ជនជាតិ​កូរ៉េចំនួន១៥នាក់​និង​ជន​ជាតិ​ចិន​២នាក់​ត្រូវ​ចាប់​​ខ្លួន​​ពី​បទ​​ឆបោក​​នៅ​ប្រទេស​ថៃ

ប៉ូលីសថៃ​មក​ពី​នាយក​ដ្ឋាន​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​ធីស៊ី​អេស​ឌី​(TCSD) បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​កូរ៉េ​ចំនួន​១៥​នាក់ និង​បុរស​ជន​ជាតិ​ចិន​ចំនួន​ ២នាក់ ក្នុង​ប្រតិបត្តិ​ការ​វាយ​ឆ្មក់​មួយ​នៅប៉ា​តា​យ៉ា និង​ក្រុង​បាង​កក ពាក់​ព័ន្ធ​ប្រតិប​ត្តិ​ការ​បោក​ប្រាស់ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រហែល ៥០០​លាន​បាត។

សារព័ត៌មាន ដឹ ស្រ្តេត​ថាមស៍ បាន​រាយការណ៍​នៅថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា​ ការិយា​ល័យ​ស៊ើប​អង្កេត​កណ្តាល ស៊ីអាយប៊ី​(CIB) ​បាននិ​យាយ​ថា ប្រតិបត្តិ​ការ​នេះ បាន​ចាប់​ផ្តើម​បន្ទាប់​ពី​មន្ត្រី​ទំនាក់​ទំនង​ប៉ូលីស​នៅ​ឯស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ថៃ​ថា ក្រុម​ជន​ខិល​ខូច​ដែល​មាន​គោល​ដៅលើ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ប្រតិ​បត្តិ​ការ​ចេញ​ពី​ប្រទេស​ថៃ។

ប្រភពបន្តថា ដោយប្រើព័ត៌មានពីស្ថានទូត មន្ត្រីនាយកដ្ឋាន​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​(TCSD) បាន​វាយ​ឆ្មក់​ក្នុង​ផ្ទះ​មួយ​ នៅ​ប៉ាតាយ៉ា ជា​កន្លែង​ដែល​ពួក​គេ​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​កូរ៉េ​ចំនួន ៤នាក់។

ប៉ូលីស​ បាន​និយាយ​ថា ជនសង្ស័យ​ទាំង​៤នាក់ បាន​សារ​ភាព​ថា​ជា​សមាជិក​នៃ​ក្រុម​ខិល​ខូច​មជ្ឈ​មណ្ឌល​ហៅទូរសព្ទ​ដែល​ពី​មុន​ប្រតិ​បត្តិ​ការ​នៅ​ប្រទេស​កម្ពុជា មុន​ផ្លាស់​ទីតាំង​ទៅ​ប្រទេស​ថៃ បន្ទាប់​ពី​មាន​ការ​បង្រ្កាប​នៅ​ទីនោះ។

បុរសទាំង៤នាក់ ​ដែល​ត្រូវបានចាប់ខ្លួននៅប៉ាតាយ៉ា(Pattaya) គឺ​ជាម​នុស្ស​ដែល​អាំងទែ​​ប៉ូល​​ចេញ​ការ​ជូនដំណឹង​ក្រហម ឬនិវេទន៍​​ក្រហម តាម​ចាប់​ខ្លួន។ ពួក​គេ​ត្រូវ​បាន​សង្ស័យ​ថា ល្បួង​ជន​រង​គ្រោះឱ្យ​ចូល​ទៅ​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​គម្រោង​រមណីយ​ដ្ឋាន​មួយ​ឈ្មោះ​ថា ជែនធីង ម៉ាឡេស៊រ​(Genting Malaysia)។

ប្រភពបន្ថែមថា ព័ត៌មានពីជនសង្ស័យនៅប៉ាតាយ៉ា បា​ននាំ​មន្ត្រី​ទៅកា​ន់​ខុនដូ​ចំនួន​២ នៅ​តំបន់​ផ្រារ៉ាម​៣ និង​ឡុម​ពីនី ទីក្រុង​បាង​កក។

ប៉ូលីស បាន​និយាយ​ថា ពួក​គេ​បានចាប់​ខ្លួន​បុរស​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ចំនួន ១១​នាក់​បន្ថែម​ទៀត និង​បុរស​ជន​ជាតិ​ចិន​ចំនួន​ ២នាក់ នៅ​ទីតាំង​ទាំង​ពីរ។

លោក​វរសេនីយ៍​ឯក ផានុផាត់ គិតធីផាន (Panupat Kittipan) មេបញ្ជា​ការ​រង​នៃធី​ស៊ី​អេស​ឌី បាន​និយាយ​ថាខុនដូ​ត្រូវ​បាន​បំប្លែង​ទៅ​ជា​មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​ការ​ ដែល​បំពាក់​ដោយ​ឧបករណ៍ និង​ការ​តភ្ជាប់​អ៊ីនធើ​ណែត។ ប៉ូលីស​ក៏​បាន​រក​ឃើញ​ឯកសារ​(scripts) ដែល​សង្ស័យ​ថា បាន​ប្រើ​ប្រាស់​ដោយ​សមាជិក​នៃ​ជន​ខិល​ខូច ដើម្បី​បោក​បញ្ជោត​ជន​រង​គ្រោះ។

លោកវរសេនីយ៍ឯក ផានុផាត់ គិតធីផាន(Panupat Kittipan) បាននិ​យាយ​ទៀត​ថា ជន​ខិល​ខូច​ត្រូវ​បាន​សង្ស័យ​ថា បាន​បោក​ប្រាស់​ជន​រង​គ្រោះ​ចំនួន ២០​ពាន់​លាន​វ៉ុន​(១៧.៦លាន​សិង្ហ​បុរី)។

ប៉ូលីសបាន​រឹបអូសកុំព្យូទ័រជាច្រើនគ្រឿង ទូរសព្ទ​ចំនួន ៣៥​គ្រឿង និង វុល​(VoIP(Voice over Internet Protocol)) ជា​បច្ចេកវិទ្យា​ហៅ​ទូរសព្ទ​តាម​អ៊ីនធើ​ណែត​លើ ហ្វជីអែល​ធីអ៊ី​(4GLTE) ជំនួស​ការ​ហៅ​តា​ម​បណ្តាញ​ទូរសព្ទ​ធម្មតា​ចំនួន​​៥០​ជា​ភស្តុ​តាង។​

លោកវរសេនីយ៍ឯក ផានុផាត់ គិតធីផាន(Panupat Kittipan) បាន​បន្ថែម​ទៀត​ថា តំណាង​ស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង​បាន​ជូន​ដំណឹង​ទៅ​ប៉ូលីស​ថៃ​ថា ក្រុម​ជន​ខិល​ខូច​បាន​បោក​ប្រាស់​ជន​ជាតិ​កូរ៉េ​ពីថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ២០២៤ ដល់​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ភាគច្រើន​ដោយ​ការ​បញ្ចុះ​បញ្ចូល​ពួក​គេ​ឱ្យ​វិនិយោគ​នៅ​ក្នុង​គម្រោង​រចនា​ពីរ៉ាមីត។

លោកបានបន្ថែមថា ក្រុមជនខិលខូចដំបូងឡើយ​ ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​បាន​ផ្លាស់​ប្តូរ​មូល​ដ្ឋាន​ប្រតិបត្តិ​ការ​របស់​ខ្លួន​ទៅ​ប្រទេស​ថៃ បន្ទាប់​​​ពី​​មាន​​​ភាព​​តាន​តឹង​​ជា​​ថ្មី​​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា-ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ