សេចក្តីរាយការណ៍នានា ឱ្យដឹងថា នៅថ្ងៃទី៩ខែធ្នូនេះ កងទ័ពកម្ពុជា និងថៃ បានបើកការប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំជាថ្មីទៀត ច្រើនកន្លែងតាមព្រំដែន ក្រោយមេដឹកនំាបក្សកាន់អំណាច លោក ហ៊ុន សែន បង្ហាញជំហរអស់ការអត់ធ្មត់ នឹងទង្វើថៃឈ្លានពាន ដោយផ្តល់ភ្លើងខៀវឱ្យកងទ័ពខ្មែរប្រើសិទ្ធិតបត ដើម្បីការពារទឹកដី ។
សារព័ត៌មានថៃជាច្រើន រួមទាំង ខាវសុត និង PPTV News បានចុះផ្សាយនៅថ្ងៃទី៩ខែធ្នូនេះថា កងទ័ពថៃនិងកម្ពុជា កំពុងបើកការវាយប្រហារគ្នាយ៉ាងខ្លាំងនៅតាមព្រំដែន ដូចជា នៅប្រាសាទតាក្របី ច្រកអានសេះ មុំបី ប្រាសាទខ្នារ ភ្នំខ្មោច និងទីតាំងមួយទៀត។
ប្រភពនិយាយថា សមរភូមិដ៏ក្តៅបំផុតគឺនៅតំបន់ប្រាសាទតាក្របី និងអានសេះ ដោយយោធាថៃបានសម្រុកវាយសង្កត់ និងបាញ់ផ្លោងចូលប្រាសាទតាក្របី ដើម្បីដណ្តើមកាន់កាប់ប្រាសាទខ្មែរមួយនេះ ដែលថៃថាជាដែនដីរបស់ខ្លួន។
ប្រភពពីខាវសុត បញ្ជាក់ថា មានករណីទាហានថៃស្លាប់ និងរងរបួសជាច្រើននាក់ ក្រោយទាហានថៃសម្រុកចូល ដើម្បីវាយសង្កត់ចូលកាន់កាប់ប្រាសាទតាក្របី ។
ដោយឡែក ក្រសួងការពារជាតិកម្ពុជា បានបង្ហោះសារលើហ្វេសប៊ុកថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា វេលាម៉ោង ១២:៣៣នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ចំណែក លោក ហ៊ុន សែន បាននិយាយនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៩ខែធ្នូនេះថា ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលា ដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។
លោករំឭកថា តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច ដែលយើងមិនច្បាស់ថា ១១ចំណុច នេះនៅកន្លែងណាខ្លះ?។ រីឯមេទ័ពថៃវិញ បានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃ ត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។
ជាការឆ្លើយតប លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាពិតជាមិនអង្គុយឱបដៃឱ្យអស់លោកបំផ្លាញកម្ពុជាតាមចិត្តចង់របស់អស់លោកនោះទេ។ ហើយថា ពេលនេះ «កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង»។
ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ក្រោយពីនាយករដ្ឋមន្រ្តីថៃ លោក អនុធិន ចាន់វីរៈគុណ និងមេភូមិភាគ២របស់ថៃ បានប្រកាសកាលពីថ្ងៃទី៨ ខែធ្នូថា យោធាថៃនឹងវាយសម្រុកកម្ពុជា ទាក់តែកម្ពុជាព្រមចុះញម តាមធ្វើសំណើររបស់ថៃទាំងអស់ ដែលថៃចង់បាន។
លោក អនុធិន នាយករដ្ឋមន្រ្តីថៃ ព្រមានថា ដំណាក់កាលនេះ ថៃបិទផ្លូវចរចាជាមួយកម្ពុជា និងហែកចោលកិច្ចព្រមព្រៀងបទឈប់បាញ់ទាំងអស់ជាមួយកម្ពុជា និងមិនខ្វល់ពីរបាំងពន្ធអាមេរិកនោះទេ។
លោកថា លោកគាំទ្រ នឹងផ្តល់សិទ្ធពេញទំហឹងឱ្យយោធាថៃ ត្រៀមកងកម្លាំងព្រមវាយបកកម្ពុជា ១១ទីតាំងតាមព្រំដែន ដើម្បីសង្កត់រហូតទាន់តែភាគីកម្ពុជាចុះញម ព្រមធ្វើតាមសំណើរបស់ថៃចង់បាន។
លោកថា៖ «គ្មានអីត្រូវចរចាជាមួយកម្ពុជាទៀតទេ មានតែការវាយបក ដើម្បីឱ្យកម្ពុជាមើលឃើញពីសក្តានុពលថៃ កុំឱ្យកម្ពុជាហ៊ានល្មើសឈ្លានពានទឹកដីថៃ ដូច្នេះដូចខ្ញុំបញ្ជាក់ គ្មានការចរចាអ្វីទៀតទេ រហូតទាន់តែកម្ពុជាព្រមចុះញម អនុវត្តតាមសំណើររបស់ភាគីថៃចង់បាន»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៩ ខែធ្នូនេះថា លោកគាំទ្រមេដឹកនាំកម្ពុជា លោក ហ៊ុន សែន វាយតបតទៅចោរឈ្លានពានសៀមឱ្យចាស់ដៃ ដើម្បីការពារទឹកដី។
លោកសង្កត់ធ្ងន់ថា ដំណាក់កាលនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើសិទ្ធស្វ័យការពារខ្លួន ដើម្បីទប់ទល់ទៅនឹងទង្វើដ៏ឃោឃៅរបស់យោធាថៃ ដែលហ៊ានឈ្លានពាន និងបាញ់ប្រហារលើពលរដ្ឋខ្មែរ។
លោកថា៖ «បើយើងសូមគាំទ្រនូវអ្វីដែល លោក ហ៊ុន សែន គាត់ប្តូរជំហរឲ្យកងទ័ពរបស់យើងនឹងមានសិទ្ធិស្វ័យការពារនៅពេលដែលថៃឈ្លានពានទឹកដីកម្ពុជាហ្នឹង ដោយសារខ្ញុំក៏ស្នើឲ្យ លោក ហ៊ុន សែន ហ្នឹងធ្វើម៉េចវាយបកយកភូមិជោគជ័យ ភូមិព្រៃចាន់ យកប្រាសាទតាមាន់ធំ ច្រកអានសេះ ភ្នំទ្រព្យ ផ្ទះតាម៉ុក ត្រូវវាយបកយកមកវិញ ព្រោះទឹកដីទាំងអស់ហ្នឹងសព្វថ្ងៃថៃកំពុងគ្រប់គ្រង»។
សម្រាប់លោក សំអាន ផ្តល់ជាយោបល់បន្ថែមថា មេដឹកនាំកម្ពុជា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវបញ្ជូនកម្លាំងបន្ថែម និងសព្វាវុធទំនើបៗវាយទប់ទល់ថៃ និងវាយដណ្តើមទឹកដីខ្មែរមកវិញ។
លោកបន្តថា ករណីផ្ទុះអាវុធម្តងនេះ កម្ពុជាត្រូវតែបញ្ចេញសមត្ថភាពឱ្យខ្លាំងក្លា ដើម្បីគំរាមទៅចោរថៃឈ្លានពានថា កម្ពុជាមិនចុះញម ឬចុះចាញ់សត្រូវឈ្លានពានទេ ត្រូវសាមគ្គីគ្នាស៊ូស្លាប់ដើម្បីទឹកដីខ្មែរ។
លោកថា៖ «ដូច្នេះដើម្បីទប់ទល់ទៅនឹងមហិច្ឆតារបស់ថៃចង់វាយយក១១តំបន់ហ្នឹង ធ្វើម៉េចលោក ហ៊ុន សែន ត្រូវប្រើឲ្យអស់សមត្ថភាពរបស់ខ្លួន ក្នុងការបញ្ជាទ័ពឲ្យទប់ស្កាត់នូវការវាយឈ្លានពានរបស់ថៃ ទៅលើ១១តំបន់ហ្នឹង ហើយត្រូវអនុញ្ញាតឲ្យទាហានខ្មែរយើងប្រើស្វ័យការពារឱ្យអស់ពីលទ្ធភាព ត្រូវបញ្ចេញសំណាញ់មេឃ ដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ថៃដែលជាយន្តហោះF-16ជាដើម»។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត និយាយថា ក្នុងកាលៈទេសៈនេះ លោកគាំទ្រឱ្យមេដឹកនាំកម្ពុជា ត្រូវប្រើសិទ្ធវាយបកថៃ និងត្រូវរាយការណ៍ពីស្ថានការឈ្លានពានរបស់ថៃទៅអន្តរជាតិ។
ក្នុងន័យនេះ លោកពន្យល់ថា កម្ពុជាត្រូវវាយបកទប់ទល់ទង្វើថៃឈ្លានពានផង ត្រូវប្តឹងថៃទៅសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក និងប្រទេសជាដៃគូរ ឱ្យដឹងពីទង្វើឃោឃៅរបស់យោធាថៃ ឈ្លានពាន និងបាញ់ប្រហារដោយអាវុធធន់ធ្ងន់ មកលើប្រជាជនកម្ពុជាបណ្តាលឱ្យស្លាប់និងរងរបួស។
លោកថា៖ «ក្នុងកាលៈទេសៈនេះ ជាការស្លាប់រស់សម្រាប់ប្រទេសកម្ពុជា ដែលកំពុងប្រឈមមុខទៅនឹងការឈ្លានពានយ៉ាងខ្លាំងពីសំណាក់ភាគីថៃ ដោយក្នុងនោះភាគីថៃបានប្រកាសជាឱឡារិកហើយ គឺធ្វើសង្គ្រាមជាមួយកម្ពុជា ហើយនិងវាយកម្ពុជាឲ្យចុះញម ដែលមានន័យថា ភាគីថៃមានមហិច្ឆតាក្នុងការវាយដាក់កម្ពុជាចម្រុះក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយភាគីថៃមិនត្រឹមតែធ្វើសង្គ្រាមនៅក្នុងដែនជម្លោះជាក់លាក់ទេ ថៃកំពុងតែពង្រីកវិសាលភាពនៃសង្គ្រាមទៅគ្រប់សមរភូមិទាំងអស់»។
នៅថ្ងៃទី៩ ខែធ្នូនេះ ក្រសួងការពារជាតិកម្ពុជា និយាយថា យោធាថៃបានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឥតដាច់ស្ទើរពេញមួយយប់ នៅយប់ម៉ិញនេះ។
លើសពីនេះ យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ និងប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មីលីម៉ែត្រ មកលើទីតាំងអូរភ្លុកដំរី ។
ទង្វើរបស់យោធាថៃនេះ កម្ពុជាចាត់ទុកថា ថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មី មកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។
លើសពីនេះ កម្ពុជា ជំរុញឱ្យភាគីថៃ វិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន។
បើតាមប្រភពខាងលើ ការបើកការបាញ់ប្រហារពីសំណាក់យោធាថៃ បានបង្កឱ្យជនស៊ីវិលកម្ពុជាស្លាប់ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមវេលាម៉ោង៦ព្រឹកនេះ ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និង២០នាក់ រងរបួស៕









