កម្ពុជា អះអាងថា យោធាថៃបានបាញ់ផ្លោងស្ទើរពេញមួយយប់ និងបាញ់ផ្សែងពុល ចូលទីតាំងភូមិសាស្ត្រ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយចាត់ទុកថា ជាទង្វើឈ្លានពានរំលោភលើបទឈប់បាញ់ ខណៈការបាញ់ផ្លោងលើទីតាំងផ្សេងទៀត ធ្វើឱ្យជនស៊ីវិលខ្មែរ ៧នាក់ស្លាប់ និង២០នាក់រងរបួស។
ក្រសួងនិយាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា យោធាថៃបានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឥតដាច់ស្ទើរពេញមួយយប់ នៅយប់ម៉ិញនេះ។
លើសពីនេះ យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ និងប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មីលីម៉ែត្រ មកលើទីតាំងអូរភ្លុកដំរី ។
ទង្វើរបស់យោធាថៃនេះ កម្ពុជាចាត់ទុកថា ថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មី មកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។
លើសពីនេះ កម្ពុជា ជំរុញឱ្យភាគីថៃ វិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន។
បើតាមប្រភពខាងលើ ការបើកការបាញ់ប្រហារពីសំណាក់យោធាថៃ បានបង្កឱ្យជនស៊ីវិលកម្ពុជាស្លាប់ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមវេលាម៉ោង៦ព្រឹកនេះ ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និង២០នាក់ រងរបួស៕









