អ្នកតាមដាន និយាយថា ការដែលគណបក្សកាន់អំណាច បន្តប្រើយុទ្ធសាស្ត្រកម្ចាត់ និងយាយីក្រុមគណបក្សប្រឆាំងជាហូរហែច្រើនឆ្នាំមកនេះ តាមទំនើងចិត្តនោះ បញ្ហាចម្បងមួយ គឺក្រុមអ្នកមាននិន្នាការប្រជាធិបតេយ្យមិនចេះធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរ ដែលផ្តល់ការជឿទុកចិត្តពីប្រជាពលរដ្ឋ។
ការលើកឡើងនេះ ក្រោយក្រសួងមហាផ្ទៃ មិនទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នោះទេ។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែវិច្ឆិកា សំអាងថា សមាជិកគណៈកម្មាធិការនាយកមួយចំនួនរបស់បក្សនេះ កំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការនៅឡើយ។
ក្នុងន័យនេះ អនុលោមតាមបញ្ញត្តិមាត្រា១៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ មិនទទួលស្គាល់នូវលទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិឡើយ។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ កត់សម្គាល់ថា សេរីភាពនយោបាយនៅកម្ពុជារងការរិះគន់ថា មានការរឹតត្បិតខ្លាំង ដែលទាមទារឱ្យរដ្ឋាភិបាលកែលម្អបន្ទាន់។
សម្រាប់ លោក សុជាតិ ក្នុងស្ថានភាពលំបាកនេះ លោកជំរុញឱ្យមានការរួបរួមរវាងអ្នកប្រជាធិបេតយ្យ ដើម្បីក្លាយជាចរន្តមួយដ៏រឹងមាំ ទើបអាចប្រកួតជាមួយគណបក្សកាន់អំណាចបាន។
បន្ថែមលើនេះ លោក សុជាតិ សង្កត់ធ្ងន់ថា ការបែកបាក់ក្នុងចំណោមអ្នកប្រជាធិបតេយ្យ គឺជាបញ្ហាប្រឈមមួយដែលនឹងធ្វើឱ្យបាត់បង់សំឡេងក្នុងសភា និងមិនអាចដោះស្រាយបញ្ហាជូនជាតិបានទេ។
លោកថា៖«ខ្ញុំយល់ថា ដល់ពេលដែលអ្នកនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ គួរតែបង្កើតនូវយន្ដការប្រជាធិបតេយ្យផ្ទៃក្នុង ហើយឈប់តាំងខ្លួនធ្វើជាអធិរាជនយោបាយប្រជាធិបតេយ្យហើយនឹងរៀបចំខ្លួនឲ្យស័ក្តិសមជាអ្នកប្រជាធិបតេយ្យ ដែលចេះនិយាយគ្នាដោះស្រាយគ្នាដោយសន្តិវិធី ក៏ដូចជារៀបចំនូវផែនការយុទ្ធសាស្ត្រ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងត្រៀមរៀបចំកម្លាំងថ្នាក់ដឹកនាំថ្នាក់ជាតិ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨នោះ គឺជាអ្វីដែលចាំបាច់ហើយអ្វីដែលគួរធ្វើ»។
ជុំវិញការបដិសេដរបស់ក្រសួងមហាផ្ទៃនេះដែរ គណបក្សកម្លាំងជាតិ នៅថ្ងៃទី៤ខែធ្នូនេះ ក៏បានធ្វើសន្និសីទសារព័ត៌មានមួយ នៅស្នាក់ការរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយពួកគេបង្ហាញពីលំហរួមតូច នៃសិទ្ធិធ្វើនយោបាយ។
គណបក្សកម្លាំងជាតិ បានលើកជាឧទាហរណ៍ជាក់ស្តែងថា ១ឆ្នាំមកនេះ ក្រសួងមហាផ្ទៃមិនទាន់ទទួលស្គាល់លទ្ធផលសមាជរបស់គណបក្សខ្លួន ដែលបានសម្រេចប្តូរសមាសភាពថ្នាក់ដឹកនាំមួយចំនួន ក្រោយប្រធានបក្សត្រូវបានចាប់ខ្លួននោះទេ។
សម្រាប់ ប្រធានអង្គការប្រជាធិបតយេ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា យល់ថា ប្រព័ន្ធច្បាប់កម្ពុជាត្រូវបានបក្សកាន់អំណាច ប្រើជាឧបករណ៍ធ្វើទុក្ខបុកម្នេញក្រុមសំឡេងជំទាស់តាមទំនើងចិត្ត ហើយបើបក្សប្រឆាំងណាហក់ប្រជាប្រិយភាពកាន់តែខ្លាំងនោះនឹងត្រូវបានបក្សកាន់អំណាចតាមកំទេចដោយមិនដកដៃ។
សម្រាប់ លោក ករុណា នៅលើទីលាននយោបាយបែបនេះ គ្រប់បក្សប្រឆាំងត្រូវចូលរួមតស៊ូមតិរួមគ្នា ដើម្បីឱ្យមានសេរីភាពពេញលេញត្រឹមត្រូវនិងយុត្តិធម៌ តែលោកថាមកទល់ពេលនេះ ក្រុមអ្នកប្រជាធិបតេយ្យ មិនទាន់មានការរួមរួបគ្នានៅឡើយទេ តាំងពីមានការរំលាយបក្សសង្រ្គោះជាតិមក។
លោកថា៖ «បើសិនជាយើងទៅប្រកួតប្រជែងក្នុងលំហនយោបាយមួយ ដែលមើលទៅមិនផ្តល់នូវឱកាសឲ្យមានការប្រកួតប្រជែងបានត្រឹមត្រូវ តាមគោលការណ៍។ យើងដឹងថា ការប្រកួតប្រជែងមួយដោយគ្មានន័យ គ្មានខ្លឹមសារ យើងទៅចូលរួមជាមួយស្មើនឹងយើងទៅផ្តល់នូវភាពស្របច្បាប់ទៅនឹងគណបក្សកាន់អំណាចបច្ចុប្បន្ន ដែលអាចយកឱកាសហ្នឹង បង្ហាញទៅអន្តរជាតិថា ខ្លួនបានបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌អ៊ីចឹងទៅ ការពិតទាំងបញ្ហាទាំងអស់នេះ យើងមើលឃើញយ៉ាងច្បាស់ថា ការបោះឆ្នោតនាពេលកន្លងមក ឬក៏ក្នុងពេលបច្ចុប្បន្នដែលកំពុងដំណើរការជិតដល់ វាអត់មានការផ្តល់នូវសិទ្ធិសេរីភាពពេញលេញទៅដល់គូភាគីប្រកួតប្រជែងនោះទេ»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា សង្កេតឃើញថា បរិយាកាសលទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពនយោបាយនៅកម្ពុជារួមតូច ដែលសកម្មភាពធ្វើនយោបាយ និងសកម្មភាពផ្សេងៗ មិនមានការលើកទឹកចិត្ត ឬអនុគ្រោះឱ្យគ្នានឹងគ្នាក្នុងនាមជាខ្មែរដូចគ្នានោះទេ។
លោកថា ការដែលយកប្រព័ន្ធតុលាការមិនយកការចូលរួមសកម្មភាពនយោបាយ ដើម្បីរឹតត្បិតសេរីភាពនយោបាយ តែងតែកើតមានលើសកម្មជនគណបក្សនយោបាយ សកម្មជនការងារ សង្គម បរិស្ថានផ្សេងៗ។
លោកថា គណបក្សប្រជាធិបតេយ្យជឿនលឿន តែងតែឈរលើគោលការណ៍អហិង្សា មិនយកខ្មែរណាជាសត្រូវ ពង្រឹងនីតិរដ្ឋ ភាតរភាព វឌ្ឍនភាព ធ្វើឱ្យមានការសាមគ្គី កុំឱ្យអ្នកនយោបាយខ្មែរមានការគុំគួនគ្នា ដើម្បីឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោកថា៖ «សង្គមជាតិមួយរដ្ឋមួយដែលមាននីតិរដ្ឋ និងប្រព័ន្ធច្បាប់មួយរឹងមាំ មានសាមគ្គីភាពនៃការយោគយល់គ្នាទៅវិញទៅមក ប្រកបដោយភាតរភាពរវាងខ្មែរនិងខ្មែរ រវាងអ្នកប្រជាធិបតេយ្យ រវាងអ្នកនយោបាយក្នុងសង្គមកម្ពុជាទាំងមូលណាស់អ៊ីចឹង វាបង្ហាញឬក៏អាចឃើញលទ្ធផលគឺហៅថាវឌ្ឍនភាពនៃសង្គមជាតិ! វឌ្ឍនភាពផ្នែកសេដ្ឋកិច្ច វឌ្ឍនភាពផ្នែកវប្បធម៌វឌ្ឍនភាពនៃការស្រុះស្រួល នៃការកសាងជាតិដែលមានអារ្យធម៌ខ្ពង់ខ្ពស់ ដូចសម័យមហានគរឡើងវិញ»។
ព្រឹត្តិការណ៍នយោបាយ ដែលគេមើលឃើញថា ដែលជិតទាញទម្លាក់កៅអីកំពូលរបស់ លោក ហ៊ុន សែន គឺបានកើតឡើងក្នុងឆ្នាំ២០១៧ ក្រោយមានការរួមគ្នារវាងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយ លោក កឹម សុខា និងគណបក្សសមរង្ស៊ី របស់លោក សម រង្ស៊ី ដែលបង្កើតបានជាគណបក្សសង្រ្គោះជាតិ។
អំឡុងពេលនោះ គណបក្សសង្គ្រោះជាតិដណ្តើមបានអាសនៈនៅឃុំ សង្កាត់ ជិតពាក់កណ្តាល ពីគណបក្សប្រជាជនកម្ពុជា ដែលបរិបទនេះ អ្នកតាមដានសង្គមចាត់ទុកថា គណបក្សប្រឆាំងបានគាស់រំលើងឫសកែវគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែក្រោយមក តុលាការកំពូល បានចេញសាលដីការំលាយគណបក្សដែលមានអ្នកគាំទ្រជិតកន្លះប្រទេសនេះ ចេញពីឆាកនយោបាយ នៅចុងឆ្នាំ២០១៧ ។
សាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានលោក ឌិត មន្ទី ជាប្រធានជំនុំជម្រះ ខណៈលោក ឌិត មន្ទី ពេលនោះ ជាប្រធានតុលាការកំពូល និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមាន លោក ហ៊ុន សែន ជាប្រធាន។
នៅអាណត្តិថ្មីនេះ លោក ជីវ កេង ត្រូវបានតែងតាំងជាប្រធានតុលាការកំពូល ជំនួសលោក ឌិត មន្ទី ដែលលោក ជីវ កេង ជាចៅក្រមមួយរូបក្នុងចំណោម៩រូប បានចូលរួមកាត់ក្តីឱ្យរំលាយគណបក្សសង្គ្រោះជាតិពេលនោះដែរ ខណៈលោក ជីវ កេង ពេលនេះ ក៏ជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ក្រោមអំណាចសាលដីការំលាយរបស់តុលាការកំពូលពេលនោះ ធ្វើឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃុំខ្លួន ដោយចោទថាគប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល ចំណែកលោក សម រង្ស៊ី វិញបាននិរទេសខ្លួនទៅក្រៅប្រទេសរហូតមកដល់សព្វថ្ងៃនេះ៕









