ក្រសួងវប្បធម៌កម្ពុជា ថ្កោលទោសចំពោះសកម្មភាពយោធាថៃ ដែលបានបាញ់បំផ្លាញទៅលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា ខណៈប្រាសាទព្រះវិហារក៏រងនូវការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ដោយសារការវាយប្រហាររបស់ថៃ ដែលការណ៍នេះ ក្រសួងបានស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការយូណេស្កូ និងសហគមន៍អន្តរជាតិ ជួយជំរុញទៅថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា សកម្មភាពរបស់យោធាថៃ ដែលបាញ់បំផ្លាញទៅលើប្រាសាទតាក្របី ជាទង្វើដ៏សាហាវ និងបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។
ប្រភពដដែល បន្តថា កិច្ចអន្តរាគមន៍របស់សហគមន៍ជាតិ និងអន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សមាគមអាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះថៃបាននិងកំពុងបន្តបាញ់ប្រហារដោយមិនញញើតមកលើគ្រប់ទីតាំង មិនថា ជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ក្នុងនោះ ប្រាសាទព្រះវិហារ ក៏ទទួលរងនូវការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបានខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទ។
ក្រសួងវប្បធម៌ នឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ ទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីទាមទារឱ្យថៃទទួលខុសត្រូវលើសកម្មភាពអសីលធម៌នេះ ចំពោះមុខច្បាប់អន្តរជាតិ ក៏ដូចជាកត់ត្រាទុកអំពើបំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។
ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ភាគខាងកើតប្រាសាទតាមាន់ធំ និងចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃភូមិបាក់ដៃ ខេត្តសុរិន ប្រទេសថៃ។
គួរបញ្ជាក់ថា យោធាថៃ បានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជាជាថ្មីទៀត ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃទី១០ ខែធ្នូនេះ ហើយការវាយប្រហាររបស់ថៃមកលើកម្ពុជានៅពេលនេះ មានទំហំធំជាងការវាយប្រហារកាលពីខែកក្កដា កន្លងទៅ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែធ្នូ អំពើឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជាជាថ្មីទៀតនេះ បានប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះជនស៊ីវិលខ្មែរចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ ២០នាក់រងរបួស ជាង២ម៉ឺននាក់ត្រូវភៀសសឹក ជនជាប់ឃុំជាង១ពាន់នាក់ត្រូវជម្លៀសចេញដើម្បីសុវត្ថិភាព ខណៈផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ សាលារៀន វត្តអារាម ផ្លូវថ្នល់ និងសម្បត្តិវប្បធម៌បេតិកភណ្ឌមនុស្សជាតិ រងការបំផ្លាញ៕









