ក្រុមអ្នកតស៊ូមតិ(CAT)ថាលោក ហ៊ុន សែន ធ្វើ​វិទ្ធង្ស​នា​ប្រឆាំង​រប​បប្រជា​ធិប​តេយ្យ សេរី ពហុ​បក្សដើម្បី​ក្តោប​អំណាច

ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់​ថា​ (CAT) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​វិភាគ​ថ្មី​មួយ រក​ឃើញ​ថា មេដឹកនាំ​គណបក្ស​ប្រជាជន​ក​ម្ពុជា លោក ហ៊ុន សែន ដើម្បី​តែ​ចង់​ក្តោប​អំណាច​ បាន​រំលោភ​លើច្បា​ប់​គណបក្ស​នយោបាយ​ចំណុច ២ និង ៣ នៃ​មាត្រា ៦ថ្មី (ពីរ) ដែល​ចែង​ថា មិន​ត្រូវ​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជា​ធិប​តេយ្យ សេរី ពហុបក្ស និង​ធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់​សន្តិសុខ​ជាតិ​ជាដើម។

សេចក្តី​វិភាគ ពី​ទីក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ត្រាលី ចុះ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៥ មាន​កម្រាស​៦ទំព័រ​ (CAT) បាន​​កត់​​សម្គាល់​ថា ប្រព័ន្ធ​តុល្យ​ការ​អំណាច​ដែល​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​ការ​ប្រើ​ប្រាស់​អំណាច​រប​ស់​រដ្ឋ ត្រូវ​បាន​រដ្ឋាភិបាល​ដែល​ដឹក​នាំ​គណប​ក្ស​ប្រជាជន​កម្ពុ​ជា​បំផ្លាញ​ចោល​ទាំង​ស្រុង តាម​រយៈ​ការ​ច្របា​ច់​​បញ្ចូល​គ្នា​រវាង​សកម្ម​ភាព និង​គោល​នយោបា​យ​របស់​គណបក្ស និង​របស់​រដ្ឋ​តែ​មួយ ដែល​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​ក្រី​ក្រ និង​បាត់​បង់​កិត្តិ​យស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជា​តិ​ខ្មែរ​ក្នុង​ឆាក​ជាតិ តំបន់ និងអន្តរ​ជាតិ ។

លើសពីនេះ ស្ថាប័ន​នីតិប្បញ្ញតិ ប្រព័ន្ធតុលាការ និងស្ថាប័នព្រះមហាក្សត្រ ដែល​ប្រជាព​លរដ្ឋ​ខ្មែរ​គោរព​ និង​ស្រឡាញ់ ត្រូវ​បាន​លោក ហ៊ុន សែន ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោ​បាយ សម្រាប់​តាក់​តែង អនុ​ម័ត និង​ដាក់​ទោស​ពលរ​ដ្ឋ​ដែល​មាន​គំនិ​តផ្ទុយ និង​រិះ​គន់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​ជា​ឧបករណ៍​នយោ​បាយ ដើម្បី​ជួយ​សម្រួល​ដល់​ការ​គ្រប់​គ្រង​អំណាច​របស់​លោក ហ៊ុន ម៉ាណែត។

បើតាម(CAT) គណបក្សនេះ គឺជាផ្នែកមួយនៃបក្សកម្មុយនីស​ឥណ្ឌូចិន​ ក្រោម​ការ​ផ្ចុង​ផ្តើម​ បង្កើត​ ជ្រោម​ជ្រែង ការ​ពារ និង​គ្រប់​គ្រង​ជា​យុទ្ធ​សាស្ត្រ​ដោយ​គណបក្ស​កម្មុយ​នីស្ត​​​វៀត​ណាម ចាប់​តាំ​ង​ពី​ឆ្នាំ​១៩៥១ ពោល​គឺ តាំង​ពី​មុន​កម្ពុជា​​ទទួល​បាន​ឯករាជ្យ​ពី​អាណា​និគម​និយ​ម​បារាំង​ នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។

នៅសម័យខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៩ គណបក្សកម្មុយ​នីស​ខ្មែរ​ ដែល​បាន​បង្កើត​ដោយ​គណបក្ស​កម្មុយ​​នីស្ត​វៀត​ណាម ក៏​បាន​ក្លាយ​ខ្លួន​ជា​គណបក្ស​ប្រជាជ​ន​កម្ពុជា និង​បាន​បញ្ចូល​ខ្លួន​ក្រោម​វិសាល​ភាព​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ជាធរមាន​របស់​កម្ពុជា រហូត​ដល់​បច្ចុប្បន្ន ដូច​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ដែរ។ ដោយ​មាន​ការ​គាំទ្រ​ពី​វៀត​ណាម គណបក្ស​នេះ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​រៀង​រាល់​៥ឆ្នាំ​ម្តង និង​នៅ​តែ​ជា​អាយ៉ង និង​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​កម្មុយ​នីស្ត​វៀត​ណាម​។

(CAT)​ បន្ត​ថា ដូច្នេះ​ដើម្បី​ឱ្យ​គណបក្ស​នេះ អាច​ក្តោប​ក្តាប់​អំណាច និង​រក្សា​ផល​ប្រយោជន៍​បាន​យូរអង្វែង ពួក​គេ​បែង​ចែក​ផល​ប្រយោជន៍​ដល់​សមាជិក​បក្ស​របស់​ពួក​គេ តាម​រយៈ​ការ​បង្កើត​ក្រសួង/ស្ថាប័ន និង​ពង្រីក​តួនាទី​បន្ថែម​ ក្នុង​ស្ថាប័ន​រដ្ឋ​ ក្រោយ​ការ​បោះ​ឆ្នោត​ម្តងៗ ដើម្បី​ឱ្យ​សមាជិក​បក្ស​ម្នាក់ៗ ទទួល​បាន​តួនាទី និង​អាច​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ និង​មន្ត្រី​រាជ​ការ ដើម្បី​បម្រើ​ដល់​ភាព​មាន​បាន​រប​ស់​ក្រុម​គ្រួសារ​គេ។

ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅថា (CAT) បានគូសបញ្ជាក់ថាជារួម គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ប្រាស់​គ្រប់​ទម្រង់​​សកម្ម​ភាព រួម​ទាំង​ការ​បង្ខំ​ដោយ​ផ្ទាល់ និ​ងប្រ​យោល​ឱ្យម​ន្ត្រីរា​ជកា​រ​នៅ​គ្រប់​ក្រសួង/​ស្ថាប័ន មន្ទីរ ការិយា​ល័យ ដែល​ស្ថិត​នៅ​គ្រប់​ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ខេត្ត/ក្រុង រប​ស់រ​ដ្ឋ ដើម្បី​បម្រើ​ផល​ប្រយោជន៍ និង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាពិសេស​ក្រុម​គ្រួសារ​របស់​ លោក ហ៊ុន សែន តែ​ម្តង។

ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ និង​ចាត់​ទុក​ថា សកម្ម​ភាព​ទាំង​នេះ គឺ​ជា​ការ​ជ្រៀត​ជ្រែក ការ​កិប​កេង​ផល​ប្រយោជន៍​ជាតិ ដើម្បី​បម្រើ​បេសកកម្ម​របស់​គណបក្ស​ប្រ​ជាជ​ន​កម្ពុជា និង​ជា​សកម្មភាព​ខុស​ច្បាប់។

សកម្មភាព​ទាំង​នោះ ពិសេស​ការ​ចង​ក្រង​រចនា​សម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ស្ថាប័នរដ្ឋ មានក្រសួង មន្ទីរ ការិ​យា​ល័យ ស្ថិតនៅគ្រប់​ខេត្ត/ក្រុង ស្រុក/ខណ្ឌ គឺ​ផ្ទុយ​ទាំង​រដ្ឋ​ធម្មនុញ្ញ​មាត្រា​៣៧ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរា​ជ​ការ​ស៊ីវិល និង​ពិសេស​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ចំណុច ២ និង ៣ នៃ​មាត្រា ៦​ថ្មី (ពីរ) ដែល​ចែង​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​អបគមន៍​ ដែល​​​នាំ​ឲ្យ​អន្ត​រាយ​ដល់​ឯកភាព​ជាតិ និង​បូរណ​ភាព​ទឹក​ដី។

មិន​ត្រូវធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជា​ធិប​តេយ្យ សេរី ពហុបក្ស និង​របប​រាជា​និយម​ និង​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។

ក្រោមហេតុផលនេះ «ក្រុមអ្នកតស៊ូមតិកម្ពុជា សន្និដ្ឋានថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​វិទ្ធង្សនា​មិនឲ្យ​មាន​ឯករាជ្យ​ភាព​នៃ​មន្ត្រី​រាជ​ការ​ស៊ីវិល យោធា និង​កង​កម្លាំង​ប្រដាប់​អាវុធ ដូច​មាន​ចែង​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​ស្តី​ពីគ​ណបក្ស​នយោបាយ​ទេ ដោយ​បាន​ចង​ក្រង និង​ដាក់​កាតព្វ​កិច្ច​ដល់​មន្ត្រី​រាជ​ការ គ្រូបង្រៀន ពេទ្យ កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ​ទាំង​អស់​របស់​រដ្ឋ ឱ្យ​ក្លាយ​ជា​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​បម្រើ​ផល​ប្រយោជន៍​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ដែ​ល​ជា​នីតិបុគ្គល​ឯកជន និ​ងអា​យ៉ង​របស់​បរទេស។ ការ​ធ្វើ​សកម្មភាព​ទាំង​នេះ បាន​នាំ​ឱ្យ​បែក​បាក់​ឯកភា​ព​ជាតិ និង​ជាស​កម្មភា​ពអ​បគមន៍ មិន​អនុញ្ញាត​ឱ្យ​មាន​ស្ថាប័ន​ជាតិ បម្រើ​ផល​ប្រយោជន៍​ជាតិ ស្រប​តាម​ច្បាប់»

 លើសពីនេះ (CAT)​ថា សកម្ម​ភាព​នេះ ប្រឆាំង​នឹង​របប​ប្រជា​ធិប​តេយ្យ​ដែល​មាន​ប្រជា​ពលរដ្ឋ​ ជា​ម្ចាស់អំណាច ហើយ​បែរ​ជា​គណបក្ស​ប្រជាជន​បាន​ធ្វើ​អបគមន៍​បិទ​ច្រក​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ ក្នុង​ការ​អនុវត្ត និង​បំពេញ​ភារកិច្ច ស្រប​តាម​តួនាទី​ជា​មន្ត្រី​អព្យា​ក្រឹត្យ និង​ឯករាជ្យ។ ហើយ​ថា សកម្ម​ភាព​របស់​គណបក្ស​ប្រជាជន ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ​តាម​ចំណុច​៣ នៃមា​ត្រា ៦ថ្មី​(ពីរ) នៃច្បាប់​ស្តី​ពី​គណបក្សនយោ​បាយ ដោយ​លូក​លាន់ ឬ​ជ្រៀត​ជ្រែក​ដោយ​ផ្ទាល់​ដល់​ការ​ងារ​របស់​ជាតិ ដើម្បី​ផល​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ និយាយ​ថា លោក​គ្មាន​ភាព​ចាំបាច់​នឹង​ឆ្លើ​យ​តប នឹង​ក្រុម​ទុទិដ្ឋិនិយម​អស់នេះ​ទេ។

លោកថា៖ «យើង​ចង់​សម្រួល​គោល​ដៅ​រួម​ប្រឆាំង​សត្រូវ​ឈ្លាន​ពាន ជាជាង​ឆ្លើយ​តប​រឿង​អត់​បាន​ការ​នេះ»។

​​​សម្រាប់​ អ្នក​​នាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់​ឃើញ​​ថា ការ​រក​​ឃើញ​​រប​​ស់​​CAT​នេះ បើ​មើល​ទៅ​ការ​អនុវត្ត​នៅ​កម្ពុជា​នៅ​តែ​មាន​បញ្ហា ដោយ​លោក​ថា ការ​អនុ​វត្ត​ច្បាប់​​​នៅ​​កម្ពុ​ជា​ គឺ​​តា​​ម​បែប​ស្ដង់​ដាពីរ មាន​ប្រព័ន្ធ​នីតិ​រដ្ឋ​ខ្សោយ អំពើ​ពុក​រលួយ​នៅ​តែ​​​ជា​បញ្ហា​ចាក់​ស្រែះ។

លើសពីនេះ លោក​ថា ​កម្ពុជា​​ត្រូវ​បា​នសហគមន៍ជាតិ និងអន្តរជាតិ តែង​តែ​រិះ​គន់​ជា​រឿយៗ​រឿង ទាក់​ទង​កា​​របញ្ហា​សិទ្ធិ​​មនុស្ស និង​បញ្ហា​​លំ​​ហ​សេ​រីភា​ពបញ្ចេញមតិ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ។

យ៉ាងណា លោក មករា ផ្តល់ជាយោបល់ថា ដើម្បី​លាង​ជម្រះ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ រដ្ឋាភិ​បា​ល​កម្ពុ​​​​ជា គួរ​តែ​ងា​ក​ម​ក​ពង្រឹង​នៅនី​តិ​រដ្ឋ អនុវត្ត​ច្បាប់​កម្ពុជា​មក​ជា​ស្ដង់​ដារ​តែមួយ លុប​បំបាត់​​​នៅ​​​​អំពើ​ពុក​រលួយ បក្ស​ពួក​និយម និង​ជាពិសេស​អ្វី​ដែល​ប្រទេស​ប្រជា​ធិប​តេយ្យ​គួរ​ធ្វើ​ គឺ​ត្រូវ​បើក​លំ​​ហ​​លទ្ធិ​ប្រជា​ធិប​តេយ្យ ដោយ​សេរី​ឡើង​វិញ។

លោកថា៖ «បញ្ហានីតិរដ្ឋពិសេស គឺដំណើរការនៃប្រព័ន្ធច្បាប់​ប្រទេស​មួយៗ​ដាក់​នៅ​ក្នុង​នោះ ក៏​មាន​ប្រតិ​កម្ម​ដែរ ដែល​អង្គ​ការ​world justice project បាន​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​នីតិរដ្ឋ​ទន់​ខ្សោយ​ចាប់​តាំង​ពី​លើ​ដល់​ថ្នា​ក់​ក្រោម​ហ្នឹង វា​ហាក់​បី​ដូច​ជា​អ្នក​ដែល​មាន​អំណាច​កំពុង​តែ​អនុវត្ត​ស្តង់​ដារ​ពីរ ចំពោះ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ ជា​ទិដ្ឋ​ភាព​មួយ​ទៀត យើង​មើល​របាយ​ការណ៍​អំពី​ពាក់​ព័ន្ធ​ទៅ​នឹង​គេហៅ​ថា​ លំហ​សិទ្ធិ​សេរីភាព​ក្នុង​ផ្នែក​នយោ​បាយ ដូច​ជា សិទ្ធិ​សារ​ព័ត៌​មាន​ សិទ្ធិ​ក្នុង​ការ​ចូល​រួម​ស្ថាន​ភាព​នយោបា​យ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ទូទៅអ៊ីចឹង​យើង​ឃើញ​ថា បញ្ហា​នៅ​ពេល​ដែល​ពលរដ្ឋទូទៅ​ ឬ​ក៏​អ្នក​ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោ​បាយ​សកម្ម​ជន​នយោ​បាយ ដែល​តែង​តែ​រិះ​គន់​លើ​ភាព​អសកម្ម​នៃ​ការ​អនុវត្ត​របស់​​រដ្ឋាភិ​បាល តែង​តែ​មាន​បញ្ហា​តែង​តែ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ មួយ​វិញ​ទៀត បើ​បញ្ហាពា​ក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​អំពើ​ពុក​រលួយ ក៏​នៅ​តែ​ជា​បញ្ហា ​ហើយ​ជា​ការ​អនុវត្ត​ច្បាប់​មួយ​ដែល​ហៅ​ថា​មាន​ស្តង់​ដារ​ពីរ​ដែរ»។

ដោយឡែក ប្រធាន​​អង្គការ​​ប្រជាធិបតេយ្យ​​ខ្មែរ​ប្រចាំ​​​ប្រទេស​​​​​អូស្ត្រាលី លោក ស៊ឹង ​​សែន​​ករុណា ​​មើល​ឃើ​ញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ក្រោម​ដឹកនាំ​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន គឺ​កំពុង​ធ្វើ​ឡើង​តាម​​រយៈ​កា​រ​ប្រើ​​អំណាច​បំពាន​​​លើ​ច្បាប់ តែង​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន ស្ថាប័ន​សារ​ព័ត៌​មាន និង​អ្នក​នយោ​បាយ​​បក្សប្រ​ឆាំង ដែល​មាន​មតិ​ផ្ទុយ ដែល​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រំលោភ​លើច្បា​ប់​គណបក្ស​នយោបា​យ​ចំណុ​ច ២ និង ៣ នៃ​មាត្រា ៦ថ្មី ច្បាស់​ណាស់។

លោកបន្តថា  ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពាន​ពី​ប្រទេស​ជិត​ខាង រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​​​ងាក​ម​​ក​រួ​ប​រួម​ឯកភាព​ជាតិ​កម្ពុជា តាម​រយៈ​ការ​ដោះ​លែង​អ្នក​ទោស​នយោ​បាយ សកម្ម​ជន ដោយ​បើក​ឱកាស​ឱ្យ​ពួក​គេ​ បាន​​ចូល​រួម​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជាតិ ក្នុង​នាម​ជា​ប្រជាជាតិ​តែ​មួយ​ បង្ហាញ​ពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ ដើម្បី​​កម្ពុជា​ខ្លាំង​ជះ​ផុត​ពី​ការ​មើល​ងាយ​ពី​ប្រទេស​ដទៃ។

លោកថា៖ «បើយើងពិនិត្យអំពីការធ្វើវិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជា​ធិប​តេយ្យ គឺ​យើង​ឃើញ​ហើយ​តាំង​ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស មក​គណបក្ស​កាន់​អំណាច​នេះ គឺ​បាន​ធ្វើ​គ្រប់​រូប​ភាព​គ្រប់​មធ្យោ​បាយ​ដើម្បី​បំបែក​បំបាក់​ទិញ​ទឹក​ចិត្ត​គំរា​មកំហែង​សម្លាប់​អ្នក​សកម្ម​ជន​នយោបាយ​អី​ជាដើ​ម អ៊ីចឹ​ង​យើង​ឃើញ​ គណបក្ស​ដែល​ក្រោយ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​មក គឺ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ហ្នឹង កុំ​ចាត់​ស្ទើរ​តែ​សូន្យ​ទៅ​ហើយ »។

លោក ស៊ឹង សែនករុណា​ បន្ថែមថា៖ «ខ្ញុំមិនរំពឹងទៅ​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ទាំង​ស្រុង​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ទទូច​ពី​គ្រប់​ភាគី​ទាំង​អស់ គួរ​តែ​រក​វិធី​សាស្ត្របែ​ប​ណា ដើម្បី​ធ្វើ​ការ​ជជែក​គ្នា​ឡើង​វិញ ងាក​មក​គិត​នូវ​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ ការ​ពារ​ជាតិ ឲ្យ​បាន​ខ្លាំង​ក្លា នេះ​​​គឺ​ជា​ផ្ទៃក្នុង​របស់​ប្រទេស​យើង​គួរ​តែ​ចាប់​ផ្ដើម​ជជែក​គ្នា​ ហើយ​គោរព​ទៅ​តាម​គោល​ការណ៍​គ្រឹះ​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ»។

យ៉ាងណា ក្រុម​អ្នកតស៊ូមតិកម្ពុជា(CAT) ទាម​ទារ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​រាល់​សកម្ម​ភាព​រំលោភ​អំណាច​ និង​ផ្តាច់​រាល់​រចនា​សម្ព័ន្ធ​គណបក្ស​នយោបាយ​ទាំង​អស់ ចេញ​ពី​មន្ត្រី​រាជ​ការ​គ្រប់​ប្រភេទ​ ពិសេស​មន្ត្រី​តុលាការ និង​នគរបាល​យុត្តិ​ធម៌ ដើម្បី​ឱ្យ​ស្ថាប័ន​ជាតិ​ជា​ស្ថាប័ន​ឯករាជ្យ អព្យា​ក្រឹត្យ បម្រើផលប្រយោជន៍​ពលរដ្ឋ​គ្រប់​រូប គ្រប់​និន្នាការ​នយោ​បាយ អាច​បំពេញ​តួនាទី និង​អនុវត្ត​អំណាច​របស់​ខ្លួន​ ស្រប​តាម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​១៩៩៣ និង​បទ​ដ្ឋាន​​អន្តរ​ជាតិ ដែល​ថា មូល​ដ្ឋាន​គ្រឹះស​ម្រាប់​សន្តិភាព​ពិត​ប្រាកដ រឹង​មាំ សាមគ្គី​ជាតិ ឯកភាព​ជាតិ និង​មាន​អារ្យធម៌​រុងរឿង​ដូច​អារ្យ​ប្រទេស​នានា។ ប្រភពនោះថាក្រុមអ្នកតស៊ូមតិកម្ពុជា បន្តឃ្លាំ​មើលការដឹក​នាំជា​តិ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ក្នុងគោ​​លបំ​ណង​រាយ​ការណ៍ វាយ​តម្លៃ លើក​ជា​ទស្សនៈ និង​ផ្តល់​ជា​មតិ​ជូន​ជន​រួម​ជាតិ​ ដើម្បី​ធ្វើ​ការ​សម្រេច​មួយ​ដ៏​ត្រឹ​​មត្រូវ​បន្ត​ទៀត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ