ខណៈយោធាថៃបង្កើនការឈ្លានពានដែនអធិបតេយ្យកម្ពុជាទ្រង់ទ្រាយធំជាលើកទី២ ក្នុងរយៈពេល៤ថ្ងៃទៅនេះ អ្នកឃ្លាំមើលបានលើកឡើងពីភាពចាំបាច់ ដែលរដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងផ្ទៃក្នុងជាតិ ដោះលែង លោក កឹម សុខា និងអ្នកនយោបាយជំទាស់ផ្សេងទៀត ដើម្បីទប់ទល់សត្រូវឈ្លានពាន។
ការជំរុញនេះ ចំពេលយោធាថៃបង្កើនការឈ្លានពានដែនអធិបតេយ្យកម្ពុជាទាំងជើងគោក និងជើងអាកាស ដោយបើកការបាញ់ប្រហារទ្រង់ទ្រាយធំជាលើកទី២ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលការឈ្លានពានពេលនេះ មានទំហំធំជាងការវាយប្រហារកាលពីខែកក្កដាប្រមាណជាជាង៥ខែកន្លងមកនេះ។
មួយវិញទៀត ការជំរុញនេះ ក៏ជិតដល់ថ្ងៃ សាលាឧទ្ធរណ៍ បន្តបើកការជម្រះសំណុំរឿងប្តឹងទាស់របស់លោក កឹម សុខា ឡើងវិញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ផងដែរ។
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលចូលរួមនយោបាយជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន សូរីដា យល់ថា ចំពេលថៃឈ្លានពានដីខ្មែរនេះ ការផ្សះផ្សាជាតិខ្មែរគ្រប់និន្នាការនយោបាយ គឺជារឿងចាំបាច់ដែលត្រូវធ្វើដើម្បីឱ្យជាតិខ្មែរកាន់តែរឹងមាំថែមទៀត ដើម្បីតទល់សត្រូវឈ្លានពានទឹកដី។
ក្នុងន័យនេះ លោកថា ការតាមសងសឹកគ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយ នៅពេលនេះមិនគួរកើតមានទេ ព្រោះជាហេតុធ្វើឱ្យជាតិខ្មែរបែកបាក់ និងកាន់តែចុះខ្សោយ ហើយនៅចំពោះមុខនេះ ដើម្បីឯកភាពជាតិរដ្ឋាភិបាលត្រូវបោះដៃទៅកាន់អ្នកនយោបាយផ្សេងទៀត រកការផ្សះផ្សាជាតិ ព្រោះបក្សកាន់អំណាចជាកូនសោរគន្លឹះសំខាន់នៃការផ្សះផ្សា និងឯកភាពជាតិ។
លោកថា៖ «ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរយល់ថា ការផ្សះផ្សាជាតិការឯកភាពជាតិនេះ វាកើតឡើងទាល់តែផ្តើមចេញពីទង្វើជាក់ស្ដែងរបស់រដ្ឋាភិបាលកម្ពុជាជាមុន តាមរយៈការទម្លាក់ចោលការចោទប្រកាន់អ្នកទោសនយោបាយដទៃទៀត សកម្មជនបរិស្ថាន និងសង្គមជាពិសេសគឺលោក កឹម សុខា លោកថាច់ សេដ្ឋា លោកស៊ុន ចន្ធី ដែលជាមេដឹកនាំនៃគណបក្សក្រៅរដ្ឋាភិបាល ដើម្បីជាចំណុចចាប់ផ្ដើមនៃការផ្សះផ្សានិងការឯកភាពជាតិ»។
បន្ថែមលើនេះ លោក សូរីដា សង្កត់ធ្ងន់ថា នៅពេលអ្នកនយោបាយចាប់ដៃគ្នាក្នុងបុព្វហេតុការពារទឹកដី ប្រជាពលរដ្ឋទាំងមូលគ្រប់និន្នាការនយោបាយនឹងគាំទ្រខ្លាំង ទាំងស្មារតី ស្បៀងអាហារ សម្ភារៈ ថវិកា ការធ្វើទំនើបកម្មវិស័យយោធា ដែលជាកម្លាំងប្រយុទ្ធដ៏ខ្លាំងទប់ទល់ការឈ្លានពានពីបរទេសនៅពេលនេះ និងរយៈពេលយូរទៀត។
លោកថា៖ «ថ្ងៃនេះ គឺជាមេរៀនមួយដែលប្រទេសជិតខាងមួយ បានរំលោភបំពាននៅក្នុងការឈ្លានពានមកលើកម្ពុជា។ អ៊ីចឹងយើងឃើញថា ការរំលោភបំពានឈ្លានពាននេះ វានឹងអាចកើតឡើងទៅថ្ងៃអនាគតទៀត អ៊ីចឹងប្រសិនបើប្រទេសកម្ពុជា មិនពង្រឹងការឯកភាពជាតិ និងវិស័យយោធាឲ្យទំនើបកម្មទេ! យើងមិនអាចពន្លត់ភ្លើងមហិច្ឆតា ក្នុងការឈ្លានពានប្រទេសកម្ពុជាពីសំណាក់ប្រទេសជិតខាងបានទេ។ ហើយមួយទៀត បើសិនជាមានការឯកភាពជាតិសំឡេងយើងតែមួយ អាចប្រើប្រាស់នៅក្នុងការប្ដឹងផ្ដល់ទៅសហគមន៍អន្តរជាតិ មានដូចជាអង្គការសហប្រជាជាតិ ទៅតុលាការអន្តរជាតិ ICJ ដើម្បីឲ្យគេចាត់ការរឿងហ្នឹងផងដែរ»។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី១០ ខែធ្នូថា ប្រទេសយើងតូចមានពលរដ្ឋ១៧លាននាក់ តែថៃមាន៧២លាននាក់ យើងព្រួយ តែបើក្រឡេកមកមើលអ៊ីស្រាអែលមានតិចជាង ១០លាននាក់ តែអាចតទល់ជាមួយប្រទេសអារ៉ាប់៥ ដែលមានមនុស្សសរុបរហូតដល់១៧០លាននាក់។
រីឯអ៊ុយក្រែន មានមនុស្ស៤០លាននាក់ កំពុងប្រយុទ្ធជាមួយមហាយក្សរុស្សី ដែលមានមនុស្ស រហូតដល់ ១៤៣លាន។
សម្រាប់ លោក មាស នី មានជំនឿថា កម្ពុជាក៏អាចធ្វើបានដូចគ្នា ឲ្យតែអាចព្យាបាលជំងឺខ្លួនឯងឱ្យជាមុនសិន។
លោកថា ជំងឺទាំងនោះរួមមាន អំពើរពុករលួយ ជំងឺតួឯកនិយម ការបែកបាក់ជាតិ និងនិយមឲ្យគេអាណិត ជាជាងការលើកមោទកភាពជាតិឯង ហើយអ្វីផ្សេងៗទៀតនឹងកើតមានតាមក្រោយឲ្យតែខំប្រឹងទាំងអស់គ្នា។
យ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ពីខេត្តសៀមរាប កាលពីខែមិថុនា អំឡុងពេលកងទ័ពកម្ពុជា ប្រឈមមុខជាមួយទាហានថៃនៅតាមបន្ទាត់ព្រំដែន មុនពេលផ្ទុះអាវុធ លោកអំពាវនាវឱ្យពលរដ្ឋខ្មែរមានស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីការពារទឹកដីប្រឆាំងនឹងបរទេសឈ្លានពានដែរ។
លោកថា៖ «ស្មារតីរួមគ្នានេះហើយ ដែលធ្វើឲ្យយើងក្លាយ ប្រទេសយើងតូចជាងប្រទេសមួយទៀត សេដ្ឋកិច្ចយើងមិនទាន់ខ្លាំងដូចគេ ទទួលស្គាល់ ប៉ុន្តែអ្វីដែលខ្លាំងគឺការមូលមតិឯកភាពជាតិរបស់យើងនេះ គឺជាចំណុចខ្លាំងរបស់កម្ពុជាដែលយើងត្រូវធ្វើពេលនេះ»។
ដោយឡែក អតីតនាយខុទ្ធកាល័យលោក លោក កឹម សុខា គឺលោក មុត ចន្ថា សរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី១០ ខែធ្នូថា លោករីករាយបំផុតនៅពេលស្តាប់ឮមេដឹកនាំខ្មែរ អំពាវនាវឱ្យខ្មែររួបរួមដើម្បីប្រឆាំងចំពោះសត្រូវឈ្លានពានទឹកដី ប៉ុន្តែលោកសូមឱ្យមានការឯកភាពជាតិខ្មែរទាំងមូល ដោយមិនគិតពីនិន្នាការនយោបាយ។
សម្រាប់ លោក មុត ចន្ថា ចាត់ទុក លោក កឹម សុខា ក៏ជាតួអង្គនយោបាយសំខាន់ម្នាក់ ក្នុងការធ្វើឱ្យខ្មែរឯកភាពជាតិ ដូច្នេះគួរដល់ពេលវេលាសមស្របបំផុត ដើម្បីបញ្ចប់រឿងក្តីរបស់លោក សំដៅធ្វើឱ្យខ្មែរខ្លាំង តទល់នឹងសត្រូវឈ្លានពាន។
ជាមួយគ្នានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ កក់សម្គាល់ថា រដ្ឋាភិបាលធ្លាប់អត់ធ្មត់ជាមួយបរទេសបាន ដូចនេះការអត់ធ្មត់ជាមួយខ្មែរ និងខ្មែរក៏គួរកើតមានដែរ។
ក្នុងន័យនេះ លោកថា រដ្ឋាភិបាលគួរពិចារណាទម្លាក់ចោលការចោទប្រកាន់លើអ្នកនយោបាយខ្មែរ សកម្មជនសង្គម ទើបជាការឯកភាពជាតិពិត រួមគ្នាជាធ្លុងមួយគ្រប់និន្នាការទាំងអស់ដែលធ្វើឱ្យជាតិខ្មែរខ្លាំងតទល់សត្រូវឈ្លានពាននៅពេលនេះ។
លោកថា៖ «បើសិនជារាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច អាចទម្លាក់ចោលនូវការចោទប្រកាន់ទៅលើអ្នកនយោបាយខ្មែរ សកម្មជនសង្គម យុវជនផ្សេងៗដែលកំពុងជាប់ពន្ធនាគារនៅក្នុងពេលបច្ចុប្បន្នហ្នឹង! ខ្ញុំយល់ថា វាគឺជារឿងល្អហើយ ចាំបាច់គួរតែពិចារណា ពីព្រោះវាជាការបង្ហាញឱ្យប្រទេសជាតិរបស់យើងមានការឯកភាពជាតិ ជាធ្លុងមួយពីគ្រប់និន្នាការទាំងអស់។ ហើយវាក៏ជាសញ្ញាមួយដែលអាចបង្រួបបង្រួមនឹងផ្សះផ្សាជាតិបានល្អប្រសើរ ពីព្រោះយើងដឹងហើយថា ការអត់ធ្មត់ជាមួយបរទេស គឺយើងអាចអត់បាន តែយើងក៏គួរតែចេះអត់ធ្មត់ចំពោះខ្មែរគ្នាឯង ហើយខ្មែរនិងខ្មែរគឺជាឈាមជ័រតែមួយ »។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួននៅក្នុងផ្ទះចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានតុលាការចោទប្រកាន់ ពីបទក្បត់ជាតិ ពាក់ព័ន្ធនឹងសំណុំរឿងដ៏ចម្រូងចម្រាស ដែលចោទថាគប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន។
យ៉ាងណា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការនេះ ដោយចាត់ទុកថា ការផ្តន្ទាទោស និងដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
អាមេរិក អំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកលក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ។
យ៉ាងណា សំណុំរឿងចោទប្រកាន់នេះ លោក កឹម សុខា បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ប្រឆាំងនឹងបទចោទប្រកាន់របស់សាលាដំបូង។
ប៉ុន្តែបើកសវនាការច្រើនដង សាលាឧទ្ធរណ៍ បានលើកពេលសវនាការជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ខណៈសិទ្ធិធ្វើនយោបាយរបស់មេបក្សប្រឆាំងរូបនេះ ត្រូវបានដកហូតជាង៨ឆ្នាំមកនេះ ក្រោមក្រសែភ្នែកជាតិនិងអន្តរជាតិដែលមើលឃើញថា ជាសំណុំរឿងនយោបាយ៕









