ពលរដ្ឋរាប់ម៉ឺន​នាក់​សម្រុក​ភៀស​ខ្លួន​ក្រោយ​ថៃ​បើក​ការ​បាញ់​​ប្រហា​រ​ទ្រង់​​ទ្រាយ​ធំ​​ម​​ក​លើ​​កម្ពុជា​

ស្នូរគ្រាប់ផ្លោង លាយ​ឡំ​នឹង​សំឡេង​យាន​យន្ត​កំពុង​លាន់​ឮ​សន្ធឹ​​ក​ជា​ថ្មី​ម្ដង​ទៀត​ នៅ​​តាម​បណ្ដោ​យ​ព្រំដែន ក្រោយ​យោធា​ថៃ​បើក​ការ​បាញ់​ប្រហារ​ជា​ថ្មី​ម្ដង​ទៀត​ មក​លើ​ដែ​​នអធិប​តេយ្យ​កម្ពុជា។

​ពលរដ្ឋ​ជាច្រើ​ន​ពាន់​គ្រួសារ នៅ​ខេត្ត​ព្រះ​វិហារ បន្ទាយ​មាន​ជ័យ និង​ឧត្តរ​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ កំពុង​វេច​កូន​ជញ្ជូន​ចៅ​ចាក​ចេញ​ពី​លំនៅ​ឋាន​ ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ជំរុំ​ភៀស​សឹក ដោយ​ភាព​តក់​ស្លុត។

ពលរដ្ឋនៅតំបន់ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះ​វិហារ​ អ្នក​ស្រី ហ៊ុន ភឿត ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​​ម៉ោង​៤ទៀប​ភ្លឺ ក្រោយ​​ស្នូរ​កាំភ្លើង​​ផ្ទុះ​​ចេញ​ពី​ទឹក​ដី​ថៃ​ឥត​ស្រាក​ស្រាន្ត​តាំង​ពី​យប់។ អ្នក​ស្រី​ប្រាប់​វីអូឌី​ថា ការ​ភៀស​ខ្លួន​លើក​នេះ អ្ន​ក​ស្រី​គ្មាន​ពេល​សូម្បី​តែ​វេច​ខោអាវ​ចង្ក្រាន​ចាន​ឆ្នាំង ពោល​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​រួច​រស់​ជីវិត​សិន​តែ​ប៉ុណ្ណោះ។

អ្នកស្រី ហ៊ុន ភឿត និយាយ​ថា៖ «ថ្ងៃនេះ មិន​បាន​យក​អី​តែ​ម្ដង ថ្ងៃនេះ​​ខ្ញុំរ​ត់​ឱ្យ​រួច​ខ្លួន បើក​ឡាន​រត់»។

នេះជាការភៀសខ្លួនទ្រង់ទ្រាយធំ ជាលើកទីពីរ របស់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ  ខណៈ​ការ​ភៀស​ខ្លួន​​តូចៗ​ផ្សេង​ទៀត​ មាន​ជា​ច្រើន​លើក​ច្រើន​សារ​ គិត​ចាប់​ពី​ពេល​ដែល​ភាគី​ថៃ​បើក​ការ​បាញ់​ប្រហារ​មក​លើ​កម្ពុជា​ កាល​​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៥។ ពលរដ្ឋ​នៅ​ក្បែរ​សមរភូមិ​ក្ដៅ​ ដូច​ជា​តំបន់​ជាំតែ ភ្នំ​ទ្រព្យ អាន​សេះ ប្រាសាទ​តាមាន់ ប្រាសាទ​​តា​ក្របី បន្ទាយ​អំពិល មុំបី ប្រាសាទ​ខ្នារ បាន​សម្រុក​ធ្វើ​ដំណើរ​តាម​ឡាន ម៉ូតូ គោយន្ត​កន្ត្រៃ រ៉ឺម៉ក​កង់​បី សំដៅ​​ទៅ​​​ជំរុំ​ភៀសសឹ​ក តាំង​ពី​យប់​ថ្ងៃ​ទី​៧ ខែ​ធ្នូ បន្ទាប់​ពី​យោធា​ថៃ​បាញ់​ផ្លោង​កាំភ្លើង​ត្បាល់​ជា​ច្រើន​លើក ចាប់​​តាំ​ង​ពី​ម៉ោង ២​រសៀល។

សេចក្ដីរាយការណ៍បន្តបន្ទាប់របស់ក្រសួងអប់រំ នៅថ្ងៃទី៨ ខែធ្នូនេះ​ បាន​ប្រកាស​ពី​ផ្អាក​ការ​បិទ​សាលា​រៀន​ជាង​៣០០ ដែល​នៅ​ជិត​សមរភូមិ​បណ្ដោះ​អាសន្ន ក្នុង​ខេត្ត​ចំនួន​៤ ​គឺ​ព្រះវិហារ បន្ទា​យ​មាន​ជ័យ ឧត្តរ​មាន​ជ័យ និង​ពោធិ៍​សាត់ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សិស្ស​ជាង​ ៧ម៉ឺន​នាក់។

យោងតាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ គិតត្រឹម​ម៉ោង​១១​ថ្ងៃ​ត្រង់ មាន​ពលរដ្ឋ​ជាង​១ពាន់​គ្រួសារ បាន​ភៀស​ខ្លួន​ទៅ​ជំរុំ​សុវត្ថិ​ភាព។ ចំណែក​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ ឯណោះវិ​ញ ក៏​មា​ន​ការ​ជម្លៀស​ពលរដ្ឋ​ផង​ដែរ ដោយ​យោធា​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​នៅ​តំបន់​នេះ​នៅ​ម៉ោង ១៖៣០នាទី​រសៀល។

អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​​​ព្រះ​វិហារ លោក ឡោ ចាន់ ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្លះ​ភៀស​ចេញ​ពី​ភូមិ​ឃុំ​ទាំង​យប់ ខណៈ​មួយ​ចំនួន​សម្ងំ​នៅ​ក្នុង​ត្រង់​សេ រង់​ចាំ​ដល់​ពេល​ព្រឹក​ទើប​មាន​អ្នក​ភៀស​ចេញ​បន្ត​បន្ទាប់។ ជា​មួយ​គ្នា​នេះ ស្នាក់​ការ​អាដ​ហុក​នៅ​ខេត្ត​ព្រះ​វិហារ បាន​ទទួល​ជន​ភៀស​សឹក ៤គ្រួសារ។

ក្រសួងការពារជា​តិក​ម្ពុជា បាន​រាយ​ការណ៍​ត្រឹម​ម៉ោង​១០​ព្រឹក​ថា ទាហាន​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​ចំនួន​១៤​លើក​ជាប់ៗ​គ្នា គិត​ចាប់​ពីម៉ោ​ង​៥ទៀប​ភ្លឺ ដោយ​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់ ដូច​ជា កាំភ្លើង​ត្បាល់ កាំភ្លើង​យន្ត កាំភ្លើង MT60 ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ដ្រូន និង​យន្ត​ហោះ​ចម្បាំង F-16 រួម​ទាំង​ការ​បាញ់​ផ្សែង​ពុល​យ៉ាង​ច្រើន​ចូល​តំបន់​ភ្នំ​ខ្មោច និង​ប្រាសាទ​ព្រះ​វិហារ។

ការវាយប្រហាររបស់យោធាថៃ មកលើកម្ពុជាជាថ្មីម្ដងទៀតនេះ កើត​ឡើង​ក្រោយ​ភាគី​ថៃ​បាន​ចោទ​ប្រកាន់ និង​ទាម​ទារ​ឱ្យក​ម្ពុជា​ទទួល​ខុស​ត្រូវ​ករណីទា​ហាន​ខ្លួន​ដើរ​ជាន់​មីន​នៅ​តាម​តំបន់​ព្រំដែន។ តែអ្នក​ឃ្លាំមើល និង​តាម​ដាន​ស្ថាន​ការណ៍​ថា ​នេះគ្រា​ន់​តែ​ជាលេ​ស​របស់​ថៃ ដើម្បី​បំពាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​កូឡា​ឡាំពួរ តែ​ប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន លោក អាន់វ៉ា អ៊ីប្រា​ហ៊ីម ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​ការ​អត់​ធ្មត់​ជាអ​តិបរមា និង​ប្រើ​ប្រាស់​យន្ត​ការ​ទំនាក់​ទំនង​ឱ្យ​បាន​ពេញ​លេញ។ លោកអះអាង​ថា ម៉ាឡេស៊ី​​ត្រៀ​ម​ខ្លួន​​រួ​ច​ជាស្រេច​ ​ដើ​ម្បី​​គាំទ្រ​​ជំហាន​​ដែល​​អាច​​ជួយ​​ស្តារ​​ភាព​ស្ងប់ស្ងា​ត់ និង​​ទប់​ស្កាត់​​បាន​ផ្ទុះ​អាវុធ​ជា​​ប​ន្តបន្ទាប់​​ទៀត​។

មកទល់ពេលនេះ ក្រសួងការពារជាតិកម្ពុជា នៅ​តែរក្សាជំហរ​គោរព​តាម​កិច្ច​ព្រម​ព្រៀងប​ទ​ឈប់​បាញ់​ និង​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ ស្ដីពី​សន្តិភាព​រវាង​កម្ពុជា-ថៃ ដែល​ចុះ​ហត្ថលេ​ខា​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធាន​អាស៊ាន​ប្ដូរវេន លោក អាន់វ៉ា អ៊ីប្រា​ហ៊ីម ប្រព្រឹត្តិ​ទៅ​កាល​ពី​ខែ​តុលា។ ប៉ុន្តែ​ភាគី​ថៃ តាម​រយៈ​នាយក​រដ្ឋ​មន្ត្រី លោក អានុធីន ឆាន់​វីរៈ​គូន បាន​ប្រកាស​ពី​ការ​ត្រៀម​កម្លាំង រួច​ជា​ស្រេច ដែល​លោក​ហៅ​ថា​ជា​ការ​ទប់​ទល់​កម្ពុជា ឯ​បក្ស​ប្រឆាំង​នៅ​ថៃ​បាន​ផ្ដល់​នូវ​យុទ្ធ​សាស្ត្រ​ផ្សេងៗ​ក្នុង​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា ដោយ​មិន​ដក​ដៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ