ការរីករាលដាលនៃបទឧក្រិដ្ឋអំពើចាប់ជម្រិតល្បែងអនឡាញ និងអំពើឆបោកគ្រប់ទម្រង់កាន់តែខ្លាំងនៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានអ្នកជំនាញឯករាជ្យមើលឃើញថា គឺកើតឡើងដោយសារតែកង្វះនីតិរដ្ឋ ការរីករាលដាលពេញបន្ទុកនៃអំពើពុករលួយ ចាប់តាំងពីរដ្ឋាភិបាលគ្រួសារហ៊ុន បានរំលាយប្រព័ន្ធដឹកនាំរដ្ឋតាមបែបពហុបក្ស ដោយចាប់ផ្តើមពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ហើយថែមទាំងបានរិតបន្តឹង និងរំលាយស្ថាប័នព័ត៌មានឯករាជ្យ និងចាប់ឃុំខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមជាបន្តបន្ទាប់តាមអំពើចិត្ត។
គិតមកដល់ត្រឹមថ្ងៃទី៨ខែធ្នូនេះ មានសកម្មជននយោបាយ និងសកម្មជនសង្គមចំនួន ៩២នាក់ កំពុងជាប់ឃុំក្រោមការចោទប្រកាន់ពីបទញុះញង់ ក្បត់ជាតិ និងរួមគំនិតក្បត់ជាដើម ជាបទចោទដែលអង្គការសិទ្ធិមនុស្សជាតិ និងមជ្ឈដ្ឋានអន្តរជាតិ ក្នុងនោះក៏មានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបផងដែរ ចាត់ទុកថា ជាសំណុំរឿងនយោបាយដែលបង្កើតឡើងដោយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធភាដើម្បីរំលាយគូប្រជែងរបស់ខ្លួន។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់វីអូឌីថា ការរីករាលដាលនៃបទឧក្រិដ្ឋបច្ចេកវិទ្យា និងអំពើឆបោកគ្រប់ទម្រង់នៅកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសជាច្រើនទទួលរងគ្រោះជាបន្តបន្ទាប់ ដែលកត្តាទាំងអស់នេះ គឺដោយសារការអនុវត្តច្បាប់របស់កម្ពុជានៅមានកម្រិត នៅមានការឆកល្វែង ការកើតមានអំពើពុករលួយ ហើយកិច្ចសហប្រតិបត្តិការ និងចំណាត់ការផ្លូវច្បាប់ គឺហាក់ដូចជានៅមានកម្រិតនៅឡើយ។
លោកថា អ្វីដែលសំខាន់ទៀតនោះ គឺការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ទាក់ទងទៅនឹងបញ្ហាឆបោក ជាពិសេសទាក់ទងទៅនឹងប្រព័ន្ធបច្ចេកវិទ្យា។ អ៊ីចឹងបទឧក្រិដ្ឋឆ្លងដែន ឬក៏ការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងរង្វង់រូបភាពនេះ វាជះឥទ្ធិពលមិនល្អទេសម្រាប់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ទៅដល់វិស័យទេសចរណ៍ ប៉ះពាល់ទៅដល់ការវិនិយោគ ប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក៏ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គមផងដែរ ដែលទាំងអស់នេះវាធ្វើឱ្យប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជីវភាពរបស់ជនរងគ្រោះដោយអំពើទាំងអស់នេះ។
លោកថា៖ «អ៊ីចឹងអាជ្ញាធរនិងរាជរដ្ឋាភិបាលលោកត្រូវតែបង្កើន ទីមួយគឺប្រសិទ្ធភាពនៃការអនុវត្តច្បាប់ធ្វើម៉េចការអនុវត្តច្បាប់ហ្នឹងឱ្យមានប្រសិទ្ធភាព។ ទី២គឺការលុបបំបាត់អំពើពុករលួយ។ ទី៣កិច្ចសហប្រតិបត្តិការល្អ ទាំងអាជ្ញាធរនៅក្នុងស្រុក ក៏ដូចជានៅបណ្តាប្រទេសជិតខាង ក៏ដូចជាក្នុងតំបន់និងអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់នូវបទឧក្រិដ្ឋឆបោកឆ្លងដែន ឬក៏តាមប្រព័ន្ធបច្ចេកវិទ្យា ឬក៏បទល្មើសផ្សេងៗទៀត ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា ហើយមួយទៀត ធ្វើការផ្សព្វផ្សាយអប់រំឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង កុំឱ្យមានការចាញ់បោក ឬក៏ជនឆ្លៀតឱកាសប្រព្រឹត្តនូវបទល្មើសធ្វើឱ្យពលរដ្ឋរងគ្រោះពីទង្វើទាំងអស់ហ្នឹង»។
ទាក់ទងនឹងបទឧក្រិដ្ឋឆបោកតាមអនឡាញ អ្នកវិភាគនយោបាយ កញ្ញា លី ស្រីស្រស់ បានសម្តែងការស្វាគមន៍ចំពោះការបង្ក្រាបបទល្មើសបច្ចេកវិទ្យារបស់រដ្ឋាភិបាល និងថា ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា អាជ្ញាធរគួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កើតការឆ្លើយតបរួមគ្នា។ កញ្ញាលើកឡើងថា បញ្ហាសំខាន់មួយទៀត ដែលយើងគួរតែពិនិត្យមើលផងដែរនោះ គឺមន្ត្រីជាន់ខ្ពស់ដែលជាប់ពាក់ព័ន្ធនឹងអាជីវកម្មខុសច្បាប់នេះ ខណៈដែលថ្មីៗនេះ ប្រទេសថៃបានកំណត់អត្តសញ្ញាណចេញដីកាតាមចាប់ខ្លួនមន្ត្រីជាន់ខ្ពស់កម្ពុជាពីររូប គឺលោក កុក អាន និងលោក លី យ៉ុងផាត់ ថាជាជនសង្ស័យសំខាន់។
បន្ថែមពីនេះ កញ្ញាថា រដ្ឋាភិបាលក៏គួរតែដោះស្រាយការជាប់ពាក់ព័ន្ធរបស់មន្ត្រីជាន់ខ្ពស់ផងដែរ ដោយចង្អុលបង្ហាញពីកង្វះការឆ្លើយតបចំពោះទណ្ឌកម្មដែលបានដាក់ទៅលើលោក Chen Zhi។ នេះបើយោងតាមអង្គការសារព័ត៌មានខេមបូចា។
តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងនោះមានទាំងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ ក្នុងបេសកកម្មបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ប្រឈមមួយនេះ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រួមទាំងជាមួយបណ្ដាប្រទេសជាដៃគូ។
វីអូឌី មិនអាចទាក់ទង លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេនៅថ្ងៃទី៨ខែធ្នូនេះ។
ប៉ុន្តែ លោក សុខៈ បានថ្លែងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអាណត្តិមុន ដែលដឹកនាំដោយ លោក ហ៊ុន សែន បានបណ្តេញជនបរទេសចំនួន ២១ ០០០នាក់ ខណៈរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយ លោក ហ៊ុន ម៉ាណែត បានបណ្តេញជនបរទេសចំនួន ១៥ ០០០នាក់ ក្នុងរយៈពេលជាងពីរឆ្នាំ ចេញពីកម្ពុជា។ នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ នគរបាលបានបង្ក្រាបករណីឆបោកដោយប្រើប្រាស់បច្ចេកវិទ្យាចំនួន ៤៨ករណី និងបានបណ្តេញជនបរទេសចំនួន ២ ៧២២នាក់ ចេញពីកម្ពុជា។
យ៉ាងណាក្តី សារព័ត៌មានបរទេសមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់នាពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជា បានបង្រា្កបនិងចាប់ខ្លួនតែក្រុមឧក្រិដ្ឋជនតូចតាច នៅតាមទីតាំងមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមិនឃើញមានការចាប់ខ្លួនមេក្លោងកំពូលនៃបទឧក្រិដ្ឋនេះ ដូចជា លោក ចេន ហ្ស៊ី ទីប្រឹក្សា លោកហ៊ុន សែននិងលោកហ៊ុន ម៉ាណែត និងមន្ត្រីគ្រាក់ៗរបស់គណបក្សប្រជាជន ដែលស្ថាប័នស៊ើបអង្កេតរបស់អាមេរិកចង្អុលបង្ហាញថា មាន២៨នាក់ ដូចជា លោកលី យ៉ុងផាត់ លោកុក អាន និងលោកហ៊ុន តូ ជាបងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត ជាដើមនោះទេ។
ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់ថា(CAT) បានចេញអត្ថបទវិភាគមួយកាលពីពេលថ្មីៗនេះថា ស្ថានភាពប្រទេសកម្ពុជាពេលនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់បាត់បង់ម្ចាស់ការស្ទើរតែទាំងស្រុងក្នុងការដោះស្រាយបញ្ហាជាតិ ធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅជាអ្នកការពារបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ។ ការធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះ គឺមូលហេតុចម្បងមកពីកង្វះប្រព័ន្ធនីតិរដ្ឋ ការកើតមានអំពើពុករលួយ និងបក្សពួកនិយមកើតឡើងជាប្រព័ន្ធ។
ក្រុមអ្នកតស៊ូមតិ កត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយដែលបង្ហាញថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៃគណបក្សប្រជាជនកម្ពុជា អាចកែទម្រង់ជួសជុលដុះក្អែល ឬកសាងទំនុកចិត្ត និងកិត្តិយសថ្លៃថ្នូរជូនជាតិវិញបាននោះទេ។ ផ្ទុយទៅវិញ ស្ថានភាពដឹកនាំប្រទេសមកដល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ បាននិងកំពុងរុញច្រានកម្ពុជាឱ្យកាន់តែអាប់ឱនកិត្តិយសជាតិសេចក្តីថ្លៃថ្នូរតម្លៃប្រជាជាតិខ្មែរ ក្នុងស្រុក តំបន់ និងនៅលើឆាកអន្តរជាតិ ជាពិសេសតាមរយៈការរក្សាទុកឧក្រិដ្ឋជននិងការពារមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងក្នុងគណបក្សដែលជាប់ទណ្ឌកម្មអន្តរជាតិ។
សូមបញ្ជាក់ថា របាយការណ៍មួយដែលចេញដោយអ្នកជំនាញរបស់អង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ បានលើកឡើងថា សកម្មភាពបោកប្រាស់និងល្បែងអនឡាញនៅកម្ពុជាមាន «លក្ខណៈចល័តខ្លាំង» និង «រីករាលដាលយ៉ាងទូលំទូលាយ» ដោយមានមជ្ឈមណ្ឌលនៅក្នុង «ក្រុងព្រះសីហនុ ភ្នំពេញ ប៉ៃលិន អន្លង់វែង អូស្មាច់ កណ្តាល ពោធិ៍សាត់ កោះកុង បាវិត ជ្រៃធំ កំពត ឧត្តរមានជ័យ ប៉ោយប៉ែត បន្ទាយមានជ័យ ស្វាយរៀង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ និងតំបន់សេដ្ឋកិច្ចពិសេស Hengeថ្មដា ក្នុងខេត្តពោធិ៍សាត់។ របាយការណ៍នេះ បានចាត់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងសន្ទស្សន៍ឧក្រិដ្ឋកម្មឆ្នាំ២០២៥ ដោយមានពិន្ទុ ៥១.៣ ដែលបង្ហាញពីស្ថានភាពឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បន្ទាប់មកគឺប្រទេសមីយ៉ាន់ម៉ា (៥០.៩)។
ទាក់ទងនឹងអំពើឆបោកតាមរយៈការលក់ដីឡូត៍ខ្យល់ និងទិញផ្ទះ តែមិនបានផ្ទះ បានធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក្លាយទៅជាជនរងគ្រោះ ក្នុងនោះមានជាង៣០នាក់ហើយបានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែមិនមានប្រាក់បង់សងធនាគារ។ ការឆបោកគ្រប់ទម្រង់ដែលបានកើតឡើង និងកំពុងបន្តកើតឡើងផុលផុសនៅកម្ពុជា អាចជាផ្នែកសំខាន់ដែលធ្វើឱ្យពលរដ្ឋកម្ពុជាជិត ៥លាននាក់ ជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងចំនួនទឹកប្រាក់ជិត ៦០លានដុល្លារ។ ចំនួននេះ គិតត្រឹមបំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមCBC។
ស្ថាប័នឯករាជ្យនានា បានផ្តល់ការវិភាគថា ប្រព័ន្ធនយោបាយនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ នៅតែដំណើរការ តាមរយៈមជ្ឈមណ្ឌលអំណាចតែមួយ ធ្វើឱ្យលំហូរសេរីភាពបញ្ចេញមតិកាន់តែរួមតូច តែអំណាចបុគ្គលនិងគ្រួសារអ្នកកាន់អំណាច ត្រូវបានលើកតម្កើងលើសពីច្បាប់ដែលបានធ្វើឱ្យមានការគំរាមកំហែងដល់ប្រព័ន្ធយុត្តិធម៌ ធ្វើឱ្យពលរដ្ឋជាម្ចាស់ប្រទេសក្លាយជាជនរងគ្រោះ។
ជាមួយគ្នានេះ របាយការណ៍ចុងក្រោយបំផុតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរៀបរាប់ថា កម្ពុជានៅតែជារដ្ឋឯកបក្សដែលលទ្ធផលនៃការបោះឆ្នោត នាពេលបន្តបន្ទាប់កន្លងមក ត្រូវបានកំណត់និងគ្រប់គ្រងរួចជាស្រេចដោយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានក្តោបក្តាប់អំណាច និងគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ រួមទាំងប្រព័ន្ធតុលាការផងដែរ ដែលការណ៍នេះធ្វើឱ្យអ្នកនយោបាយប្រឆាំងនិងសកម្មជនសង្គម បន្តទទួលរងគ្រោះ ដោយត្រូវចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ចាប់តាំងពី លោក ហ៊ុន សែន បានប្រើឱ្យតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ឃុំខ្លួនប្រធានគណបក្ស លោក កឹម សុខា ដែលមានពលរដ្ឋគាំទ្រស្ទើរកន្លះប្រទេសកាលពីចុងឆ្នាំ២០១៧ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា បានធ្លាក់ចេញឆ្ងាយពីប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ដោយរដ្ឋាភិបាលគ្រួសារហ៊ុនបានជិះសេះលែងដៃធ្វើអ្វីៗតាមអំពើចិត្ត តាមចាប់ដាក់គុក តាមវ៉ៃដំទៅលើសកម្មជនបក្សប្រឆាំងណាដែលមិនព្រមចុះចូល និងបានរំលាយចោលស្ថាប័នសារព័តមានឯករាជ្យ និងបំបិទការបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាជាតិ ដែលឆ្លុះបញ្ចាំងពីភាពអសមត្ថភាពរបស់រដ្ឋាភិបាល៕









