ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា យោធាថៃបានបើកការបាញ់ប្រហារលើយោធាកម្ពុជា រួមទាំងប្រាសាទតាក្របី និងផ្ទះសម្បែងពលរដ្ឋ ធ្វើឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះអស់ជាច្រើនខ្នង តែថាកម្ពុជាមិនតបតដើម្បីគោរពបទឈប់បាញ់ និងមិនទាន់ហួសបន្ទាត់ក្រហមដែលបានកំណត់។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងការផ្សាយផ្ទាល់ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ថា យោធាថៃបានបើកការបាញ់ប្រហារមកលើកម្ពុជា នៅគ្រប់ទិសនៅយោធភូមិភាគទី៤ ចាប់ពីវេលាម៉ោង៥ព្រឹក។
បើតាមអ្នកនាំពាក្យរូបនេះ ការបាញ់ប្រហារនោះ មាននៅតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើរថក្រោះបាញ់ចូលជាច្រើន និងប្រាសាទព្រះវិហារ ៥មករា ចំការចេក មុំ៣ ភ្នំខ្មោច ប្រាសាទតាក្របី រួមទាំងប្រាសាទខ្នារ ផងដែរ។
លើសពីនេះទៅទៀត ការបាញ់ប្រហាររបស់យោធាថៃ បានឈានចូលភូមិរស់នៅរបស់ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់អស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជនក្មេងចាស់ ប្រុសស្រី ត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។
តែក្នុងហេតុការណ៍នេះ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរពនិងការអនុវត្តបទឈប់បាញ់។
អ្នកស្រីថា៖ «សូមជម្រាបជូនផងដែរថា នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនបានតបតឡើយ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ រួមទាំងគោលការណ៍ឯកភាពគ្នារវាងកម្ពុជា និងថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិ»។
បន្ថែមលើនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តាមរយៈសំណេរលើហ្វេសប៊ុកបានបញ្ជាក់ថា «បន្ទាត់ក្រហមត្រូវតបតបានកំណត់រួចហើយ» ដែលមេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវអប់រំបងប្អូននាយទាហានពលទាហានឱ្យយល់ដឹងគ្រប់ៗគ្នា។
លោក ហ៊ុន សែន បញ្ជាក់ក្នុងសម្តីដើមថា៖ «កម្លាំងជួរមុខទាំងអស់ ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទ បាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់ម៉ិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ»។
យ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា ក្នុងស្ថានភាព នេះ កម្ពុជាត្រូវប្រើប្រាស់សិទ្ធិការពារខ្លួនជាចំបាច់ ដើម្បីទប់ទល់ការឈ្លានពានរបស់ថៃ។
បន្ថែមលើនេះ លោកជំរុញឱ្យប្រើប្រាស់យន្តការអន្តរជាតិ ដូចជា ប្តឹងថៃទៅតុលាការអន្តរជាតិ ICJ គ្រប់តំបន់ជម្លោះទាំងអស់ ប្តឹងទៅអង្គការសហប្រជាជាតិ រួមទាំងស្វែងរកអន្តរាគមន៍ ពីសមាជិកទាំងអស់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ ដើម្បីទប់ទល់ថៃឈ្លានពាន។
លោកថា៖ «កម្ពុជាត្រូវតែដាក់ពាក្យប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបញ្ហាជម្លោះព្រំដែនកម្ពុជាជាមួយនិងថៃ ដូចជា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី មុំបី ច្រកអានសេះ ភ្នំទ្រព្យ ផ្ទះតាម៉ុក ឬក៏ផ្ទះក្រហម ភូមិជោគជ័យ ភូមិព្រៃចាន់ និងកោះគុតផងដែរ។ លើសពីនេះទៅទៀត កម្ពុជាត្រូវតែប្តឹងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីជាសហប្រធានហើយឲ្យកោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃផងដែរ»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា រដ្ឋាភិបាលកម្ពុជាហាក់បង្ហាញភាពទន់ខ្សោយដែលមិនតបតជាមួយថៃ ទោះថៃបាញ់ប្រហារមកលើកម្ពុជាទាំងកម្រោលបែបនេះ ។
លោកថា ការមិនតបតនេះ គឺជាគ្រោះថ្នាក់ដល់ជីវិតយោធា និងជនស៊ីវិលកម្ពុជា រួមទាំងបូរណភាពទឹកដីកម្ពុជា ហើយថា កន្លងទៅភាពស្ងប់ស្ងៀមរបស់កម្ពុជានេះហើយ ធ្វើឱ្យថៃ ឈ្លានពានដីខ្មែរតាមអំពើចិត្ត រាយលួសបន្លា និងជីកលេនដ្ឋានដែលធ្វើឱ្យថៃមានទីតាំងឈរជើងរឹងមាំ ដើម្បីវាយប្រហារលើកម្ពុជានៅពេលនេះ។
លោកថា៖ «រដ្ឋាភិបាលកម្ពុជាឈប់បង្ហាញចរិកថា មិនតបត ដើម្បីអត់ធ្មត់ រក្សាសន្តិភាព អាហ្នឹងជាពាក្យដោះសារទេមែនទែនទៅ អាហ្នឹងគឺជាជនកំសាកដែលគួរតែនិយាយពាក្យហ្នឹង។ក្នុងនាមជាមេដឹកនាំប្រទេសដែលទទួលខុសត្រូវ គេត្រូវប្រើសិទ្ធការពារខ្លួនទប់ទល់ជាមួយនឹងការឈ្លានពានយ៉ាងគគ្លើនពីបរទេសពីថៃ។ ក្នុងរឿងហ្នឹង សិទ្ធការពារខ្លួនក៏កម្ពុជាត្រូវប្រើដែរឈប់យកលេសទៅ អាហ្នឹងទី១។ ទី២ត្រូវតែដាក់សម្ពាធថៃតាមយន្តការអន្តរជាតិតទៅទៀតអាចកោះប្រជុំជាថ្មីជាមួយអាស៊ាន ជាមួយអង្គការសហប្រជាជាតិ ជាមួយនឹងបណ្ដាប្រទេសជាមិត្តដទៃៗទៀត រួមទាំងប្ដឹង គ្មានអីក្រៅពីប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទេ ហើយយើងក៏សូមឲ្យរដ្ឋាភិបាលកម្ពុជា ឈប់ទទួលស្គាល់ការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកន្លងទៅ ព្រោះអាបោះបង្គោលព្រំដែនហ្នឹង បោះបង្គោលព្រំដែនហ្នឹង វាទៅតាមការវាស់វែងរបស់ថៃ»។
ជុំវិញជម្លោះព្រំដែននេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន៤ខេត្ត បិទទ្វារសរុបចំនួន ៣៧៧សាលា ប៉ះពាល់សិស្សសរុបជិត៨ម៉ឺននាក់។
សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកម្ពុជា និងថៃ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមយន្តការអាស៊ាន និងមហាអំណាចសហរដ្ឋអាមេរិក ដែលក្នុងនោះមានការចុះហត្ថលេខា ពីនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ និងប្រធានអាស៊ានប្តូរវេន លោក អ៊ានវ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី ត្រាំ ធ្វើជាសាក្សីលើការពង្រឹងបទឈប់បាញ់នេះផងដែរ និងក្រោយមានការប្រកាសគាំទ្រពីប្រទេសបារាំង និងជប៉ុនផងដែរ។
ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន ភាគីថៃមិនបានគោរពបទឈប់បាញ់ទេ ថៃបានចល័តទ័ពចូលមករាយបន្លាលួសយកដីខ្មែរជាបន្តបន្ទាប់ ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមច្បាមយក១៧ទីតាំងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូដោយឯកតោភាគី ដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ហៅថា ជាផែនទីចោរ៕









