ធនាគារជាតិ​ទម្លាយ​ពីចំ​ណាត់​ការ​លើ​ក្រុម​ហ៊ុន​ហួយ​វ័ន​ផេ ក្រោយ​គ្រឹះ​ស្ថាន​នេះ​ផ្អាក​ប្រតិ​​ប​ត្តិ​​ការ​​ដក​​ប្រាក់

ក្រោយ​ក្រុម​ហ៊ុន​​ហួយ​​វ័ន​​របស់​​ឧកញ៉ា ហ៊ុន តូ ប្រកាស​​បិទ​​ការិយា​ល័យ​​ទាំង​​អស់ រួម​​ទាំង​​ប្រតិ​​បត្តិ​​ការ​​ដក​​សាច់​​​ប្រាក់​​នៅ​​កម្ពុជា ធនាគារ​ជាតិ​នៃ​កម្ពុជា ​បា​ន​ចេញ​ប្រកាស​ពី​វិធាន​នានា​លើ​គ្រឹះ​ស្ថាន​នេះ រួម​ទាំង​កាតព្វ​កិច្ច​ទូទាត់​ជូន​ម្ចាស់​បំណុល ឬ​អតិថិជន​ផង​ដែរ។

ធនាគារជាតិនៃ​កម្ពុជា​ បាន​និយាយ​នៅ​ថ្ងៃ​ទី៣​ខែ​ធ្នូ​នេះ​ថា គ្រឹះ​ស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ហួយ​វ័ន ផេ (HUIONE PAY PLC.) ត្រូវ​បាន​ដក​ហូត​អាជ្ញា​ប័ណ្ណ​ធ្វើ​ប្រតិ​បត្តិ​ការ យោង​តាម​លិខិ​ត​ចុះថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​បាន​បំពេញ​កាតព្វ​កិច្ច​ជម្រះ​បញ្ជី​រំលាយ​គ្រឹះ​ស្ថាន តាម​នី​​តិ​វិ​ធីច្បាប់​ចប់​ជា​ស្ថាពរ ដោយ​ក្រុម​ហ៊ុន​សវនកម្ម រីចន៍ & ផាតនើរ (REACHS & PARTNERS Co., Ltd) យោង​តាម​សេចក្តី​សម្រេច ចុះ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៥ របស់​ក្រសួង​ពាណិជ្ជ​កម្ម។

ក្នុងន័យ​នេះ ធនាគារជាតិនៃកម្ពុជា​ បានគូស​បញ្ជាក់​ថា រាល់​កាតព្វកិច្ច​ទូទាត់​ជូន​ម្ចាស់​បំណុល (ដែល​ក្នុង​នោះ​រួម​មាន​អតិថិជន​ផង​ដែរ) របស់​គ្រឹះ​ស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ហួយ​វ័ន ផេ ត្រូវ​បាន​បំពេញ​ចប់​សព្វ​គ្រប់​រួច​រាល់​ស្រប​តាម​នីតិវិធី​ច្បាប់។

ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាថា ខ្លួន​បានសង្កេតឃើញថា មាន​ការ​ចរាចរ ទិញ លក់ ឬ​ទូទាត់ ទ្រព្យសកម្ម​គ្រីបតូ ដែល​ផ្ទុយ​ពី​ខ្លឹម​សារ​នៃ​ប្រកាស ចុះថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ស្តីពី «​ប្រតិបត្តិ​ការ​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សកម្ម​គ្រីបតូ» និង​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​ធនាគារ​ជាតិ​នៃ​កម្ពុជា គណៈ​កម្ម​ការ​មូល​បត្រ​កម្ពុជា និងអ​គ្គស្ន​ងកា​រ​ដ្ឋាន​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​សកម្ម​ភាព​ខាង​លើ អាច​បង្ក​ជា​ហានិភ័យ​ដល់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​សាធារណជន​ផង​ដែរ។ បញ្ហា​នេះ ធនាគារជាតិ គូស​បញ្ជាក់​ថា គិត​មក​ទល់​ពេល​បច្ចុប្បន្ន មិន​ទាន់​មាន​គ្រឹះស្ថា​ន​ធនាគារ និង​ហិរញ្ញវត្ថុ​ណា​មួយ ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ក្នុង​ការ​ផ្តល់​សេវា​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​ស​កម្ម​គ្រីប​តូ​នោះ​នៅ​ឡើយ​ទេ។

ធនាគារជាតិនៃកម្ពុជា ក្រើនរំឭកដល់សាធារណជន ក៏ដូច​ជា​គ្រប់​គ្រឹះស្ថា​ន​ធនាគារ និង​ហិរញ្ញ​វត្ថុ មេត្តា​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ធ្វើ​ប្រតិ​បត្តិ​ការ​ដែល​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សកម្ម​គ្រីប​តូ និង​បន្ត​ចូល​រួម​អនុ​វត្ត​ស្មារតី​ខ្លឹម​សារ​បទ​ប្បញ្ញត្តិ និង​សេច​ក្តី​ថ្លែង​ការណ៍​រួម​ខាង​លើ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។

បើតាម​សេចក្តី​ប្រកាស​របស់​ក្រុម​ហ៊ុន​ហួយ​វ័ន​​ផេ ដែល​​ត្រូ​វ​​គេចែ​ក​​ចាយ​​​​​លើ​បណ្តាញ​សង្គម​​បាន​ប្រកាស​បិទ​សេវា​កម្ម​ដក​ប្រាក់​បណ្តោះ​​អាសន្ន ចា​ប់​​ពី​​ថ្ងៃ​​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៦ ហើយ​ការិយា​ល័យ​ទាំង​អស់​របស់​ក្រុម​ហ៊ុន​នឹង​បិទ​ទ្វារ។

បើតាមប្រភពនោះ ដើម្បីធានាសុវត្ថិភាពប្រាក់​របស់​អតិថិជន ក្រុម​​ហ៊ុន​សម្រេច​អនុវត្ត​វិធាន​​ការ​ពន្យារ​ការ​ដក​​ប្រាក់​​ជា​​ដំណាក់​​កាល ក្រោយ​​អតិថិជន​​សម្រុក​ដក​​លុយ​​ចេញ​​​ពី​​គណនី។

យ៉ាងណា​ វិធានការ​នេះ ក្រោយ​​ប្រទេ​​សកូ​​រ៉េ​ខា​​ង​ត្បូ​ង រួម​​ទាំង​​សហរដ្ឋ​​អាមេរិក​ដាក់​​ទណ្ឌ​​កម្ម​​លើ​​ក្រុម​​​ហ៊ុន Huione Group របស់​​លោក​​​ឧកញ៉ា ហ៊ុន តូ ដែល​​រក​​ស៊ី​​​ទីផ្សារ​​ងងឹត​​​ពាក់​​ព័ន្ធ​ឧស្សាហ​​កម្ម​​ឆបោក​​អន​​ឡាញ​។

យ៉ាងណា កាលពីខែមីនា ឆ្នាំ២០២៥​នេះ ធនាគារជាតិនៃ​កម្ពុជា (NBC) បាន​ដក​ហូត​​អាជ្ញា​បណ្ណ​​ក្រុម​ហ៊ុន Huione Pay ដោយ​​សារ​​តែ​ក្រុម​​ហ៊ុន​មួយ​​នេះ មិន​បាន​បំពេញ​​លក្ខ​ខណ្ឌ​អនុលោម​តាម​​បទ​​បញ្ញត្តិ និង​អនុសាសន៍​ដែល​ធ្វើ​ឡើង​ដោយ​និយ័ត​ករ​កម្ពុជា។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍រកឃើញ​មួយ​ នៅ​ថ្ងៃទី​០​១ ខែ​ឧសភា​ថា ក្រុម​​ហ៊ុន ហួយ​វ័ន គ្រុប (Huione Group) ដែលមា​ន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​ក្រុម​ហ៊ុន​មេនៃ​​ក្រុម​​ហ៊ុន ហួយ​វ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ជា​បណ្ដាញ​លាង​លុយ​កខ្វក់​ដ៏​ចម្បង​មួយ និង​ស្នើ​កុំ​ឱ្យ​ក្រុម​ហ៊ុន​នេះ ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​សហរដ្ឋ​អាមេរិក។

បន្ថែមលើនេះ ឧកញ៉ា ហ៊ុន តូ ក៏ត្រូ​វ​​បាន​ក្រុម​ហ៊ុន​វិភាគ​កាក់​​ឌីជីថល Elliptic ដែល​​មាន​មូល​ដ្ឋាន​​​នៅ​ប្រ​ទេស​​​អ​ង់​​គ្លេស បាន​រក​​​ឃើ​ញ​​ថា កំពុង​​រកស៊ី​​ខ្មៅ​ងងឹត​ ក្រោម​ឈ្មោះ​ក្រុមហ៊ុន ហួយ អាដេ គ្រុប ដោយ​​​ប្រព្រឹត្តិ​អំពើ​លាង​​លុយ​កខ្វក់ និង​ចាប់​ជំរិត​តាម​អន​ឡាញ។ ដោយ​ឡែក កាស៊ី​ណូ WM នៅ​ក្រុង​ព្រះសីហនុ ដែល​មាន​បណ្តាញ​នឹង​ឧកញ៉ា ហ៊ុន តូ ក៏​ត្រូវ​បាន វីអូឌី រក​ឃើញ​ថា មាន​​ជាប់​ពាក់​ព័ន្ធ​ប្រតិបត្តិការ​ល្បែង​អន​ឡាញ​ខុស​ច្បាប់​ផង​ដែរ។

លើសពីនេះ របាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap ចុះ​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏​បាន​រៀប​រាប់​ពី​ផល​ប៉ះ​ពាល់​ក្នុង​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា-កូរ៉េ​ខាង​ត្បូង ដែល​កើត​ចេញ​អំពី​ឧក្រិដ្ឋក​ម្ម​ឆបោក​នេះ​ដែរ ជាពិ​សេស​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង បាន​បញ្ជូន​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​របស់​ខ្លួន​មក​កាន់​កម្ពុជា ជំរុញ​​​ឲ្យ​​របប​ក្រុង​​​ភ្នំពេញ​ចាត់​វិធាន​ការ​​យ៉ា​ង​​ម៉ឺង​ម៉ាត់​​​ប្រឆាំ​ងនឹ​ង​​អំពើ​​ទាំង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ