ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងប៉ុន្មាននាទីមុននេះថាកងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចាប់តាំងពីម៉ោង៥ព្រឹកមក តែថាថៃបានទម្លាក់កំហុស ដាក់ភាគីកម្ពុជាថាជាបង្កហេតុមុន ដែលការណ៍នេះកម្ពុជាថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ។
ក្រសួងការពារជាតិកម្ពុជា បាននិយាយនៅលើគេហទំព័ររបស់ខ្លួននាព្រឹកថ្ងៃទី៨ខែធ្នូនេះ បានច្រានចោលការចោទប្រកាន់របស់ភាគីថៃ ដោយថាការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត ។
ក្រសួងគូសបញ្ជាក់ថា តាមពិតកងកម្លាំងយោធាថៃទៅវិញទេ បានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុ កាលពីថ្ងៃម្សិលមិញ នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ចំណែក សារព័ត៌មានថៃ ខាវសុត និង The Nation បានចុះផ្សាយប៉ុន្មាននាទីមុននេះដែរថា យោធាជើងអាកាសថៃ បានប្រកាសឱ្យប្រើយន្តហោះចម្បាំង F-16 ដើម្បីវាយកម្ទេចមូលដ្ឋានទ័ពកម្ពុជា។
នៅថ្ងៃទី៨ ខែធ្នូនេះ យោធាជើងអាកាសថៃ បាននិយាយថា យន្តហោះចម្បាំង F-16 ចំនួន ៤គ្រឿង កំពុងហោះលើផ្ទៃអាកាស ដើម្បីត្រៀមវាយកម្ទេចទីតាំងមូលដ្ឋានកងទ័ពកម្ពុជា ក្រោយទាហានថៃស្លាប់ម្នាក់ និងរងរបួស៤នាក់បន្ថែមទៀត។
ប្រភពបន្តថា យោធាថៃ កំពុងសម្រុកវាយប្រហារគ្នានៅច្រកអានសេះ និងតំបន់ក្បែរប្រាសាទតាក្របី ប្រាសាទតាមាន់ធំ។
ប្រភពសារព័ត៌មានខាវសុត និង The Nation បានបញ្ជាក់ថា ករណីប៉ះទង្គិចគ្នា រវាងកងកម្លាំងកម្ពុជា និងថៃ បានកើតឡើងចាប់ពីព្រឹកម៉ោងប្រមាណ ៥:៤៥នាទី នៅច្រកអានសេះ និងក្បែរប្រាសាទតាក្របី ប៉ះគ្នាខ្លាំងបណ្តាលឱ្យមានស្លាប់និងរបួស។
ជុំវិញបញ្ហានេះ ប្រធានគណបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុករបស់លោកដោយគូសបញ្ជាក់ថា កម្លាំងជួរមុខទាំងអស់ ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិលមិញ ហើយនិងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។
លោកបន្តថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហាន ពលទាហានយល់ដឹងគ្រប់ៗគ្នា។
លោកថា៖ «សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព»។
លោក ហ៊ុន សែន បានលុបចោលកម្មវិធីផ្សេងៗ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន និងសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិ ដែលមិនអាចជួបលោកបាន៕









