ក្រសួងមហាផ្ទៃ ឱ្យដឹងថា អំពើឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជាជាថ្មីទៀតនេះ បានប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះជនស៊ីវិលខ្មែរចំនួន៧នាក់ស្លាប់ ២០នាក់របួស ជាង២ម៉ឺននាក់ត្រូវភៀសសឹក ជនជាប់ឃុំជាង១ពាន់នាក់ត្រូវជម្លៀសចេញដើម្បីសុវត្ថិភាព វត្តអារាម សម្បត្តិវប្បធម៌បេតិកភណ្ឌមនុស្សជាតិ រងការបំផ្លាញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូនេះ បានលើកឡើងថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យពលរដ្ឋខ្មែរនៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សរុបចំនួន ៧នាក់ស្លាប់ និងប្រមាណ ២០នាក់រងរបួស។
ចំណែកករណីភៀសសឹកវិញ មានពលរដ្ឋជាង២ម៉ឺននាក់(២១ ២១៩នាក់) បានជម្លៀសចេញទៅកាន់តំបន់សុវត្ថិភាព និងតាមផ្ទះសម្បែងសាច់ញាតិ។ ផ្ទះសំបែងពលរដ្ឋខ្មែរ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវសាធារណៈត្រូវបំផ្លាញជាច្រើនកន្លែងដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ F16 របស់ថៃ។
បើតាមក្រសួង មានសាលារៀនដល់ទៅ ២៣៨ លើ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ បានបិទ និងផ្អាកការសិក្សាទាំងស្រុង ខណៈសាលារៀននៅក្នុងក្រុង និងស្រុកជាប់ព្រំដែនក្នុងខេត្តព្រះវិហារ និងបន្ទាយមានជ័យ ស្ទើរទាំងស្រុងក៏ត្រូវបានបិទ និងផ្អាកជាបណ្តោះអាសន្នដែរ បន្ទាប់ពីកុមារតូចៗរាប់ពាន់នាក់ បានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាមួយក្រុមគ្រួសារ។
ក្រៅពីនោះ ជនជាប់ឃុំ សរុបជាង១ពាន់នាក់( ១ ០៦៦) នៅពន្ធនាគារខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅឃុំនៅពន្ធនាគារខេត្តសៀមរាបជំនួសវិញ ដើម្បីគេចចេញ ពីការទម្លាក់គ្រាប់ និងគ្រាប់ផ្លោងរបស់ថៃ ។
បើតាមក្រសួងមហាផ្ទៃ៖ «ក្នុងប្រតិបត្តិការឈ្លានពានដែនអធិបតេយ្យកម្ពុជា មកដល់ថ្ងៃនេះ កម្លាំងយោធាថៃបានបាញ់ផ្លោងគ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទ ចូលមកកាន់ភូមិឋានប្រជាពលរដ្ឋ ដែលមានចម្ងាយដល់ទៅជិត៣០គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែន។ នេះនៅមិនទាន់គិតដល់ផលវិបាកនៃផ្សែងពុលដ៏អាក្រក់ ដែលថៃបន្តប្រើប្រាស់ជាថ្មីទៀត ដោយគ្មានសតិសម្បជញ្ញៈមកលើដែនអធិបតេយ្យកម្ពុជា»។
ក្រសួងក៏បានទទូចដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ មានចំណាត់ការ ចំពោះឧក្រិដ្ឋកម្មដ៏ ព្រៃផ្សៃរបស់ថៃ ដែលថាទង្វើរបស់ថៃបានបំពាន់យ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងធម្មនុញ្ញអាស៊ានជាដើម។
ជាមួយគ្នានោះ កម្ពុជា ក៏ទាមទារឱ្យភាគីថៃបញ្ឈប់អំពើដ៏អាក្រក់នេះជាបន្ទាន់ និងងាកមកអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលរួមជាសាក្សី៕









