សារព័ត៌មានថៃ បានចុះផ្សាយនៅថ្ងៃពុធនេះថា កងទ័ពរបស់ខ្លួន បានរ៉ុលចូលទៅរាយបន្លាលួសព័ទ្ធយកដីមួយកន្លែងនៅបរិវេណច្រកបឹងត្រកួន បានដោយជោគជ័យ ខណៈទីតាំងនោះ កាលពីខែកញ្ញា ពលរដ្ឋខ្មែរនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្លាប់កាន់ដំបងប្រឆាំងនឹងយោធាថៃមួយក្រុម ដែលព្យាយាមរាយបន្លាលួសព័ទ្ធយកដីស្រែរបស់ពួកគេ ។
សារព័ត៌មាន ថៃរដ្ឋ និងខាវសុត បាននិយាយថា កងទ័ពភូមិភាគ១របស់ថៃ នៅថ្ងៃទី១០ខែធ្នូនេះថា បានអះអាងថា កងទ័ពភូមិភាគ១ បានសហការជាមួយទាហានឈុតខ្មៅថៃ បានវាយសម្រុកឈ្លានពានទឹកដីខ្មែរមួយផ្នែកនៅបរិវេណតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។
ប្រភពនិយាយថា ក្រុមទាហានឈុតខ្មៅថៃ បានអូសបន្លាលួស ចូលព័ទ្ធយកទឹកដីខ្មែរនៅបរិវេណតំបន់បឹងត្រកួន និងគ្រប់គ្រងលេណដ្ឋានរបស់កម្ពុជាមួយចំនួន ហើយបានលើកទង់ជាតិថៃថែមទៀត។
វីអូឌី មិនអាចរកការបញ្ជាក់ភ្លាមៗពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានទេគិតត្រឹមម៉ោងផ្សាយនេះ។ ប៉ុន្តែក្រសួងការពារជាតិនិយាយនៅលើគេហទំព័ររបស់ខ្លួននៅរសៀលថ្ងៃទី១០ខែធ្នូនេះថា យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមក្រសួង នៅម៉ោង ១៤:២២នាទី យោធាថៃ បានបាញ់ផ្សែងពុល មកក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ។
ក្រសួងចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
ដូចគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានអះអាងនៅព្រឹកម៉ិញនេះដែរថា កងទ័ពថៃអមដោយរថក្រោះបានរ៉ុលចូលភូមិព្រៃចាន់ និងតំបន់បឹងត្រកួន។
អ្នកស្រីថា៖ «ម៉ោង៦:២៦នាទី កម្លាំងថ្មើរជើងថៃអមដោយរថក្រោះបានរុលចូលក្នុងភូមិសាស្ត្របឹងត្រកួន ម៉ោង៧:០៩នាទីយោធាថៃបានចាប់ផ្តើមបង្កើនកម្លាំងថ្មើរជើងអមដោយរថក្រោះក្នុងបរិមាណច្រើនលើសលប់ រុលចូលមកក្នុងភូមិសាស្ត្របឹងត្រកួន នៅម៉ោង៧:១០នាទីយោធាថៃបានរុលចូលក្នុងភូមិសាស្ត្រភូមិព្រៃចាន់ នៅម៉ោង៨:១៧នាទីយោធាថៃបានចាប់ផ្តើមផ្លោងចូលវត្តព្រៃចាន់»។
ជុំវិញបញ្ហានេះ គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទប់ស្កាត់មហិច្ឆិតាឈ្លានរបស់ថៃនេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ក្នុងខួបលើកទី៧៧ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នាថ្ងៃទី១០ ខែធ្នូនេះ បានទាមទារឱ្យអាជ្ញាធរថៃ ត្រូវបញ្ឈប់ការឈ្លានពានទឹកដីកម្ពុជា គោរពសិទ្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា១៩៩១ និងត្រូវដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌ។
ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះការឈ្លានពានរបស់ថៃ និងត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រាងទីក្រុងប៉ារីស ឱ្យកោះប្រជុំជាបន្ទាន់ ចំពោះករណីថៃឈ្លានពានទឹកដីកម្ពុជានេះផងដែរ។
ចំណែក គណបក្សប្រជាធិបតេយ្យជឿនលឿន នៅថ្ងៃទី១០ខែធ្នូនេះដែរ ក៏បានចេញសេចក្តីថ្លែងការណ៍មួយអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ និងបានប្រកាសថ្កោលទោសចំពោះទង្វើព្រៃផ្សៃរបស់ភាគីថៃ និង អំពាវនាវដល់ស្ថាប័នអន្តរជាតិ តាមដានយកចិត្តទុកដាក់ ដើម្បីធានាថា បទឈប់បាញ់ត្រូវបានអនុវត្ត និងការឈ្លានពានត្រូវបានបញ្ឈប់ ដើម្បីការពារជីវិត និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលជា«សិទ្ធិរស់នៅក្នុងសន្តិភាព និងគ្មានការភ័យខ្លាច»។
លើសពីនេះកាលពីថ្ងៃទី៩ខែធ្នូនេះ អង្គការក្រៅរដ្ឋាភិបាលចំនួន៣ មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី រួមមាន អង្គការប្រជាធិបតេយ្យខ្មែរ ក្រុមអ្នកតស៊ូមតិកម្ពុជា និងអង្គការ២៣តុលា ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវសហគមន៍អន្តរជាតិ រួមទាំងរដ្ឋសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ ថ្កោលទោសថៃឈ្លានពានកម្ពុជា ដោយថា ការបាញ់ប្រហារចូលទឹកដីកម្ពុជារបស់យោធាថៃ កំពុងគំរាមកំហែងដល់អាយុជីវិតជនស៊ីវិល និងសន្តិភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍ដដែល ក៏អំពាវនាវរដ្ឋាភិបាលកម្ពុជា ស្នើសុំអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់ និងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។
សេចក្តីថ្លែងការណ៍សរសេរក្នុងន័យដើមថា៖ «បូរណភាពទឹកដីរបស់កម្ពុជា និងជីវិតរបស់ប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែន មិនអាចដោះស្រាយដោយការសម្ងាត់ ការបដិសេធ ឬការរៀបចំដោយស្ងៀមស្ងាត់នៅពីក្រោយឆាកនោះទេ។ ពួកគេត្រូវតែការពារតាមរយៈការទូតដែលមានតម្លាភាព សកម្មភាពផ្លូវច្បាប់ដ៏រឹងមាំ និងការប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិយ៉ាងពេញលេញ»។
បន្ថែមពីលើសេចក្តីថ្លែងការណ៍នេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែន ករុណា បង្ហាញការព្រួយបារម្ភចំពោះអាយុជីវិតជនស៊ីវិលកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ និងជីវិតកងទ័ពជួរមុខដែលកំពុងតតាំងជាមួយទ័ពថៃក្នុងស្ថានភាពចុងក្រោយនេះ។
លោកថា នៅចំពោះមុខនេះ ក្រៅពីប្រើប្រាស់សិទ្ធិស្ម័យការពារខ្លួនការទឹកដីហើយនោះ កម្ពុជាក៏ត្រូវប្រើប្រាស់យន្តការអន្តរជាតិដែលមានស្រាប់ ដើម្បីដាក់សម្ពាធថៃឱ្យគោរពបទឈប់បាញ់ឡើងវិញផងដែរ។
លោកថា៖ «គឺយើងចង់ឃើញខាងរដ្ឋាភិបាលកម្ពុជាដែរ គឺត្រូវតែស្នើសុំជាបន្ទាន់ទៅខាងអង្គការសហប្រជាជាតិ កោះប្រជុំអំពីការប៉ះទង្គិចនេះ ដែលធ្វើឲ្យប៉ះពាល់មកដល់កម្ពុជា ហើយនឹងដាក់ពាក្យបណ្ដឹងទៅខាងតុលាការយុត្តិធម៌អន្តរជាតិICJ ដើម្បីទាមទារនូវការបាត់បង់ និងការខូចខាតរបស់ខ្លួន ពាក់ព័ន្ធទៅវិវាទព្រំដែនកម្ពុជាថៃនេះ។ អ៊ីចឹងយើងមិនគួរនៅស្ងៀមបន្តទៀតទេ។ យន្តកាអន្តរជាតិមានត្រូវតែបន្តប្រើប្រាស់ឱ្យអស់លទ្ធភាព»៕









