ថៃបដិសេធការអះអាង​កម្ពុជា​ដែល​ថា​កា​រ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​តាម​សន្ធិ​សញ្ញា​បារាំង-សៀម

សារព័​ត៌មានថៃ​ជា​ច្រើន ចុះ​ផ្សាយ​ថា ការ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​ថ្មី​ជាមួយ​​កម្ពុជា ចំនួន​៣៩ បង្គោល រួម​ទាំង​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ជាប់​នឹង​ស្រុក​គោក​ស្យូង​របស់​ថៃ​នោះ ធ្វើ​ឡើង​តាម​កិច្ច​ព្រម​ព្រៀង​គ្នា មិន​ធ្វើ​តាម​សន្ធិ​សញ្ញា​បារាំង-សៀម ដូច​ការ​អះអា​ង​របស់​មន្រ្តី​ជំនាញ​ព្រំដែន​កម្ពុជាទេ​។

ការណ៍​នេះ ជំរុញ​ឱ្យមានការចោទ​ថា អ្នក​ជំនាញ​ព្រំដែន​កម្ពុជា អាច​គ្រាន់​​​តែ​​ជា​ឧបករណ៍ បិទ​បាំង​កំហុស​មេដឹក​នាំ មិន​បាន​តម្កល់​ប្រយោជន៍​ជាតិ និង​បូរណ​ភាព​ទឹក​ដី​ខ្មែរ​ជា​ធំ​នោះ​ទេ។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៥ សារព័​ត៌​មាន​ ខាវ​សុត និង​ថៃ​រដ្ឋ​​របស់​ថៃ បាន​ចុះ​ផ្សាយ​ថា ក្រុម​ការ​ងារ​កង​កម្លាំង​ប៉ូរ៉ា​ផា Burapha រួមជា​មួយ​ក្រុម​អ្នក​ជំនាញ​វាស់​វែង​ការ​កំណត់​ព្រំដែន​ថៃ-កម្ពុជា ចំនួន​សរុប ៤0 នាក់ បាន​អនុវត្ត​ការ​បោះ​បង្គោល​បណ្តោះ​អាសន្ន​ចាប់​ពី​លេខ​៤៣ ដល់​៤៧ បាន​ចំនួន ៣៩​បង្គោល តាម​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​ថៃ មិន​បោះ​តាមផែ​ន​ទី​ខ្នាត​១/២០០​ពាន់ មរតក​សម័យ​បារាំង​ដូច​ភាគី​កម្ពុជា​អះ​អាង​នោះ​ទេ។  

យ៉ាងណា អ្នកជំនាញ​​កិច្ច​​កា​រ​​ព្រំដែន ៣​រូប​ របស់​រដ្ឋាភិបាល​កម្ពុជា តាម​​រយៈ​​ទូរទស្សន៍​​ជាតិ​​​កម្ពុជា កាលពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២​០២៥​នេះ  បាន​បក​​ស្រាយ​​ថា ការ​​បោះ​​បង្គោល​​បណ្ដោះ​អាសន្ន​ នៅ​​កំណាត់​ខ្សែព្រំ​ដែន​​កម្ពុជា-ថៃ ចន្លោះ​​បង្គោល​លេខ​​៤២-៤៧ និង​​៥២-៥៩ ធ្វើ​តាម​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ១៩០៤ និង​ឆ្នាំ​១៩០៧ និង​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​បន្សល់​ទុក​១២០​ឆ្នាំ​មក​នេះ។

ក្នុងនោះ លោក ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសកិ​ច្ចការ​​ព្រំដែន បក​ស្រាយ​​ថា ការ​​​​​បោះ​បង្គោះ​ព្រំ​ដែន​បណ្តោះ​​អាសន្ន​​ជាមួយ​​​ថៃ គឺ​​​យោ​ង​​តាម​​ឯកសារ​​​បារាំង​-សៀម​​​​​ឆ្នាំ​​​១៩០៤-១៩០៧ ព្រម​​​ទាំង​​កំណត់​​ហេតុ​​បោះ​​បង្គោល​​​ព្រំដែន​​ឆ្នាំ​​១៩០៨-១៩០៩ និ​ង​​​​​ឆ្នាំ​​១៩១៩-១៩២០ ជា​ឯក​សារ​អន្តរជាតិ​ទទួល​​ស្គាល់​​។

តំណាងបក្សប្រឆាំងដែលមានបទពិសោធន៍​កិច្ចការព្រំដែន លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃ​ទី៣ ខែ​ធ្នូនេះ​ថា​ ការ​បោះប​ង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​នេះ អាច​យក​តាម​ផែន​ទី​ខ្នាត​១លើ​៥០​ពាន់ ដែល​ថៃ​គូដោយ​ខ្លួន​ឯង ដែល​ថៃ​តែង​តែដា​ក់​សម្ពាធ​គ្រប់​រូប​ភាព ឱ្យ​មេដឹកនាំ​ខ្មែ​រ​ទទួល​យក។

ក្នុងន័យនេះ លោកពន្យល់ថា​ ជាទម្លាប់របស់ចោរសៀមឈ្លាន​ពាន បើ​កម្ពុជា​ជំរុញ​ឱ្យ​បោះ​បង្គោល​ព្រំដែន​តាម​សន្ធិ​សញ្ញា​បារាំង​សៀម១​៩០៤-១៩០៧ ប្រាកដ​ជា​ភាគី​យោធា​ថៃ មិន​ព្រម​បោះ​នោះ​ទេ។

លោកសំអាងថា ការឈ្លានពានលើកម្ពុជាកន្លងមក ដោយ​រាយ​លួស​បន្លា​ព័ទ្ធ​យក​ប្រាសាទ​​តាមាន់​តូច តាមាន់​ធំ ទ្រព្យ​ភ្នំ ច្រក​​អាន​សេះ ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ គឺ​ថៃ​អនុវត្ត​តាម​ផែន​ទី​ចោរ​ខ្នាត​១/៥០ពាន់។

ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា បើទោះបីលោកមិនជឿសារព័ត៌មាន​ថៃ ឬ​អាជ្ញាធរ​ថៃ ប៉ុន្តែ​លោក​ក៏​មិន​ជឿ​លើ​ការ​សម្រេចចិ​ត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ភាគី​ថៃ​នេះ​ដែរ។

លោកថា៖ «ដូច្នេះយើងថា បើសិនជាយើងជឿថៃប្រើផែន​ទី​ខ្នាត​១លើ​៥០​ពាន់ ដូច​ជា​ថៃ​អះ​អាង​ ហើយ​ថា​យើង​នឹង​កាន់​ជើង​ថៃ មិន​មាន​ទេ បើយើ​ង​មិន​បាន​កាន់​ជើង​ទេ តែ​យើង​មើល​ទៅ​លើ​ការ​បោះ​បង្គោល​បណ្ដោះ​អាសន្ន​ហ្នឹង​ទៅ​លើ​ដី​ជាក់​ស្ដែង​ហ្នឹង វា​ធ្វើ​ឲ្យបា​ត់​ដី​ខ្មែរ​យើង​នៅ​តាម​ព្រំដែន ដូច្នេះ​យើង​យល់​ថា​ប្រាកដ​ជារ​ដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហ្នឹង​យល់​ព្រម​តាម​ថៃ​បោះ​បង្គោល​តាម​ផែន​ទី​ខ្នាត​១​លើ​៥០ពាន់​ហើយ មិន​មែន​ប្រើ​ផែន​ទី​ខ្នាត​១​លើ​២០០​ពាន់​ ដូច​​ខា​ង​គណៈ​កម្មការ​ព្រំដែន​ ឬ​អ្នក​ជំនាញ​ព្រំដែន​របស់​លោក ហ៊ុន ម៉ាណែត អះ​អាង​នោះ​ទេ»។

សម្រាប់ លោក សំអាន ដើម្បីបង្ហាញពីតម្លាភាពការបោះបង្គោលព្រំដែន​បណ្តោះ​អាសន្ន​នេះ រដ្ឋាភិ​បាលត្រូវ​បង្ហាញ​ផែន​ទី​បារាំង​១/២០​០​ពាន់ និង​ជំរុ​ញ​ឱ្យ​ថៃ​អនុវត្ត​សន្ធិ​សញ្ញា​បារាំង​សៀម​ឆ្នាំ​១៩០៤-១៩០៧។

លោកបារម្ភថា បើថៃប្រើផែនទីខ្នាត១លើ៥០ពាន់ នឹង​ធ្វើ​ឱ្យទឹ​ក​ដី​ខ្មែរ​ជាច្រើន​បាត់​​ទៅ​​ប្រទេស​​ថៃ ជាក់​ស្តែង​​ប្រាសាទ​​​តាមាន់​ធំ ​​ភ្នំ​ទ្រព្យ ច្រក​​អាន​​សេះ ភូមិ​​ជោគ​ជ័យ ភូមិ​​ព្រៃ​ចាន់​ និង​ទីតាំង​មួយចំនួន​ទៀត។

លោកទាញជាឧទាហរណ៍ថា ការផ្ទុះសង្រ្គាមឈ្លានពានរ​បស់​ភាគី​​យោធា​​ថៃ​​កន្លង​មក​នេះ ដោយ​​ពួក​​គេ​សំអាង​​លើ​​ផែន​ទី​ខ្នាត១​លើ​៥០​​ពាន់ ទើប​​ពួកគេ​ហ៊ាន​ឈ្លាន​ពាន​​ទឹក​ដី​ខ្មែរ បណ្តេញពលរដ្ឋខ្មែរចេញពីភូមិ​​ជោគ​ជ័យ ភូមិ​ព្រៃចាន់ និងហ៊ានបើកការវាយប្រហារលើជនស៊ីវិលខ្មែរបណ្តាលឱ្យស្លាប់បែបនេះ។

លោកថា៖ «រហូតមកដល់ពេលនេះ យើង​ឃើញ​ហើយ​ការ​បោះ​បង្គោល​បណ្ដោះ​អាសន្ន​នៅ​ភូមិ​ជោគ​ជ័យ​ភូមិ​ព្រៃចាន់ បោះ​រួច​រាល់​ហើយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ដែល​ត្រូវ​ថៃ​រាយ​បន្លា​លួស​ហ្នឹង មិន​អាច​ទៅ​នៅ​ក្នុង​ដី​របស់​គាត់​ផង​ហ្នឹង ចឹង​មាន​ន័យ​ថា ការ​បោះប​ង្គោល​ គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​យើង​មិន​បាន​ដី​ខ្មែរ​យើង​ តាម​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ថា​ អូ! យើង​បាន​ដី​ទាំង​ថ្មី​ទាំង​ចាស់​ បាន​ទាំង​ផ្លូវ​កៅ​ស៊ូរបស់​ថៃទៀ​ត ថៃ​គេមិ​ន​ល្ងង់​អញ្ចឹង​ទេ ព្រោះ​ថៃ​គេ​កំពុង​គ្រប់​គ្រង​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់»។

ប្រធាន​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា របស់រដ្ឋាភិបាល លោក​បណ្ឌិត សុខ ទូច ប្រាប់​VOD​ថា ការ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​​អាសន្ន​ជាមួយ​ថៃ គឺ​អនុវត្តតា​ម​សន្ធិ​សញ្ញា​បារាំង សៀម​ឆ្នាំ​១៩០៤-០៧។

លោកអះអាងថា ភាគីកម្ពុជា មិនឆោតល្ងង់បោះបង្គោះព្រំដែន​តាម​ការ​ចង់​បាន​របស់​ភាគី​ថៃ ឬ​តាម​ផែន​ទី​ចោរ​ខ្នាត​១/៥០​ពាន់​ ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី ដើម្បី​ទុក​សម្រាប់​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​នោះ​ទេ។

លោកថា៖ «អ្នកមិនអាចបោះផែនទីពី​ណាមួយ​ ដែល​ឯក​តោភា​គី​ទេ ហើយ​ព្រំដែន​កម្ពុជា​-ថៃ​នេះ គឺមិ​ន​មាន​ផែន​ទី​ណា​ក្រៅ​ពី​ផែន​ទីបា​រាំង​សៀម​ឆ្នាំ​១៩០៤ និង​១៩០៧​នោះ​ទេ ហើយ​យើង​បាន​បោះ​នៅ​ឆ្នាំ១៩០៨ ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​បាន​ ដោយ​សារ​តែ​អត់​បាន​ទៅ​ដល់​​ បាន​ទៅ​ដល់ ហើយ​យើង​កាន់​ផែន​ទី​ហ្នឹង ធម្មតា​១លើ​២០០​ពាន់ វា​តូច​ណាស់​ វា​តូច​ណាស់ ហើយ​បើ​ជ្រេ​បន្តិច​ គឺ​យើង​ត្រូវ​បាត់​បង់​ច្រើន​ណាស់​ អ៊ីចឹង​ប្រសិន​បើ​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ផែន​ទី​ពង្រីក​លើ​១លើ​៥០​ពាន់ វា​ត្រូវ​ការ​ឯកភា​ពគ្រប់​ភាគី»។

យ៉ាង​ណា ការលើកឡើងនេះ ហាក់ផ្ទុយទៅនឹងការអះអាងរបស់អតីត​មេទ័ព​តស៊ូ​នៅ​ព្រំដែន​គណបក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច លោក ញឹក ប៊ុ​ន​ឆៃ ដែល​ធ្លាប់​និយាយ​ថា សព្វថ្ងៃ​​នេះ បង្គោល​ឡាក់​លេខ​៤៣​​ចាស់ ត្រូវ​បាន​ថៃ​រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ​ជាង ២​គីឡូ​ម៉ែត្រ គឺ​ថៃ​លួច​រំកិល​មក​ដល់​ភូមិ​ព្រៃចាន់ ហើយ​ប្រាសាទ​ស្តុក​កក់​របស់​ខ្មែរ​ត្រូវ​បាន​ថៃ​គ្រប់​គ្រង​ទៀត។

លោកថា៖ «ដូចជាបង្គោលឡាក់លេខ៤៥ហ្នឹង ថ្ងៃខ្ញុំទៅជាមួយ​ឯកឧត្ដម វ៉ា គឹម​ហុង ​ដែល​ចុះ​ទៅ​​ហ្នឹង គណៈ​កម្ម​ការ​ព្រំដែ​ន​ខ្មែរ​ថៃ​ កាល​នោះ​ខាង​ថៃ​ គឺ​ខ្ញុំ​បាន​ទៅ​បង្ហាញ​បង្គោល​ឡាក់​មួយ​ដែល​ឃើញ​លើក​មក​ដាក់​ក្បែរ​ដំបូក​មួយ​ ​ក្បែរ​​មូល​ដ្ឋាន​​ខ្ញុំ​នៅ​ឃុំ​ឫស្សី​ស្រុក ​​ដែល​លោក គង់ សាលួស គាត់​នៅ​ ចឹង​ថ្ងៃ​ហ្នឹង​ខ្ញុំ​បាន​បង្ហាញ​ថា បង្គោល​ឡាក់​នោះ​មែន​នៅ​កន្លែង​ហ្នឹង​ទេ»។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​លោក ម៉ែន ណាត និយាយថា​ បញ្ហាព្រំដែនកម្ពុជា-ថៃ​នេះ ថៃ​នៅ​តែ​បន្ត​សង្កត់​កម្ពុជា​​​ឲ្យទទួល​យក​ផែន​ទី​ចោរ​ខ្នាត​១/៥០​ពាន់​របស់​គេ ដើម្បី​លេប​ទឹក​ដី​ខ្មែរ​តាម​ព្រំដែន។

លោកយល់ថា ការចុះផ្សាយរបស់ភាគីថៃ អាចជាការពិត ព្រោះបើ​ផ្អែក​តាម​ការ​វាស់​វែង​​​លើ​ផ្ទៃ​ដី​​ជា​ក់​ស្តែង ដែល​ភាគី​ថៃ បង្ហោះ​​ដ្រូន ប្រើ​​ប្រព័ន្ធ GPS ដើម្បី​​កំណត់​​ទីតាំង​បោះ​​បង្គោល​ព្រំដែន​​នោះ បែរ​​ជាខ្សែ​បន្ទាត់​ព្រំដែន វា​​មិន​កំណត់​​ទីតាំង​តាម​ក្បួន​ខ្នាត​​ផែន​ទី​​បារាំ​ង ១/២០០ពាន់​ទេ។

នោះ​​បញ្ជាក់​ថា ភាគី​ថៃ បាន​​​ប្រើប្រា​ស់​ប្រព័ន្ធ GPS តាម​បច្ចេក​ទេស​ពិសេស ដើម្បី​​កែ​​​តម្រូវ​​ឲ្យ​​ខ្សែ​​បន្ទាត់​ព្រំដែន «វា​ដើរ​​លើ​ខ្សែ​​​បន្ទាត់​​ព្រំដែន តាម​​ផែន​ទី​ចោររ​បស់​​​ថៃ ១/៥០​ពាន់ ឬ​​តាម​ការ​ឯកភាព​គ្នា រវាង​ក្រុមការ​ងារ​ព្រំដែន​​​នៃ​ប្រទេស​​ទាំង​​ពីរ។

លោកថា៖ «យើងមានការអស់សង្ឃឹម​ចំពោះ​រដ្ឋាភិ​បាល​ លោក ហ៊ុន ម៉ាណែត សព្វ​ថ្ងៃ​នេះ​ខ្លាំង​ណាស់​ ពី​ព្រោះ​យើង​​ផ្ដល់​យោបល់​ឲ្យប្ដឹ​ង​ថៃ​ក៏​មិន​ប្ដឹង ហើយ​ថៃ​សង្កប់​ខ្មែរ​សម្លាប់​ពលរ​ដ្ឋ​ខ្មែរ​ សម្លាប់​ទាហាន​ខ្មែរ​ឈ្លាន​​ពាន​​យក​ដី​ខ្មែរ​ហើយ​ នៅ​ឈរ​ជើង​លើ​ដី​ខ្មែរ​រួច​មក​បច្ចុប្បន្ន​មក​បោះ​បង្គោល​ព្រំដែន នៅ​លើ​ដី​ខ្លួន​ឯង​ហើយ​ថា​ជា​ការ​ចរចា​ត្រឹម​ត្រូវ​ជាមួយ​ថៃ​ អាហ្នឹង​ជា​ការ​ភូត​ភរ​ធ្ងន់​ណាស់ សម្រាប់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជាកា​រ​ប្រព្រឹត្ត​អំពើ​ក្បត់​មួយ​ធំ​ណាស់ សម្រាប់​ស្មារតី​ជាតិ​ខ្មែរ ដូច្នេះ​រដ្ឋាភិ​បាល​នេះ​ មិន​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ប្រជាព​លរដ្ឋ​ខ្មែរ ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ សូម្បី​តែ​ជាមួយ​ថៃ​ហ្នឹង​ទេ»។

ម្យ៉ាងវិញទៀត លោក ម៉ែន ណាត និយាយ​ថា កន្លងមកថ្មីៗនេះ មន្ត្រីជំនាញ​ព្រំដែន​នៃ​រដ្ឋាភិ​បាល​កម្ពុជា​ ចេញ​បក​ស្រាយ​រឿង​​ការ​បោះប​ង្គោល​​ព្រំដែន​​​បណ្តោះ​អាសន្ន​ជាមួយ​ថៃ គឺ​​ជា​កា​រប​ក​ស្រាយ​មិន​ប្រក្រតី ​និង​មាន​សម្ពាធ​ពី​មេដឹក​​នាំ​ទើប​ពួក​គេ​និយាយ​ការ​ពារ​។

លោកបង្ហាញមន្ទិលថា បើកម្ពុជា ពិតណាស់ថា បាន​​យល់​ព្រម​​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​​ជាមួយ​​ថៃ តាម​​​ការ​វាស់​វែង​​​លើ​​ដី​​ជាក់​ស្តែង ដែល​​មាន​​កំណត់​​ក្នុង​​ចំណុច​មួយ​នៃ​​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​​​ទីក្រុង​កូឡា​ឡាំពួរ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ដោយ​​វាស់​វែង​តាម​​តំបន់​​ដែល​ភាគី​​ថៃ បាន​ដណ្តើម​​កាន់​កាប់​​ដីខ្មែរ និង​ឈរ​ជើង​ក្នុង​ដី​ខ្មែរ​ថ្មី​ៗ​នេះ ដែល​​​នាំ​​ឲ្យ​ភាគី​​កម្ពុជា ខាត​​បង់​​ទឹក​ដី​​បន្ថែម​​ទៀត ទៅ​​ខាង​​ភាគី​ថៃ។

សម្រាប់ លោក ម៉ែន ណាត យល់ថា ដំណោះស្រាយ​ដែលត្រឹ​ម​ត្រូវ គឺ​មាន​តែ​​ត្រូ​វ​​យក​​ផែនទី​​បារាំង ទៅ​ផ្ទៀង​ផ្ទាត់ នៅ​​លើ​ចំណុច​នីមួយៗ តាម​តំបន់​ព្រំដែន និង​​តាម​បង្គោល​ព្រំដែន​​ទាំង ៧៤​បង្គោល ​ជាមួយ​​ថៃ។ ក្នុង​​ករណី​​ភាគី​ថៃ មិន​យល់​ស្រប ​​គឺមាន​​​តែ​ត្រូវ​​ប្តឹង​​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

លោក ហ៊ុន សែន ធ្លាប់ហៅផែនទីខ្នាត១លើ៥០ពាន់ ដែល​ថៃគូរ​ដោយឯកតោ​ភាគី ដើម្បី​​​លេប​​ទឹក​​ដី​ខ្មែរ​តាម​ព្រំដែន​នោះ ថា​ជា​ផែន​​ទី​ចោរ។ យ៉ាង​ណាពេ​ល​នេះ ថៃ​កំពុង​ពង្រីក​ទឹក​ដី​ខ្លួន​​រំលោភ​យក​ទឹក​ដីខ្មែ​រ តាម​ផែន​ទី​ចោរ​នេះ ទាំង​​គ្មាន​ការ​រំខាន​ពី​កង​កម្លាំង​ការ​ពារ​ជាតិ​កម្ពុជា ចាប់​ពី​មាន​បទ​ឈប់​បាញ់​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ២០២៥​មក។

អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ធ្លាប់និយាយថា ការ​ដែល​មេដឹក​នាំ​កម្ពុជា​មិន​ប្តឹង​ថៃទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) និង​មិន​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ប្រឆាំង​ការ​បំពាន​របស់​ថៃ វាស្មើ​នឹងទទួលយ​ក​ទង្វើ​ឈ្លា​ន​​ពាន។

ការមិនទប់ស្កាត់ទង្វើសត្រូវឈ្លានពាននេះ ដើម្បីបុព្វហេតុបូរណភាព​ទឹក​​​ដី​​នេះ ហាក់​​ផ្ទុយ​​ទៅ​នឹង​ស្មារតី​រដ្ឋធម្ម​នុញ្ញ​​របស់​ព្រះរាជា​ណាចក្រ​​កម្ពុជា ដែល​​ជា​​ច្បាប់​​កំពូល​​របស់​​ជាតិ។

មាត្រា​៥២​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​ឯករាជ្យ អធិប​​តេយ្យ​ បូរណ​​ភាព​ទឹក​​ដី អនុ​​​វ​​​ត្ត​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ