យ៉ាងហោចណាស់ មានជនជាតិម៉ាឡេស៊ីជាង៧០០នាក់ កំពុងត្រូវបានឧក្រិដ្ឋជនបង្ខាំង និងធ្វើទារុណកម្មក្នុងមជ្ឈមណ្ឌលបោកប្រាស់មួយនៅរាជធានីភ្នំពេញ បង្ខំឱ្យពួកគេធ្វើការក្នុងឧស្សាហកម្មឆបោក។
នេះជាការលើកឡើងរបស់លោក ម៉ូហាម៉ាត់ ស្យាហ្វិក ពូបាន់ឡាន អាប់ឌុលឡា (Muhammad Syafiq Pubalan Abdullah) ដែលជាជនរងគ្រោះមួយរូប បានរត់ចេញពីក្រញាំរបស់ក្រុមឧក្រិដ្ឋជនបានដោយជោគជ័យ។ លោកថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរបស់សមាគមអ្នកប្រើប្រាស់ឥស្លាមម៉ាឡេស៊ី ដែលត្រូវបានចុះផ្សាយដោយ កាសែត The Striat Times នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
លោក ម៉ូហាម៉ាត់ រួចខ្លួនដោយសារប្រពន្ធរបស់លោក យកប្រាក់ចំនួន៦ពាន់រីងហ្គីត ឬស្មើនឹងជាង១ ៤០០ដុល្លារ ទៅលោះមកវិញ។ លោកឱ្យដឹងបន្តថា មិត្តភក្តិដែលលោកបានស្គាល់អស់រយៈពេល ១២ឆ្នាំ បានជំរុញឱ្យលោកបើកភោជនីយដ្ឋានម៉ាឡេស៊ីនៅកម្ពុជា។ ដោយជឿលើមិត្តភក្តិរូបនេះ លោកក៏បានធ្វើដំណើរពីទីក្រុង អាឡ សេតា (Alor Setar) ទៅទីក្រុងបាងកក ជាកន្លែងដែលអ្នកបើកបរម្នាក់បានមកទទួលលោក ហើយនាំលោកទៅភ្នំពេញ។ លោកបានបញ្ជាក់ថា ពួកគេបានជៀសវាងធ្វើដំណើរលើផ្លូវធម្មតា ដែលធ្វើឱ្យលោកមិនដឹងពីរបៀបត្រឡប់ទៅវិញទេ។
ត្រង់នេះ លោកបានបញ្ជាក់ក្នុងន័យដើមថា៖ «ប៉ូលិសថៃក៏ពាក់ព័ន្ធដែរ។ នៅភ្នំពេញ ខ្ញុំបានឃើញទីក្រុងតូចមួយ និងកាស៊ីណូ។ ទាហានបានយាមកន្លែងធ្វើការរបស់ខ្ញុំ»។
គោលបំណងបើកភោជនីយដ្ឋានរបស់អ្នកជំនួញវ័យ ៤០ឆ្នាំរូបនេះ បែរក្លាយទៅជាអ្នកធ្វើការក្នុងបណ្ដាញឧក្រិដ្ឋកម្មឆបោក។ នៅក្នុងសប្ដាហ៍ដំបូងនៃការងារ លោកត្រូវបានគេវាយដំជារៀងរាល់ថ្ងៃ និងបង្ខំឱ្យបរិភោគសាច់ជ្រូកជាច្រើនដង ដោយពួកគេនឹងវាយដំបើមិនព្រមហូប។
លោកបានរៀបរាប់បន្តថា ជនរងគ្រោះផ្សេងទៀត មានអាយុចន្លោះពី ១៧ ទៅ ៣៥ឆ្នាំ កំពុងប្រឈមមុខនឹងការធ្វើទារុណកម្ម និងការវាយដំជាញឹកញាប់។ ពួកគេបានវាយស្ត្រីដោយខ្សែក្រវាត់។ គាត់បានឮថា ជនរងគ្រោះជាស្ត្រីម្នាក់ត្រូវបានមនុស្ស ១១នាក់ រំលោភ បន្ទាប់ពីម្តាយរបស់នាងបានដាក់ពាក្យបណ្តឹងទៅប៉ូលិស។
ក្នុងពេលបំពេញការងារជាជនឆបោក ក្រុមឧក្រិដ្ឋជនបានតម្រូវឱ្យពួកគេបានក្លែងខ្លួនជាមន្ត្រី មកពីទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតប្រទេសសិង្ហបុរី ហើយសួរនាំអំពីការផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយនៅប្រទេសម៉ាឡេស៊ី និងក្លែងធ្វើជាសុំលេខអត្តសញ្ញាញបណ្ណពួកគេ ដើម្បីធ្វើពាក្យបណ្ដឹង។ លោកបានបង្ហើបថា នៅក្នុងអំឡុងពេលដែលលោកនៅទីនោះ មានជនជាតិសិង្ហបុរីម្នាក់ ត្រូវបានបោកប្រាស់អស់ទឹកប្រាក់ ៦៧,០០០ ដុល្លារសិង្ហបុរី។
យ៉ាងណា ពុំមានការបញ្ជាក់ពីរយៈពេល និងកាលបរិច្ឆេតដែលលោក ម៉ូហាម៉ាត់ ស្យាហ្វិក ធ្វើការក្នុងបណ្ដាញឆបោកនោះឡើយ។
សមាគមអ្នកប្រើប្រាស់មូស្លីមម៉ាឡេស៊ី (PPIM) បានជំរុញឱ្យអាជ្ញាធរចាប់ខ្លួនភ្នាក់ងារឆបោក និងធានាការដោះលែងជនជាតិម៉ាឡេស៊ីទាំង ៧០០នាក់ ដែលនៅសល់។
ទាក់ទិនរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សង្កេតឃើញថា កម្ពុជាបង្ក្រាបបានតែក្រុមឧក្រិដ្ឋជនតូចតាច ខណៈមេក្លោងធំៗត្រូវបានគេជឿថានៅតែបន្តធ្វើសកម្មភាពដដែល។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការបោសសម្អាតឧក្រិដ្ឋកម្មឆបោកឱ្យបានសស្រាក់សស្រាំជាងនេះ ពិសេសការស៊ើបអង្កេតលើមន្ត្រីពុករលួយ និងក្រុមមនុស្សដែលអន្តរជាតិ កំពុងតាមចាប់ដូចជាលោក ចេន ហ្ស៊ី ជាដើម។
លោក ម៉ែន ណាត ថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវតែ ស៊ើបអង្កេតជាបន្ទាន់ ទៅលើពួកមន្ត្រីរដ្ឋាភិបាល និងពួកទីប្រឹក្សា រួមទាំងពួកឧកញ៉ាមួយចំនួន។ អាហ្នឹងបើយល់ល្អ ត្រូវតែស៊ើបអង្កេតទាំងអស់ហ្នឹង ហើយត្រូវឲ្យអន្តរជាតិ ឬបណ្ដាប្រទេសដែលរងគ្រោះហ្នឹង ខាងអាជ្ញាធរបណ្ដាប្រទេសរងគ្រោះហ្នឹង សហការប្រតិបត្តិការជាមួយកម្ពុជា ដើម្បីស៊ើបអង្កេតរួមគ្នា អាហ្នឹងអាចបង្ហាញតម្លាភាព ហើយអាចលាងជម្រះអំពីមន្ទិលសង្ស័យ និងអាចលាងជម្រះស្ដារមុខមាត់កម្ពុជាបាន បើធ្វើអញ្ចឹង តែប្រសិនបើនៅតែស៊ុមគ្រលុំជាមួយនឹងពួកឧក្រិដ្ឋជនទេ កម្ពុជាយើងនឹងមានការស្អុយឈ្មោះយូរអង្វែង នៅលើឆាកអន្តរជាតិ»។
គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្ក្រាបការឆបោកតាមអនឡាញនៅទូទាំងប្រទេសសរុបចំនួន ១១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤ ៨៥១នាក់ (ស្រី ៩២៥នាក់) មានជាង ២០សញ្ជាតិ។
ការបង្ក្រាបឧក្រិដ្ឋកម្មនេះ មានភាពផុសផុលខ្លាំងចាប់ពីខែតុលា ក្រោយបណ្ដាប្រទេសនៅអឺរ៉ុប អាមេរិក និងអាស៊ី បានចង្អុលចំៗមកកម្ពុជាថា ជាជម្រកបណ្ដាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា ធំមួយនៅអាស៊ី ក្រោយពលរដ្ឋប្រទេសទាំងនោះរងគ្រោះដោយផ្ទាល់ និងប្រយោល ពីការឆបោកដែលមានមូលដ្ឋានចេញពីកម្ពុជា៕









