ថៃបន្ត​បាញ់ផ្លោងលើដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែងរួម​ទាំង​តំបន់​ប្រាសាទ

ក្រ​សួង​​ការ​​ពារ​​ជាតិ​​​កម្ពុ​ជា ប​ញ្ជាក់​ថា ​​គិត​មក​ដល់​ថ្ងៃ​​ទី​​១០​​ខែ​ធ្នូ​​​នេះ​ ​យោ​​ធា​ថៃ​នៅតែ​ព​ង្រីក​​ការ​ឈ្លាន​​ពាន​​កម្ពុជា ​ទាំង​កម្រោល​​រំលោភ​ច្បាប់​​អ​ន្តរ​​ជា​តិ​ និង​​កិច្ច​​ព្រម​​ព្រៀង​​នានា​​ ស្តី​ពី​​បទ​​ឈប់​​បាញ់។​ ការ​​ឈ្លាន​​​ពាន​​នេះ ​ថៃ​​​​​​នៅប​ន្ត​​​បាញ់​​ផ្លោង​​​ចូល​​​ដី​​ខ្មែរ​​ច្រើន​​កន្លែង ​​រួម​​ទាំង​​​តំ​បន់​​​ប្រា​​សាទ​​។ រីឯជន​​​ភៀស​​​សឹក​កើន​​ដល់​​ជាង​​២ម៉ឺន​​គ្រួសារ​ មាន​ស​​មាជិក​​ជា​ង​១០​ម៉ឺន​នាក់​ ​គិត​​ពី​​ថ្ងៃ​​ទី​​៧​ ដ​​ល់​​ថ្ងៃ​ទី​៩​ធ្នូនេះ​​។ តែ​ថា កងកម្លាំង​កម្ពុជា​នៅ​បន្តការ​ពារ​បាន​យ៉ាង​រឹង​មាំ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងនៅព្រឹកថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ថា ចាប់​ពី​ម៉ោង ៥ព្រឹក យោធា​ថៃ​បន្តបើ​ក​ការ​វាយ​ប្រហារលើ​ដែ​ន​អធិប​តេយ្យ​កម្ពុជា ជា​ច្រើន​ទីតាំង។

អ្នកស្រីថា​ ក្រុមយោធាថៃ​ បានបាញ់ផ្លោង​ចូល​តំបន់​ប្រាសាទ​តាមាន់​ធំរ​បស់​កម្ពុជា និង​បាញ់​ផ្លោង​ចូល​ភូមិ​គួ ក្រោយ​​ប្រាសាទ​តាមាន់​ធំ​បន្តិច និង​បាញ់​ផ្លោង​ចូល​ច្រក​អាន​សេះ​ ខេត្ត​ព្រះ​វិហារ។ ហើយថា​ រហូត​ដល់​ម៉ោង​នេះ យោធា​ថៃ បាន​បន្ត​បាញ់​ចូល​ប្រាសាទ​តាក្របី​ជាថ្មី​ទៀត និង​ប្រាសាទ​ខ្នារ រួម​ទាំង​ប្រាសាទ​ថ្ម​ដូន​របស់​កម្ពុជា​បន្ថែម​ទៀត ខាង​ខេត្ត​ឧត្តរ​មាន​ជ័យ។

លើសពីនេះ កងទ័ពថ្មើរជើងថៃជាច្រើន រួមទាំងរថគ្រោះ បានរុលសម្រុក​ចូល​បាញ់​មក​លើ​ដែន​អធិប​តេយ្យ​ខ្មែរ​ទៀត នៅ​តំបន់​បឹង​ត្រកួន​ ខេត្ត​បាត់​ដំបង និង​ម៉ោង​ប្រមាណ ៨:១៧នា​ទី យោធា​ថៃ បាន​បន្ត​រុល​ចូល​បាញ់​នៅ​ភូមិ​ព្រៃ​ចាន់ ហើយ​បាន​បាញ់​ផ្លោង​ចូល​វត្ត​ព្រៃ​ចាន់​ដែលជា​ទី​សក្ការៈ​របស់​កម្ពុជា​ទៀត ខាង​ខេត្ត​បន្ទាយ​មាន​ជ័យ។

អ្នកស្រី ម៉ាលី សុជាតា បានបន្ថែមទៀតថា ចំពោះស្ថានការណ៍នៅក្នុងភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគ​ទី​៥ ខេត្ត​បន្ទាយ​មាន​​ជ័យ​​​ ​គឺ​ចាប់​ពី​វេលា​ម៉ោង ៩:៤៥​នាទី យោធា​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​ចម្បាំង F-16 ហោះ​លើ​ភូមិ​សាស្រ្ត​ឃុំ​អូរបី​ជាន់ និង​ភូមិ​សាស្រ្ត​ប៉ោយ​ប៉ែត។

អ្នកស្រីថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បានហោះ​លើ​រង្វង់​មូល​ស្ទឹង​បត់ ចំនួន ២លើក ភូមិ​សាស្រ្ត​ប៉ោយ​ប៉ែត។ នៅ​វេលា​ម៉ោង ៩:៥០នាទី យោធាថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​ចម្បាំង F-16 និង​បាន​​ហោះ​​​ទម្លាក់​គ្រាប់​ចំនួន ២​គ្រាប់ ក្នុង​ទីតាំង​ភូមិ​សាស្រ្ត ភូមិ​ស្លរ​ក្រាម ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយ ចេក ​ខេត្ត​បន្ទាយ​មាន​ជ័យ។

យ៉ាងណា ប្រភពខាងលើបញ្ជាក់​ថា កងទ័ពកម្ពុជា នៅបន្តឈរជើង និងទ​ប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃនេះ​ បាន​​យ៉ាង​​រឹង​មាំ ក្នុង​ការ​បំពេញ​តួនាទី ជា​អ្នក​ការ​ពារ​ទឹក​ដី​ខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ