អ្នក​ឃ្លាំមើល​ថា​ថៃ​បន្ត​សង្កត់​គ្រួសារ​ហ៊ុន​ដើម្បី​លេប​ទឹក​ដី​ខ្មែរ​តាម​រយៈ​ចាត់​វិធាន​បង្កក​ទ្រព្យ​មេឧក្រិដ្ឋ​ជន

វិធាន​ការ​បង្កក​ការ​ទ្រព្យ​សម្បត្តិ ឧកញ៉ា កុក អាន និង លោក ចេន ហ្ស៊ី ជាង​១១​លាន​ដុល្លារ ដោយ​ចោទ​ថា​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​លាង​លុយ និង​ឧក្រិដ្ឋ​ឆបោក​នោះ ត្រូវ​បាន​គេ​ទាញ​ភ្ជាប់​ទៅ​នឹង​ជម្លោះ​ព្រំ​ដែន​ ដោយ​ថា​វិធាន​នេះ ថៃ​កំពុង​សង្កត់​គ្រួសារ​ហ៊ុន​ឱ្យ​ចុះ​ចាញ់ ដើម្បី​សម្រេច​មហិច្ឆិតា​លេប​ទឹ​ក​ដី​ខ្មែរ ក្រោម​យុទ្ធ​សាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។

កាលពីថ្ងៃទី៣ខែ​ធ្នូនេះ សារព័ត៌មានថៃ​ជា​ច្រើន មាន​ទាំង​ខាវ​សុត និង The Nation បាន​ចុះ​ផ្សាយ​ថា នាយក​រដ្ឋ​មន្រ្តី​ថៃ លោក អនុធិន ចាន់វីរៈគុណ និង​ការិយា​ល័យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ AMLO បាន​ប្រកាស​រឹប​អូស និង​បង្កក​ទ្រព្យ​សម្បត្តិ របស់​លោក ចេន ហ្ស៊ី និង​ឧកញ៉ា កុក អាន ជា​​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា ដោយ​សំអាង​ពី​ការ​រក​ឃើញ​ថា ពួក​គេមា​ន​ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឆបោក​ឆ្លង​ដែន និង​បទ​ឧកក្រិដ្ឋ​លាង​លុយ​កខ្វក់។

ប្រភពបន្តថា AMLO បាន​រក​ឃើញ​ប្រតិបត្តិ​ការ​ក្លែង​បន្លំ​តាម​អ៊ីន​ធឺណិត ការ​ជួញ​ដូរ​មនុស្ស និង​ការ​លាង​លុយ​ឌីជី​ថល ដោយ​បាន​រឹប​អូស​ទ្រព្យ​សម្បត្តិ មាន​១0២​មុខ​ទំនិញ រួម​ទាំង​ដីធ្លី សាច់​ប្រាក់​រាប់​លាន​បាត​ រថយន្ត​ទំនើបៗ និង​គ្រឿង​អលង្ការ​ប្រណីតៗ ដែល​មាន​តម្លៃ​ប្រហែល ៣៧៣ លាន​បាត ឬ​ប្រមាណ​ជាង​ ១១​លាន​ដុល្លារ​អាមេរិក។

ប្រភពនិយាយ​ថា លោក កុក អាន និងសាច់ញាតិរបស់គាត់ ៤នាក់ទៀ​ត បាន​ប្រើ​ប្រាស់​គណនី​បោក​ប្រាស់​ដែល​មាន​ការ​ផ្ទៀង​ផ្ទាត់​ស្កេន​មុខ និង​លាង​លុយ​កខ្វក់​ប្រតិប​ត្តិ​ការ​ចូល​ទៅក្នុ​ង​អចលន​ទ្រព្យ​ថៃ។

ប្រភពបញ្ជាក់​ថា លោក កុក អាន ម្ចាស់ក្រុមហ៊ុន Crown Casino បាន​យក​អគារ Crown Casinoប្រព្រឹត្តិអំ​ពើ​ឆបោក​​តាម​ប្រព័ន្ធ​អន​ឡាញ (Call Centre) ដើម្បី​ឆបោក​ជន​បរទេស រួម​ទាំង​ជន​ជាតិ​ថៃ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ចាត់ទុក​វិធាន​ការ​បស់​ថៃ​នេះ ជា​យុទ្ធ​សាស្រ្ត​សង្កត់​ក​មេដឹក​នាំ​​គ្រួសារ​​ហ៊ុ​ន​​ឱ្យ​ចុះ​​ចាញ់​រឿ​ង​ព្រំដែន ដើម្បី​បាន​លេសប​ន្ត​លេប​ទឹក​ដីខ្មែ​រ​តាម​ព្រំដែន។

លោកថា ថៃបន្តអនុវត្តយុទ្ធសាស្រ្តព្រួញមួយបាញ់​បាន​សត្វ​ពីរ ព្រួញ​ទី១ រួម​​ស​ហការ​ជា​មួ​យ​​អន្តរ​​ជាតិ ​​រួ​ម​មាន​​​សហរដ្ឋ​​អាមេរិក និង​​ចក្រ​​ភ​ព​​អង់​​គ្លេស ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ឆបោក​ជុំវិញ​​ពិ​ភព​លោក ដើម្បីមុខមាត់​។

ព្រួញទី២ បាញ់គំរាមមេដឹកនាំគ្រួសារហ៊ុន កុំឱ្យហ៊ានប្រឆាំង​មហិច្ចតា​ថៃ​ឈ្លាន​ពាន បើ​មិន​ដូច្នោះ​ទេ ថៃ​នឹង​​បន្ត​រឹបអូស បង្កក់ទ្រព្យសម្បត្តិវាល់លានដុល្លារបន្ថែមទៀតលើមេឧក្រិដ្ឋជនឆបោកស្និទ្នគ្រួសារហ៊ុន។

លោកថា៖ «ដែលថៃ​កាត់ចរ​ន្តហិ​រញ្ញវត្ថុ​របស់​គណបក្ស​ប្រជាជន ឬត្រ​កូល​ហ៊ុន​នេះ ជាពិសេស​លើ​មនុស្ស​ដែល​ជំនិត​នឹង​ លោក ហ៊ុន សែន តាម​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ចេញ​ដីកា​ចាប់​ខ្លួន​នេះ គឺ​ដើម្បី​ដាក់​សម្ពាធ​ទៅ​ដល់​មេដឹក​នាំក​ម្ពុជា​ ព្រម​ទាំង​កាត់​ដី​ឲ្យ​ថៃ​​​ទៅដូរ​យក​សន្តិភាព និង​អំណាច​ ហើយ​នៅ​ពេល​ដែល​កាត់​ដី​ឱ្យ​ថៃ​ ហើយ​ថៃ​គេ​អាច​បន្ធូរ​បន្ថយ​រឿង​បង្កក​ទ្រព្យ​សម្បត្តិ ឬ​ក៏​ចេញ​ដីកាចា​ប់​ខ្លួន​អ្នក​ឧកញ៉ា​លី យ៉ុង​ផាត់ ចេន ហ្ស៊ី និង​ឧកញ៉ា​ កុក អាន ជាដើម ហេតុ​ដូច្នេះ​គេ​ព្យាយាម​ធ្វើ​ម៉េច​កាត់​ផ្ដាច់​ហោ​ប៉ៅលុយ​ លុយ​រប​ស់ត្រ​កូល​ហ៊ុន ដើម្បី​ឱ្យ​ត្រកូល​ហ៊ុន​ហ្នឹង​ ព្រម​កាត់​ដី​ទៅ​ឲ្យ​ថៃ»។

សម្រាប់ លោក សំអាន ស្តីបន្ទោសថា ការដឹកនាំក្រាញ់អំ​ណាច ចិញ្ចឹម​ពួក​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក ចាប់​ជំរិត និង​លាង​លុយ​កខ្វក់​របស់​គ្រួសារ​ហ៊ុន​នេះ បាន​ទាញ​ទម្លាក់​កម្ពុជា​ចូល​គ្រោះ​មហន្ត​រាយ​ធ្ងន់​ធ្ងរ។

ក្នុងន័យនេះ លោក​ពន្យល់​ថា គ្រោះ​មហន្តរាយ​ ដូច​ជា ការ​បន្ត​បាត់​បង់​ទឹក​ដី​ខ្មែរ បាត់​បង់​អាយុ​ជីវិត​ទាហាន​ខ្មែរ ពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​ស្អុយ​ឈ្មោះ​អា​ក្រក់​លើ​ឆាក​អន្តរ​ជាតិ រឿង​ឧក្រិដ្ឋ​កម្ម​ឆបោក​ ចាប់​ជំរិត លាង​លុយ​កខ្វក់ ជួញ​ដូរ​មនុស្ស គ្រឿង​ញៀន និង​អំពើ​ពុក​រលួយ​ជា​ដើម។

លោកថា៖ «យើងឃើញជាក់ស្ដែងហើយ នៅ​ពេល​ដែល​ថៃ​គេ​ដាក់​ទណ្ឌក​ម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ទៅ​លើ​ឧកញ៉ា​ ដែល​នៅ​ស្និទ្ធ​នឹង​ត្រកូល​ហ៊ុន​ហ្នឹង វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បូរណ​ភាព​ទឹក​ដី​កម្ពុជា​ ឥឡូវ​នេះឃើញ​លោក ហ៊ុន ម៉ាណែត តាម​បញ្ជា​ ហ៊ុន សែន ហ្នឹង​បាន​កាត់​ដី​ខ្មែរ​យើង​ចន្លោះ​ពី​ពីរ​គីឡូ​ម៉ែត្រ​ទៅ​បីគីឡូ​ម៉ែត្រ​ នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃចាន់ ទៅ​ឲ្យ​ថៃ​ចន្លោះ​បង្គោល​លេខ​៤២ ដល់​៤៧ តាម​រយៈ​ការ​បោះ​បង្គោល​បណ្ដោះ​អាសន្ន​នៅ​ទី​នោះ​ ហើយ​នឹង​កាត់​ដី​ខ្មែ​រយើង​រាប់​រយ​គីឡូ​ម៉ែត្រ​ការ៉េ​​ទៀត នៅ​ចន្លោះ​បង្គោល​លេខ​៥២ ដល់​៥៩​នៅ​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង»។

ប្រហែលគ្នានេះដែរ នាយកកម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​មា​ន​មូល​​​ដ្ឋាន​​​​​នៅ​​អូស្ត្រាលី លោក សេង វណ្ណលី យល់​​ថា ការបន្តរឹ​ប​អូស​ទ្រព្យ​សម្បត្តិ​មនុស្ស​ជំនិត​មេដឹក​នាំ​កម្ពុជា​នេះ ឆ្លុះ​បញ្ចាំង​ថា ថៃ​បាន​ដឹង​ពី​ចំនុច​ខ្សោយ​របស់​មេដឹក​នាំ​គ្រួសារ​ហ៊ុន ដែល​ស្រឡាញ់​អំណាច ជាជាង​បូរណ​ភាព​ទឹក​ដី។

លោកស​ង្កត់​ធ្ងន់​ថា ការដឹកនាំ​ប្រទេស​ដែល​ពោរ​ពេញ​ទៅ​ដោយ​​អំពើ​​ពុក​​រលួយ និង​​ក្រុម​​ឧក្រិដ្ឋ​​កម្ម​ឆបោក​​ដូច​​បច្ចុប្បន្ន ជៀស​​មិន​ផុត​​ពី​​​ការ​បង្ក​​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ បូរណ​ភាព​ទឹក​ដី និង​ប្រជា​រាស្រ្ត​។

លោកថា៖ «ចំណាត់ការរបស់ថៃកាលពីថ្មីៗនេះ ពង្រឹង​បន្ថែ​ម​ទៅ​លើ​ចំណុច​ការ​កន្លង​ហើយ​ ដែល​ខ្លួន​បាន​ធ្វើ ​ជាពិសេស​ការ​​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់ លោក កុក អាន លោក លី យ៉ុង​ផាត់ ហើយ​និង​ការ​ផ្តាច់​សញ្ជាតិ​អី​ជា​ដើម​ហ្នឹង គឺ​សុទ្ធ​តែ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ដាក់​សម្ពាធ​រដ្ឋាភិ​បាល​កម្ពុជា ដើម្បី​ឲ្យ​ចុះ​ញ៉ម ឬបន្ទន់​ជំហរ​ ជាពិសេស​ជុំវិ​ញ​បញ្ហា​ព្រំដែន​និយាយ​រួម​ទៅ​ គឺ​នឹង​ធ្វើ​ឲ្យ​ជំហរ​របស់​រដ្ឋាភិ​បាល​បច្ចុប្បន្ន​មាន​ភាព​ទន់​ភ្លន់​ភាព​ស្ងៀម​ស្ងាត់​ខ្លាំង​ជាង​មុន មិន​ឆ្លើយ​តបត មិន​ប្រតិកម្ម​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក ជា ធារិទ្ធិ បញ្ជាក់​​ថា រដ្ឋាភិបាល​ដឹក​នាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ខ្វល់​នឹង​ការ​បង្កក ឬ​រឹប​អូស​ទ្រព្យ​សម្បត្តិ ពី​សំណាក់​ភាគី​ថៃ​នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត លោក​ថា ថៃគ្មានដែនសមត្ថកិច្ចណា មកហ៊ានចាប់​មន្រ្តី​របស់​រដ្ឋាភិ​បាល​កម្ពុជា​នោះ​ដែរ។

លោកថា៖ «ថៃចង់ប្រកាសធ្វើអីធ្វើអីស្រេចតែចិត្តគេទៅ យើង​កុំ​ខ្វល់​ទេ ព្រោះ​អី​វា​គ្មាន​អី​ពាក់​ព័ន្ធ​ ឬ​ក៏​គ្មាន​ដែន​សមត្ថកិច្ច​អី​មក​លើ​តុលាការ ឬ​ក៏​យុទ្ធធិកា​អីនៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ក៏​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​របស់​យើង​ទេ ព្រោះ​អាហ្នឹង​ជា​ល្បែង​របស់​គេទេ​ យើង​ទៅ​ខ្វល់​អី»។

អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា​ ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​មន្រ្តី​ជំនិត​មេដឹក​នាំ ហើយ​សុ​ទ្ធ​ជា​អ្នក​រក​លុយ​ឱ្យ​បក្ស​កាន់​អំណាច​ផង ច្បាស់​ណាស់ មេដឹក​នាំ​កម្ពុជា​អាច​រង​សម្ពាធ​ដ៏​ធំមួយ​នេះ ព្រម​ចុះញ៉ម​ជាមួយ​ថៃ មិន​ហ៊ាន​ប្រឆាំង​នឹង​មហិច្ចតា​ថៃ​ឈ្លាន​ពាន។

លោកទាញ​ជាឧទាហរ​ណ៍​ថា ក្រោយ​ថៃ​ប្រកាស​រឹប​អូស​ទ្រព្យ​សម្បត្តិ និង​តាម​ចាប់​ខ្លួន​មន្រ្តី​រដ្ឋាភិ​បាលកម្ពុជា ដូច​ជា លោក លី យ៉ុង​ផាត់ និង​លោក កុក អាន ភាគី​កម្ពុ​ជាហា​ក់​បន្ទន់​ឥរិយាទ​មិន​ហ៊ាន​តវ៉ា​នឹង​ថៃ បើទោះ​បី​យោធា​ថៃ​បើ​ក​ការ​វាយ​ប្រហារ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ក៏​មេដឹកនាំ​កម្ពុជា​មិន​តបត សូម្បី​តែ​ប្រើ​សិទ្ធ​ស្វ័យ​ការ​ពារ​ខ្លួន។

លោកថា៖ «ភាគីថៃបានមើលឃើញពីចំណុចខ្សោយ​ត្រង់​នេះ ​រប​​​ស់ក្រុមអ្នក​កាន់​អំណាច​កម្ពុជា​ធ្វើ​ឲ្យ​ភាគី​ថៃ​បាន​ប្រើ​ប្រាស់​នូវ​បញ្ហា​ការ​បង្ក្រាប​អំពើ​ឆបោក​តាម​អន​ឡាញ​នេះ ដាក់​នៅ​ក្នុង​របៀប​វារៈ​ជាមួ​យ​ទៅ​នឹង​អំពើ​នៃ​ការ​ឈ្លាន​ពានរប​ស់​ខ្លួន ដែល​មាន​ន័យ​ថា ទាំង​ក្នុង​លក្ខ​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ទាំង​ក្នុង​លក្ខ​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​កូឡា​ឡាំពួរ ភាគី​ថៃ​បាន​បញ្ចូល​និង​លក្ខ​ខណ្ឌ​នៃ​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នេះ ដូច្នេះ​ភាគី​ថៃ​ហាក់​មាន​ប្រៀប​ ទីមួយ​គឺ​ទទួល​បាន​នូវ​ការ​​សាទរ​ពី​សហគមន៍អន្តរ​​ជាតិ ក្នុង​​​នោះ​​ក៏​​មា​ន​​ប្រទេស​​ចិន​​ផង​ដែរ ដែល​កំពុង​តែ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​នឹង​អាជ្ញាធរ​ថៃ ដើម្បីឈា​ន​ទៅ​ដល់​ការ​បោស​សម្អាត​នៅ​ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​អស់​នេះ»។

កាលពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ​២០២៥​នេះ សហរដ្ឋ​​អាមរិក និង​​​​ច​ក្រ​​ភព​​​អ​ង់​​គ្លេស រួ​​​ម​គ្នា​​ដាក់​​ទណ្ឌ​កម្ម​​បង្ក​​ក​ទ្រព្យ​​សម្បត្តិ​​​ក្រុម​​ហ៊ុន​​ព្រីនស៍​​​​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​ ​លោក ហ៊ុន សែន ក្រោយ​​រក​​ឃើញ​​ថា ជា​​បណ្តាញ​​​​ឧក្រិដ្ឋ​​កម្ម​​ឆបោក​​​ខ្នាត​​​​អន្តរ​​ជាតិ​ លួច​​លុយ​​រាប់​​ពាន់​​លាន​​ដុល្លារ​ពី​​ជន​​រ​ង​​គ្រោះ​​​ជុំ​វិញ​ពិភព​​លោក។

ជាមួយគ្នានោះ ក្រសួង​​យុត្តិធម៌​​​​អាមេរិក​ ប្រកាស​​ថា អាមេរិក​​​បា​​ន​​បង្កក​​​ទ្រព្យ​​​​សម្បត្តិ​ ​១៥​ពាន់​​​លា​ន​​ដុល្លារ​​របស់​​​​ឧកញ៉ា ចេន ហ្ស៊ី ព្រម​​ទាំង​​ចេញ​​ដីកា​​ចោ​ទ​​ប្រកាន់ ​​ជុំវិញ​​ការ​​បើក​​មជ្ឈ​មណ្ឌល​​​ឆបោក​​តាម​​អន​​ឡាញ លាង​​​លុយ​​​កខ្វក់ និង​​បង្ខាំង​​មនុស្ស​​ខុស​​ច្បាប់។

បើតាមក្រ​សួង​យុត្តិធម៌​អាមេរិក រដ្ឋ​អាជ្ញាតុ​លាការ​​សហព័ន្ធ​​សហរដ្ឋ​​អាមេរិក​​​ក្រុង​​​ញ៉ូវ​​​យ៉ក បាន​​​ចោទ​​​​ប្រកាន់​លោក​​​ ចេន ហ្ស៊ី ជុំវិញ​​​​បទ​​ឧក្រិដ្ឋ​​​ឆបោក និង​​​លាង​​លុយ ដែល​​អាច​​ប្រឈម​​ជាប់​ពន្ធនាគារ​​៤​០​​ឆ្នាំ។

កាលពីថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ២០២៥ សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង ឈ្មោះថា The Korea herald បានឱ្យដឹងថា រដ្ឋាភិបាល​​កូរ៉េខា​ង​ត្បូង ​បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​លើ​ក្រុ​ម​ហ៊ុន Prince Group របស់​ឧកញ៉ា ចេន ហ្ស៊ី  និង​​ក្រុម​​ហ៊ុន Huione Group របស់​​ឧកញ៉ា ហ៊ុន តូ និង​​បុគ្គល​​ចំនួន ១៥​រូបទៀត ​នៅ​កម្ពុជា រួម​ទាំង​បណ្តាញ​​ទីផ្សារ​ងងឹត​​ពាក់​​ព័ន្ធ​​ឧស្សាហ​​កម្ម​​ឆបោក​​អន​​ឡាញ​​ជាច្រើន​​ទៀត។

លើសពីនេះ កាល​ពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ តុលាការព្រហ្មទណ្ឌថៃ បានចេញដីកា​​​​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​​​សភា​គណបក្ស​ប្រជាជន​​​កម្ពុជាចំ​នួន​​ពីរ​​រូប គឺ​លោក លី យ៉ុង​​ផាត់ និង​លោក កុក អាន។

តាម​សារព័ត៌មាន ខ៉ាវសុត ឱ្យដឹងថា តុលាការព្រហ្មទណ្ឌថៃ បាន​រក​ឃើញ​ថា លោក លី យ៉ុង​​ផាត់ និង​​លោក កុក អាន រួម​ទាំង​បក្ខ​ពួក​ជាច្រើន​ទៀត បាន​គប់​គិត​គ្នាជា​ប្រ​ព័ន្ធ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​កម្ម​ឆបោក។

ប្រភពបញ្ជាក់ថា ទាំងលោក លី យ៉ុង​​ផាត់ លោក កុក អាន សុទ្ធ​​សឹង​ជា​មនុស្សជំ​និត​​មេដឹក​​នាំ​​កម្ពុជា​គ្រួសារ​ហ៊ុន ដែល​ពួក​គេ​​មា​ន​​តំណែង តួនាទី​​ខ្ពស់ៗ​​ក្នុង​​ជួរ​​រដ្ឋាភិបាល​ និង​មាន​ងារ​ជា​ឧកញ៉ាថែមទៀត។

តាមរបាយការណ៍នានា បង្ហាញ​ថា មនុស្ស​​ជំនិត​ៗ​​​​មួ​​យ​​​ចំនួន នៅ​​​ជុំវិញ​​ប្រធាន​​​​​​គណបក្ស​​​​​​កាន់​​​​​អំណាច លោក ហ៊ុន សែន ត្រូវ​​​​​​​​​បាន​​​អន្តរ​​​​​​​ជាតិ​​​​​​រក​ឃើញ​​​​ជា​បន្ត​​បន្ទាប់​​ថា ជា​​​មេ​ឧក្រិដ្ឋ​​ជនឆបោក និងលាងលុយកខ្វក់ ឬលុយខុសច្បាប់ មានអ្នកឧកញ៉ា ហ៊ុន តូ ឧកញ៉ា លី យ៉ុង​​ផាត់ ឧកញ៉ា កុក អាន និងឧកញ៉ា ទ្រី ភាព  និងងប្រធាននាគារព្រីនស៍ លោក ចេន ហ្ស៊ី ជាដើម។

ក្រុម​​ឧកញ៉ា​​​នោះ ជាប់​​ឈ្មោះ​ក្នុងទណ្ឌកម្ម ឬ​​បញ្ជី​​ខ្មៅ​​អាមេរិក​ ជុំវិ​ញ​បទ​​ឧក្រិដ្ឋ​​ឆបោក​ និង​​ការ​​រំលោភ​​​សិទ្ធិ​​មនុស្ស និងបទឧក្រិដ្ឋលាងលុយ។

ទាំងអស់នេះ​ត្រូវបានអ្នកឃ្លាំមើលគិតថា ថៃកំពុងប្រើយុទ្ធសាស្ត្រព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​គ្រួសារ​ហ៊ុន​ចុះ​ចាញ់ ដើម្បី​សម្រេច​មហិច្ឆតា​លេប​ទឹក​ដី។ ហើយ​យុទ្ធ​សាស្ត្រ​នេះ ក៏​ថៃ​មាន​លេស​ទាញ​ការ​គាំទ្រ​ពី សហគមន៍ ​អន្តរ​ជាតិ​ឱ្យ​គាំទ្រ​ខ្លួន​ លើ​ការ​ប្តេជ្ញា​ចិត្ត​កាត់​ផ្តាច់​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដែល​ពិភព​លោក​កំពុង​ព្រួយ​បារម្ភ​ពី​ការ​បង្ក​អសន្តិ​សុខ​ទាំង​ក្នុង​តំបន់ និង​ពិភព​លោក ខណៈ​ប្រព័ន្ធ​ច្បាប់​នៅក​ម្ពុជា រក្សា​ភាព​ស្ងៀម​ស្ងាត់​ច្រើន​ឆ្នាំម​ក​នេះ ពីចំ​ណាត់​ការ​លើមេ​ឧក្រិដ្ឋ​ជន ដែល​អន្តរ​ជាតិ​ចង្អុល​បង្ហាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ