រដ្ឋាភិបាលការពារក្រោយរងការរិះគន់ថារក្សាទុក​មន្ត្រីសំពីង​សំពោង​បង្កើន​បន្ទុក​ពលរដ្ឋ

លោ​ក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល ថ្លែង​​ក្នុង​ពិធី​មួយនៅ​សកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជា នា​ថ្ងៃ​ទី៤ ខែធ្នូ ឆ្នាំ២០២៥៊។ រូបថត៖ អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​

ក្រោយ​មាន​ការ​រិះ​គន់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន រក្សា​ទុក​មន្ត្រី​សំពីង​សំពោង បង្កើន​បន្ទុក​ដល់​ពលរដ្ឋ​ដែល​កំពុង​​ជួប​វិបត្តិ​បំណុល​នោះ អ្នក​នាំ​ពាក្យរដ្ឋាភិបាល​ លោក ប៉ែន បូណា បាន​ចេញ​ការ​ពារ ដោយ​ទាញ​ការ​ចាប់​អារ​ម្មណ៍ ពី​ការ​រីក​​​ចម្រើន​​​ក្រោម​​ការ​ដឹក​នាំ​របស់​រដ្ឋាភិ​បាល​ក្បាល​ធំ​ជាង​ខ្លួន​នេះ។

ក្នុងពិធី​មួយ​នៅសកល​វិទ្យាល័យ​មេគង្គ​កម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៥ ប្រធាន​អង្គភា​ព​អ្នក​នាំ​ពាក្យ រដ្ឋាភិ​បាល លោក ប៉ែន បូណា និយាយ​ថា ថ្មីៗ​មាន​ការ​ជជែក​គ្នា​លើ​បណ្តាញ​សង្គម ​ពី​ការ​កែទ​ម្រង់​រដ្ឋ​បាល​សាធារណៈ ដែល​និយាយ​ពី​រដ្ឋាភិបាល​កម្ពុជា ខ្លួន​តូច ក្បាល​ធំ ។

លោកថា ការពិភាក្សានោះ បានលើកឡើងថា ប្រទេសកម្ពុជា​តូច តែ​មាន​ក្រសួង​ច្រើន មន្ត្រី​ច្រើន បើ​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង។

សម្រាប់លោក ប៉ែន បូណា រដ្ឋាភិបាលពិតជាបានរក្សាទុ​ក​ក្រសួង និង​មន្ត្រី​បែប​នេះ​មែន ប៉ុន្តែ​ថា សូម​សម្លឹង​មើល​ពី​សមទ្ធិផល​ដ៏​ច្រើន​ ដែល​បាន​កសាង​ឡើង​ពី​រដ្ឋាភិ​បាល​ក្បាល​ធំ​ខ្លួន​តូច​នេះ បើ​ធៀប​នឹង​ការ​ដែល​កម្ពុជា​ងើប​ពី​សង្គ្រាម។

ក្នុងន័យនេះ លោកថា សូមឱ្យសាធារណជនសម្លឹងមើលពីការ​លំបាក​របស់​រៀម​​ច្បង ពិសេស​មេដឹក​នាំ​បក្ស​កាន់​អំណាច​ដែល​បាន​តស៊ូ​លំបាក រហូត​ពលរដ្ឋ​មាន​ហូប​ចុក​គ្រប់​គ្រាន់ និង​ការ​រីក​ចម្រើន​ទាំង​វិស័យ​សេដ្ឋកិច្ច និង​នយោ​បាយ ដែល​ថា​កើត​ចេញ​ពី​ការ​លះប​ង់​របស់​ថ្នាក់​ដឹក​នាំ ដែល​គេ​ថា​ខ្លួន​តូច​ក្បាល​ធំ​នេះ។

លោកថា៖ «ទម្រាប់យើងមានសាលារៀនល្អ យើងមាន​មធ្យោបាយ​ធ្វើ​ដំ​ណើរ យើង​មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ ភ្នំពេញ​យើង​ជិះ​ចម្អៀត​រក​កន្លែង​ធ្វើ​ដំណើរ​សឹង​មិន​បាន​ដូច​សព្វ​ថ្ងៃ អាហ្នឹង​ជា​ផ្លែ​ផ្កា វា​កើត​ចេញ​ពី​រាជ​រដ្ឋាភិបា​ល​ដែល​យើង​កំពុង​គិត​ថា​ខ្លួន​តូច​ក្បាល​ធំ​នេះ។ ហើយ​នរណា​ជា​ស្ថាបត្យករ​ក្នុង​ការ​ចាត់​ចែង​រឿង​ហ្នឹង គឺ​សម្តេច​តេជោ ហ៊ុន សែន ។​ អីចឹង​អាហ្នឹង​ឱ្យ​ឃើញ​បាន​យើង​ដឹង​ថា មាន​តម្លៃ​យ៉ាង​ម៉េច គឺ​មាន​តម្លៃ​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន»

ទោះជា លោក ប៉ែន បូណា មិន​បាន​និយាយ​ចំ​ឈ្មោះ​ថា​ភាគី​ណា​ពិត​ប្រាកដ ប៉ុន្តែ​គេ​ឃើញ​លើ​បណ្តាញ​សង្គម​ប៉ុន្មាន​សប្តាហ៍​មក​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បាន​ចែក​រំលែក​តគ្នា ជុំវិញ​ការ​ចែក​រំលែក​រប​​ស់​លោក ឱក សេរី​សោ​ភក្តិ៍ អ្នក​ឯកទេស​អភិបាល​កិច្ច បាន​ពន្យល់​នៅ​​ពេ​ល​​​ធ្វើ​បាឋកថា ស្តីពី​​កំណែទម្រង់​​រដ្ឋបាល​​សាធារណៈ​​កម្ពុជា​ ​កាល​​​ពី​ពេល​​ថ្មីៗ​នេះ។

បើយោងតាមវីដេអូចែករំលែក​នោះ​ លោក ឱក សេរីសោភក្តិ៍ បាន​ធ្វើកា​រ​ប្រៀប​ធៀប​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មាន​ពលរដ្ឋ​ច្រើន​ជាង​កម្ពុជា តែ​គេមា​នក្រ​សួង​តិច​ជាង​កម្ពុជា។ លោក​ថា ការ​រក្សា​ទុក​ក្រសួង​ច្រើន​និង​មន្ត្រី​ច្រើន ជា​បន្ទុក​ចំណាយ​របស់​ពលរដ្ឋ រួម​ទាំង​លោក​ដែល​ជា​អ្នក​ធ្វើ​បាឋកថា​នេះ​ផង​ដែរ​។

លោក​ថា៖ «ហេតុអីបានជាយើងថ្លើមធំពាសមេឃម៉េះ​ បាន​ជា​ហ៊ាននិ​យាយ​ដល់​រឿង ដែល​គេ​ចាត់​ទុក​ថាអាហ្នឹង​ជា​រឿង​របស់​រាជ​រដ្ឋាភិ​បាល​ទេ មិន​អី​ចឹង។ ប៉ុន្តែ​ខ្ញុំ​ថា​អត់​ទេ មិន​មែន​រឿង​របស់​រដ្ឋាភិ​បាល​ទេ គឺ​រឿង​របស់​យើង​ទាំង​អស់​គ្នា ព្រោះ​យើង​បង់​លុយ​ឱ្យ​រាជ​រដ្ឋាភិ​បាល​ ដើម្បី​ធ្វើ​រឿង​ទាំង​អស់​ហ្នឹង ទៅ​តាម​ពន្ធ ពន្ធខ្លះ​យើង​មើល​ឃើញ ពន្ធ​ខ្លះ​យើង​មើល​អត់​ឃើញ ប៉ុន្តែ​គិត​តែ​ពី​បង់​ហើយ​មួយ​ខែទៅ​មួយ​ខែ»

បើតាម​បទ​បង្ហាញ​នោះ ប្រទេស​​វៀ​តណា​ម មាន​ពលរដ្ឋ​១០០​លាន​​នាក់ នៅ​ក្នុង​ឆ្នាំ២​០២៥​នេះ បាន​កាត់បន្ថយ​ក្រសួង​ពី​២០​មក​ត្រឹម​១៤​ក្រសួង ខណៈ​កម្ពុជា​មាន​ពលរដ្ឋ​ជាង​១៧​លាន​នាក់ មាន​ក្រសួង​ដល់​ទៅ​២៨​ក្រសួង។ ចំណែក​​ប្រទេស​​ថៃ​មាន​​ប្រជា​ពលរដ្ឋ ​៧១​លាន​​នាក់ ​មាន​​ក្រសួង​​​ចំនួន​​២០ ។

យ៉ាងណា លោក ឱក សេរីសោភក្តិ៍ ក៏បានកោត​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ដែល​ថា ជិត​៣០​ឆ្នាំ​មក​នេះ​បាន​ប្រឹង​ជម្នះ​អនុវ​ត្ត​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ដែល​គេ​ហៅ​ថា លើក​​កម្ពស់​អភិបាល​កិច្ច​នៅ​ថ្នាក់​មូល​ដ្ឋាន រហូត​បង្កើត​បាន​ច្រក​ចេញ​ចូល​តែ​មួយ។

លោកថា៖ «មួយទៀត ដែល​ខ្ញុំសរសើរ​ហើយ​ដែល​ខ្ញុំ​ចូល​រួម​ផ្ទាល់​នៅក្នុ​ង​ហ្នឹង គឺ​លំបាក​លំបិន​មែន​ទែន​ ប៉ុន្តែ​ធ្វើ​បាន​បាទ គឺ​សម្តេច​ក្រឡា​ហោម ស ខេង ជម្នះ ប្រសិន​គ្មាន​គាត់​ធ្វើ​អត់​បាន​ទេ ឆន្ទៈ​នយោបាយ​ខ្ពស់​ខ្លាំង​ណាស់។ ប៉ុន្តែ​វេទនា​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​អីចឹង​ សឹង​ថា​២០​ជាង​គើមៗ​ ប៉ុន្តែ​បាន​ទៅ​រួច​ គឺ​ច្រក​ចេញ​ចូល​តែ​មួយ»

លើសពីនេះ ក៏មានការរិះគន់ផងដែរពីការ​ដែលរដ្ឋសភា​បានអនុម័ត​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០២៦ កើន​ឡើង​ជា​​ង​៧​ដង ចំពេ​លដែ​ល​​រដ្ឋាភិ​បាល​អោប​​ក្រសោប​​​​មន្ត្រី​សំពីង​​សំពោង ខណៈ​ពលរដ្ឋ​កំពុង​តែ​ជួប​វិបត្តិ​គ្រួ​សារ ហើយ​រស់​នៅ​ញាំញី​​ដោយ​វិបត្តិ​បំណុល។

លោក ​អ៊ូ ច័ន្ទរ័ត្ន​ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង និងជា​ស្ថាបនិក​កែទ​ម្រង់​កម្ពុជា ធ្លាប់​ប្រាប់​វីអូឌី​ថា​ ការ​កាត់​​បន្ថយ​​ចំនួន​​មន្ត្រី ​​គឺ​​ជា​កា​រ​​​កាត់​​បន្ថ​យ​​បន្ទុក​​​យ៉ាង​​ធ្ងន់​​របស់​​ប្រជា​ពលរដ្ឋ​។ លោកថា ​ការ​ចំណាយ​ទាំង​​អស់​​របស់​​រដ្ឋាភិ​បាល ​​គឺ​​សុទ្ធ​​តែ​ជា​លុ​យ​​ដែល​​ប្រជា​ពលរដ្ឋ​​បាន​​បង់​​ពន្ធ​ ។

លោកថា៖ «បើនៅ​តែបន្តបែបនេះ យើង​គួរ​តែខ្មាស់​ប្រជាពលរដ្ឋ​​ខ្មែរ​​​សាមញ្ញ អ្នក​ក្រី​អ្នក​ក្រអី​ជាដើ​ម​ហ្នឹង ​ខំបំពេញ​​កិច្ច​ការហើ​យ​​ទទួល​​​បន្ទុក​​ត្រូវបង់​ប្រាក់​ខែទៅ​មន្ត្រីអស់ហ្នុងទៀត»។​

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយគណបក្សកាន់អំណាចរំលាយ​គណបក្សប្រឆាំង ចេញ​ពី​ឆាក​នយោ​បាយ និង​​វាយ​បំបែក​កញ្ចក់​សង្គម តាម​រយៈ​ធ្វើ​ច្បាប់​កម្រិត​សិទ្ធិ​អង្គ​ការ​សង្គម​ស៊ីវិល បើក​យុទ្ធ​នា​ការ​កម្ចាត់​សារ​ព័ត៌​មាន​ឯករាជ្យ​ដែល​ជា​តួអ​ង្គ​ជំរុញ​តម្លា​ភាព​សង្គម​ដ៏​ស្មោះ​ត្រង់​នោះ សមទ្ធិផល​ជា​ច្រើន​របស់​គណបក្ស​កាន់​អំណាច ត្រូវ​បាន​រក​ឃើញ​ថា ប្រទាក់​ក្រឡា​គ្នា​ដោយ​អំពើ​ពុក​រលួយ ហើយ​រុញ​កម្ពុជា​ឱ្យ​ក្លាយ​ជាជ​ម្រក​ពួក​ឧក្រិដ្ឋ​ជន ក្រោយ​រដ្ឋាភិ​បាល​រក្សា​ទុក​មន្ត្រី​សំពីង​សំពោង​នេះ។

ឧកញ៉ា ហ៊ុន តូ ក៏ត្រូ​វ​​​បា​ន​ក្រុម​ហ៊ុន​វិភាគ​កាក់​​​ឌីជីថល Elliptic ដែល​​​​​មាន​មូល​ដ្ឋាន​​​​នៅ​ប្រ​ទេស​​​​អ​ង់​​គ្លេស បាន​​រក​​​ឃើ​ញ​​​ថា កំពុង​​រកស៊ី​​ខ្មៅ​ងងឹត​ ក្រោម​ឈ្មោះ​ក្រុមហ៊ុន ហួយ អាដេ គ្រុប ដោយ​​​ប្រព្រឹត្តិ​អំពើ​លាង​​លុយ​​កខ្វក់ និង​ចាប់​ជំរិត​តាម​អន​ឡាញ។ ដោយ​ឡែក កាស៊ី​ណូ WM នៅ​ក្រុង​ព្រះសីហនុ ដែល​មាន​បណ្តាញ​​នឹង​​ឧកញ៉ា ហ៊ុន តូ ក៏​ត្រូវ​បាន វីអូឌី រក​ឃើញ​ថា មាន​​ជាប់​ពាក់​ព័ន្ធ​ប្រតិបត្តិការ​ល្បែង​អន​ឡាញ​ខុស​ច្បាប់​ផង​ដែរ។

បន្ថែមលើនេះ ​​អាមរិក និង​​​​​​​អ​ង់​​គ្លេស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ រួ​​​​ម​គ្នា​​ដាក់​​​ទណ្ឌ​​កម្ម​​​បង្ក​​​ក​​​ទ្រព្យ​​​សម្បត្តិ​​ក្រុម​​ហ៊ុន​​​ព្រីនស៍​​​​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​ ​លោក ហ៊ុន សែន ចំនួន ​១៥​ពាន់​​​​លា​ន​​ដុល្លារ​​ ព្រម​​ទាំង​​ចេញ​​ដីកា​​ចោ​ទ​​ប្រកាន់ ​​ជុំវិញ​​ការ​​​​​ឆបោក​​តាម​​អន​​ឡាញ លាង​​​លុយ​​​កខ្វក់ និង​​បង្ខាំង​​មនុស្ស​​ខុស​​ច្បាប់ ដែល​​​ប្រឈម​​ជាប់​ពន្ធនាគារ​​៤​០​​ឆ្នាំ។

ជាងនេះទៀត មនុស្សជំនិតៗនៅជុំវិញលោក ហ៊ុន សែន រួមមាន ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន និង​​ឧកញ៉ា ទ្រី ភាព ជាដើម សុទ្ធតែជាប់ឈ្មោះ​ក្នុង​ទណ្ឌកម្ម ឬបញ្ជីខ្មៅអាមេរិក ជុំវិញបទឧក្រិដ្ឋឆបោក និងការរំលោភសិទ្ធិមនុស្ស។

ជុំវិញបញ្ហានេះ ស្ថាប័នអន្តរជាតិជាច្រើន បានលើកឡើងថា រដ្ឋាភិបាល​​​កម្ពុជា ទំនង​​​​​​ជា​​មិន​​អាច​កម្ទេច​ និង​ទប់​ស្កាត់​​ឧស្សាហក​ម្ម​​​ឆបោក​​តាម​​អ៊ីន​ធឺណិត ​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​បាន​នោះ​ទេ ដោយ​សារ​តែ​​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​សំខាន់ៗ​​របស់​រដ្ឋាភិ​បាល និង​គណ​បក្ស​ប្រជាជន​ជាប់​​ពាក់​ព័ន្ធ​ដោយ​ត្រង់​ និង​ដោយ​ប្រយោល​ជាមួយ​ឧស្សាហ​កម្ម​កខ្វក់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ