ខណៈកងទ័ពថៃ នៅតែបើកការបាញ់ផ្លោង មកលើកម្ពុជា ឈានចូលដល់ថ្ងៃពុធនេះ មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន បានផ្ញើសារលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីប្រយុទ្ធនឹងសត្រូវឈ្លានពាន រួមទាំងជម្រើសនៃការផ្គត់ផ្គង់ស្បៀង។
លោក ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ខែធ្នូនេះថា លោកសូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។
ក្រៅពីនេះ លោកសូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន និងអរគុណ ចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន ដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។
យ៉ាងណា លោកថា លោកបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុកល្អជាងជួយជាមី។ សម្រាប់មេដឹកនាំរូបនេះ សំណូមពរនេះសមហេតុសមផល តែលោកយល់ថា ការផ្តល់ជាមីនៅតែបន្តជាមួយ និងការផ្តល់អំបុកបន្ថែម។
លោកសង្កត់ធ្ងន់ថា៖ «ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជន ជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ព ឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់ ១គីឡូ ឬ២គីឡូ សម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូនេះ បានលើកឡើងថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យពលរដ្ឋខ្មែរនៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សរុបចំនួន ៧នាក់ស្លាប់ និងប្រមាណ ២០នាក់រងរបួស។
ចំណែកករណីភៀសសឹកវិញ មានពលរដ្ឋជាង២ម៉ឺននាក់(២១ ២១៩) បានជម្លៀសចេញទៅកាន់តំបន់សុវត្ថិភាព និងតាមផ្ទះសម្បែងសាច់ញាតិ។ ផ្ទះសំបែងពលរដ្ឋខ្មែរ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវសាធារណៈត្រូវបំផ្លាញជាច្រើនកន្លែងដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ F16 របស់ថៃ។ បើតាមក្រសួង មានសាលារៀនដល់ទៅ ២៣៨ លើ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ បានបិទ និងផ្អាកការសិក្សាទាំងស្រុង ខណៈសាលារៀននៅក្នុងក្រុង និងស្រុកជាប់ព្រំដែនក្នុងខេត្តព្រះវិហារ និងបន្ទាយមានជ័យ ស្ទើរទាំងស្រុងក៏ត្រូវបានបិទ និងផ្អាកជាបណ្តោះអាសន្នដែរ បន្ទាប់ពីកុមារតូចៗរាប់ពាន់នាក់ បានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាមួយក្រុមគ្រួសារ។
ក្រៅពីនោះ ជនជាប់ឃុំ សរុបជាង១ពាន់នាក់( ១ ០៦៦) នៅពន្ធនាគារខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅឃុំនៅពន្ធនាគារខេត្តសៀមរាបជំនួសវិញ ដើម្បីគេចចេញ ពីការទម្លាក់គ្រាប់ និងគ្រាប់ផ្លោងរបស់ថៃ ។
បើតាមក្រសួងមហាផ្ទៃ «ក្នុងប្រតិបត្តិការឈ្លានពានដែនអធិបតេយ្យកម្ពុជា មកដល់ថ្ងៃនេះ កម្លាំងយោធាថៃបានបាញ់ផ្លោងគ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទ ចូលមកកាន់ភូមិឋានប្រជាពលរដ្ឋ ដែលមានចម្ងាយដល់ទៅជិត៣០គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែន។នេះនៅមិនទាន់គិតដល់ផលវិបាកនៃផ្សែងពុលដ៏អាក្រក់ ដែលថៃបន្តប្រើប្រាស់ជាថ្មីទៀត ដោយគ្មានសតិសម្បជញ្ញៈមកលើដែនអធិបតេយ្យកម្ពុជា»៕









