ពលរដ្ឋភូមិព្រៃចាន់មួយចំនួនបន្ត​ស្នាក់នៅក្នុងត​ង់​ក្រោយ​​ចាក​​ចេញ​​ពី​ជំរុំ​ភៀស​សឹក

ក្រោយ​សភាព​ការណ៍​​ស្ងប់​ស្ងាត់ ប្រជាពលរដ្ឋ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ បាន​ចាក​ចេញ​ពី​​ជំរុំ​ភៀ​ស​សឹក​វិល​​ចូល​លំនៅដ្ឋា​ន​វិញ​អស់​ហើយ លើក​លែង​តែ​អ្នក​ភូមិ​ព្រៃ​ចាន់​ប្រមាណ​១០​គ្រួសារ ដែល​មាន​ផ្ទះ ​តែ​​មិ​​នអាច​ចូល​ទៅ​នៅ​បាន។

ពលរដ្ឋភូមិព្រៃចាន់ លោក ស្រី ទាវ ប្រាប់វីអូឌី​នៅថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ថា លំនៅ​ដ្ឋាន​របស់​​លោ​ក​​នៅ​​តែ​បន្ត​ហ៊ុំ​ព័ទ្ធ​ដោយ​បន្លា​លួស និង​សំណាញ់​ខ្មៅ​ដែល​យោធា​ថៃ​ព័ទ្ធ​យក​តាំង​ពី​ខែ​សីហា។

លោ​កបន្តថា អា​កាស​ធាតុចុះត្រជាក់ ឯជីវភាពកាន់តែខ្សត់​ខ្សោយ ធ្វើ​ឱ្យ​ការ​រស់​នៅ​ក្នុង​តង់​កៅស៊ូ កាន់​​តែ​លំបាក ខណៈ​​ពលរ​ដ្ឋត្រូ​វ​ប្រាប់​ឱ្យ​រង់​ចាំ​មើល​ដំណោះ​ស្រាយ​រវាង​រដ្ឋាភិ​បាល​ទាំង​ពី​រ​តែ​ប៉ុណ្ណោះ។

លោក ស្រី ទាវ និយាយ​ថា៖ «ចង់ឱ្យតែបានសុខស្រួល បានផ្ទះបណ្ដោះ​អាសន្ន ក្នុង​ខែ​រងា​ត្រជាក់​នេះ ​វា​រាង​​យ៉ាប់​​ដែរ។ តែ​រដ្ឋាភិបាល​ថា​ឱ្យ​ចាំ​មើល​សិនៗ ស្ងាត់​ស្ងៀម​សិន មិន​ដឹង​យ៉ាង​ម៉េច ចាំ​មើល​សិន»

ពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាក​​ចេញ​​ពី​ជំ​រុំ​ភៀស​សឹក ត្រឡប់​ចូល​លំនៅដ្ឋា​ន​វិញ​ប្រមាណ​ជាង​១០​ថ្ងៃ​មក​ហើយ ក្រោយ​ស្ងប់​ស្ងាត់​​ការ​​យា​​យី​ពី​​ភាគី​ថៃ ដែល​បាន​បាញ់​ប្រហារ​មក​លើភូ​មិ​ព្រៃ​ចាន់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បណ្ដា​ល​ឱ្យ​​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​បីនា​ក់​របួស​ធ្ងន់។

មេឃុំអូរបីជាន់ លោក តុល សារិន ឱ្យដឹងថា ពលរដ្ឋ​ដែលត្រូ​វ​បាន​ភាគី​ថៃ​ព័ទ្ធ​យក​ផ្ទះ ត្រូវ​បាន​​រៀ​បចំ​ឱ្យ​ស្នាក់​​​នៅ​បណ្ដោះ​អាសន្ន​ក្នុង​បរិវេណ​សុវត្ថិ​ភាព ដោយ​មាន​ការ​ឧបត្ថម្ភ​ស្បៀង​អាហារ និ​ង​សម្លៀក​​បំពាក់​ការ​ពារ​ត្រជាក់​ផង​ដែរ។ លោក​បន្ត​ថា ស្ថាន​ភាព​នេះ មាន​តែ​រង់​​​ចាំ​ការ​ដោះ​​ស្រា​យ​​របស់​ថ្នា​​ក់​ជាតិ​ប៉ុណ្ណោះ។

លោក តុល សារិន និយាយថា៖ «ចែកប៉ុន្មានសារ​ហើយ​រឿង​ខោអាវ​រងា​ហ្នឹង ពី​ម្សិល​ម៉ិញ​ក៏​មាន​​ការ​ចែក​​ជា​អង្ករ​​​អី​ដែរ។ ពី​ម្សិល​ម៉ិញក៏​មាន​ការ​ចែក​អង្ករ​អី​ដែរ។ [ថ្ងៃ]​នេះ​ក៏​មាន​ពួក​អង្គការ​ចែក​ជា​អង្ករ ជា​មី​អី​ជូន​​ពួក​គា​ត់​។ វា​នៅ​លើ​រាជ​រដ្ឋាភិ​បាល យើង​ទៅធ្វើ​តាម​ចិត្ត​យើង​ម៉េច​បាន» 

តាមការបង្ហោះវីដេអូលើបណ្ដាញសង្គមពីស្ថានភាពអ្នកភូមិព្រៃចាន់ របស់​គណនី​ហ្វេស​ប៊ុក​ឈ្មោះ នី ម៉ាយ បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​សប្បុរស​ជន​មក​ពី​ប្រទេស​បារាំង បាន​ចែក​ស្បៀង​ ដូច​ជា​ អង្ករ និង​មី​​ ទៅ​​កា​ន់ព​លរដ្ឋ​នៅ​ក្នុង​ថ្ងៃ​ទី​៣ ខែវិ​ច្ឆិកា​នេះ។

តាមវីដេអូបង្ហោះដោយគណនីដដែល កាលពីថ្ងៃទី២ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​​ប្រមាណ ១​៧​គ្រួសារ កំពុង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​តង់​កៅស៊ូ ក្នុង​បរិវេណ​វត្ត​ព្រៃ​ចាន់ ដោយ​សា​​រផ្ទះ​របស់​ពួ​ក​គាត់​​​​នៅ​ជាប់​បន្លា​លួស​ដែល​យោធា​​ថៃ​ព័ទ្ធ​យក។

ពលរដ្ឋម្នា​ក់និយាយក្នុងវីដេអូនោះថា អាជ្ញាធ​រមិនទា​ន់មានការ​បញ្ជាក់​ពេល​វេលា​​ណា​មួយ​ ឱ្យ​​ពលរដ្ឋ​​ត្រ​ឡប់​​​ទៅ​ផ្ទះ​វិញ​ឡើយ ដោយ​រង់​ចាំកា​រ​វាស់​វែង និង​បោះ​បង្គោល​ព្រំដែន។

កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា រដ្ឋលេខាធិការ​ព្រំដែន​គោក​កម្ពុជា បាន​​ចេញ​​សេចក្ដី​​ប្រកា​ស​​ព័ត៌​មាន ដោយ​អះ​​អាង​​ថា ការ​​​ចុះវា​ស់​វែង​​បោះ​បង្គោល​ព្រំដែន​បណ្ដោះ​អា​សន្ន ដោយ​​​ប្រើប្រាស់​​ដ្រូន​​ថត​ពីលើ​​អាកាស ក្នុង​ភូមិ​​​សាស្ត្រ​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រង់​បង្គោល​លេខ​៤២ ដល់​៤៣ ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ ត្រូវ​​បាន​បញ្ចប់​ទាំងស្រុង ហើយ​ភាគី​ទាំងពីរ​នឹង​បន្ត​ចុះ​វាស់វែង និង​​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​លើ​ដី​ជាក់ស្ដែង​បន្ថែម​ទៀត។

គិតមកទល់ពេលនេះ មានរយៈពេលបីខែហើយ ដែលយោធាថៃព័ទ្ធ​ផ្ទះ​ពលរដ្ឋ​នៅភូ​មិ​ព្រៃ​ចាន់ ដោយ​​ប្រើ​បន្លា​លួស និង​សំណាញ់​ខ្មៅ។ ក្នុង​នោះ​ផ្ទះមួយ​ចំ​នួន ត្រូវ​បាន​យោធា​ថៃ​វាយ​កម្ទេច​ចោល និង​បា​ន​ធ្វើ​ប្ល​ង់​កម្ម​សិទ្ធិ​ប្រគល់​ឱ្យព​លរដ្ឋ​ថៃ​ផង​ដែរ។

ក្រៅពីនេះ ពួកគេបានបន្តធ្វើទុក្ខ​បុកម្នេញលើ​អ្នក​ភូមិ​ព្រៃចា​ន់​ជា​បន្ត​បន្ទាប់ តាម​រយៈ​ការ​ចាក់​សំឡេង​​ខ្លាំង​​​ៗ​រំខាន​​ដំណេក រហូត​ដល់​បើក​ការ​បាញ់​ប្រហារ​កាំភ្លើង​ពិត​មក​លើ​ពលរដ្ឋ។

ទោះបីមានសេចក្ដីថ្លែងការរួមស្ដីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែល​មាន​ការ​សម្រប​សម្រួល​ចុះ​ហត្ថ​​លេ​ខា​ដោយ​​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី ដែល​ជា​ប្រ​ធាន​​អាស៊ា​ន​ឆ្មាំ​​២០២៥ ក្ដី ប៉ុន្តែ​វិវាទ​ព្រំដែន​ប្រទេស​ទាំង​ពីរ នៅ​តែ​គ្មាន​សញ្ញា​បង្ហាញ​ពី​ទី​បញ្ចប់ ក្រោយ​​ភា​​គី​ថៃ​ប​ន្ត​ចោទ​ប្រ​កាន់ និង​ទាម​ទារ​ការ​ទទួល​​ខុស​ត្រូវ​ពីក​ម្ពុជា​លើ​បញ្ហា​មីន​តាម​ព្រំដែន រួម​ទាំង​បញ្ហា​​មួ​យ​ចំ​​នួន​​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ