ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ AKP បានផ្សព្វផ្សាយថា រដ្ឋាភិបាលកម្ពុជាកំពុងប្រមូលភស្តុតាង ដើម្បីប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្រោយយោធាថៃបង្កើនការវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំង។ ការសម្រេចប្ដឹងទៅ ICC នៅពេលនេះ ស្របពេលដែលតួលេខពលរដ្ឋខ្មែរដែលបាត់បង់ជីវិត និងរបួសដោយសារការបាញ់ប្រហាររបស់ថៃបន្តកើនឡើង មានទាំងមនុស្ស និងទារក។
ទីភ្នាក់ងារសារព័មានកម្ពុជា AKP នៅថ្ងៃទី១០ ខែធ្នូនេះ បានដកស្រង់ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ ដែលបានអះអាងថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រមូលភស្តុតាង ដើម្បីប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ បានបន្តថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធនេះ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ មានជនស៊ីវិលស្លាប់ ចំនួន ៩នាក់ ក្នុងនោះក៏មានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសកើនឡើងដល់ចំនួន ៤៦នាក់។
រយៈពេលបួនថ្ងៃនៃការបាញ់ប្រហាររបស់ថៃ បានជំរុញឱ្យពលរដ្ឋកម្ពុជាប្រមាណជាង ៣ម៉ឺន ៧ពាន់គ្រួសារភៀសខ្លួន ចេញពីខេត្តចំនួន៥ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ការបាញ់ប្រហារនេះ ធ្វើឡើងដោយយុទ្ធោបករណ៍ធុនធ្ងន់ទំនើបៗ និងបាញ់ដោយមិនរើសទីតាំង បណ្ដាលឱ្យប៉ះពាល់ដល់ពលរដ្ឋស៊ីវិលរាប់ម៉ឺននាក់៕









