ថៃទម្លាយព័ត៌​មានពង្រីក​ការ​ឈ្លាន​ពាន​ខ្មែរ​ទាំង​ផ្នែក​ជើង​ទឹក​ជើង​គោក​និង​ជើង​អាកាស

ថៃបាន​ទម្លាយ​ព័ត៌​មាន​ពី​ការ​ពង្រីក​ការ​ឈ្លាន​ពាន​លើ​កម្ពុជា ទាំង​ផ្នែក​ជើង​ទឹក ជើង​អាកាស និង​ជើង​គោក ដើម្បី​សម្រេច​ផែន​ការ​លេប​ទឹក​ដី​កម្ពុជា ក្រោយ​កម្ពុជា​ប្រកាស​ប្រើ​សិទ្ធ​តបត ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី។

នៅថ្ងៃទី១០​ ខែ​ធ្នូ​នេះ សារព័​ត៌មា​ន​ថៃ​ជា​ច្រើន​ រួម​ទាំង ខាវ​សុត និង​ថៃរ​ដ្ឋ បានឱ្យ​ដឹ​ង​ថា កង​ទ័ព​ជើង​អាកាស​ថៃ បាន​ព្រមាន​ប្រើ​យន្ត​ហោះ​ចម្បាំង F-16 ដើម្បី​បាញ់​កម្ចេច​ស្ពាន​ស្ទឹង​មេ​ទឹក​របស់​កម្ពុជា​នៅ​ស្រុក​ថ្មដា ខេត្ត​ពោធិ៍​សាត់។

លើសពីនេះ​ ប្រភពសារព័ត៌មាន ខាវសុត និងថៃរដ្ឋ ចុះផ្សាយថា កងទ័ពជើ​ង​ទឹក​របស់​ថៃដែ​ល​ប្រចាំ​ការ​នៅ​ខេត្ត​ត្រាច ប្រកាស​ត្រៀម​ខ្លួន ពង្រាយ​កង​កម្លាំង ដើម្បី​វាយ​តបត​ឈ្លាន​ពាន​កម្ពុជា​តាម​ផ្លូវ​ទឹក។

ប្រភពនិយាយថា ទ័ពថ្មើរជើង រថគ្រោះ និង​ទ័ព​អាកាស​ថៃ បាន​នឹង​កំពុង​វាយ​សម្រុក​ចូល​ទឹក​ដី​កម្ពុជា​ នៅ​តំបន់​ធំៗ​ ដូច​ជា ​នៅ​ច្រក​អាន​សេះ ប្រាសាទ​តាមាន់​ធំ អូរស្មាច់ មុំបី ព្រៃចាន់ និង​ប្រាសាទ​ខ្នារ។

បើតាមសារព័ត៌មានថៃរដ្ឋ យោធាថៃ នឹងវាយសង្គ្រប់​លើ​កម្ពុជា តាម​ផែន​ការ​ដែល​នាយករ​ដ្ឋមន្រ្តី លោក អនុ​ធិន ធ្លាប់​​ប្រកាស​ថា នឹង​វាយ​កម្ទេច​ចូល​មូល​ដ្ឋាន​របស់​កម្ពុជា ចំនួន​១១​ទីតាំង។

ការគំរាមរបស់ភាគីថៃនេះ ហាក់ស៊ីគ្នាទៅនឹងការអះអាងរបស់ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ថា យោធា​ថៃ​បន្ត​ពង្រីក​ការ​ឈ្លាន​ពាន​ចូល​ដែន​អធិប​តេយ្យ​ជាច្រើន​កន្លែង ដូច​ជា តំបន់​អាន​សេះ បុស្ស​ស្បូវ-ជាំ​តែ មុំបី ភ្នំ​ខ្មោច ច្រក​វាល​ឥន្ទ្រី ចំការ​ចេក ប្រាសាទ​តាក្របី តាមាន់​ធំ និង​ប្រាសាទ​ខ្នារ ជាដើម។

ក្រសួងថា កងទ័ពថ្មើរជើងរបស់ថៃជាច្រើន រួមទាំងរថគ្រោះ​បាន​វាយ​រុល​សម្រុក​ចូល​បាញ់​មក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា​នៅ​តំបន់​បឹង​ត្រកួន​ ខេត្ត​បាត់​ដំបង ឃុំ​ថ្មដា ខេត្ត​ពោធិ៍​សាត់ និង​ភូមិ​ព្រៃចាន់​ ខេត្តបន្ទាយ​មាន​ជ័យ។

ប្រភពបន្តថា ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តយោធភូមិ​ភាគទី​៥ ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ​គឺចា​ប់​ពី  យោធាថៃ​បាន​ប្រើប្រា​ស់យ​ន្ត​ហោះ​ចម្បាំង F-16 ហោះ​លើភូ​មិ​សាស្រ្ត ឃុំអូ​រ​បី​ជាន់ និង​ភូមិ​សាស្រ្ត​ប៉ោយ​ប៉ែត និង​បាន​ហោះ​ទម្លាក់​គ្រាប់​ចំនួន​២គ្រាប់ ក្នុង​ទីតាំង​ភូមិ​សាស្រ្ត ភូមិ​ស្លរ​ក្រាម ឃុំ​ស្លរ​ក្រាម ស្រុកស្វាយចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ។

ជុំវិបញ្ហានេះ តំណាងរាងស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអា​ន និយាយ​ថា ដំណាក់​កាល​នេះ មេដឹក​នាំ​កម្ពុជា គ្មាន​អ្វី​ត្រូវ​រារែក​ចិត្ត​ទៀត​ទេ គឺ​ត្រូវ​ប្តឹង​ថៃ​ទៅតុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ដើម្បី​ការ​ពារ​ទឹក​ដី​ និង​អាយុ​ជីវិ​តព​លរ​ដ្ឋ​ខ្មែរ។

លោកអះអាងថា សកម្មភាពយ៉ាងគឃ្លើន និងឃោឃៅរបស់យោធា​ថៃ​ប៉ុន្មាន​ថ្ងៃ​នេះ សបញ្ជាក់​ឱ្យ​ឃើញ​ថា ថៃ​មាន​ចេតនា​វាយ​សង្គ្រប់​ឈ្លាន​ពាន បំផ្លាញ​ប្រាសាទ​ខ្មែរ និង​បាញ់​សំដៅ​សម្លាប់​ជន​ស៊ីវិល​កម្ពុជា។

លោកថា៖ «នៅពេលដែលថៃវាយសង្គ្រប់មែនទែននេះ វា​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ ដូច​ជា តុលាការ​យុត្តិ​ធម៌​អន្ដរ​ជាតិ​អាយ​ស៊ី​ជេ តុលាកា​រ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ​អាយ​ស៊ីស៊ី​ ប្ដឹង​ទៅ​សហ​ប្រធាន​នៃកិ​ច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​មាន​បារាំង​និង​​ប្រទេស​ឥណ្ឌូនេ​ស៊ី ជា​សហ​ប្រធាន ហើយ​និង​ប្ដឹង​ទៅក្រុ​ម​ប្រឹក្សាស​ន្តិសុ​ខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ផង​ដែរ»។

ចំណែក នាយកកម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​មា​ន​មូល​​​​ដ្ឋាន​​​​​នៅ​​អូស្ត្រាលី លោក សេង វណ្ណលី ប្រាប់​​VOD​នៅថ្ងៃ​ទី​១០ខែធ្នូ​នេះ​ថា ក្នុង​កាលៈ​ទេសៈ​នេះ មេដឹកនាំ​កម្ពុជា​ត្រូវ​អនុវត្ត​បី​ចំនុច។

ទី១ មេដឹកនាំកម្ពុជាចាំបាច់ត្រូវប្រើកម្លាំងខ្លាំង ដើម្បី​វាយ​ទប់​ទល់​នឹង​សត្រូវ​ថៃ​ឈ្លាន​ពាន ​ដោ​យ​បន្ថែម​កង​កម្លាំង បន្ថែម​សព្វា​វុធ​ទំនើបៗ រួម​ទាំង​សំណាញ់​មេឃ ដើម្បី​ព្រមាន​ភាគី​ថៃ និង​ការ​ពារ​ទឹក​ដី​ខ្មែរ។

ទី២ មេដឹកនាំកម្ពុជា ត្រូវពង្រឹង និងពន្លឿនដើរយុទ្ធសាស្រ្តការទូត​ឱ្យ​លឿន​បំផុត ដើម្បី​បង្ហាញ​ទៅ​សហគមន៍​អន្តរ​ជាតិ ប្រទេស​លោក​សេរី ជាពិសេស សហរដ្ឋ​អាមេរិក និង​ម៉ាឡេ​ស៊ី ឱ្យ​ដឹង​ថា ថៃ​ជា​ជន​ល្មោភ​សង្រ្គាម បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​មុន។

និងទី៣ ត្រូវប្រមូលភស្តតាង បញ្ជូនសំណុំរឿង​ព្រំដែន​ទាំង​អស់ រួម​ទាំង​ករណី​យោធា​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ និង​ទាហាន​​ខ្មែរ ប្តឹង​ថៃ​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម ICC និងតុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ។

លោកថា៖ «កិច្ចការបន្ទាន់នៅពេលនេះ កម្ពុជា​ចាំបាច់​ត្រូវ​តែ​ធ្វើ​ក្រៅ​តែ​អំពី​ការ​ទប់​ទល់​ជាមួយ​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ គឺ​កម្ពុជា​ត្រូវ​តែ​ដើរ​ការ​ទូត​យ៉ាង​សកម្ម​បំផុត​តែ​ម្ដង ទី១​គឺ​ត្រូវ​តែ​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរ​ជាតិ តែង​ថ្កោល​ទោស​ទៅ​លើ​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ ហើយ​ក៏​ដូ​ច​ជា​ជំរុញ​ឲ្យ​ប្រធាន​សមាជិក​អាស៊ាន ព្យាយាម​សម្រប​សម្រួល​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ភាគី​ថៃ​ចូល​មក​តុច​រចា ទី២​អំពាវ​នាវ​ឲ្យក្រុ​ម​ប្រឹក្សាអង្គ​ការ​សហ​ប្រជា​ជាតិ ឬ​ក៏​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ បើក​ឲ្យមា​ន​កិច្ច​ប្រជុំ​បន្ទាន់ ស្តីអំ​ពីសកម្ម​ភាព​ឈ្លាន​ពាន​រប​ស់​ថៃ ហើយ​ដោយ​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិ ដូច​ជា មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជាតិ​ និង​ផ្ដល់​យោបល់​ប្រឹក្សា​ផ្លូវ​ច្បាប់​ ដើម្បី​ស្នើ​ឲ្យ​តុលាការ​អន្ត​រជាតិ​ តុលាការយុត្តិ​ធម៌​អន្ដ​រ​ជាតិ​អាយ.ស៊ី.ជេ ហ្នឹង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដែល​ជាចំណុច​ទីតាំង​រសើប ររវា​ង​កម្ពុជា​ជាមួយ​ថៃ ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថ​យ​ជម្លោះ​នាពេល​អនាគត»។

យោធាថៃ បាន​បើកការបាញ់ប្រហារ​ម​ក​លើ​ដែនអធិប​តេយ្យ​កម្ពុជា​ជា​​ថ្មី​ទៀត ​ចា​ប់​​តាំ​​ងពីថ្ងៃទី​​០៧ ខែធ្នូ ឆ្នាំ​២០២៥ មក​ដល់ថ្ងៃទី​១០ ខែ​ធ្នូនេះ​ ហើយ​​ការ​វាយប្រហាររបស់ថៃមកលើកម្ពុជានៅពេលនេះ មាន​ទំហំ​ធំ​ជាង​ការ​វាយ​ប្រហារ​​កាល​ពី​ខែ​កក្កដា កន្លង​ទៅ។

​របាយការណ៍របស់ក្រសួងការ​ពារ​ជាតិ គិត​ត្រឹម​ម៉ោង ៥កន្លះ​ល្ងាច​ថ្ងៃទី០៩ ខែ​ធ្នូ ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ចំនួន ៧នាក់ បានស្លាប់​បាត់​បង់ជីវិត និង​មាន​ពលរដ្ឋ​ជិត ៣ម៉ឺន​គ្រួសារ ឬស្មើ​ជាង ១០ម៉ឺន​នាក់ រស់នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ព្រះវិហារ បន្ទាយ​មានជ័យ ពោធិ៍សាត់ និង​សៀមរាប បាន​ភៀស​សឹក​ទៅ​កាន់​​កន្លែង​សុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ