កម្ពុជាថាការបាញ់ផ្លោង​បំផ្លាញ​ប្រាសាទ​ខ្មែរ​ពីភាគីថៃ​ជាឧក្រិដ្ឋ​កម្ម​​​​បេតិកភណ្ឌ

ក្រសួ​ងវប្បធម៌ និងវិចិត្រ​សិល្បៈ​កម្ពុជា ថ្កោ​ល​​ទោស​ទង្វើ​យោធា​ថៃ ដែល​បាន​បាញ់​ផ្លោង​បំផ្លាញ​​ប្រាសាទ​ខ្មែរ​​ថា​ជា​​ឧក្រិដ្ឋ​​កម្ម​បេតិក​ភណ្ឌ បំពាន​​អនុ​សញ្ញា​នានា​​នៃ​​​កិច្ច​​ការ​​ពារ​​បេតិក​ភណ្ឌ​ ដោយ​​រួម​ទាំង​​អនុ​សញ្ញា​​ឆ្នាំ​​១៩៥៤ និង​​ឆ្នាំ​១៩៧២ ដែល​ទាម​ទារ​ឱ្យ​ថៃ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​បំពាន​នេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​​ធ្នូ ឆ្នាំ​២០២៥​នេះ បាន​លើក​​ឡើង​ថា ក្រោយ​ពីប្រាសាទ​តាក្របី បាន​ទទួលរងនូវ​ការ​បាញ់​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ពីសំណាក់​​យោធា​ថៃ កាលពីថ្ងៃទី​០៩ ខែ​ធ្នូ​នោះ ប្រាសាទ​ដែល​ជាទីសក្ការៈ​របស់​កម្ពុជា បន្ត​ទទួលរង​ការ​បាញ់​កម្ទេច​​ជា​ថ្មី​ទៀត នៅថ្ងៃទី១០ ខែ​ធ្នូ​នេះ បណ្តាល​ឱ្យ​រូប​រាង និង​រចនាសម្ព័ន្ធ​​ប្រាសាទ ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​។

ក្រសួង​ថា៖ «ប្រាសាទតា​ក្របី ជានិមិត្ត​រូប​នៃ​វប្បធម៌​ដ៏រុង​រឿង​របស់​ខ្មែរ ថែរក្សា​ការ​ពារ​​ដោយ​ខ្មែរ​ ស្ថិត​នៅក្នុង​ព្រៃ​ភ្នំ​ដែល​ជា​ជម្រក​ដ៏​សុខ​សាន្ត និង​ពុំទទួល​រង​ការ​ខូច​ខាត​ពី​ធម្មជាតិ ឬ​អាយុ​កាល ប៉ុន្តែ​ត្រូវបានសម្លាប់​​តែ​មួយ​ពព្រិច​ភ្នែក​ដោយ​យោធាថៃ»។

ករណីនេះ ក្រសួង​វប្បធម៌ បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​​អសីល​ធម៌​ អគតិ និង​គ្មាន​អរិយ​ធម៌របស់​យោធាថៃ មក​លើ​វិស័​យ​វប្បធម៌​ខ្មែរ ហើយ​ចាត់ទុក​ទង្វើ​បែប​នេះថា ជា​​ឧក្រិដ្ឋ​កម្ម​ដ៏ធ្ងន់ធ្ងរ​មក​​លើ​​​បេតិកភណ្ឌ និង​ជា​ការ​មិន​គោរព​ដល់​អនុសញ្ញានានា​នៃ​កិច្ច​ការ​ពារ​បេតិកភណ្ឌ​ ដោយ​រួម​ទាំង​អនុសញ្ញា​ឆ្នាំ​១៩៥៤ និង​ឆ្នាំ​១៩៧២។

ជាមួយគ្នានេះ ក្រសួង​បានអំពាវនាវ​ដល់​បណ្តា​ប្រទេស​លើ​សកល​លោក អង្គការ​ជំនាញ​អន្តរ​ជាតិ ប្រជាជាតិ​លើ​ពិភព​លោក ចូលរួម​ថ្កោល​ទោស​​ទង្វើ​ឧក្រិដ្ឋ​នេះ និង​ជំរុញ​ឱ្យ​យោធាថៃ​បញ្ឈប់​​ជា​បន្ទាន់​នូវ​ការ​បំផ្លិចបំផ្លាញ​វប្បធម៌ និង​បញ្ឈប់ការ​ឈ្លានពាន​ ដោយ​ងាក​មក​រក​ដំណោះ​ស្រាយ​​ដោយ​សន្តិ​វិធី ជាពិសេស​គោរព​សេចក្តីប្រកាសរួម​ស្តីពីទីក្រុង​កូឡាឡាំពួរ។​​

ប្រាសាទតាក្របី ត្រូ​វបាន​សាង​សង់​ឡើង​ក្នុង​អំឡុង​សតវត្ស​ទី​១២ គ.ស​ក្នុង​សម័យ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១ និង​ព្រះ​បាទ​ឧទ័យ​ទិត្យ​វរ្ម័ន​ទី​២ ស្ថិត​នៅ​ភូមិ​សែន​មនោរម្យ​១ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ ជា​ទីតាំង​បុរាណ​អភិរក្ស​យ៉ាង​ខ្ជាប់​ខ្ជួន​ដោយ​ស្ថាប័ន​វប្បធម៌​​កម្ពុជា និង​ជា​ទីសក្ការៈ​ទៅតាម​ជំនឿ​ ប្រពៃណី ទំនៀម​ទម្លាប់​របស់​ប្រជាជន​កម្ពុជា។

គួរបញ្ជាក់ថា យោធាថៃ បាន​ចាប់ផ្តើម​ប្រើប្រាស់សព្វាវុធ បាញ់​ផ្លោង​មកលើ​​ដែន​អធិយតេយ្យ​កម្ពុជាជាច្រើន​​​កន្លែង រួមទាំង​តំបន់​ប្រាសាទ ចាប់​តាំង​ពីថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៥ រហូត​មដល់ដល់​ថ្ងៃទី​១១ ខែធ្នូនេះ ​ដែល​បាន​បណ្តាល​​ឱ្យជនស៊ីវិល​ខ្មែរ​ចំនួន ១០នាក់ស្លាប់បាត់បង់​ជីវិត ​ប្រមាណ ៦០នាក់ រង​របួស និង​មាន​ពលរដ្ឋ​ភៀសសឹក​​​​ជាង ៥ម៉ឺន​គ្រួសារ ស្មើនឹង​មនុស្ស​ជាង ១៩ម៉ឺន ៧ពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ