ពលរដ្ឋភៀសសឹកកម្ពុជាកើនឡើងណែនជំរុំក្រោយ​ថៃ​បង្កើន​ការ​វាយ​ប្រហារ

គិត​មកទល់​ពេលនេះ ប្រជាពលរដ្ឋខ្មែរមិនតិចជាង ៥ម៉ឺន​នាក់​ឡើយ កំពុង​ស្វែង​រក​​ជំរុំ​សុវត្ថិ​ភាព​ភៀស​ចេញ​ពី​គ្រាប់​កាំភ្លើង និង​គ្រាប់​ផ្លោង​របស់​ប្រទេស​ថៃ ក្រោយ​ការ​វាយ​ប្រហារ​មក​លើ​​កម្ពុជា​បន្ត​កើន​​ឡើ​ង​កម្ដៅ។

​អ្នកនៅតាមតំបន់គោលដៅវាយប្រហាររបស់ថៃ នៅក្នុង​តំបន់​ថ្មដា ខេត្ត​ពោធិ៍​សាត់ ស្រុក​កំរៀង និង​សំពៅ​លូន ខេត្ត​បាត់​ដំបង និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​អា​ជ្ញាធរ​​ខេត្ត​ប្រកា​​ស​ឱ្យ​ជ​ម្លៀស​ខ្លួន​ជា​បន្ត​បន្ទាប់​ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ខណៈ​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត​ក្នុ​ង​ភូមិ​ព្រៃ​ចាន់ ខេត្ត​​​ប​ន្ទាយមា​ន​ជ័យ ខេត្តឧ​ត្តរ​មាន​ជ័យ និង​ព្រះ​វិហារ ត្រូវ​បាន​ជម្លៀស​តាំង​ពី​ម្សិល​ម៉ិញ។ ចំណែក​​​ខេត្តប៉ៃ​លិ​ន និ​​ង​កោះ​កុង មិន​មាន​ការ​ប្រកាស​ណា​មួយ​ចេញ​ពី​រដ្ឋបាល​ខេត្ត​នៅ​ឡើយ​ទេ។ 

តាមរបាយការណ៍ក្រសួងការពារជាតិ គិតត្រឹមម៉ោង​១១​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៩ ខែ​ធ្នូ កម្ពុជា​មាន​​ជន​ភៀ​ស​សឹ​ក​​ចំនួ​ន ៥ម៉ឺន ៤ពាន់ ៥៥០នាក់ (៥៤ ៥៥០នាក់​) ស្មើ​នឹង​ជាង ១ម៉ឺន ៦ពាន់​គ្រួសារ (១៦ ៥៦៨គ្រួសារ​) ម​​ក​​ពី​ខេ​​ត្តចំនួន​បី គឺ​ព្រះ​វិហារ ឧត្តរ​មាន​ជ័យ និង​បន្ទាយ​មាន​ជ័យ ​ខណៈ​ពលរដ្ឋ​ចំនួន​ពីរ​ខេត្ត​ទៀត គឺ​​បា​ត់​ដំ​បង និ​​ង​ពោធិ៍​សាត់ ពុំ​ទាន់​មាន​តួលេខ​នៅ​ឡើយ។

ការវាយប្រហាររបស់ថៃមកលើកម្ពុជានៅពេលនេះ មាន​ទំហំ​ធំ​ជាង​ការ​វាយ​ប្រហារ​កាល​ពី​ខែ​កក្កដា កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​កំណើន​អ្នក​ភៀស​ខ្លួន​កើន​ឡើង​ ណែន​ណាន់​តាន់​តាប់​ពេញ​ជំរុំ រហូត​មិន​អា​​ច​​រក​​ក​ន្លែ​ងសម្រាក​បាន។

ពល​រដ្ឋភូមិ​ព្រៃចាន់ លោក ស្រី ទាវ ប្រាប់​វីអូឌី​ថា យប់​ម៉ិញ​លោក​ក្រាល​តង់​ដេក​លើ​ដី​មុខ​វត្ត​ចាន់​ស៊ី ព្រោះ​​ជំ​រុំ​មួ​​យ​នេះ​ពេញទ​ទួល​មនុស្ស​ទៀត​លែង​បាន។ អម​ជាមួយ​ស្នូរ​គោយន្ត​សន្ធឹក លោក​ប្រាប់​ថា កំពុ​​ង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មង្គល​បុរី ដែល​មាន​ចម្ងាយ​ជាង​៣០​គីឡូ​ម៉ែត្រ​ទៀត ដើម្បី​ស្វែង​រក​ជំរុំ​ថ្មី។

លោក ស្រី ទាវ និយាយ​ថា៖ «រត់ចេញអស់ហើយ ខ្ញុំ​រត់​ធ្លាយ​ដល់​ស្វាយ។ វត្ត​ចាន់​ស៊ី​ក៏​ពេញ​អស់ ឥឡូវ​​​គេ​ឱ្យ​​មង្គ​​ល​បុរី​ទៀត។ វា (ថៃ) ផ្លោង​ខ្ទេច​ខ្ទី​ទៀត​អស់​ហើយ​ បាញ់​ខ្ទេច​ខ្ទី​អស់​ហើយ»។

​លោក ស្រី ទាវ ជាពលរដ្ឋម្នាក់ ក្នុងចំណោម​ពលរ​ដ្ឋភូមិ​ព្រៃ​ចាន់​រាប់​រយ​នាក់​ផ្សេង​ទៀត​ ដែល​ភៀ​​ស​ខ្លួ​​ន​​ជា​លើក​ទីពីរ ក្រោយ​យោធា​ថៃ​បើក​ការ​វាយ​ប្រហារ​កាល​ពី​ខែ​វិច្ឆិកា​ម្ដង និង​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​ធ្នូ នេះ​​ម្ដង​ទៀត។ លោក​នៅ​ភ័យ​មិន​ទាន់​បាត់​ នូវ​ទិដ្ឋភាព​ថៃ​យក​រថក្រោះ​បាញ់​ចូល​ភូមិ​កាល​ពី​ថ្ងៃ​​ម្សិល​ម៉ិញ ដែល​​​ធ្វើ​ឱ្យ​លោក​ជញ្ជូន​ចាន​ឆ្នាំង​មិន​ទាន់ ​រត់​មក​ត្រឹម​ខោអាវ​ពីរ​បី​កំភ្លេ​ប៉ុណ្ណោះ។

ចំណែក ជំរុំ​ភៀសខ្លួនខេត្តព្រះវិហារ ក៏ត្រូវបានរាយការណ៍ថាពេញ​ដូច​គ្នា​ ដែល​ធ្វើ​ឱ្យ​​ពលរដ្ឋ​​​នៅ​​តំបន់​ជាំ​តែ ស្រុក​ជាំក្សាន្ត អ្នក​ស្រី ហ៊ុន ភឿត ត្រូវ​ភៀស​ទៅស្រុ​ក​ស្រី​ស្នំ ខេត្ត​សៀម​រាប។ អ្នក​ស្រី​​​ឱ្យ​​ដឹង​​ថា ព្រឹក​នេះមា​ន​ការ​ចែក​អង្ករ និង​ម្ហូប​ តែ​គ្រួសារ​អ្នក​ស្រី​ខ្វះ​តង់​​សម្រាក។

អ្នកស្រី ហ៊ុន ភឿត និយាយ​ថា៖ «តង់​ទិញ​គេ សុំ​គេ​ព្រឹក​ម៉ិញ​បាន​មួយ​តែ​គេ​មិន​ទាន់​បាន​ចែក»។

នេះជាថ្ងៃទី៣ នៃការវាយប្រហាររបស់យោធាថៃម​ក​លើប្រទេស​កម្ពុជា គិត​ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដោយ​ថៃ​បាន​បង្កើន​គោល​ដៅ និង​ទំហំវា​យ​ប្រហារ​កាន់​តែ​ធំ​ទៅៗ តាម​រយៈ​កា​​រ​ប្រើ​ប្រាស់​​សព្វា​​វុ​ធ​​ធុន​ធំ​​ទំនើបៗ ដូច​ជា​យន្ត​ហោះ​ចម្បាំង F-16 កាំភ្លើង​ត្បាល់​៦០ កាំភ្លើង​ធំ​១០៥​មម ១០៦​មម ១៥៥​​មម រ​ថគ្រោះ​បាញ់​បុក និង​ដ្រូន។

លើសពីការភៀសខ្លួនជាង៥ម៉ឺន​នាក់ ការ​វាយ​ប្រហារ​របស់​ថៃ គិត​ត្រឹម​ម៉ោង​១១ ថ្ងៃ​អង្គារ​នេះ បាន​​សម្លាប់​ពលរដ្ឋ​ខ្មែរ ៧​នាក់ និង​របួស​២០​នាក់។ សាលា​​រៀ​ន​ក្នុង​ក្រុង​ស្រុក​ចំនួន​១៣ នៃ​ខេត្ត​ចំនួ​ន៥ ត្រូវ​​បា​​ន​​ប្រកាស​ឱ្យ​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​សិស្ស​ជិត ១៣​ម៉ឺន​នាក់ (១២៩ ១០៦) មិន​បា​​នរៀ​ន​​សូត្រ។

ទោះយ៉ាងណា ទំហំជនភៀសសឹកត្រូវបានសង្គមស៊ីវិល ប៉ាន់​ស្មាន​ថា អាច​នឹង​មាន​កា​រ​កើន​ឡើង​​បន្ត​​ទៀ​ត ក្រោយ​នាយករដ្ឋ​មន្ត្រី​ថៃ លោក អានុធីន ឆាន់វីរៈគូន បាន​បញ្ជាក់​ជំ​ហរ​ប្រាប់​អ្នក​​សារព័​ត៌​មាន​នៅ​​រសៀល​ថ្ងៃទី​៩ ខែធ្នូ​នេះ​ថា នឹង​កម្ទេច​កម្ពុជា ឱ្យ​​ដល់​ទី​ចុង​ក្រោយ​​បំផុត ​និង​​អស់​​លទ្ធភាព ព្រោះ​​ស​ង្គ្រា​​ម​​នេះ បញ្ឈប់​​លែង​​បាន​​ហើយ។

មន្ត្រី​សិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ិន គង់​ជិត​ ស​ង្កេត​ឃើញ​សភាព​ការណ៍​ប្រែ​ប្រួល​ឆាប់​រហ័ស ខណៈ​មក​ទល់​ពេល​នេះ ជំរុំ​ភៀស​សឹក​ជាច្រើ​​​នពេញ​​ណែ​ន ​ហៀរ​ទៅដ​ល់​ស្រុក​មង្គល​បុរី។ លោក​អំពាវ​នាវ​អាជ្ញា​ធរ​បង្កើន​ការ​ជូន​ដំ​ណឹង​ឱ្យ​​បា​នរ​ហ័​​ស​​​​ទៅ​កាន់​​ព​ល​រដ្ឋ និង​រៀប​ចំ​ជំរុំ​ភៀស​សឹក​ឱ្យ​បាន​ច្រើន​ ពិសេស​តំបន់​ដែល​មា​​នប្រភព​ទឹ​​ក​ប្រើ​ប្រា​ស់ ត្រៀ​​មទទួ​ល​​ស​ង្គ្រោះ​ពួក​គាត់។

លោក អ៊ិន គង់ជិត ថ្លែង​ថា៖ «មួយ​ទៀត គឺ​បើក​ចំហ​ឲ្យ​​មា​នស​ប្បុរស​ជន​ចូល​ទៅ​​ផ្ដល់​ជំនួយ​ឲ្យ​បា​​នទា​ន់​​ពេ​ល​​វេ​លា ហើយ​​ត្រូវ​ផ្សព្វ​ផ្សាយ​ផ្ដល់​ដំណឹង​ដល់​សប្បុរស​ជន​នានា ដើម្បី​ឲ្យ​គាត់​ដឹង ឲ្យ​គាត់​ចូ​​ល​រួម​ដើ​ម្បី​ជួ​យ​គាំពារ ជួយ​ឧបត្ថម្ភ​នៅ​ក្នុង​កិច្ច​ការងា​រ​ហ្នឹង»។

ក្នុងលក្ខខណ្ឌ​អាកាស​ធាតុ​កំពុង​ចុះ​ត្រជាក់ តម្រូវ​ការ​សម្លៀក​បំពាក់ និង​ភួយ​មុង គឺ​សំខាន់​​បន្ទាប់​​​ពី​តម្រូ​​វ​កា​រ​​ស្បៀង​​អាហារ ខណៈ​មនុស្ស​ចាស់ កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ក៏​មាន​ចំនួន​ច្រើន ទាម​​ទារ​ឱ្យ​​មា​​នការ​ផ្គត់​ផ្គង់​ថ្នាំ​សង្កូវ ម្សៅ​ទឹក​ដោះ​គោ និង​ទី​សម្រាក​ឱ្យ​បាន​សមរម្យ និង​មាន​អនាម័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ