មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃទី០៨ ខែធ្នូថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រំពឹងថា ប្រទេសកម្ពុជានិងថៃ នឹងប្តេជ្ញាចិត្ត‘‘គោរពទាំងស្រុង’’នូវបទឈប់បាញ់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីនៅតាមបណ្តោយព្រំដែន ដែលមានជម្លោះបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។
សារព័ត៌មានឆាណែលញូអេស៊ា(channelnewsasia) បានចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះថា មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ‘‘លោកប្រធានាធិបតី ត្រាំ ប្តេជ្ញាបន្តបញ្ឈប់អំពើហិង្សានិងរំពឹងថារដ្ឋាភិបាលប្រទេសកម្ពុជា និងថៃ គោរពទាំងស្រុងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។
ប្រទេសថៃ បាននិយាយថា យន្តហោះចម្បាំងរបស់ពួកគេ បានវាយប្រហារមកលើប្រទេសកម្ពុជា នៅថ្ងៃចន្ទ ក្នុងគោលបំណងប៉ុនប៉ងបំផ្លាញសមត្ថភាពយោធារបស់កម្ពុជា ខណៈការផ្ទុះឡើងវិញនៃអរិភាពនៅតាមព្រំដែនធ្វើឱ្យខូចខាតបទឈប់បាញ់ដ៏ផុយស្រួយ ដែលសម្របសម្រួលដោយ លោក ត្រាំ។
មន្ត្រីបាននិយាយថា ភាគីនីមួយៗបានធ្វើការស្តីបន្ទោសទៅភាគីម្ខាងទៀត ចំពោះការប៉ះទង្គិចដែលផ្ទុះនៅពេលយប់ ហើយកាន់តែខ្លាំងឡើងនៅពេលព្រឹកព្រលឹម និងរីករាលដាលដល់ទីតាំងជាច្រើនទៀត ដោយមានទាហានថៃម្នាក់ និងជនស៊ីវិលខ្មែរចំនួន៤នាក់បានស្លាប់។
ប្រភពនោះថា កម្ពុជាបានចោទប្រកាន់ថៃអំពីការឈ្លានពានដោយ‘‘អមនុស្សធម៌និងសាហាវឃោរឃៅ’’ ដោយកម្ពុជាសង្កត់ធ្ងន់ថាមិនបានធ្វើការសងសឹក ខណៈទីក្រុងបាងកកបាននិយាយថា ពួកគេបានវាយប្រហារលើអាកាសដែលមានគោលដៅលើយោធា បន្ទាប់ពីអ្នកជិតខាងរបស់ខ្លួនបានចល័តអាវុធធន់ធ្ងន់ និងដាក់ទីតាំងអង្គភាពប្រយុទ្ធឡើងវិញ។
ភាពតានតឹងនៅតែកើតមានតាំងពីខែមុន ដែលប្រទេសថៃបានផ្អាកអនុវត្តវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងនៅកិច្ចប្រជុំកំពូល ដោយមានវត្តមាន លោក ត្រាំ បន្ទាប់ពីយោធាថៃរងរបួសដោយគ្រាប់មីនដែលទីក្រុងបាងកកបាននិយាយថា ត្រូវបានដាក់ជាថ្មីដោយកម្ពុជា។
ប្រទេសកម្ពុជា បានបដិសេធថា មិនបានដាក់គ្រាប់មីននោះទេ ហើយប្រទេសថៃបាននិយាយថា នឹងមិនអនុវត្តលក្ខខណ្ឌបទឈប់បាញ់រហូតដល់ប្រទេសកម្ពុជាសុំទោស។
ប្រភពបន្ថែមថា លោកនាយករដ្ឋមន្ត្រីថៃ អនុធីន ឆានវីរៈគូន(Anutin Charnvirakul) បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ហើយនឹងមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា បាននិយាយថា កងកម្លាំងរបស់ពួកគេបានស្ថិតក្រោមការវាយប្រហារ ប៉ុន្តែបានប្តេជ្ញាចំពោះបទឈប់បាញ់ និងមិនសងសឹកតប។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា ‘‘ប្រទេសកម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងចំពោះការរំលោភបំពានរបស់ថៃ និងទាមទារឱ្យប្រទេសថៃ ទទួលខុសត្រូវពេញលេញចំពោះអំពើឈ្លានពានដ៏សាហាវនេះ។’’
លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គាត់តើរេស(Antonio Guterres) បានជំរុញឱ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់និងជៀសវាងការកើនឡើងបន្ថែមទៀត។ អ្នកនាំពាក្យរបស់លោក បានបន្ថែមថា ‘‘អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្ររាល់ការខំប្រឹងក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់”។
ប្រភពថា លោក ហ៊ុន សែន មេដឹកនាំដ៏យូរអង្វែងរបស់ប្រទេសកម្ពុជា ដែលជាឪពុកដ៏មានឥទ្ធិពលរបស់លោកហ៊ុន ម៉ាណែត បាននិយាយថា យោធារបស់ប្រទេសថៃកំពុងស្វែងរកបង្កការឆ្លើយតបសងសឹក។
លោកបាននិយាយនៅលើហ្វេសប៊ុកថា ‘‘កងកម្លាំងជួរមុខទាំងអស់ ត្រូវតែអត់ធ្មត់ ពីព្រោះពួកឈ្លានពានបានបាញ់អាវុធគ្រប់ប្រភេទ’’។
ប្រទេសថៃ បានជម្លៀសជនស៊ីវិលចំនួន ៤៣៨០០០នាក់ ឆ្លងកាត់ខេត្តជាប់ព្រំដែនចំនួន៥ ហើយអាជ្ញាធរប្រទេសកម្ពុជាបាននិយាយថា មនុស្សរាប់សែននាក់ ត្រូវបានផ្លាស់ទៅទីកន្លែងដែលមានសុវត្ថិភាព។ កងទ័ពថៃនិយាយថា ទាហានចំនួន ១៨នាក់រងរបួស ហើយរដ្ឋាភិបាលប្រទេសកម្ពុជា បានរាយការណ៍ថា ជនស៊ីវិលចំនួន៩នាក់បានរងរបួស។
ទូរទស្សន៍ក្នុងស្រុក បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា ការកកស្ទះរថយន្តដឹកទំនិញ រថយន្តនៅលើផ្លូវ និងទោចក្រយានយន្តនិងយានជំនិះកសិកម្ម កំពុងចាកចេញពីតំបន់ព្រំដែន។ វីដេអូសាក្សីដែលបានផ្ទៀងផ្ទាត់ បានបង្ហាញពីផ្សែងហុយឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ប្រទេសថៃ៕









