អ្នកឃ្លាំមើល យល់ថា ការបន្តឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិទាំង៥រូប មិនមានផលចំណេញណាមួយដល់កម្ពុជានោះទេ តែផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីការកើនឡើងការរំលោភសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋចុះខ្សោយ ដែលរដ្ឋាភិបាលចាំបាច់ត្រូវកែប្រែជាបន្ទាន់ ដើម្បីស្តារមុខមាត់កម្ពុជា។
ការលើកឡើងនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែធ្នូនេះ បានបើកសវនាការលើសំណុំរឿងសកម្មជនបរិស្ថានចំនួន ៥នាក់ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ទាក់ទងនឹងការស្នើសុំដោះលែងឱ្យមានសេរីភាព។ ប៉ុន្តែក្រោយសវនាការនោះ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសបដិសេធសំណើសុំនេះ ដោយសម្រេចបន្តឃុំខ្លួនពួកគេក្នុងពន្ធនាគារដដែល។
សកម្មជនបរិស្ថានទាំង៥រូប ធ្លាប់បានស្នើសុំដោះលែងឱ្យមានសេរីភាពម្តងរួចមកហើយ ប៉ុន្តែត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល បានបដិសេធ កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០២៥។ នេះបើតាមអត្ថបទខ្លីរបស់អង្គការលីកាដូ។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសសកម្មជនបរិស្ថានមកពីចលនាមាតាធម្មជាតិ ទាំង៥រូប កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដោយដាក់ពន្ធនាគារចន្លោះពី ៦ឆ្នាំ ទៅ ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់»។ ដោយឡែក លោក លាងហ៊ី រួមជាមួយកញ្ញា ស៊ុន រដ្ឋា និងលោក អាឡិច (ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ) ត្រូវបានចោទប្រកាន់មួយបទល្មើសទៀត គឺ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ។ បច្ចុប្បន្នអ្នកទាំង៥ កំពុងប្តឹងឧទ្ធរណ៍ ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
សកម្មជនចលនាមាតាធម្មជាតិ អ្នកស្រី ស៊ុន រដ្ឋា បានលើកឡើងនៅថ្ងៃទី០២ ខែធ្នូនេះថា សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចច្រានចោលសំណើសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង ៥រូប ដោយសំអាងថា ការស្នើសុំនេះ គឺផ្ទុយទៅនឹងច្បាប់ ខណៈដែលប្រព័ន្ធយុត្តិធម៌មួយនេះ មិនដែលអនុវត្តតាមច្បាប់ តែបែរជាមានភាពក្លាហាន និយាយដោយមិនខ្មាស់មាត់ថា សំណើនេះ ផ្ទុយនឹងច្បាប់ទៅវិញ។
អ្នកស្រីបន្តថា៖ «ការបន្តឃុំខ្លួនសកម្មជនទាំង៥រូបនេះ វាមិនបានផ្តល់ផលចំណេញដល់រដ្ឋាភិបាលឬក៏ប្រទេសកម្ពុជាទេ ខណៈពេលដែលសកម្មជនមិនដែលប្រព្រឹត្តបទល្មើសណាមួយ សកម្មជនមិនដែលបានបំផ្លាញទ្រព្យសម្បត្តិអ្នកណាម្នាក់ទេ។ អ្វីដែលសកម្មជនចលនាមាតាធម្មជាតិធ្វើ គឺកំពុងតែរក្សាមុខមាត់ប្រទេសកម្ពុជា កំពុងតែចូលរួមនៅក្នុងការថែរក្សាធនធានធម្មជាតិ កំពុងតែចូលរួមប្រឆាំងជាមួយនឹងអំពើអយុត្តិធម៌សង្គម អំពើពុករលួយនៅក្នុងសង្គមខ្មែរ ដែលទាក់ទងជាមួយនឹងការកេងចំណេញយកទ្រព្យសម្បត្តិធនធានធម្មជាតិរបស់ប្រជាជនកម្ពុជា។ ការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ គឺជាការខាតបង់យ៉ាងធំរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជារដ្ឋាភិបាល ដែលធ្វើឱ្យខូចខាតនូវមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ដែលប្រទេសផ្សេងៗមើលឃើញថា ប្រទេសកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស បំបិទសិទ្ធិនិយាយស្តីរបស់ប្រជាជន»។
ការណ៍នេះ អ្នកស្រីយល់ថា រដ្ឋាភិបាលអាណត្តិថ្មីនេះ គួរតែកែប្រែមុខមាត់ប្រទេសឡើងវិញ តាមរយៈការដោះលែងសកម្មជនបរិស្ថាន សកម្មជនសង្គម និងសកម្មជនផ្សេងៗទៀត ឱ្យមានសេរីភាពឡើងវិញ និងបើកឱ្យមានសិទ្ធិសេរីភាពបញ្ចេញមតិសម្រាប់ប្រជាពលរដ្ឋទូទៅ។
ស្រដៀងគ្នានេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា នេះមិនមែនជារឿងចម្លែកនោះទេ ដែលរដ្ឋាភិបាលដឹកនាំដោយគ្រួសារហ៊ុន នៅបន្តប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការដាក់សម្ពាធ និងចោទប្រកាន់ទៅលើសកម្មជននានា រួមទាំងសកម្មជនមាតាធម្មជាតិ ដែលការណ៍នេះ វាធ្វើឱ្យរូបភាពនៃការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស នៅតែបន្តកើតមាន។
លោកថា៖ «យើងឃើញថា ពួកគាត់[សកម្មជន]ទាំងអស់គ្នា សុទ្ធសឹងតែជាអ្នកប្រើប្រាស់សិទ្ធិសមស្របទៅតាមច្បាប់កំពូលរបស់ប្រទេស រួមទាំងច្បាប់អន្តរជាតិ ដែលកម្ពុជាបានផ្តល់ទៅលើសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សជាច្រើន ដែលយកមកអនុវត្តក្នុងប្រទេសកម្ពុជាហ្នឹងឯង ប៉ុន្តែផ្ទុយទៅវិញ វាគ្រាន់តែនៅលើក្រដាស ហើយការអនុវត្តនោះ គឺស្ថិតនៅលើបបូរមាត់មេដឹកនាំប្រទេស ឬក៏ដូចជាអ្នកដែលប្រតិបត្តិច្បាប់អីហ្នឹង គឺអាស្រ័យទៅលើអារម្មណ៍ មិនមែនជាការអនុវត្តច្បាប់មួយដោយប្រកាន់នូវជំហរប្រកបដោយយុត្តិធម៌អ្វីនោះទេ ចឹងហើយវាជារឿងដែលរងគ្រោះដល់ពលរដ្ឋកម្ពុជា រួមទាំងសកម្មជនទាំងអស់ដែលហ៊ានអនុវត្ត និងប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនហ្នឹងហើយ ចឹងចង់មិនចង់ អ្នកទាំងអស់នោះគឺរស់នៅក្នុងភាពភ័យខ្លាច និងបើសិនជាក្នុងភាពក្លាហាន ត្រូវរងការចាត់វិធានការអីចឹងទៅ»។
សម្រាប់ លោក ករុណា ដើម្បីឱ្យការដឹកនាំប្រទេសមានការកែប្រែ និងកែលម្អទាំងផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ លុះតែប្រជាពលរដ្ឋមានការយល់ដឹងពីសិទ្ធិរបស់ខ្លួន និងហ៊ានអនុវត្តឬទាមទារសិទ្ធិឱ្យបានព្រមគ្នា។ ក្រៅពីនោះ លោកថា សហគមន៍អន្តរជាតិ ក៏ជាផ្នែកមួយផងដែរ បើសិនជាមិនមានការដាក់សម្ពាធណាមួយលើមេដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នទេ នោះការរំលោភសិទ្ធិមនុស្ស ឬការរំលោភសិទ្ធិសេរីភាពរបស់សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គមជាដើម នៅតែបន្តកើតមានដដែល។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ សកម្មជនមាតាធម្មជាតិទាំង៥រូបនេះ ស្ថិតក្នុងចំណោមមនុស្សចំនួន ៨៩នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំដោយការប្រើប្រាស់សិទិ្ធរបស់ខ្លួន តាមរយៈការបញ្ចេញមតិ ឬសកម្មភាពការពារសិទិ្ធមនុស្ស។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក សេង សវឌ្ឈនា តាមរយៈទំព័រហ្វេសប៊ុករបស់ CCHR បានបង្ហាញការសោកស្តាយចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបន្តឃុំខ្លួនសកម្មជនមាតាធម្មជាតិទាំង៥រូប។
លោកបន្តថា អ្នកការពារបរិស្ថានទាំងនេះ មិនបានបង្កហានិភ័យ ឬការគំរាមកំហែងដល់សង្គមនោះទេ ផ្ទុយទៅវិញ ការងាររបស់ពួកគេមានប្រយោជន៍យ៉ាងធំធេងចំពោះសង្គមកម្ពុជា។
លោកបានលើកឡើងក្នុងសំណេរដើមថា៖ «យើងមិនត្រូវបំភ្លេចពួកគេទេ។ ពួកគេត្រូវបានដាក់ទោសចំពោះការខិតខំការពារបរិស្ថាន និងការពារសិទ្ធិពលរដ្ឋកម្ពុជាទាំងអស់ ដើម្បីទទួលបានបរិស្ថានស្អាត និងមានសុខភាពល្អ តាមច្បាប់អន្តរជាតិ»។
ជាមួយគ្នានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ ក៏បានអំពាវនាវឱ្យមានការលុបចោលការផ្តន្ទាទោស និងដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់។
គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ យុវជននៃចលនាមាតាធម្មជាតិទាំង ៥រូប បានជាប់ក្នុងពន្ធនាគារអស់រយៈពេល ៥១៨ថ្ងៃ មកហើយ និងកំពុងជាប់ក្នុងពន្ធនាគារចំនួន ៥កន្លែង ឆ្ងាយពីគ្នា និងដាច់ស្រយាលពីក្រុមគ្រួសារ និងមេធាវីរបស់ពួកគេ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេនៅថ្ងៃអង្គារនេះ។
សម្រាប់ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ឃើញដែរថា ការបន្តឃុំខ្លួនសកម្មជនបរិស្ថានទាំង៥រូបនេះ មិនមានផ្តល់ផលចំណេញអ្វីសម្រាប់ជាតិនោះទេ មានតែរងនូវការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ហើយធ្វើឱ្យយុវជនមានការភ័យខ្លាចក្នុងការចូលរួមសកម្មភាពសង្គម និងការពារបរិស្ថាន ដែលបញ្ហាទាំងនេះនឹងធ្វើឱ្យប្រទេសជាតិមិនអាចឈានទៅរកការរីកចម្រើន មានវឌ្ឍនភាព ស្ថេរភាព និងបរិយាប័ន្នបានទេ។
លោកបន្តថា បញ្ហានេះក៏បានបង្កើតជាការមិនទុកចិត្តគ្នា និងការបែកបាក់សាមគ្គីជាតិ ស្របពេលដែលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ ព្រមទាំងទាញឱ្យកម្ពុជា មានប្រព័ន្ធច្បាប់ខ្សោយ។
លោកថា៖ «បញ្ហាការដែលចូលរួមពីយុវជន ពីស្រទាប់ប្រជាជន ក៏ដូចជាពលរដ្ឋទូទៅ គឺសំខាន់ណាស់ សម្រាប់ការមើលឃើញបញ្ហា សម្រាប់ជាចំណែកមួយក្នុងការលើកស្ទួយផ្នែកណាមួយដែលរដ្ឋាភិបាលមានការខ្វះខាត។ ហើយអ្វីដែលសំខាន់ជាងហ្នឹងទៅទៀតហ្នឹង គឺការលេចឡើងនូវការដែលមិនទុកចិត្តគ្នា ការកើតឡើងនូវ គេហៅថា មិនផ្តល់ឱកាសនយោបាយ តាមកម្ទេចគ្នា អាហ្នឹងវាជាបញ្ហាមួយដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ប៉ះពាល់ទៅដល់សកម្មភាពចូលរួមក្នុងសកម្មភាពនយោបាយក្តី សកម្មភាពសង្គមផ្សេងៗក្តី»។
ចំណែក នាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ របស់លោក កឹម សុខា គឺលោក មុត ចន្ថា បានបញ្ចេញមតិលើបណ្តាញសង្គមដែរថា៖ «អ្នកការពារសិទ្ធិមនុស្ស ត្រូវចាប់ដាក់គុកយ៉ាងអយុត្តិធម៌ ចំណែកជនបំផ្លាញជាតិខ្លះ ឧក្រិដ្ឋជនឆបោក ឧក្រិដ្ឋជនបំផ្លាញព្រៃឈើនិងធនធានធម្មជាតិ ឧក្រិដ្ឋជនពុករលួយលួចទ្រព្យសម្បត្តិជាតិ ឧក្រិដ្ឋជនឆបោកអន្តរជាតិ ត្រូវរួចខ្លួន និងការពារដោយអ្នកមានអំណាច។ នេះជាការដឹកនាំនៃកម្ពុជាដោយអសមត្ថភាព ឬនិទណ្ឌភាព ឬ?»។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សហភាពអឺរ៉ុប បាននិយាយលើគេហទំព័ររបស់ខ្លួនថា ខ្លួននិងរដ្ឋសមាជិកមាន បែលហ្ស៊ិក ដាណឺម៉ាក បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ ហូឡង់ និងស៊ុយអែត មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃការបៀតបៀន និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ហើយថា សាលក្រមចុងក្រោយបំផុតស្តីពីសកម្មជនបរិស្ថាន Mother Nature Cambodia គឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភខ្លាំង។
បញ្ហានេះ សហភាពអឺរ៉ុប ជំរុញឱ្យកម្ពុជាប្រកាន់ភ្ជាប់នូវស្តង់ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិទទួលបានការតវ៉ាដោយសន្តិវិធី។
ជាមួយគ្នានេះ អង្គការ Right Livelihood ដែលធ្លាប់ផ្តល់ពាន់រង្វាន់ឱ្យក្រុមចលនាមាតាធម្មជាតិ បានថ្កោលទោសសាលក្រមកាត់ទោសសកម្មជនបរិស្ថាន ថាជារឿងអយុត្តិធម៌ និងទាមទារឱ្យដោះលែងសកម្មជនទាំងនោះដោយឥតលក្ខខណ្ឌ។
ចំណែក សហរដ្ឋអាមេរិក ក៏បង្ហាញក្តីព្រួយបារម្ភចំពោះសាលក្រម កាលពីនៅថ្ងៃទី២ ខែមិថុនា ដែលផ្តន្ទាទោសសកម្មជនមាតាធម្មជាតិ និងបានបញ្ជាក់ជំហរថា ខ្លួននៅតែគាំទ្រសេរីភាពបញ្ចេញមតិ និងការចងក្រងជាក្រុម ជាសមាគម ដែលជាធាតុផ្សំសំខាន់នៃអភិបាលកិច្ចប្រជាធិបតេយ្យ។
លើសពីនេះ អាមេរិកនៅតែបន្តប្តេជ្ញាចិត្តចំពោះបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសមានភាពរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យជាងនេះ ដែលក្នុងនោះ សំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព។
ដូចគ្នានេះដែរ អង្គការ Amnesty International លើកឡើងដែរថា ការកាត់ទោសសកម្មជនយុវជន ជាការវាយប្រហារបន្ថែមទៀតដល់ចលនាបរិស្ថានកម្ពុជា គឺជាការវាយប្រហារដ៏អាក្រក់មួយទៀតដល់សង្គមស៊ីវិលកម្ពុជា។
ប្រភពនោះ គូសបញ្ជាក់ថា សាលក្រមនេះ ជាសញ្ញាមួយទៀតដែលបង្ហាញថា រដ្ឋាភិបាលកម្ពុជាគ្មានចេតនាការពារសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី។ អាជ្ញាធរកម្ពុជាត្រូវតែដោះលែងអ្នកការពារបរិស្ថានទាំងអស់នេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕









