កម្ពុជាបង្ហាញពីការខិតខំប្រឹងប្រែងជាង៤ខែមកនេះ លើយន្តការការទូតដែលមិនទាន់មានប្រសិទ្ធភាព ក្នុងការជំរុញឱ្យភាគីថៃ បញ្ជូនយោធិនខ្មែរចំនួន១៨នាក់ ត្រឡប់មកឱ្យកម្ពុជាវិញ ទោះភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរក្តី។
ការដែលថៃ បន្តឃាត់ទុកយោធិនខ្មែរ១៨រូបនេះ ក៏ចំពេលដែលកម្ពុជា-ថៃ កំពុងជំរុញដំណើរការបោះបង្គោលព្រំដែន តាមយន្តការចរចាទ្វេភាគីនៅទីតាំងមួយចំនួន ដែលឡោមព័ទ្ធដោយបន្លាលួសថៃ ដែលគេបារម្ភថាអាចនឹងធ្លាក់ក្នុងការគ្រប់គ្រងរបស់ថៃ ដូចជា ផ្នែកខ្លះនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាដើម។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និយាយក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ «ស្តីពីស្ថានភាពយោធិនខ្មែរ១៨រូបដែលប្រទេសថៃបន្តឃុំខ្លួន»ថា អស់រយៈពេល១២៧ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ក្រសួងថា ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការទាមទារការដោះលែងយោធិនរបស់កម្ពុជាទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូត ដែលអាចធ្វើទៅបានរួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យយោធិនកម្ពុជាដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធិស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នា ក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ជាប្រចាំ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។ ក្រសួងបញ្ជាក់ថា ការចេញប្រកាសនេះ ដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន។
លើសពីនេះ ក្រសួងថា រដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូប និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយរដ្ឋាភិបាលក្នុងការអំពាវនាវឱ្យមានការដោះលែងយោធិនទាំង១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ ដូចមានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានចល័តទ័ពចូលចាប់ខ្លួនទាហានខ្មែរចំនួន២០រូប ទាំងបំពានលើបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទោះកិច្ចព្រមព្រៀងនោះមានចុះហត្ថលេខាដោយរដ្ឋាភិបាលថៃ និងកម្ពុជា ក្រោមការសម្របសម្រួលពីយន្តការអាស៊ាន ក្រោមកិច្ចអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្តី។
ប៉ុន្តែក្រោយមកថៃ បានដោះលែងទាហានខ្មែរ២រូបវិញ តែនៅសល់១៨រូបទៀត ថៃនៅបន្តឃុំខ្លួនរហូតបច្ចុប្បន្ន បើទោះបីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ថៃយល់ព្រមចុះហត្ថលេខាម្តងទៀត លើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ មានទាំងការចុះហត្ថលេខា ពីប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រម៉ាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងហត្ថលេខាប្រធាធិបតី ត្រាំ ធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងនោះក្តី។
ការដែលថៃ នៅបន្តឃុំខ្លួនទាហានខ្មែរទាំង១៨រូបនេះ ចំពេលកម្ពុជា-ថៃ កំពុងប្រើយន្តការចរចាទ្វេភាគី ដើម្បីដំណើរការបោះបង្គោលព្រំដែន លើទីតាំងមួយចំនួន ដែលយោធាថៃ បានចូលមករាយបន្លាលួសព័ទ្ធយករួចហើយ ដូចជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាដើម៕









