ការបន្តចាប់ឃុំ​​អ្នក​នយោបាយ​ប្រឆាំង​និង​សកម្ម​ជន​សង្គម​​មិន​​​ផ្ត​ល់​​​ផល​​​​​​អ្វី​​​ដល់​​​កម្ពុជា​ទេ​

បើ​តាម​អង្គកា​រ​សិទ្ធិ​មនុស្ស​​លីកាដូ គិត​ត្រឹម​ថ្ងៃ​ទី​៣​​ខែ​​​ធ្នូ​នេះ​ តុលាការ​​កម្ពុជា​​ដែល​​គេដឹ​ង​​​ថា​​​ជា​ឧបករណ៍​​បម្រើ​នយោ​បាយ​​របស់​​គ្រួសារ​​ហ៊ុន ​បាន​បន្ត​​​ចាប់​​ឃុំ​ខ្លួន​​អ្នក​​នយោ​បាយ​​ប្រឆាំង​​និង​​សកម្ម​​ជន​​បម្រើ​​សង្គម​ចំនួន​ ​៩២​​នាក់​​ហើយ និង​​​នៅ​​តែ​​បន្ត​ដាក់​​សម្ពាធ​​ផ្សេងៗ​ទៅ​​លើ​​សកម្ម​​ជន​​នយោ​បាយ​ និង​​សកម្ម​​ជន​​សង្គម​​​បន្ត​ទៀត​​ បើទោះ​​​ជាមា​ន​​ចរន្ត​​ជំរុញ​​ឱ្យ​តុលាការ​​ទម្លាក់​​ចោល​​បទ​​ចោទ​ និង​​ដោះ​​លែង​​អ្នក​​ទោស​​មនសិការ​ទាំង​​នេះ ដើម្បី​ចាប់​​ផ្តើម​​បើក​ទំព័រ​​​ថ្មី​​ឱ្យ​មា​ន​​ការ​​រួប​រួម​​ជាតិ​ ​ចាប់​​តាំង​​​ពី​ថៃ​​បាន​​បើក​​ធ្វើ​​សង្គ្រាម​វាយ​ចូលឈ្លាន​​ពាន​​កម្ពុជា​​ចាប់​​តាំង​​​ពី​ខែក​ក្កដា​​មក​​ក្តី​​។

គេកត់សម្គាល់​ឃើញថា ចាប់តាំងពី​​អតីតនាយក​រដ្ឋមន្ត្រី លោក ​ហ៊ុន សែន បាន​​​ប្រើ​​ប្រព័ន្ធ​​តុលាការ​​បើក​​យុទ្ធនា​​ការ​​រំលាយ​​គណបក្ស​​សង្គ្រោះ​ជាតិ ​និ​ង​​ចាប់​​ឃុំ​ខ្លួន​​ប្រធាន​គណបក្ស ​លោក ​កឹម សុខា ដែល​​​ជា​គូ​ប្រជែង​​នយោ​​បាយ​​របស់​​ខ្លួន​​កាល​ពី​​ចុង​​ឆ្នាំ​​២០១៧​មក បាន​​ធ្វើ​ឱ្យ​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​អំណាច​​តាម​​បែប​​ប្រជាធិប​តេយ្យ​​​ត្រូវ​​បាន​​បំផ្លាញ​ ធ្វើ​​​ឱ្យ​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន​​អាច​​ជិះ​​សេះលែ​ង​​ដៃ និង​​បន្ត​ប្រើ​​តុលាការ​ឱ្យ​ចាប់​​ឃុំ​​ខ្លួន​​អ្នក​​នយោបាយ​​ប្រឆាំង ​និង​​សកម្ម​​ជន​​សង្គម​តាម​​អំពើ​ចិត្ត។

ជ្រុង១នៃ​​ការដឹកនាំ​ប្រទេស​ដោយ​រដ្ឋាភិបាល​ឯកបក្ស​នេះ យុត្តិធម៌​សង្គម​​ត្រូវបានគេមើលឃើញ​ថា បាន​ធ្លាក់​​ចុះ​​យ៉ាង​ខ្លាំង​​ ខណៈ​​គ្រប់​រឿងក្តី​​របស់​អ្នក​នយោបាយ ​និង​សកម្មជន​គណបក្ស​​ប្រឆាំង រួម​​ទាំង​​សកម្ម​ជន​​សង្គម​ ដែល​ហ៊ាន​បញ្ចេញ​មតិ​និយាយ​ការពិត​រិះគន់​​ពីភាពអសកម្ម​នៅ​ក្នុង​​សង្គម​ តែង​តែ​ត្រូវ​​បាន​តុលាការ​​សម្រេច​​ផ្តន្ទា​​​ទោស​​ឱ្យជាប់​​ពន្ធនាគារ​​យ៉ាង​ធ្ងន់ធ្ងរ និង​ពិន័យ​ជាប្រាក់​យ៉ាង​ច្រើន​ ​​រហូត​ដល់​រាប់​លាន​​ដុល្លារ បើទោះ​​​បីជា​​សកម្មជនទាំងនោះ​ជាជនក្រីក្រ​រក​មួយ​ថ្ងៃ​ ​ដើម្បី​តែរស់មួយ​ថ្ងៃក៏​ដោយ​។

នៅ​ក្នុង​រយៈ​ពេល​ថ្មីៗ​ចុងក្រោយ​នេះ ​តុលាការ​បាន​បើកសវនាការ​ជា​បន្តបន្ទាប់​ ​ធ្វើការ​ជំនុំ​ជម្រៈ​សកម្ម​ជន​នយោ​បាយ​ និង​សកម្ម​ជន​សង្គមជាច្រើន​ក្រុម ដូច​ជា អ្នក​នយោបាយ​ប្រឆាំង​ដែល​មាន​​ដើមកំណើត​​មក​ពីកម្ពុជា​​​ក្រោម ​គឺលោក​ថាច់ សេដ្ឋា សកម្ម​ជន​​កិច្ចព្រម​ព្រៀង​ ក្រុង​​​ប៉ារីស​និង​សកម្ម​ជនបរិស្ថាន​នៃអង្គការ​មាតា​ធម្មជាតិ​ជាដើម​​ ប៉ុន្តែ​មិន​មាន​សកម្មជន​ណា​ម្នាក់ ​​ត្រូវបាន​ដោះលែង​ឬបន្ធូរបន្ថយ​ទោស​នោះ​ទេ។ ជាមួយ​គ្នានេះ ​តុលាការ​ក៏បាន​កំណត់​​ពេល​បើក​​សវនាការ​លើ ​លោក ​កឹម សុខា ​អតីត​ប្រធាន​គណបក្សសង្គ្រោះ​​​ជាតិ​ដែល​កំពុង​ជាប់​ឃុំក្នុង​ផ្ទះ​ និង​លោក ​រ៉ុង ឈុន ​ទី​ប្រឹក្សា​​គណបក្ស​​កម្លាំង​​ជាតិ​ ​ដែល​​ត្រូវ​បាន​តុលាការ​​សម្រេច​ដកសិទ្ធិធ្វើនយោបាយ​និង​រឹបអូស​យក​​ផ្ទះ​លក់​ឡាយឡុង​ នៅចុង​ខែធ្នូនេះផងដែរ។

លោក ​រ៉ុង ឈុន​​​ បាន​ប្រាប់​វីអូឌីនៅថ្ងៃទី​៣ខែ​ធ្នូនេះ​ថា លោក​​នឹង​​ទៅ​ចូលសវនាការ​​តាមដីកា​កោះ​​របស់សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃទី​២៥ខែ​​ធ្នូ ​ដោយ​​មិន​មាន​​ការ​បារម្ភអ្វីនោះ​ទេ ពីព្រោះ​លោក​គឺ​​ជាអ្នក​ធ្វើការងារសង្គម និង​នយោ​បាយ ដើម្បី​ពលរដ្ឋ និងជាតិខ្មែរម៉្យាងទៀត លោក​មិន​បាន​​ធ្វើអ្វីខុសច្បាប់​នោះទេ។ លោក​​បញ្ជាក់ថា ការ​​បន្តប្រើតុលាការ​ចាត់តីតិវិធី​លើ​រូប​លោក​ជា​បន្តបន្ទាប់ ​ក្នុង​នោះ​មាន​ទាំង​ការ​ចាប់​ដាក់​​ពន្ធនាគារ​២ដង ពាក់​​ព័ន្ធ​​បញ្ហា​​ព្រំដែន​​ជាមួយ​​វៀត​ណាម​ ថែម​​ទាំង​តម្រូវ​ឱ្យ​លោក​ចូល​ទៅ​បង្ហាញ​ខ្លួន​​នៅ​ប៉ុស្តិ៍​នគរបាល​រៀង​​រាល់​២​ខែម្តង វាជារឿងអយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​រូប​លោក​ហើយ ក៏​ជាសម្ពាធផ្នែក​នយោ​បាយមក​លើ​​រូបលោក​​​ផងដែរ។ បើ​តាម​អតី​តគ្រូ​បង្រៀន និង​អតីត​មេដឹកនាំ​សហជីព​រូបនេះ ការតស៊ូមិន​ឈប់​ឈរ​និង​មិន​ចុះ​ញ៉ម​របស់​​លោក ​គឺ​​មា​ន​ក្តី​ប្រាថ្នា​​​ចង់​​​ឃើញ​​ប្រជា​ពលរដ្ឋ​​​ខ្មែរ​​ដែល​​កំពុង​​រស់​នៅក្នុ​ង​​ប្រទេស​​កម្ពុជា​ទទួល​​បាន​ប្រជា​ធិប​តេយ្យ​​ពិត​ប្រាកដ ចង់​ឃើញ​ប្រជាពលរដ្ឋ​ទទួល​បាន​សេរីភាព​ពិត​ប្រាកដ​ពេញ​លេញ​ក្នុង​នាម​ជាម្ចាស់​វាសនា​ប្រទេស​ជាតិ​។

លោកថា៖ «ចង់​ឃើញ​ប្រជាពល​រដ្ឋ​ទទួល​បាន​សេរី​ភាព​ពិតប្រាកដ សេរី​ភាពស្មើ​និង​​ឧកស៊ីស៊ែន។ បើយើង​រស់​នៅក្នុង​សង្គមមួយ​​​គ្មាន​សេរីភាព ស្មើនឹងយើង​បាត់​បង់​ឧកស៊ីស៊ែន​មិន​ដឹង​ដក​ដង្ហើមតាមណាទេ។ អានេះ​ជាបំណងប្រាថ្នា​របស់ខ្ញុំ។ អ៊ីចឹងបាន​ជាខ្ញុំ​ទោះ​បីជាអានាគតមិន​បាន​ឈរ ខ្ញុំនៅ​តែចូល​រួម​ជួយ​គណបក្ស​​កម្លាំង​ជាតិ»។

វីអូឌី ​មិន​អាចទាក់ទង លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​​ដើម្បី​ធ្វើអត្ថាធិប្បាយលើ​បញ្ហា​នេះបានទេ នៅថ្ងៃទី​៣​ខែធ្នូនេះ។ ប៉ុន្តែលោក ​កើត រិទ្ធ​ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ដែល​ត្រូវ​បាន​គេដឹងថា បាន​ឡើង​កាន់​​តំណែងនេះ ​ដោយ​សារ​តែមាន​ស្នាដៃ​បង្កើត​ច្បាប់​រំលាយ​​គណ​បក្ស​សង្គ្រោះ​ជាតិ ​តាម​បញ្ជា​របស់ ​លោក ​ហ៊ុន សែន ​បាន​ថ្លែងកាល​ពីពេល​ថ្មីៗ​នេះ​ ដែល​ត្រូវ​បាន​គេចែកចាយលើ​បណ្តាញ​សង្គមថា មន្ត្រី​ដែល​​ធ្វើការ​នៅក្នុង​វិស័យ​យុត្តិធម៌​​ ត្រូវហ៊ាន​បើក​ទ្វារចំហរ​ ដើម្បី​ទទួល​រាល់​ពាក្យបណ្តឹង​ដែល​គេថា​អយុត្តិធម៌។

លោកថា៖ «ឯកឧត្តម​លោក​ជំទាវ​ជួយគិត​រឿងនេះ មិនមែនជារឿង​ធម្មតាទេជាការ​សម្រេចចិត្ត​ខាង​នយោ​បាយ​មួយដ៏ធំ។ ស្តាប់អ្វីដែលលោកជំទាវ ជា លាង លើក​ឡើង សាធារណៈមតិ​គេ​និយាយ​​តុលាការនេះអយុត្តិ​ធម៌​ចេះចុះគ្រប់រឿងទាំងអស់។ ប៉ុន្តែបែរ​​ជាយើង​ធ្វើអី​? យើង​ថា​ឥឡូវអយុត្តិធម៌! បើក​ខ្ញុំ​បើក​ទ្វារ​ដាក់​មក​​ខ្ញុំ ខ្ញុំមើ​ល​​ឱ្យ​​ខ្ញុំ​​រក​​យុត្តិធ​ម៌​ឱ្យ​។ ជា​សេចក្តី​ក្លាហាន​​មួយ​ ខ្ញុំត្រូ​វកា​រ​​ច្រើន​ខែដើ​ម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជាមួយ​នឹង​សហការណី​​ប្រជុំ​ចង្អៀត​​រីទ្រីត​​​១​ធ្វើ​ឬ​មិន​ធ្វើ? ហ៊ាន​​​ឬ​មិន​​ហ៊ាន​​ចុង​ក្រោយ​យើង​ថា យើង​ទទួល​បាន​ការ​​គាំទ្រ​​ខាង​​នយោបាយ​​ពីរ​ចំណុច​។ ទី១​សម្តេច​តេជោ លោក​ថា​ម៉េច? លោក​​ណែ​នាំ​ថា​ម៉េច?​ ក្នុង​នាម​ជា​មេ​ដឹក​នាំ​​ដែល​​មាន​ការទ​ទួល​​ខុស​ត្រូវ​​ យើង​​មិន​​អាច​រត់​គេច​ចេញ​ពី​បញ្ហា​ទេ គឺ​មាន​​​តែ​ប្រឈម​​នឹង​បញ្ហា​​ហើយ​​ដោះ​ស្រាយ​បញ្ហា»។

យ៉ាងណាក្តី ​​លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី​ដែល​​​​ត្រូវ​បាន​​តុលាការ​​ខេត្ត​​រតនគិរី​ ​តម្រូវ​ឱ្យ​ចូល​​ទៅ​បង្ហាញ​ខ្លួន​​នៅ​​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​​បាត់​​ដំបង ​ពាក់​​ព័ន្ធ​​នឹង​​បទ​​ចោទ ​«ញុះ​​ញង់​ឱ្យមា​ន​ការ​រើស​អើង​រវាង​កម្មក​រ​យួន និង​ខ្មែរ» បាន​​ប្រាប់​​វីអូឌី​នៅ​ថ្ងៃ​ទី៣ខែ​​ធ្នូនេះ​​ថា លោក​មិន​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​បទចោទដែល​តម្រូវឱ្យ​លោក​ចូល​ទៅ​បង្ហាញ​ខ្លួន ​ក្នុង​រយៈ​ពេល​រៀង​រាល់​ពីរ​ខែម្តងនោះទេ ​ពីព្រោះ​ក្នុងនាម​ជា​អ្នក​​នយោបាយ​ ​លោក​បាន​ដឹងរួច​ហើយ​ថា ទីលាន​ប្រកួត​សម្រាប់​អ្នក​​នយោបាយ​នៅកម្ពុជា ​គឺមាន​ស្តង់ដា​២។

លោកថា៖ «ហើយ​រឿងពាក់ព័ន្ធ​នឹង​រឿង​នយោបាយទៅ​នឹងបក្ស​ក្រៅរដ្ឋាភិ​បាល​ ​បក្ស​ជំទាស់​​ បក្ស​​ប្រឆាំង​​ហ្នឹង ​​​គឺអ្ន​ក​​នយោបាយ​​តែង​​តែជួ​ប​​នូវ​​បញ្ហាឥ​ត​ឈប់​​ឈរ ​ហើយ​ក្នុងនា​ម​ខ្ញុំ​ជា​អ្នក​​នយោ​បាយ​​ស្រាប់ ព្រោះ​​នូវអ្វី​ដែល​​​ជា​ធម៌​​អហិង្សា​​​នយោ​បាយ ​​ដែល​និយាយ​​មាន​​ហេតុមាន​ផល​​នយោបាយ​​រិះគន់ ​ដើម្បី​​ស្ថាបនា ​និង​ការ​​បំពេញ​​​ឱ្យ​គ្នា​ អ៊ីចឹង​​​​វាជា​រឿ​ង​​ធម្មតា​ទៅ​ហើយ ​ពីព្រោះ​​ខ្ញុំ​ឆ្លង​កាត់​​អាការ​ជាប់​​គុក​ជាប់​​ច្រវ៉ាក់​ហ្នឹង ​​​វា​២​ដងជិត​​៤ឆ្នាំ​ទៅ​ចឹង ក្នុង​នាម​ជា​អ្នក​​នយោបាយ​​ ខ្ញុំ​នៅ​តែ​​មិន​រារែក​​មិន​​តក់​ស្លុត​​មិន​​រុ​ញ​រា​មិន​​ដក​ថយ​ ក្រៅតែ​​ពី​ខ្ញុំត្រូវ​តែ​ប្រឈម​​​ទៅ​នឹង​អ្វី​ដែល​​តុលាការ​​ចោទ​​ប្រកាន់ ដោយ​​សារ​​ខ្ញុំ​គ្មាន​​កំហុស​អីទា​ក់​ទង​បទ​ឧក្រិដ្ឋ​ទេ»។

លោក​ សុវណ្ណារ៉ា ​ត្រូវ​​បាន​​តុលាការ​​ខេត្ត​រតនគីរី ចោទ​ប្រកាន់​​​ពី​បទ ​​«​ញុះ​​ញង់​ឱ្យមា​ន​ការ​រើស​​អើ​ង​​រវាង​​កម្មករ​​យួន និង​ខ្មែរ» កាល​ពី​អំឡុង​​ខែ​កញ្ញា ឆ្នាំ​២០២៣ បន្ទាប់​​​ពីលោ​ក​​បាន​​លើក​​យក​​សម្តី​​របស់​​កម្មករ​ខ្មែរដែល​​កំពុង​​ធ្វើ​ការ​​នៅ​​ក្នុង​ចម្ការ​ចេក ​និង​ចម្ការ​កៅស៊ូ​​​នៅ​ខេត្ត​​ភាគ​​ឦ​សាន្ត ​ដែល​​សួរ​ថាតើ​​​ហេតុ​​​អ្វី​​បាន​​ជា​កម្មករ​​យួន​​ទទួល​បាន​​ប្រាក់​​ខែ​ខ្ពស់​​ជាង​កម្មក​រ​ខ្មែរ។ លោក​​បញ្ជាក់​​ថា ​​អ្វី​​ដែល​​លោក​​បាន​​លើក​ឡើង​ ​​គឺ​​គ្រាន់​​តែជា​ការ​​ផ្តល់​​ព័ត៌មាន​​ទៅ​​ដល់​​ក្រសួង​​ការ​ងារ ​​ឱ្យ​​​ចុះ​​ទៅ​​ពិនិត្យ​ដោះស្រាយ​លើបញ្ហានេះ​ប៉ុណ្ណោះ ​មិន​មាន​​ចេតនា​​ញុះ​ញង់​​​អ្វី​​ដូច​ការ​​ចោទ​ប្រកាន់​​នោះ​ទេ។

ចំណែក ​លោក ​​នី សុខា ​ប្រធាន​សមាគម​អាដ​ហុក​ ​បាន​​សម្តែង​​ការ​សោក​​ស្តាយ ​និង​ព្រួយ​​បារម្ភ​​ចំពោះ​វាសនា​នៃ​​សកម្ម​​​ជ​ន​​ ដែល​​ត្រូវ​​បា​ន​​ចាប់​​ឃុំខ្លួ​ន​​ជា​បន្ត​​បន្ទាប់ ​​ដោយ​​សារ​​តែកា​រ​​ប្រើ​មន​សិការ​​​និង​សេរី​ភាព​បញ្ចេញ​​មតិ​ សេរីភាព​នៅក្នុង​ការ​ចូល​រួម​សកម្មលើ​កិច្ចការងារ​សង្គម ដែល​មិនគួរណាត្រូវទទួល​រងការចោទប្រកាន់​​និង​ចាប់​​ឃុំ​ខ្លួន​​នោះ​ទេ។

លោក​លើក​ឡើង​ថា ​នៅក្នុង​ស្ថានការណ៍នយោបាយ​​​ដែល​មិនមាន​ពន្លឺណាមួយ ពីការ​ស្រុះស្រួលគ្នា​របស់​ក្រុ​ម​​​​អ្នក​នយោបាយ​​នៅក្នុង​រដ្ឋាភិបាល និង​អ្នក​នយោបាយ​ប្រឆាំង​នៅក្រៅ​ប្រទេស ​គឺ​វាសនា​​របស់​​សកម្ម​ជន​​ទាំង​​អស់​​ដែល​​ជាប់​​ឃុំ គឺពិបាកក្នុងការ​ទទួល​បាន​ការលើកលែង​ទោស​​ និង​ការដោះ​លែង​ឱ្យមាន​សេរីភាព​។

លោកថា៖ «​គឺលំបាក​ណាស់ ​វាទាល់តែ​មានការ​ចរចាគ្នា ​ឬក៏អ្នក​នយោបាយ​ប្រឆាំង ​ក៏ដូចជាអ្នក​នយោ​បាយ​​នៅក្នុង​​រដ្ឋាភិបាល​នឹងមានការដោះ​ស្រាយ​ភាពតានតឹង​ខាងនយោបាយ​ត្រូវរ៉ូវគ្នា ​ទើប​អាចមានចរន្តនៃ​ការ​​ដោះ​លែង​។ ក៏ប៉ុន្តែមក​ដល់​ពេលនេះ ​មិន​ទាន់​ឃើញ​មាន​សញ្ញាណា​មួយ​ ​ដែល​ថា​ស្ថានការណ៍នយោ​បាយ​​មាន​​ភាព​ធូរស្រាល​​នោះ​ទេ ថែម​ទាំង​កាន់​តែតាន​តឹង​ទៅៗ ​រវាងក្រុម​អ្នក​នយោបាយនៅក្រៅប្រទេស ​និង​​គណបក្ស​​កាន់​​អំណាច​»។​

លោក ​នី សុខា ​មើល​ឃើញ​ថា រហូតមក​ដល់​ពេលនេះ រដ្ឋាភិបាល​នៅតែមិន​ទាន់មាន​​ឆន្ទៈឱ្យ​ប្រាក​ដប្រជានៅ​ក្នុង​ការ​ស្តារឡើង​វិញ​នូវសិទ្ធិមនុស្ស ក៏ដូច​ជាអ្វីដែលជាការ​លើកឡើង និង​​ជាការ​ព្រួយ​បារម្ភ​​របស់​​សហគមន៍​អន្តរជាតិ ​ពី​បណ្តាប្រទេស​ប្រជាធិប​តេយ្យ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និងការ​រួម​តូច​នៃ​លំហរប្រជាធិបតេយ្យ​នោះទេ។​

លោកថា៖ «គឺថា​រដ្ឋាភិបាល​ហាក់ ​ដូចជានៅ​តែមិនមាន​ការ​ឆ្លើយ​តបអ្វីឱ្យបាន​ជាវិជ្ជមាន ពិសេសក៏ដូច​ជាឆ្លើយ​តប​ទៅនឹងអនុ​សាស្ត្រមួយ​ចំនួន​​របស់​​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជា​ជាតិ​​ប្រចាំនៅកម្ពុជាផងដែរ។ ចឹងទៅមុខទៀតយើង​ឃើញថា មតិរិះគន់​ក៏ដូច​ជាបញ្ហា​ដែល​គេ​បានលើកឡើងពី​ភាព​​មិន​​ល្អរបស់​​រដ្ឋាភិបាល​មិន​អាច​ត្រូវបាន​បញ្ចប់​ទេ ប្រសិន​បើរដ្ឋា​ភិបាល​នៅ​តែបន្តឃុំខ្លួន ឬក៏ចាប់​ខ្លួនទៅលើ​សកម្មជន​សង្គម​នយោបាយ​ទាំងអស់​នឹង​តទៅ​ទៀត»។

ទាក់​ទង​នឹងករណី​សំណុំ​រឿង​ លោក ​កឹម សុខា ប្រធានអតី​តគណបក្ស​សង្គ្រោះជាតិ ​និង​លោក ​​រ៉ុង ឈុន​ដែល​​ត្រូវ​​បាន​​​សាលា​ឧទ្ធរណ៍កំណត់​ពេល​បើក​សវនាការ​នៅ​ចុង​ខែនេះ ​លោក ​នី សុខា លើកឡើងថា មេដឹក​នាំ​គណបក្ស​នយោ​បាយ​​ទាំង​ពី​រនាក់​នេះ ​ក៏មាន​វាសនា​មិន​​ខុស​អ្វី​​ពី​សកម្ម​ជន​​នយោបាយ ​និង​​សកម្ម​ជន​​សង្គម​​ដទៃ​ទៀត​​ដែរ ​​គឺ​នឹង​​មិនមាន​ការ​ដោះ​លែង​និង​​ទម្លាក់​​ចោល​​បទ​ចោទ​​នោះ​​ទេ ប្រសិន​​បើ​​នៅតែ​មិនមាន​ការ​​ច​រចា​​សម្រុះ​សម្រួល​​គ្នា​ ​រវាង​​អ្នក​នយោបាយ​ដោយសារ​សំណុំ​រឿង​ទាំង​អស់នេះ ​មានការ​ផ្សារភ្ជាប់​ទៅ​នឹង​​រឿ​ង​​​វិវាទ​​នយោបាយ​ ដូច្នេះ​វាទាល់​តែមានការ​ដោះស្រាយ​ខាងនយោបាយ​ ​ទើប​រឿងនឹង​អាចដោះ​ស្រាយ​បាន។

ប្រធានសមាគម​អាដហុក​រូបនេះ​​ លើក​ឡើង​ថា ការ​បន្ត​ឃុំខ្លួ​ន​​សកម្ម​ជន​​នយោបាយ ​និង​​សកម្ម​​ជ​ន​​សង្គម​ទាំង​​នេះ ​គឺ​​មិន​​មាន​ផ្តល់​​ផល​ល្អដ​ល់​​កម្ពុជា​​​នោះ​​ទេ ពីព្រោះ​​អ្នក​​ទាំង​​នេះ​​ស្ថិត​​ក្នុង​​ចំណុ​ចគ​ន្លឹះ​​​ស្នូល​​សំខាន់​ដែល​​សហគមន៍​​អន្តរ​ជាតិ ​ស្នើ​ឱ្យ​​ដោះ​​លែង​​ដើម្បី​​ស្តារ​​ឡើង​​វិញ​​នូវការធ្លាក់​ចុះនៃស្ថានភាព​សិទ្ធិមនុស្ស​ និង​ការ​​រួម​តូច​នៃលំហរ​ប្រជាធិប​តេយ្យ​​នៅកម្ពុជា​។

បន្ថែមពីនេះ ​លោក​បានលើកឡើង​ពី​គោលការណ៍ ​និង​ខ្លឹមសារ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​​ផងដែរ​ថា មាន​តែការ​ផ្សះផ្សាជាតិ​បង្រួប​បង្រួមជាតិ​និង​ឯកភាព​ជាតិ​ទេ​​ ទើប​អាចនាំកម្ពុជា​ទៅ​រកការអភិវឌ្ឍនិង​​ភាព​រីក​ចម្រើន ​ព្រម​ទាំងមាន​សុខសន្តិភាព​ពិត​ប្រាក​ដ​​សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​។

សូមបញ្ជាក់ថា គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៤ ​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រព័ន្ធ​​យុត្តិធម៌​​​កម្ពុជា បន្តស្ថិតនៅ​ជិតបាតតារាង​ ពោលគឺលេខ​​ទី​១៤១ ក្នុង​ចំណោម១៤២​ប្រទេស ​គឺ​កម្ពុជា​​នៅ​លើ​តែ​ប្រទេស​វេណេ​ស៊ុយអេឡាមួយ​តែប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ