ការផ្តើមចេញពីការប្រកាសបិទប្រតិបត្តិការដកប្រាក់នៅក្រុមហ៊ុនហួយវ័នរបស់ឧកញ៉ា ហ៊ុន តូ ក្រោយអន្តរជាតិរកឃើញបទឧក្រិដ្ឋលាងលុយកខ្វក់ រួមទាំងការរកឃើញបទឧក្រិដ្ឋឆបោកលំដាប់អន្តរជាតិពាក់ព័ន្ធទីប្រឹក្សា លោក ហ៊ុន សែន គឺលោក ចេន ហ្ស៊ី នោះជំរុញឱ្យមានការព្រួយបារម្ភពីហានិភ័យប្រព័ន្ធធនាគារនៅកម្ពុជា និងផលប្រយោជន៍អតិថិជន បើប្រព័ន្ធច្បាប់នៅកម្ពុជាមិនចាត់វិធានការលើឧក្រិដ្ឋជនទាំង២រូបនោះ ដើម្បីស្តារមុខមាត់កម្ពុជាទេនោះ។
ក្តីបារម្ភនេះ ក្រោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣ ខែធ្នូ ប្រកាសថា ខ្លួនបានដកហូតអាជ្ញាបណ្ណក្រុមហ៊ុនហួយវ័នតាំងពីឆ្នាំ២០២៤ ខណៈក្រុមហ៊ុនរបស់ឧកញ៉ា ហ៊ុន តូ ទើបតែប្រកាសបិទការិយាល័យទាំងអស់ រួមទាំងប្រតិបត្តិការដកសាច់ប្រាក់បណ្តោះអាសន្ននៅកម្ពុជាចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥តទៅ ។
យ៉ាងណា ធនាគារជាតិនៃកម្ពុជា និយាយក្នុងសេចក្តីប្រកាសនៅថ្ងៃទី៣ ខែធ្នូនេះថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ហួយវ័នផេ ត្រូវបានដកហូតអាជ្ញាប័ណ្ណកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មកម្លេះ។
ដោយឡែក ធនាគារព្រីនស៍ របស់ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន វិញ ក៏មានភាពមិនប្រក្រតីក្នុងការផ្ទេរសាច់ប្រាក់ដែរ ក្រោយមហាអំណាចអាមេរិក ចក្រភពអង់គ្លេស រួមទាំងប្រទេសមួយចំនួនទៀត បង្កកទ្រព្យសម្បត្តិពាក់ព័ន្ធបទឧក្រិដ្ឋឆបោកលំដាប់អន្តរជាតិ។
ជុំវិញរឿងនេះ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ថា ការប្រកាសរបស់ភាគីធនាគារជាតិនេះមានភាពមិនប្រក្រតី ព្រោះទុកឱ្យក្រុមហ៊ុនហួយវ័នផេ ដំណើរការមកដល់ឆ្នាំ២០២៥នេះ។
បញ្ហានេះ លោកថា ផលវិបាកនឹងធ្លាក់លើអតិថិជនដែលពួកគេប្រឈមនឹងការបាត់បង់សាច់ប្រាក់ ខណៈដែលក្រុមហ៊ុនហួយវ័នរបស់ឧកញ៉ា ហ៊ុន តូ នេះ មានជាក់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដែលអន្តរជាតិរកឃើញ តែរដ្ឋាភិបាលកម្ពុជាមិនទាន់មានចំណាត់ការណាមួយនៅឡើយ។
លោកថា៖ «ផលវិបាក គឺវាធ្លាក់ទៅលើប្រជាពលរដ្ឋដែលជាអ្នកដាក់លុយនៅក្នុងធនាគារនេះ។ ផលវិបាកហ្នឹងមានន័យថា ប្រជាពលរដ្ឋដែលទុកចិត្តធនាគារនេះ បែរជាត្រូវបានបាត់បង់នូវលុយកាក់របស់ខ្លួន។ កាលណាបាត់បង់វាធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែលំបាក កាន់តែធ្ងន់ធ្ងរទៅ ដែលជាបន្ទុកមួយរបស់រដ្ឋាភិបាល។ ត្រង់នេះហើយដែលរដ្ឋាភិបាល ត្រូវតែចាត់វិធានការទៅលើធនាគារជាតិកម្ពុជាដែរ។ ប្រសិនបើការប្រកាសបិទអាជ្ញាប័ណ្ណធនាគារនេះតាំងពីឆ្នាំ២០២៤ ហើយមកដល់ពេលនេះ ទើបតែខ្លួនឯងប្រកាសជាសាធារណៈឲ្យប្រជាពលរដ្ឋដឹងទេ អាហ្នឹងជាកំហុសធ្ងន់ធ្ងរណាស់ របស់ស្ថាប័នធនាគារជាតិនៃកម្ពុជា»។
បន្ថែមលើនេះ លោកថា ដើម្បីបង្រ្កាបបទឧក្រិដ្ឋឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវចាត់វិធានការលើក្រុមឧក្រិដ្ឋជន ដែលអន្តរជាតិចង្អុលឈ្មោះចំៗទាំងនោះ ដោយមិនលើកលែង ដើម្បីបង្ហាញឆន្ទៈនៅចំពោះមុខសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរផង។
តែលោកថា បើនៅតែស្ងៀមស្ងាត់មិនមានការបើកការស៊ើបអង្កេត និងដើម្បីស្តារមុខមាត់ជាតិឡើងវិញទេ នោះរដ្ឋាភិបាលនឹងរងការសង្ស័យថា ជាអ្នកនៅពីក្រោយមេឧក្រិដ្ឋជនទាំងនោះ។
លោកថា៖ «ប្រសិនបើរដ្ឋាភិបាលនៅតែព្រងើយកន្តើយ ក្នុងការចាត់វិធានការឲ្យបានលឿនឲ្យបានរហ័សទេ ខ្ញុំគិតថា អ្វីដែលមហាជនប្រជាពលរដ្ឋខ្មែរ អាចនឹងធ្វើការដាក់ការសង្ស័យថា តើវាមានអ្វីដែលជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាល ជាពិសេសជាមួយនឹងមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលបាន ទើបធ្វើឱ្យមិនមានវិធានការនៅក្នុងការចាត់វិធានការទៅលើបុគ្គល ដែលត្រូវបានសហគមន៍អន្តរជាតិ ដៅឈ្មោះចំៗបែបនេះ»។
ដោយឡែក នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរ លោក សេង វណ្ណលី យល់ថា វាជារឿងធម្មតានៅកម្ពុជា ដែលស្ថាប័នពាក់ព័ន្ធមិនមានចំណាត់ការម៉ឹងម៉ាត់លើបុគ្គលដែលគេរកឃើញថា ជាមេឧក្រិដ្ឋជន ព្រោះពួកគេជាសាច់ញាតិមេដឹកនាំ និងឥស្សរជននយោបាយជាន់ខ្ពស់បក្សកាន់អំណាច។
លោកថា៖ «ធនាគារជាតិហ្នឹង! ខ្ញុំគិតថា ដឹងច្បាស់ថា ប្រតិបត្តិករមួយណាដែលខ្លួនអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ នៅក្នុងវិស័យហិរញ្ញវត្ថុ ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋឆបោក ឬក៏លាងលុយកខ្វក់!ខ្ញុំគិតថា ធនាគារជាតិបានដឹងច្បាស់ ក៏ប៉ុន្តែគ្រាន់តែហើយយើងដឹងហើយថា ធនាគារជាតិបុគ្គលដែលជាប្រធានអគ្គទេសាភិបាលធនាគារជាតិ ក៏ជាសមាជិករបស់គ្រួសារឥស្សរជន! ចំណែករងអគ្គទេសាភិបាលធនាគារជាតិហ្នឹង ក៏មានជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវលាងលុយកខ្វក់។ ពេលថ្មីៗ យើងឃើញហើយថា បុគ្គលដែលជាអ្នកជិតដិតជាមួយនឹងលោក យឹម លាប ដែលជារងអគ្គទេសាភិបាលធនាគារជាតិបច្ចុប្បន្នហ្នឹង! ឈ្មោះ លោក បេន ស្មីតហ្នឹង ត្រូវបានរដ្ឋាភិបាលថៃដាក់ទណ្ឌកម្ម និងរឹបអូសទ្រព្យសម្បត្តិរាប់រយលាន»។
បញ្ហានេះ លោក សេង វណ្ណលី បង្ហាញក្តីបារម្ភថា ប្រព័ន្ធធនាគារកម្ពុជាទាំងមូលនឹងប្រឈមហានិភ័យ ព្រោះតែញាំញីដោយរឿងអាស្រូវឆបោក លាងលុយកខ្វក់ ធ្វើឱ្យធនាគារផ្សេងនៅក្រៅប្រទេសមិនមានកិច្ចសហប្រតិបត្តិការនោះទេ ហើយវានឹងធ្វើឱ្យបាត់បង់អ្នកវិនិយោគពីបរទេស ប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែរកាន់តែធ្ងន់ធ្ងរថែមទៀត។
លោកថា៖ «ការបោះទុន គឺគេត្រូវការមានភាពជាក់លាក់ ហើយត្រូវដឹងអំពីតម្លាភាពនៃការចូលរួមរកស៊ីជាមួយដៃគូនៅស្រុកខ្មែរ ក៏ប៉ុន្តែនៅពេលដែលមានការសង្ស័យ ខ្ញុំគិតថា ចង់មិនចង់គេនឹងមានការស្ទាក់ស្ទើរនៅក្នុងការវិនិយោគបន្ថែម។ ដោយឡែក ប្រជាជនខ្លួនឯងដែលមានផលវិបាក ក្នុងការវេរលុយទូទាត់ដាក់លុយជាដើម! ជាពិសេសបាត់ទំនុកចិត្តពាក់ព័ន្ធប្រព័ន្ធនឹងការផ្ញើរលុយក្នុងធនាគារកាន់តែតិចៗទៅ ធ្វើឲ្យធនាគារក៏បាត់បង់ថវិកា ដើម្បីផ្ដល់វិនិយោគទៅក្នុងវិស័យដ៏សំខាន់ៗរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងធនាគារខ្លួនឯងក៏មិនសូវជាមានលុយដើម្បីផ្តល់កម្ចីទៅដល់សហគមន៍ ឬក៏សហគ្រិនដែលមានគោលបំណង ក្នុងការអភិវឌ្ឍអនុវត្តគម្រោងណាមួយរបស់ខ្លួន។ ប៉ះពាល់ជាប្រព័ន្ធតែម្តង»។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីប្រធានធនាគាជាតិ អ្នកស្រី ជា សិរី បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍រកឃើញមួយ នៅថ្ងៃទី១ ខែឧសភាថា ក្រុមហ៊ុន ហួយវ័ន គ្រុប ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនមេនៃក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ជាបណ្ដាញលាងលុយកខ្វក់ដ៏ចម្បងមួយ និងស្នើកុំឱ្យក្រុមហ៊ុននេះចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក។
ជាមួយគ្នានេះ ឧកញ៉ា ហ៊ុន តូ ក៏ត្រូវបានក្រុមហ៊ុនវិភាគកាក់ឌីជីថល Elliptic ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានរកឃើញថា កំពុងរកស៊ីខ្មៅងងឹត ក្រោមឈ្មោះក្រុមហ៊ុន ហួយ អាដេ គ្រុប ដោយប្រព្រឹត្តិអំពើលាងលុយកខ្វក់ និងចាប់ជំរិតតាមអនឡាញ។ ដោយឡែក កាស៊ីណូ WM នៅក្រុងព្រះសីហនុ ដែលមានបណ្តាញនឹងឧកញ៉ា ហ៊ុន តូ ក៏ត្រូវបាន វីអូឌី រកឃើញថា មានជាប់ពាក់ព័ន្ធប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ផងដែរ។
បន្ថែមលើនេះ អាមរិក និងអង់គ្លេស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ រួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនព្រីនស៍ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ចំនួន ១៥ពាន់លានដុល្លារ ព្រមទាំងចេញដីកាចោទប្រកាន់ ជុំវិញការឆបោកតាមអនឡាញ លាងលុយកខ្វក់ និងបង្ខាំងមនុស្សខុសច្បាប់ ដែលប្រឈមជាប់ពន្ធនាគារ៤០ឆ្នាំ។
ជាងនេះទៀត មនុស្សជំនិតៗនៅជុំវិញលោក ហ៊ុន សែន រួមមាន ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន និងឧកញ៉ា ទ្រី ភាព ជាដើម សុទ្ធតែជាប់ឈ្មោះក្នុងទណ្ឌកម្ម ឬបញ្ជីខ្មៅអាមេរិក ជុំវិញបទឧក្រិដ្ឋឆបោក និងការរំលោភសិទ្ធិមនុស្ស។
ជុំវិញបញ្ហានេះ ស្ថាប័នអន្តរជាតិជាច្រើន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា ទំនងជាមិនអាចកម្ទេច និងទប់ស្កាត់ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត ប្រកបដោយប្រសិទ្ធភាពបាននោះទេ ដោយសារតែឥស្សរជននយោបាយជាន់ខ្ពស់សំខាន់ៗរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនជាប់ពាក់ព័ន្ធដោយត្រង់ និងដោយប្រយោលជាមួយឧស្សាហកម្មកខ្វក់នេះ។
របាយការណ៍ «ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២៥ (TIP)» ចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រកឃើញថា “មន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សារដ្ឋាភិបាលទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើការ រួមទាំងជាម្ចាស់កម្មសិទ្ធិនៃទីតាំងប្រតិបត្តិការឆបោកទាំងនោះ។ ការគប់គិតគ្នាជាផ្លូវការនៅគ្រប់កម្រិតរហូតដល់មន្ត្រីជាន់ខ្ពស់ បានរារាំងសកម្មភាពអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលនៅតែរីករាលដាលនៅឆ្នាំនេះ”៕









