ថៃ​ជាប្រទេសទី៧​បាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក ចេន​ ហ្ស៊ី ទាក់​ទង​បណ្ដាញ​ឧក្រិ​​ដ្ឋ​កម្ម​បច្ចេក​វិទ្យា

គិត​មក​ត្រឹម​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ថៃបា​ន​ក្លាយ​ជា​ប្រទេស​ទី៧ នៅ​លើ​ពិភព​លោក និង​ទី៥​​​នៅ​​តំ​ប​ន់​​​អាស៊ី ដែល​បាន​ចាត់​វិធាន​ការ​លើ​មេក្លោង​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ប​ច្ចេក​វិ​ទ្យា គឺ​​លោក ចេន ហ្ស៊ី។

យោង​តាម​ការ​ចុះផ្សា​យ​របស់​កាសែត CNA ការិយា​ល័យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​របស់​ប្រទេស​ថៃ ​បាន​និយាយ​ថា ចំណាត់​ការ​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ដោយ​រឹប​អូស​វត្ថុ​មាន​តម្លៃ​ចំនួន​ ១០២ រួម​មាន ដីធ្លី សាច់​ប្រាក់ ទំនិញ​ប្រណិតៗ និង​គ្រឿង​អលង្ការ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ លោក ចេន ហ្ស៊ី សរុប​ទាំង​អស់​មាន​តម្លៃ ៣៧៣ លាន​បាត ឬ​ស្មើ​នឹង ១១.៧ លាន​ដុល្លារ​អាមេរិក។

លោក ចេន ហ្ស៊ី មហាសេដ្ឋីវ័យ៣៧ឆ្នាំ ដើមកំណើត​ចិន សញ្ជាតិ​ជា​តិ​ខ្មែរ និង​អង់​គ្លេស មាន​តួនា​ទី​ជា​ទី​ប្រឹ​ក្សា​​មេដឹក​នាំ​​ត្រកូល​ហ៊ុន​ទាំង​ពីរ​ជំនាន់ និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​ព្រីនស៍ គ្រុប ត្រូវ​បាន​ប៉ូ​លីសអាំ​​ង​ទែ​ប៉ូល​​​អន្តរជាតិ​ចេញ​ដីកា​តាម​​ចាប់​ខ្លួន ក្រោយត្រូវ​បាន​កំណត់​មុខ​សញ្ញា​ថា​ជា​មេគំនិត នៅ​ក្នុង​​ឧក្រិ​ដ្ឋ​ក​ម្ម​បច្ចេ​ក​វិទ្យា ដែល​បាន​ធ្វើ​ប្រតិបត្តិ​ការ​​បោក​ប្រាស់​ជន​រង​គ្រោះ​តាម​ប្រព័ន្ធ​អ៊ីធឺណិត ជួញ​ដូរ​មនុស្ស លា​ង​លុ​យ​កខ្វក់ និង​បង្ខំ​មនុស្ស​ឱ្យ​ធ្វើ​ការ​ក្នុង​ឧស្សា​ហកម្ម​ឆបោក ក្រោម​ឆ័ត្រ​បុត្រ​សម្ព័ន្ធ ព្រីនស៍ ហូល​​ឌីង គ្រុប​ (Prince Holding Group)។  

ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ ពោលគឺក្នុងរយៈពេលជាងពីរខែមក​នេះ តាម​ទិន្នន័យ​ដែល​ត្រូ​វ​បា​ន​ផ្សាយ​​​ជា​សាធារណៈ លោក ចេន ហ្ស៊ី បាន​រង​ទណ្ឌ​កម្ម​ដោយកា​រ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពី​ប្រទេស​ចំនួន​ ៧ រួម​មាន សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់​គ្លេស ប្រទេស​សិង្ហ​បុរី តៃវ៉ាន់ កូរ៉េ​ខាង​ត្បូង ថៃ និង​ហុង​កុង ដែល​ជា​តំបន់​ស្វយ័ត​របស់​ប្រទេស​ចិន សរុប​ជា​ទឹក​ប្រាក់​ក្នុង​ទំហំ​ប៉ាន់​ស្មាន​ប្រមាណ ១៥.៨២ ពាន់​លាន​​ដុល្លារ។

ការបង្កក​ទ្រព្យ និង​រឹប​អូស​សម្បត្តិ​ធ្វើ​ឡើង​តាម​រយៈ​អចលន​​ទ្រព្យ ដូច​ជា ដី ផ្ទះ​លំហែ គ្រឿង​អលង្ការ រូប​គំនូ​រ ទំនិញ​ប្រណីតៗ យន្ត​ហោះ​ឯកជន នាវា​ទេស​ចរណ៍​ឯកជន ហិរញ្ញ​វត្ថុ​ធនាគារ និង​រូបិ​​យ​បណ្ណ​​ឌី​ជី​ថ​ល។ 

ត្រឹមអាមេរិកម្នាក់ឯង បានបង្កករូបិយបណ្ណគ្រីបតូ លោក ចេន ហ្ស៊ី ដែល​មាន​តម្លៃ ១៥​ពាន់​លាន​ដុល្លារ ចក្រ​ភព​អង់​គ្លេស​បង្កក​ទ្រព្យ​សម្បត្តិ ១៣៣​លាន​ដុល្លារ ហុង​កុង​បង្ក​កលុយ ៣៥៣​លាន​ដុល្លារ តៃ​វ៉ាន់​រឹប​អូស​លុយ ១៤៦​លាន​ដុល្លារ សិង្ហ​បុរី រឹប​អូស​លុយ ១១៤​លាន​ដុល្លារ កូរ៉េ​ខាងត្បូង​​បង្កក​​ហិរញ្ញ​​វត្ថុ​ធ​នា​គារ ៦៤​លាន​ដុល្លារ និង​ចុង​ក្រោយ​គឺ​ថៃ​រឹប​អូស​ទ្រព្យ​សម្បត្តិ ១១.៧​លាន​ដុល្លារ។

លោកនាយករដ្ឋមន្ត្រីថៃ អានុធីន ឆាន​វីរៈ​គូន បាន​បញ្ជាក់​បន្ថែម​ទៅ​កាន់​សារ​ព័ត៌​មាន​នេះ អាជ្ញាធរ​​​ថៃ​បាន​​​រឹប​អូស​​ទ្រព្យ​​សម្បត្តិ​សរុប​មាន​តម្លៃ​ជាង ៣០០​លាន​ដុល្លារ​ ពី​បុគ្គល ៤រូប ក្នុង​នោះ ១១.៧​​លាន​ដុល្លា​រ​ពី​​លោក ចេន ហ្ស៊ី, ១៥​លាន​ដុល្លារ ពី​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា លោក កុក អាន និង​២៩០​លាន​ដុល្លារ ពី​​ជ​ន​ជាតិ​ថៃ​ពីរ​នាក់​ទៀត ដែល​ជាប់​សង្ស័យ​ក្នុង​​បណ្ដា​ញ​ឧក្រិដ្ឋ​កម្ម​បច្ចេ​​ក​វិ​ទ្យា​នេះ។

ប៉ុន្តែ លោក អានុធីន មិន​បានបញ្ជាក់ថា ប្រតិបត្តិ​ការ​រឹប​អូស​នេះ​​កើត​​ឡើ​ង​​នៅ​​ពេល​​ណា​​នោះ​​ទេ។

យ៉ាងណា ប្រទេសថៃ នាពេលថ្មីៗនេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា ហាក់​មាន​ភាព​​សកម្ម​​ក្នុ​ង​ការ​​បោស​សម្អាត​​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ស្រប​គ្នា​នឹង​ចំណាត់​កា​​ររបស់​អន្តរ​ជាតិ​លើ​​លោក ចេន ហ្ស៊ី ខណៈ​ដែល​កម្ពុជា​​កំពុង​រង​ឥទ្ធិពល​ខ្លាំង​ក្លា​ពី​ចំណាត់​ការ​នេះ ក្រោម​រូប​ភាព​រង្គោះ​រង្គើ ឈា​ន​ដល់​​បិ​ទ​ធ​នាគារ​មួយ​ចំនួន ដែល​គេជឿថា​​បម្រើ​ឱ្យ​ឧក្រិដ្ឋ​កម្ម​ទាំង​នោះ ក្នុង​នោះ​​រួ​ម​មាន​ធនាគារ ហួ​យ​វ័ន ផេ និង​ធនាគារ ផេន​ដា របស់​លោក ហ៊ុន តូ ដែល​ជា​​ដៃ​គូ​រក​ស៊ី​ជាមួយ​ លោក ចេន ហ្ស៊ី និង​ធនាគារ​ព្រីនស៍ ដែល​កំពុង​មាន​ពា​​ក្យ​ចចា​ម​អារ៉ាម​ថា រំសាយ​បុគ្គលិក និង​បិទ​ធនាគារ​ដែរ។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែន​ករុណា មើល​ឃើញ​ថា ប្រទេស​ថៃ​​កំពុង​​បង្ហា​ញ​​មុខ​​​មាត់​​​ទៅកា​ន់​ពិភព​លោក​ថា ​ខ្លួន​មាន​ឆន្ទៈ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ខណៈ​កម្ពុជា​បែ​​រជា​​មាន​ស​កម្ម​ភាព​តិច​តួច មិន​ទាន់​អាច​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ទុក​ចិត្ត​បាន​នៅ​ឡើយ។ លោក​បន្ត​ថា ស្រប​​​​ពេ​ល​ដែល​កម្ពុជា​កំពុង​មាន​វិវាទ​ព្រំដែន​ជាមួយ​ថៃ ហើយ​ក៏​កំពុង​ត្រូវ​បាន​អន្តរ​ជាតិ​មើល​មក​ថា ជា​មជ្ឈ​មណ្ឌល​ឆបោក រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើ​​នការ​​បោ​​ស​​​ស​​ម្អាត​ឧក្រិ​ដ្ឋ​កម្ម​អន​ឡាញ​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​នេះ។

លោក ស៊ឹង​ សែនករុណា ថ្លែង​ថា៖ «ចង់​មិន​ចង់ សង្គម​អន្តរជាតិ​នៅ​តែ​ដាក់​គោល​ដៅ​មក​កម្ពុជា នៅ​តែ​ចាត់​​ទុក​​កម្ពុជា​ជា​​ប្រទេស​មួយ​ដែល​គ្រោះ​ថ្នាក់​សម្រាប់​ប្រជាពលរដ្ឋ​គេ សម្រាប់​ការ​ធ្វើ​ទំនាក់​​ទំនង​ការ​បរ​ទេស ឬ​ក៏​នយោ​បាយ​សេដ្ឋ​កិច្ច​ពាណិជ្ជ​កម្ម​ជាដើម។ អ៊ីចឹង​ផល​ប៉ះ​ពាល់​​របស់​ប្រទេ​​ស​ក​ម្ពុជា​យើង​ហ្នឹង​ ​គឺ​​​​នឹង​​​​​ប​ន្ត​នៅ​រយៈ​ពេល​វែង បើ​សិន​ជា​ចំណា​ត់​ការ​​ណា​​មួ​យពី​ថ្នាក់​​ដឹក​នាំ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា ទៅ​​​​លើ​ក្រុ​ម​ឧក្រិដ្ឋជន​ហ្នឹង​ គេ​នៅ​តែ​មិន​អាច​ទុក​ចិត្ត​បាន»។

ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យា បានរីកដុះដាល​ពាស​ពេញ​អាស៊ី​អាគ្នេយ៍ ដែល​ជា​រឿយ​ៗ​មា​​ន​ប្រភព​​ចេ​ញ​ពី​ប្លុក​ការិយា​ល័យ ឬ​ឃ្លាំង ដែល​ក្រុម​ឧក្រិដ្ឋ​ជន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ជា​ទីតាំង កំណ​ត់​គោល​ដៅ​លើ​​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណិត​នៅ​ជុំវិញ​ពិភព​លោក។ ក្រុម​ឧក្រិដ្ឋ​ជន បាន​ជ្រើស​រើ​​ស​​យក​ប្រ​ទេស​​​ដែល​មាន​នីតិ​រដ្ឋ​ខ្សោយ និង​អំពើ​ពុក​រលួយ ដើម្បី​តាំង​ទី​ធ្វើ​ជាមូល​ដ្ឋាន​ឆបោក ជាក់​​ស្ដែង​កម្ពុជា ដែល​អ​ន្តរ​ជាតិ កំពុង​សម្លឹ​​ងមើល​មក​ថា​ជា​មជ្ឈ​មណ្ឌ​​ល​ឆបោក​ធំ​មួយ​នៅ​អាស៊ី​អា​គ្នេយ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ