អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ ខណៈដែលការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ បានកំពុងបន្តនៅតាមបណ្តាយព្រំដែន ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ រងរបួស ថែមទាំងផ្ទះសម្បែងរបស់ពលរដ្ឋ សាលារៀនត្រូវបានបិទ។
លោកក៏បានសម្តែងការព្រួយបារម្ភ ចំពោះការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយប្រទេសថៃ ក៏ដូចជា ការចល័តអាវុធធុនធ្ងន់នៅតាមព្រំដែន។
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ ខែធ្នូ ដែលផ្សាយបន្តដោយកាសែតភ្នំពេញប៉ុស្តិ៍ថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ បានបណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងរងរបួស ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅនៅតាមព្រំដែនទាំងសងខាង។
ប្រភពដដែល បានលើកឡើងថា លោកក៏បានសង្កត់ធ្ងន់ផងដែរថា ភាគីទាំងពីរត្រូវតែការពារជនស៊ីវិល និងសម្របសម្រួលជំនួយមនុស្សធម៌។ ប្រភពបន្តទៀតថា អង្គការសហប្រជាជាតិត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រ កិច្ចខំប្រឹងដែលមានគោលដៅលើកកម្ពស់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឈក្នុងតំបន់។
ប្រទេសមួយចំនួនទៀត ក៏បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងត្រឡប់ទៅរកការសន្ទនា ដែលប្រទេសទាំងនោះ រួមមានដូចជា ប្រទេសជប៉ុន និងបារាំងផងដែរ៕









