាក់​ផងដែរ។ ចំណែក​​ប្រទេស​ថៃមាន​ប្រជាជន​៧១​លាន​​នាក់ ​មាន​ក្រសួង​​ចំនួន​២០ សហរដ្ឋអាមេរិក​មានប្រជាជនជាង​៣៤០​លាននាក់ ​គឺមាន​មន្រ្តីជាន់​ខ្ពស់​​រដ្ឋាភិ​បាល​ ទីប្រឹក្សា​និងជំនួយការមិនដល់​១០០នាក់ផង​ទេ ខណៈ​ដែល​​ប្រទេសសឹង្ហបុរី​​មាន​ប្រជាជន​៦លាន​​នាក់​ មាន​សមាជិក​គណៈ​រដ្ឋមន្ត្រី​តែ១៧​នាក់​ប៉ុណ្ណោះ។ ​នេះ​បើយោង​​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស។

លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានពន្យល់នៅ​ពេល​ធ្វើបាឋកថា ស្តីពី​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​​កម្ពុជា ​កាល​ពីពេល​ថ្មីៗនេះ ដោយ​លោក​បាន​កំណត់​ពី​​អា​ទិភាព​​​សំខាន់ៗ និង​ជំហានជាក់ស្តែង​ដែលត្រូវការ ដើម្បីធ្វើកំណែទម្រង់វិស័យសាធារណៈ​របស់កម្ពុជា​ដែលមានប្រសិទ្ធភាព តម្លាភាព និងពិត​ជាបម្រើប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា រដ្ឋបាល​សាធា​រណៈជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិ ដែលប៉ះពាល់ដល់គ្រប់​វិស័យ តាំង​ពី​ការ​​អប់រំ រហូត​ដល់ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ។ អ្នក​ជំនាញ​រូបនេះ​ចោទសួរថា​​តើ​ការ​ចាយលុយ ​ចំនួន​នៃ​ការ​ចាយ​លុយ​របស់​រដ្ឋ​ និង​របស់ពលរដ្ឋ​ វាខុសគ្នា​ប៉ុណ្ណា? ប៉ុន្តែ​លោក​ថា មិន​មែនបាន​សេចក្តី​ថា ទៅមុខទៀត​​កម្ពុជា​នៅតែត្រូវធ្វើអ៊ីចឹងទៀតនោះទេ ពីព្រោះ​វាធ្វើឱ្យ​រដ្ឋបាល​សាធារណៈ​នឹង​ចុះខ្សោយ។ នេះ​បើយោង​​តាម​វេទិកា​អនាគតនៃ​កម្ពុជា។

​លោក ​អ៊ូ ច័ន្ទរ័ត្ន ​លើកឡើង​ថា​ ការកាត់​បន្ថយ​ចំនួន​មន្ត្រី ​គឺ​ជាការ​ការកាត់​បន្ថយ​បន្ទុក​​យ៉ាង​ធ្ងន់​របស់​ប្រជាពលរដ្ឋ​ ពីព្រោះ​ការចំណាយ​ទាំង​អស់​របស់​រដ្ឋាភិបាល ​គឺ​សុទ្ធ​​តែជាលុយ​ដែល​​ប្រជាពលរដ្ឋ​បាន​​បង់​ពន្ធ​មិន​មែន​​បាន​ប្រាក់​​ម​ក​ពីណា​​នោះ​ទេ។

បន្ថែមពីនេះ លោក​ជំរុញឱ្យមាន​ការ​ធ្វើកំណែទម្រង់​ក្នុងវិស័យ​យុតិ្តធម៌​ឱ្យបាន​ស៊ីជម្រៅ ​និង​មាន​ប្រសិទ្ធភាព​​ដោយ​​​កម្ចាត់​អំពើ​ពុករលួយ ​ហើយ​លោកក៏បាន​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​បញ្ចប់​តួនាទី​របស់​មន្ត្រី​ទាំង​ឡាយណា​​​ដែល​ចាំស៊ីតែប្រាក់​ខែរដ្ឋ​ ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​ងារទៀង​ទាត់ ​​ពីព្រោះ​បើនៅ​តែបន្តទុកបែបនេះ ​វាខាត​ទាំង​ថវិកាជាតិ ​និង​ធ្វើឱ្យគ្រោះថ្នាក់​ដល់ជាតិ។

លោកថា៖ «ពីព្រោះ​យើង​អាង​ថាមាន​អ្នក​ធ្វើការ​ប៉ុន្តែជាក់​ស្តែងវាអត់​។ ធ្វើឱ្យមាន​គ្រោះថ្នាក់ខ្លាំងណាស់​អាហ្នឹង​​ខាត​ទាំង​ថវិកា​ខាត​ទាំងអីហ្នឹង ​ហើយ​វាជារឿងមួយ​ដែល​យើង​​ហៅថា​ជាអំពើពុក​រលួយ​នោះ។ ស៊ីប្រាក់ខែរាស្ត្រ​ ស៊ីប្រាក់​ខែរដ្ឋ ​ក៏ប៉ុន្តែ​អត់​បំពេញ​តួនាទី​​អត់មានការ​ងារ​អីធ្វើជាដើម អា​ហ្នឹងគួរតែលុបបំបាត់ទៅ​។ ខ្លះ​ថា​ដាក់ឈ្មោះ​ស៊ីប្រាក់​ខែហ្នឹង ​ហើយ​ខ្ញុំ​មិនដឹងថា​នៅមានឈ្មោះ​ខ្មោច​​បន្តមក​ដល់​ថ្ងៃនេះ​ទៀតឬអត់ ខ្ញុំមិន​​ដឹង​មិន​ហ៊ាន​ថា​ទេ ​ប៉ុន្តែ​បើសិ​ន​ជាមា​​ន​គួរ​​​តែ​បញ្ចប់​ទៅ​​មក​ដល់​សម័យ​នេះហើយ ​យើង​ធ្វើម៉េច​ឱ្យ​ការ​ងារ​​វា​មាន​​ប្រសិទ្ធ​ភាពឡើង។ ហើយបើនៅ​តែបន្តបែបនេះ យើង​គួរ​តែខ្មាស់​ប្រជាពលរដ្ឋ​ខ្មែរ​​សាមញ្ញ​អ្នកក្រីអ្នកក្រអីជាដើម​ហ្នឹង ​ខំបំពេញ​​កិច្ចកា​រហើ​យ​​ទទួល​​បន្ទុក​​ត្រូវ​បង់​​ប្រាក់​​ខែ​ទៅ​​មន្ត្រី​អស់​ហ្នុង​ទៀត»។​

ជាមួយគ្នា​នះ ​លោក ​សុខ សុគន្ធ ហៅ​​ ជែម សុខ អ្នក​អត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម​ ​បាន​​ថ្លែង​​ថា រដ្ឋាភិ​បាល​​កម្ពុជា ​គួរ​​បង្រួម​​ក្រសួង​​​និង​​កាត់​បន្ថយ​ចំនួន​មន្ត្រី​រាជការ ​ដូច​​ប្រទេស​​ដទៃ​​ទៀត ​​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការ​ងារ ​និង​កាត់​​បន្ថយ​​​ការ​ចំណាយ​របស់​រដ្ឋ​ដែល​កំពុង​តែខ្វះខាត។ លោក​លើកឡើង​ថា បច្ចុប្បន្ន​មន្ត្រីរាជ​ការ​​នៅ​តាម​​ក្រសួង​​នានា​​មាន​ចំនួន​​ច្រើន ​លើសពី​សេចក្តី​ត្រូវការ​​រហូត​ដល់​ពី​៤​ទៅ​៩ដង។

លោកថា៖ «ឥឡូវខ្ញុំឱ្យឧទាហរណ៍​ម្តេច​​ចាំមានឧបនាយករដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅពេល​ដែល​តុលាការ​រលួយ​​ហើយ​​​អយុត្តិធម៌? ម៉េចចាំបាច់​មាន​ឧបនាយករដ្ឋ​មន្ត្រី​ហើយ​​ជារដ្ឋមន្ត្រីក្រសួងការ​បរទេស​? អត់​ប្រយោជន៍។ ម៉េច​​ចាំ​បាច់មាន​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​? តែ​កិច្ចការរដ្ឋមន្ត្រី​គាត់​ធ្វើមិន​កើតផង។ ចុះម៉េច​​បាន​ត្រូវមាន​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចទៀត មិន​ឱ្យគាត់​ធ្វើសេដ្ឋកិច្ចទៅ? ម៉េចក៏ចាំបាច់​មាន​ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ​មិន​ឱ្យគាត់​កាន់​សន្តិ​សុខ​ជាតិ​​បណ្តោយទៅ? អ្វីដែល​គេបង្កើតហ្នឹង គឺ​គេចែក​ការ​ងារ​គ្នា​ធ្វើ ពីព្រោះគេ​​​ច្របាច់​​បញ្ចូល​​ក្រសួង​​​អ​ត់បា​ន ​ដូច្នេះ​គេប​ង្កើត​ក្រសួង​​​ឱ្យ​​ច្រើន​​ចែក​ការងា​រ​គ្នាធ្វើ»។

សម្រាប់ ​លោក ​ជែម សុខ ​រដ្ឋាភិបាល​​កម្ពុជា​​គួរ​​មាន​​ត្រឹម​ឧបនាយក​រដ្ឋ​​មន្ត្រី​២នាក់​ រដ្ឋមន្ត្រី​​១៥​នាក់​ហើយ​ក្នុង​​ក្រសួង​មួយ​​មាន​អនុរដ្ឋមន្ត្រី​​ម្នាក់ និងថែម​រដ្ឋលេខាធិការម្នាក់ ​​គឺ​គ្រប់​គ្រាន់​ទៅ​​ហើយ ​មិន​ចាំបាច់​មាន​តំណែង​​ច្រើន​​សំពីងសំពោង​​ដូចបច្ចុប្បន្ននោះទេ ​ពីព្រោះក​ម្ពុជា​មាន​ប្រជាជន​តិច​រដ្ឋ ​មិន​មាន​ការងារត្រូវ​​ធ្វើច្រើននោះទេ។

គិតត្រឹមដំណាច់ត្រីមាសទី១​ឆ្នាំ២០២៥ កម្ពុជាមានសន្និធិបំណុល​សាធារណៈ​សរុប​ចំនួន​ ១២,១៨ ពាន់លានដុល្លារ។ ចំនួន​នេះ​​ បានកើនឡើង១,២៤% បើធៀបនឹងចុង​ឆ្នាំ​២០២៤ ដែលមានទំហំសន្និធិបំណុលសាធារណៈចំនួន ១២,០៣​ពាន់​​លាន​​ដុល្លារ។  នេះបើ​​តាម​ព្រឹត្តិបត្រស្ថិតិបំណុល​សាធារណៈកម្ពុជា ចេញផ្សាយនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។

គិត​ត្រឹមដំណាច់ឆ្នាំ២០២៣ ​ប្រជាពលរដ្ឋកម្ពុជាចំនួន ៤,៩៨លាននាក់ បាន​ខ្ចីប្រាក់​ពី​​ប្រព័ន្ធ​ធនាគារដែល​​​មាន​​ទំហំ​ទឹកប្រាក់ប្រមាណ ​៥៧,៦ពាន់​​លាន​​ដុល្លារ​​។ នេះបើយោង​តាម​CBC ​ចេញនា​ចុងខែមីនា ឆ្នាំ២០២៤។​

មន្ត្រីអង្គការ​សង់ត្រាល់ ​បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ពលករចំណាក​ស្រុក​កម្ពុជា​ ​ដែល​​ទើប​​វិល​​ត្រឡប់​​មក​​ពីថៃ​ជាង ​៩០​ម៉ឺន​​នាក់​ ភាគ​ច្រើនជំពាក់​បំណុល​ធនាគារ​ ហើយ​ក្នុង​ចំណោម​ពួកគេ​បច្ចុប្បន្ន​មួយ​ចំនួន មិន​មាន​លទ្ធភាព​រក​ប្រាក់​បង់​សងធនាគារនោះទេ ដោយ​សារ​តែពុំ​ទាន់​អាច​រកការងារ​បាន​ធ្វើ​នៅក្នុង​ប្រទេស​ ខណៈ​​អ្នក​ខ្លះ​រកបានការ​ងារ​​ធ្វើតែទទួលបាន​ប្រាក់​ឈ្នួល​​ទាប គឺធ្លាក់​ចុះ​ពី​៤០​ទៅ​៦០​ភាគរយ ​បើប្រៀបធៀប​ទៅ​នឹង​ប្រាក់​ឈ្នួល​ដែល​ពួកគេ​ទទួល​​បានកាលពីធ្វើការនៅប្រទេសថៃ។ ​ក្រសួង​ការងារ​ បាន​ឱ្យ​ដឹងថា រហូត​មកដល់​ពេល​នេះ ក្រសួង​បាន​ជួយ​​សម្រប​សម្រួល​រកការងារ​ឱ្យ​​អតីត​ពលករមក​ពីថៃ​ធ្វើ ​នៅក្នុង​ប្រទេស​​បាន​ប្រមាណជិត២៩ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ