រដ្ឋាភិបាលកម្ពុជា ស្នើជាផ្លូវការទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការជាបន្ទាន់ ចំពោះការឈ្លានពានប្រដាប់អាវុធជាបន្តបន្ទាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ ក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ខណៈយោធាថៃ បាននិងកំពុងវាយប្រហារទ្រង់ទ្រាយធំទាំងផ្លូវគោក និងផ្លូវអាកាសនៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា។
ក្នុងលិខិតរបស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក កែវ ឈា ផ្ញើជូនតំណាងអចិន្ត្រៃយ៍ស្លូវេនី និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប លោក Samuel Žbogar នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធថៃ បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពដែលមានស្រាប់ ដោយបើកប្រតិបត្តិការយោធាឆ្លងដែនចូលទៅក្នុងទឹកដីកម្ពុជា។
លិខិតបន្តថា កងកម្លាំងប្រដាប់អាវុធថៃ បានចាប់ផ្តើមវាយប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជា ចាប់តាំងពីរសៀលថ្ងៃទី០៧ ខែធ្នូ រហូតមកដល់ពេលនេះ ដោយប្រើប្រាស់អាវុធធុនធ្ងន់ រថក្រោះ កាំភ្លើងធំ ដ្រូន យន្តហោះចម្បាំង និងផ្សែងពុល ហើយបានពង្រីកការបាញ់ប្រហារដល់តំបន់ជនស៊ីវិលមួយចំនួន នៅតាមបណ្តោយព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។
លោក កែវ ឈា បានលើកឡើងក្នុងលិខិតបន្តទៀតថា៖ «ប្រតិបត្តិការយោធាទាំង ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងការហាមឃាត់ដាច់ខាតលើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។ ស្ថានភាពពេលនេះ បានបង្កគ្រោះថ្នាក់ជាក់ស្តែង និងបច្ចុប្បន្នចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់»។
លិខិតដដែល អះអាងថា ការវាយប្រហារទាំងនោះ បានធ្វើឱ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់ បំផ្លាញផ្ទះសម្បែងពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងបណ្តាលឱ្យខូចខាតដល់តំបន់បេតិកភណ្ឌដែលត្រូវបានការពារ រួមទាំងតំបន់ប្រាសាទព្រះវិហារផងដែរ។
លិខិតនោះ បន្តថា ការកំណត់គោលដៅដោយចេតនា និងមិនរើសអើងរបស់ថៃលើតំបន់ជនស៊ីវិល បង្កើតបានជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ដែលបានប្តេជ្ញាចិត្តភាគីទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងចៀសវាងការប្រើប្រាស់កម្លាំង។
លោក កែវ ឈា បានគូសបញ្ជាក់ដែរថា កម្ពុជានៅតែបន្តប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កងកម្លាំងកម្ពុជា បានអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយមិនតបតរយៈពេល ២៤ម៉ោង ដោយគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ តែយ៉ាងណាកម្ពុជាបានសម្រេចរក្សាសិទ្ធិការពារខ្លួន ក្រោមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
បើតាមលិខិតដដែល ក្នុងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជាស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានប្រដាប់អាវុធដោយឥតញញើតរបស់ប្រទេសថៃ មកលើកម្ពុជា និងជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយសព្វាវុធធន់ធ្ងន់ និងប្រតិបត្តិការយន្តហោះចម្បាំង ដែលបំពានលើដែនអធិបតេយ្យភាពកម្ពុជា រួមទាំងការវាយប្រហារទៅលើតំបន់ជនស៊ីវិល។
ក្រៅពីនោះ រដ្ឋាភិបាលកម្ពុជា ក៏បានស្នើទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បញ្ជូនបេសកកម្មស្វែងរកការពិតដោយឯករាជ្យ និងស៊ើបអង្កេតទៅលើការរំលោភច្បាប់អន្តរជាតិរបស់ប្រទេសថៃ និងកំណត់ការទទួលខុសត្រូវចំពោះការស្លាប់ និងរងរបួសរបស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញផ្សេងៗ។
គួរបញ្ជាក់ថា យោធាថៃ បានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជាជាថ្មីទៀត ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ព្រឹកថ្ងៃទី១១ ខែធ្នូនេះ ហើយការវាយប្រហាររបស់ថៃមកលើកម្ពុជានៅពេលនេះ មានទំហំធំជាងការវាយប្រហារកាលពីខែកក្កដា កន្លងទៅ។
បើតាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតរហូតដល់ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនស៊ីវិលស្លូតត្រង់បានស្លាប់បាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១០នាក់ ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ និងរងរបួសចំនួន ៦០នាក់។
ចំណែករបាយការណ៍របស់ក្រសួងមហាផ្ទៃវិញ គិតមកដល់ព្រឹកថ្ងៃទី១១ ខែធ្នូនេះ ជនភៀសសឹកបានកើនឡើងដល់ជាង ៥ម៉ឺនគ្រួសារ ស្មើនឹងមនុស្សជាង ១៩ម៉ឺន ៧ពាន់នាក់ ដែលពលរដ្ឋភៀសសឹកទាំងនោះ មកពីខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបងពោធិ៍សាត់ កោះកុង និងសៀមរាប៕









