យ៉ាងហោចណាស់ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន៤ ត្រូវប្រកាសឱ្យបិទទ្វារភ្លាមក្នុងនោះមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងពោធិ៍សាត់ ប៉ះពាល់សិស្សជិត៨ម៉ឺននាក់ ក្រោយយោធាថៃបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មីទៀត នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
គិតត្រឹមម៉ោង ១១ថ្ងៃត្រង់ សាលារៀនចំនួន ៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, សាលារៀនទាំងអស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងសាលារៀនទាំងអស់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបិទទ្វារភ្លាមៗ ខណៈសិស្សសាលាតូចធំៗ ស្ពាយកាបូបរត់ប្រសាចចេញពីសាលាទៅរកឪពុកម្ដាយ ដើម្បីរកទីកន្លែងសុវត្ថិភាពគេចពីគ្រាប់កាំភ្លើង និងគ្រាប់ផ្លោងរបស់យោធាថៃ។
នេះជាការបិទគ្រឹះស្ថានសិក្សាទ្រង់ទ្រាយធំជាលើកទីពីរ គិតចាប់តាំងពីយោធាថៃបានឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា និងបានបើកការបាញ់ប្រហារខ្នាតធំជាលើកដំបូងកាលពីចុងខែកក្កដា ឆ្នាំ២០២៥។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានប្រាប់ទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឱ្យខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់ មកកាន់តំបន់មានសុវត្ថិភាព។ លោកបានប្រាប់ទៅកម្លាំងជួរមុខទាំងអស់ ឱ្យមានការអត់ធ្មត់ ព្រោះទង្វើរបស់យោធាថៃ ធ្វើឡើងក្នុងគោលបំណងទាញកម្ពុជាឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។
ជាមួយគ្នានេះ លោកគូសបញ្ជាក់ថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ ដោយមេបញ្ជាការគ្រប់ជាន់ថ្នាក់ ត្រូវអប់រំនាយទាហានពលទាហានឱ្យយល់ដឹងគ្រប់ៗគ្នា។
តាមក្រសួងការពារជាតិ គិតចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារចំនួន៣លើក នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការរាយការណ៍ផ្សេងទៀត ពីទ័ពជួរមុខ ឱ្យដឹងថា យោធាថៃបានបន្តបាញ់ប្រហារឥតឈប់ឈរតាំងពីយប់ រហូតដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ដោយក្នុងនោះមានការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ និងការបាញ់កាំភ្លើងត្បាល់៕









