រដ្ឋាភិបាលកម្ពុជា អំពាវនាវដល់កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសខេត្តដែលរងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ។
នៅម៉ោងជាង ១១យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានកើតឡើង នៅភាគខាងកើតខេត្តអាម៉ូរី (Amori) ដែលធ្វើឱ្យមានការរញ្ជួយខ្លាំងនៅខេត្តនេះ និងនៅ Hokkaido និងខេត្ត Iwate។ បន្ថែមពីនេះ អាជ្ញាធរជប៉ុនក៏បានប្រកាសអាសន្នអំពីលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិ នៅស្រុកមួយចំនួនក្នុងខេត្តទាំងនោះដែរ។ នេះបើតាមសេចក្តីជូនដំនឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែធ្នូ។
ករណីនេះ ក្រសួងការងារកម្ពុជា បានអំពាវនាវដល់កម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់«សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន»។
ក្នុងករណីដែលទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានពីកម្មសិក្សាការី-ពលករជំនាញដែលផលប៉ះពាល់ សូមទាក់ទងទៅកាន់អនុព័ន្ធការងារ តាមរយៈលេខ ០៨០ ៣៣៦២ ៦១៦៨ ឬស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន តាមលេខ ០៨០ ៤៦៨៩ ៩៣៧៤ ឬនាយកដ្ឋានមុខរបរនិងហត្ថពលកម្មនៃក្រសួងការងារ លេខ ៨៥៥ ៨៩ ៩៥៧ ៧៩៨។
ជាមួយគ្នានេះដែរ ក្រសួងការងារ ក៏បាននិងកំពុងតាមដានស្ថានការណ៍វិវត្តន៍នៃករណីនេះ ដោយធ្វើការជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅកន្លែងសុវត្ថិភាព៕









