ក្រសួងការពារជាតិកម្ពុជា បានអះអាងថា នៅថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងកម្ពុជាកំពុងបើកការប្រយុទ្ធយ៉ាងស្វិតស្មាញ តបតទៅនឹងទាហានថៃឈ្លាន ដែលបានបើកការបាញ់ផ្លោង និងប្រើយន្តហោះទម្លាប់គ្រាប់ ដើម្បីច្បាមយកដីខ្មែរច្រើនកន្លែង ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តព្រះវិហារ។
ការណ៍នេះ កម្ពុជាថា ជាទង្វើឈ្លានពានទាំងកំរោល បំពានលើច្បាប់អន្តរជាតិ ដែលសហគមន៍អន្តរជាតិ ចាំបាច់ត្រូវមានវិធានការ ដើម្បីធានាសន្តិសុខក្នុងតំបន់។
ក្រសួងការពារជាតិ បាននិយាយថា គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ថ្ងៃព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
បើតាមប្រភពខាងលើ ថៃបានបើកការវាយប្រហារលើដែនអធិបតេយ្យកម្ពុជា ច្រើនកន្លែង យ៉ាងតិច ៥ខេត្ត ចាប់ពីខេត្តពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ។
បើតាមក្រសួង ខេត្តពោធិ៍សាត់ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងកងកម្លាំងថ្នើរជើងបាញ់សង្គ្រប់នៅទិសអូរភ្លុកដំរី និងថ្មដា និងបន្ដបាញ់ផ្លោងធ្ងន់ធ្ងរចូលមកមូលដ្ឋានក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ នៅខេត្តព្រះវិហារ យោធាថៃបន្ដបាញ់ផ្សែងពុល នៅមុខប្រាសាទព្រះវិហារ បាញ់ផ្លោងនៅច្រកអានសេះ និងតំបន់ជាំតែ។
ចំណែក នៅខេត្តបន្ទាយមានជ័យ យោធាថៃ បានបើកការបាញ់ផ្លោងយ៉ាងខ្លាំង នៅសមរភូមិបឹងត្រកួន ប៉ុន្តែត្រូវកងទ័ពកម្ពុជាវាយទប់ទល់យ៉ាងស្វិតស្វាញ និងយ៉ាងរឹងមាំបំផុត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
លើសពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាអំពាវនាវឱ្យអន្តរជាតិថ្កោលទោស និងចំណាត់ការលើថៃជាបន្ទាន់ ដើម្បីរក្សាសន្តិភាពក្នុងតំបន់។
អ្នកស្រីថា៖ «សហគមន៍អន្តរជាតិ នឹងមិនព្រងើយកន្តើយ ហើយអនុញ្ញាតឲ្យប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាព តាមរយៈការបោះបង់ចោលកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពរវាងកម្ពុជាថៃ ហើយមកជ្រើសរើសការគំរាមកំហែងការប្រើប្រាស់កម្លាំង ដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ សូម្បីតែបន្តិច អាចបន្ដទង្វើឈ្លានពានរបស់ខ្លួន ដោយនិទណ្ឌភាព ប្រសិនបើមិនមានចំណាត់ការណាមួយ ដើម្បីឲ្យកងទ័ពថៃទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួនថ្ងៃនេះ កងទ័ពថៃឈ្លានពានកម្ពុជាថ្ងៃស្អែក កងទ័ពថៃអាចនឹងធ្វើដូចគ្នាចំពោះប្រទេសដទៃទៀត ដែលខ្សោយនិងតូចជាងខ្លួន»។
ជុំវិញបញ្ហានេះ កូនស្រីច្បងលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា និយាយលើហ្វេសប៊ុកនៅថ្ងៃទី១១ ខែធ្នូនេះថា ស្ថានការណ៍បច្ចុប្បន្ន គឺជាភាពអាសន្ន គ្រោះថ្នាក់ដល់សន្តិសុខជាតិ មិនមែនត្រឹមប៉ះពាល់ដល់បូរណភាពដែនដីនោះទេ។
កញ្ញាបន្តថា ក្នុងអតីតកាល រាល់ពេលដែលប្រទេសថៃបញ្ឈប់ការប្រើអាវុធ គឺលុះត្រាតែមានការអន្តរាគមន៍ពីស្ថាប័នអន្តរជាតិ ដូច្នេះលើកនេះ ប្រសិនបើគ្មានអន្តរាគមន៍ផ្លូវការទេ ថៃនឹងមិនឈប់បង្ហូរឈាមទេ។
កញ្ញាសង្កត់ធ្ងន់ថាកម្ពុជា៖« ត្រូវការដំណោះស្រាយដែលផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការពហុភាគីជាបន្ទាន់ ដើម្បីការពារការវិលមកវិញនៃសង្គ្រាម»។
បន្ថែមពីនេះ សហស្ថាបនិគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់VODនៅថ្ងៃទី១១ ខែធ្នូនេះថា លោកគាំទ្រចំពោះការជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការ និងថ្កោលទោសទង្វើថៃឈ្លានពានលើកម្ពុជានេះ។
យ៉ាងណា សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ក្រៅតែពីការអំពាវនាវ កម្ពុជាក៏ត្រូវបញ្ចេញសមត្ថភាពឱ្យខ្លាំងក្លា ដើម្បីវាយទប់ទល់នឹងចោរឈ្លានពាន មិនត្រូវចុះញ៉មជាមួយសត្រូវទេ ដើម្បីការពារទឹកដីខ្មែរ។
ម្យ៉ាងវិញទៀត លោកថា កម្ពុជាក៏មិនត្រូវភ្លេចដែរ បញ្ជូនសំណុំរឿងព្រំដែនទាំងអស់ ប្តឹងថៃទៅតុលាការអន្តរជាតិ ICJ សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្រទេសមហាអំណាចសហរដ្ឋអាមេរិក។
លោកថា៖ «យើងដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិ ដាក់បណ្ដឹងទៅតុលាការអន្តរជាតិអីជាដើម ពីរឿងព្រំដែនហ្នឹង ហើយទីពីរពីរឿងឧក្រិដ្ឋកម្មផ្សេងៗដែលប្រព្រឹត្តដោយយោធាថៃហ្នឹង ហើយយើងឃើញមានភស្តុតាងច្រើន ពាក់ព័ន្ធជាមួយនឹងការធ្វើទុក្ខបុកម្នេញបាញ់សម្លាប់ប្រជារាស្ត្រស្លូតត្រង់អីជាដើម ហ្នឹងហើយទន្ទឹមនឹងប្រើប្រាស់វិធានការផ្លូវច្បាប់គ្រប់បែបយ៉ាង លើវិធានការការទូតអស់ពីលទ្ធភាពហ្នឹង ក៏យើងត្រូវតែប្រើកម្លាំងដើម្បីការពារបូរណភាពទឹកដីការពារប្រជាពលរដ្ឋខ្លួនឯងដែរ»។
ដោយឡែក សារព័ត៌មានថៃ ថៃរដ្ឋ និងខាវសុត ចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូនេះថា ចាប់ពីម៉ោង ៤ភ្លឺ កងទ័ពជើងអាកាសថៃ បានប្រើយន្តហោះចម្បាំង F-16 វាយកម្ទេចកាស៊ីណូជប់គគីរ ខេត្តឧត្តរមានជ័យ។
ប្រភពនិយាយថា នៅថ្ងៃទី១១ ខែធ្នូនេះ យោធាថៃពិតជាបានបើកការវាយប្រហារលើកម្ពុជាជាច្រើនទីតាំង ដូចជា នៅច្រកអានសេះ ភ្នំខ្មោច តាក្របី តាមាន់ធំ អូរស្មាច់ បឹងត្រកួន ព្រៃចាន់ មុំបី និងប្រាសាទខ្នារ។
ប្រភពថៃរដ្ឋ បានបញ្ជាក់ថា នៅព្រឹកនេះ ទីតាំងប៉ះទង្គិចគ្នាខ្លាំងបំផុត នៅច្រកបឹងត្រកួន ដែលកាលពីថ្ងៃទី១០ខែធ្នូ យោធាថៃបានរ៉ុលចូលដែនអធិបតេយ្យកម្ពុជា ដូច្នេះកងទ័ពកម្ពុជាវាយបកទាមទារមកវិញ។
ដោយឡែក នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅអូស្ត្រាលី លោក សេង វណ្ណលី បានបង្ហោះសារថា ការឆបោក និងការសងសឹក គ្រាន់តែជាលេសប៉ុណ្ណោះ។
ត្រង់ន័យនេះ លោកពន្យល់ថា វាគឺជាសង្គ្រាមដែលបង្កឡើងដោយពួកស្រេកឃ្លានសង្គ្រាមថៃ ដែលកំពុងប្រើប្រាស់បញ្ហាព្រំដែនដើម្បីបម្រើរបៀបវារៈនយោបាយរបស់ពួកអភិរក្សនិយមនិងយោធា។
លោបន្តថា ប្រសិនបើថៃពិតជាប្រទេសស្រឡាញ់សន្តិភាព ពួកគេនឹងយល់ព្រមដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈយន្តការតំបន់ និងអន្តរជាតិដែលមានស្រាប់។
ផ្ទុយទៅវិញ ពួកនេះបានបដិសេធម្តងហើយម្តង ចំពោះរាល់ការសម្របសម្រួលពីភាគីខាងក្រៅ និងថែមទាំងបង្កើនប្រតិបត្តិការយោធា និងប្រកាសដោយបើកចំហអំពីការ «កំទេច» កម្ពុជា និងកំពុងរំលោភលើអធិបតេយ្យភាពកម្ពុជាហួសពីតំបន់ព្រំដែនដែលមានជម្លោះ។
លោក សេង វណ្ណលី និយាយថា «ទង្វើនេះ មិនមែនជាការការពារខ្លួនទេ វាគឺជាការឈ្លានពានយ៉ាងច្បាស់ក្រឡែត»៕









