ថៃថាកំពុងតាមចាប់បណ្តាញ​ឧក្រិដ្ឋ​ជន​លាង​លុយ យឹម លក្ខណ៍ ទីក្រុម​ប្រឹក្សា​លោក ហ៊ុន សែន

រដ្ឋាភិបាលថៃ ទម្លាយ​ថា តុលាការ​ព្រហ្ម​ទណ្ឌ​របស់​ខ្លួន បាន​ចេញ​ដីកា​តាម​ចាប់​ឧក្រិដ្ឋ​ជន​ពីរ​នាក់ ក្នុង​នោះ​មាន​ទាំង ឈ្មោះ យឹម លក្ខណ៍ ជាទីប្រឹក្សា​លោក ហ៊ុន សែន ដោយ​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្មឆបោក និង​លាង​លុយ​កខ្វក់ ខណៈ​ជា​បន្ត​បន្ទាប់​ថៃ​បាន​បង្ហាញ​ពី​ចំណាត់​ការ​ដូច​គ្នានេះ​ ក្រោយ​មាន​ជម្លោះ​ព្រំ​ដែន​ជាមួយ​កម្ពុជា។

ការណ៍នេះ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ទទូច​ឱ្យ​រដ្ឋាភិ​បាល​ប្រើ​កណ្តាប់​ដៃ​ដែក ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា និង​សង្រ្គោះ​ប្រជាជាតិ​កម្ពុជា​ពី​បញ្ហា​បទ​ឧក្រិដ្ឋ​កម្ម​នេះ ដើម្បី​កុំ​ឱ្យ​ភាគី​ថៃ​បន្ត​យក​លេស​នេះ ដាក់​សម្ពាធ​ពី​បញ្ហា​ព្រំដែន ខណៈ​ថៃ​ចង់​សម្រេច​ផែន​ការ​លេប​ទឹក​ដី​ខ្មែរ តាម​ផែន​ទី​ខ្នាត​១លើ​៥០​ពាន់ ដែល​ថៃ​គូដោ​យ​ខ្លួន​ឯង ដែល​លោក ហ៊ុន សែន ហៅ​ថៃ​ផែន​ទីចោរ។

កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥ សារព័ត៌មាន Thai PBS និង The Nation ចុះ​ផ្សាយ​ថា តុលាការ​ថៃ​បាន​សហការ​ជាមួយ​ការិ​យា​ល័យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​បន្ថែម​ទៀត​ឈ្មោះ យឹម លក្ខណ៍ និង​ភរិយា​ជា​ជន​ជាតិ​ថៃ បាន​គប់​គិត​ជាមួយ​ លោក បេន ស្មីត រ​ក​ស៊ី​ឆបោក និង​លាង​លុយ​កខ្វក់ ប្រតិបត្តិ​ការ​ឆ្លង​ដែន​ក្នុង​ប្រទេស​ថៃ។

ប្រភពនិយាយ​ថា លោក យឹម លក្ខណ៍ ជាប្រធាន​ក្រុមហ៊ុន B.I.C របស់​កម្ពុជា និង​ជា​ទីប្រឹក្សា​លោក ហ៊ុន​ សែន ជាមួ​យ​នឹង​លោក បេន ស្មីត កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត​កម្ពុជា រក​ស៊ី​ឆបោក ទិញ​ឡាន​ទំនើបៗ​ជាង​ ៤លាន​ដុល្លារ​ក្នុង​ប្រទេស​ថៃ។

ប្រភពបញ្ជាក់ថា លោក បេន ស្មីត គឺជាមេខ្លោងឧក្រិដ្ឋ​កម្ម​ឆបោក បាន​បង្កើត​មជ្ឈ​មណ្ឌល​ ​Call Centre (ឆបោក​តាម​អន​ឡាញ) ដែល​មាន​សញ្ជាតិ​ខ្មែរ អាហ្វ្រីក​ខាង​ត្បូង បាន​ប្រព្រឹត្តិ​បទ​ល្មើស​ឆបោក និង​លាង​លុយ បង្ក​ផល​ប៉ះ​ពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់ និ​ងពិ​ភព​លោក​ផង​ដែរ។

វិធានការរបស់ថៃនេះ មិនមែនលើកជាទី១ទេ ជាក់​ស្តែង​ថ្មីៗ​កាល​ថ្ងៃ​ទី៣​ ខែធ្នូ​នេះ សារព័ត៌​មាន​ថៃ​​ជា​ច្រើន មាន​​ទាំង ​ខាវ​សុត និង The Nation បាន​​ចុះ​​ផ្សាយ​ថា នាយក​រដ្ឋ​មន្រ្តី​ថៃ លោក អនុធិន ចាន់​វីរៈគុណ និង​​ការិយា​​ល័​យ​​ប្រឆាំង​​ការ​​លាង​​លុយ​​កខ្វក់ AMLO បាន​​ប្រកាស​​រឹប​​អូស និង​​បង្កក​​ទ្រព្យ​​សម្បត្តិ របស់​លោក ចេន ហ្ស៊ី និង​ឧកញ៉ា កុក អាន ជា​​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា ដោយ​សំអាង​ពី​ការ​រក​ឃើញ​ថា ពួក​គេមា​ន​ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឆបោក​ឆ្លង​ដែន និង​បទ​ឧកក្រិដ្ឋ​លាង​លុយ​កខ្វក់។

ប្រភពបន្តថា AMLO បាន​រក​ឃើញ​ប្រតិបត្តិ​ការ​ក្លែង​បន្លំ​​តាម​​អ៊ីន​ធឺណិត ការ​ជួញ​ដូរ​មនុស្ស និង​​ការ​លាង​លុយ​ឌីជី​​ថល ដោយ​បាន​​រឹប​អូស​​ទ្រព្យ​​សម្បត្តិ មាន​​១0២​មុខ​ទំនិញ រួម​ទាំង​ដីធ្លី សាច់​ប្រាក់​រាប់​​លាន​បាត​ រថយន្ត​ទំនើបៗ និង​គ្រឿង​អលង្ការ​ប្រណីតៗ ដែល​មាន​តម្លៃ​ប្រហែល ៣៧៣ លាន​បាត ឬ​ប្រមាណ​ជាង​ ១១​លាន​ដុល្លារ​អាមេរិក។

ប្រភពនិយាយ​ថា លោក កុក អាន និងសាច់ញាតិរបស់គាត់ ៤នាក់ទៀ​ត បាន​ប្រើ​ប្រាស់​គណនី​បោក​ប្រាស់​ដែល​មាន​ការ​ផ្ទៀង​ផ្ទាត់​ស្កេន​មុខ និង​លាង​លុយ​កខ្វក់​ប្រតិប​ត្តិ​ការ​ចូល​ទៅក្នុ​ង​អចលន​ទ្រព្យ​ថៃ។

ប្រភពបញ្ជាក់​ថា លោក កុក អាន ម្ចាស់ក្រុមហ៊ុន Crown Casino បាន​​យក​​អគារ Crown Casinoប្រព្រឹត្តិ​អំ​ពើ​​ឆបោក​​តាម​​ប្រព័ន្ធ​​អន​​ឡាញ (Call Centre) ដើម្បី​ឆបោក​ជន​បរទេស រួម​ទាំង​ជន​ជាតិ​ថៃ។

គួរ​រំឭកថា កាលពីថ្ងៃទី៣០ ខែ​មេសា ឆ្នាំ​២០២៤ ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ត្រាស់​បង្គាប់​ តែង​តាំង​ លោក យឹម លក្ខណ៍ និង​លោក បេន ស្មីត ជាទី​ប្រឹក្សា​ផ្ទាល់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធារិទ្ធ ធ្លាប់​ប្រាប់​VOD​ថា រដ្ឋាភិបាល​​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​​កម្ពុជា មិន​ខ្វល់​នឹង​​ការ​​បង្កក​ឬ​​រឹ​ប​​អូស​​ទ្រព្យ​​សម្បត្តិ ពី​សំណាក់​ភាគី​ថៃ​នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត លោក​ថា ថៃគ្មានដែនសមត្ថកិច្ចណា មកហ៊ានចាប់​មន្រ្តី​របស់​​រដ្ឋាភិ​បាល​កម្ពុជា​នោះ​ដែរ។

លោកថា៖ «ថៃចង់ប្រកាសធ្វើអីធ្វើអីស្រេចតែ​ចិត្ត​គេ​ទៅ យើង​​​កុំ​​ខ្វល់​ទេ ព្រោះ​​អី​វា​គ្មាន​អី​ពាក់​ព័ន្ធ​ ឬ​ក៏​​គ្មាន​ដែន​សមត្ថកិច្ច​អី​មក​លើ​តុលាការ ឬ​ក៏​យុទ្ធធិកា​អីនៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ក៏​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​របស់​​យើង​​ទេ ព្រោះ​អាហ្នឹង​ជា​ល្បែង​របស់​គេទេ​ យើង​ទៅ​ខ្វល់​អី»

ជុំវិបញ្ហានេះ អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆៃ ប្រាប់​VODនៅថ្ងៃទី៥ ខែ​ធ្នូ​នេះថា​ វា​ល្មម​ដល់​ពេល​រដ្ឋាភិបាល​គួរ​ប្រើ​កណ្តាប់​ដៃ​ដែក​ បង្រ្កាប​ពួក​ឧក្រិដ្ឋ​ជន​ធំៗ ដែល​អន្តរ​ជាតិ​រក​ឃើញ​បន្ត​បន្ទាប់​នេះ។

លោកថា បញ្ហាឧក្រិដ្ឋកម្មនេះ សហរដ្ឋអាមេរិក អង់​គ្លេស កូរ៉េ​ខាង​ត្បូង រួម​ទាំង​ថៃ បាន​បង្ហាញ​ភស្តុ​តាង​ច្បាស់​ហើយ ដូច្នេះ​រដ្ឋាភិ​បាល​គួរ​មាន​វិធាន​ការ​ចាប់​ខ្លួន លោក ចេន ហ្ស៊ី ​លោក បេន ស្មីត និង​បុគ្គល​មួយ​ចំនួន​ទៀត ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា និង​លាង​ជម្រះ​មន្ទិល​សង្ស័យ​របស់​មហា​ជន​ផង​ដែរ។

លោកថា៖ «យើងដឹងហើយថាលោក ចេន ហ្ស៊ី លោក បេន ស្មីត គឺ​​ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​នោះ​រកឃើញ​ និង​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ពី​ការ​រក​ស៊ី​ខុស​ច្បាប់ ការ​លាង​លុយ​កខ្វក់ និង​ការ​រក​ស៊ី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​អី​ជា​ដើម ដូច្នេះ​យើង កម្ពុជា​ហ្នឹង​គឺ​មាន​ការ​ទទួល​រង​ធ្ងន់​ធ្ងរ​ជាង​គេ ដោយ​សារ​ករណី​លោក​ ចេន ហ្ស៊ី នេះ​គឺ​មាន​ស្ថិត​នៅ​ក្នុង​ទីតាំង​ធំ បណ្ដាញ​ធំ ចាត់​ចែង រក​ស៊ីបោ​ក​ប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​របស់​ ​ចេន ហ្ស៊ី នេះ​នៅ​ភ្នំពេញ ប្រទេស​កម្ពុជា ដូច្នេះ​ការ​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​តូច​ធំ​នៅ​ក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណា​នោះ ក៏​ជា​បញ្ហាមួ​យ​ដែរ ដែលត្រូ​វ​បុគ្គល​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ត្រូវ​បក​ស្រាយ​យ៉ាង​ដូច​ម្តេចឱ្យ​អន្តរ​ជាតិ​គេ​ទទួល»។

ចំណែក នាយកកម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​មា​ន​មូល​​​​ដ្ឋាន​​​​​នៅ​​អូស្ត្រាលី លោក សេង វណ្ណលី និយាយ​ថា កា​រប្រកាស​តាម​ចាប់​ខ្លួន​មនុស្ស​ជំនិត​លោក ហ៊ុន សែន មិន​មែន​ជា​លើក​ទី១​ទេ។

លោកថា តុលាការ​ថៃ និ​ងអាជ្ញាធរ​ថៃ ធ្លាប់​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ លោក លី​ យ៉ុង​ផាត់ និងលោក កុក អាន ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឆបោក និង​លាង​លុយ​កខ្វក់។

លោកបន្តថា​ ពួកឧក្រិដ្ឋជនឆបោក លាងលុយ ចាប់​ជំរិត និង​ជួញ​ដូរ​មនុស្ស ភាគ​ច្រើន​ជា​មនុស្ស​ស្និទ្ធ​នឹងមេដឹកនាំ​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​ឯកបក្ស មិន​ហ៊ាន​ចាប់​វិធានការ​ទេ ព្រោះ​វា​ប៉ះ​ពាល់​អំណាច​ខ្លួន។

លោកសង្កត់ធ្ងន់ថា បញ្ហាឧក្រិដ្ឋកម្មឆបោក ចាប់ជំរិត និង​លាង​លុយ​កខ្វក់​នៅក​ម្ពុជា វា​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​សង្គម​យូរ​ហើយ ក្រោម​ការ​ដឹក​នាំរ​បស់​បក្សកាន់​អំណាច ព្រោះ​កម្ពុជា​គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច។

លោកថា៖ «ដោយសាររបបភ្នំពេញ​ការ​ពារ​ឧក្រិដ្ឋ​ជន​មក​ដល់​ពេល​នេះ អត់​មាន​ការ​ស៊ើប​អង្កេត​ចាប់​ឧក្រិដ្ឋ​ជន​ ដែល​សហរដ្ឋ​អាមេរិក​ ក៏​អង្គ​ការ​ប្រជា​ជាតិ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ទេ ដូច​ជា លោក ហ៊ុន តូ លោក លី យ៉ុង​ផាត់ លោក​ កុក អាន ព្រីន​គ្រុប លោក ចេន ហ្ស៊ី ហើយ​ឥឡូវ​​នៅ​ថៃ​គេចា​ប់​ផ្តើម​ចាត់​វិធាន​ការ​បន្ថែម​លើ​ លោក បេន ស្មីត ដែល​កាន់សញ្ជាតិ​ខ្មែ​រហើយ​កាន់​ប៉ាស្ព័រ​ការ​ទូត​ខ្មែរ​ទៀត»។

សម្រាប់ លោក វណ្ណលី ការដឹកនាំ​ប្រទេស​ក្រាញ​អំណាច កម្ចាត់​ដៃ​គូរ​ប្រគួត សម្លាប់​ប្រជា​ធិប​តេយ្យ រំលោភ​សិទ្ធិ​មនុស្ស ចៀស​មិន​ផុត​ពី​នាំ​ប្រទេស​ជាតិ​ ធ្លាក់​ក្នុង​រណ្តៅ​នៃ​ពួក​ឧក្រិដ្ឋ​ជន ​បង្ក​​​អស្ថេរ​ភាព​សង្គម​ គ្រោះ​​ថ្នាក់​​ដ​ល់​​សង្គម​​ជា​តិ​​ប្រជា​​រាស្រ្ត​ និង​បង្ក​ហានិភ័យ​ដល់ប្រទេសក្នុ​ងតំ​បន់​និង​ពិភព​លោក។

យ៉ាង​នេះ​ក្តី ​លោកនៅតែទទូច​ឱ្យរ​ដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​គ្រួសារ​ហ៊ុន គួរ​ភ្ញាក់​រលឹក​ឡើង​វិញ​ស្តារ​មុខ​មាត់​កម្ពុជា បង្រ្កាប​ឧក្រិដ្ឋ​ជន​ទាំង​នោះ ទុក​ថា ដើម្បី​សង្គម​ជាតិ និង​ប្រជា​រាស្រ្ត​ខ្មែរ​ទៅ​ចុះ។

លោកថា៖ «សំបុកឧក្រិដ្ឋជន គឺ​នៅ​ផ្ទៃក្នុង​តែម្ដង​នៅតា​ម​ស្ថាប័ន​ធំៗ​របស់​រដ្ឋ នៅ​ក្នុង​ជួរ​គណបក្ស​នៅ​ក្នុង​ជួរ​ឥស្សរ​ជន​នយោបាយ​របស់​គណបក្ស ដូច្នេះ​បើ​ចាត់​ការ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ទាល់​តែ​ចាត់​ការ​ឥស្សរ​ជន​នយោបា​យ​ជាន់​ខ្ពស់​របស់​ខ្លួន ហើយ​ជា​រឿង​ដែល​មជ្ឈដ្ឋាន​តំបន់​ ជាពិសេ​ស​ថៃ​និង​អន្តរ​ជាតិ​មើល​ឃើញ​ថា​កម្ពុជា​មិន​អាច​ធ្វើ​បាន ហើយ​ដរា​ប​ណា​កម្ពុជា​មិន​អាច​ធ្វើ​បាន​​ វា​ជា​ចំណុច​ខ្សោយ​ដែល​ត្រូវ​បាន​គេយក​មក​ប្រើ​ប្រាស់ ជាពិសេស​ថៃ​ក្នុង​កាលៈ​ទេសៈ​​ពេល​​​នេះ ប្រទេស​កម្ពុជា​និង​ថៃ​លើ​បញ្ហា​ព្រំដែន»។

ជិត១០ឆ្នាំមកនេះ ពោលគឺក្រោយពីគណបក្សកាន់អំណាច បាន​បើក​យុទ្ធ​នាការ​បំបែក​កញ្ចាក់​សង្គម​ ដែល​គេ​មើល​ឃើញ​ថា បាន​ប្រឌិត​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ក្រុម​អ្នក​នយោបា​យ​ប្រឆាំង​ដាក់​ពន្ធនា​គារ កម្ចាត់​សារ​ព័ត៌​មាន​ឯករាជ្យ ធ្វើ​ច្បាប់​កំរិត​សិទ្ធិ​អង្គ​ការ​សង្គម​ស៊ីវិល ដើម្បី​ក្តោប​អំណាច​បែប​គ្រួសារ​និយម​​មក​នេះ កម្ពុជា​ត្រូវ​បាន​គេរ​ក​ឃើញ​ថា ជា​ឋាន​សួគ៌​​ពូ​ក​ឧក្រិដ្ឋ​ជន​បង្ក​ការ​គំរាម​កំហែង​ដល់​ជីវភាព​ពលរដ្ឋ និង​អន្តរ​ជាតិ។

ជ្រុងមួយនៃបញ្ហានេះ កាលពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ​២០២៥ សហរដ្ឋ​​​អាមរិក និង​​​​​ច​ក្រ​​ភព​​​អ​ង់​​គ្លេស រួម​គ្នា​​ដាក់​​ទណ្ឌ​កម្ម​​​បង្ក​ក​​ទ្រព្យ​​​សម្បត្តិ​​​​ក្រុម​​ហ៊ុន​​ព្រីនស៍​​​​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​ ​លោក ហ៊ុន សែន ក្រោយ​​រក​​ឃើញ​​ថា ជា​​បណ្តាញ​​​​ឧក្រិដ្ឋ​​កម្ម​​ឆបោក​​​ខ្នាត​​​​អន្តរ​​ជាតិ​ លួច​​លុយ​​រាប់​​ពាន់​​លាន​​ដុល្លារ​ពី​​ជន​​រ​ង​​គ្រោះ​​​ជុំ​វិញ​ពិភព​​លោក។

ជាមួយគ្នានោះ ក្រសួង​​យុត្តិធម៌​​​​អាមេរិក​ ប្រកាស​​ថា អាមេរិក​​​បា​​ន​​បង្កក​​​ទ្រព្យ​​​​សម្បត្តិ​ ​១៥​ពាន់​​​លា​ន​​ដុល្លារ​​របស់​​​​ឧកញ៉ា ចេន ហ្ស៊ី ព្រម​​ទាំង​​ចេញ​​ដីកា​​ចោ​ទ​​ប្រកាន់ ​​ជុំវិញ​​ការ​​បើក​​មជ្ឈ​មណ្ឌល​​​ឆបោក​​តាម​​អន​​ឡាញ លាង​​​លុយ​​​កខ្វក់ និង​​បង្ខាំង​​មនុស្ស​​ខុស​​ច្បាប់។

បើតាមក្រ​សួង​យុត្តិធម៌​អាមេរិក រដ្ឋ​អាជ្ញាតុ​លាការ​​សហព័ន្ធ​​សហរដ្ឋ​​អាមេរិក​​​ក្រុង​​​ញ៉ូវ​​​យ៉ក បាន​​​ចោទ​​​​ប្រកាន់​លោក​​​ ចេន ហ្ស៊ី ជុំវិញ​​​​បទ​​ឧក្រិដ្ឋ​​​ឆបោក និង​​​លាង​​លុយ ដែល​​អាច​​ប្រឈម​​ជាប់​ពន្ធនាគារ​​៤​០​​ឆ្នាំ។

កាលពីថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ២០២៥ សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង ឈ្មោះថា The Korea herald បានឱ្យដឹងថា រដ្ឋាភិបាល​​កូរ៉េខា​ង​ត្បូង ​បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​លើ​ក្រុ​ម​ហ៊ុន Prince Group របស់​ឧកញ៉ា ចេន ហ្ស៊ី  និង​​ក្រុម​​ហ៊ុន Huione Group របស់​​ឧកញ៉ា ហ៊ុន តូ និង​​បុគ្គល​​ចំនួន ១៥​រូបទៀត ​នៅ​កម្ពុជា រួម​ទាំង​បណ្តាញ​​ទីផ្សារ​ងងឹត​​ពាក់​​ព័ន្ធ​​ឧស្សាហ​​កម្ម​​ឆបោក​​អន​​ឡាញ​​ជាច្រើន​​ទៀត។

តាមរបាយការណ៍នានា បង្ហាញ​ថា មនុស្ស​​ជំនិត​ៗ​​​​មួ​​យ​​​ចំនួន នៅ​​​ជុំវិញ​​ប្រធាន​​​​​​គណបក្ស​​​​​​កាន់​​​​​អំណាច លោក ហ៊ុន សែន ត្រូវ​​​​​​​​​បាន​​​អន្តរ​​​​​​​ជាតិ​​​​​​រក​ឃើញ​​​​ជា​បន្ត​​បន្ទាប់​​ថា ជា​​​មេ​ឧក្រិដ្ឋ​​ជនឆបោក និងលាងលុយកខ្វក់ ឬលុយខុសច្បាប់ មានអ្នកឧកញ៉ា ហ៊ុន តូ ឧកញ៉ា លី យ៉ុង​​ផាត់ ឧកញ៉ា កុក អាន និងឧកញ៉ា ទ្រី ភាព  និងងប្រធាននាគារព្រីនស៍ លោក ចេន ហ្ស៊ី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ