អត្រាជនភៀសសឹកដោយសារយោធាថៃបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា បានកើនដល់ជាង ៥ម៉ឺន ៥ពាន់គ្រួសារ ឬស្មើជាង ១៩ម៉ឺននាក់ ខណៈចំនួនសាលារៀននៅខេត្តចំនួន៦ ដែលមានជាង ៩០០សាលា ត្រូវបានបិទទ្វារ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង ២១ម៉ឺននាក់។
របាយការណ៍សង្ខេបរបស់ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែធ្នូនេះ ឱ្យដឹងថា ស្ថានភាពជនភៀសសឹក ដោយសារយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ខែធ្នូ បានកើនឡើងដល់ ៥៥ ៧៤៣គ្រួសារ ស្មើនឹង ១៩២ ១៧៣នាក់ ដោយពួកគេកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប។ ចំណែក ស៊ីវិលដែលបានស្លាប់ មានចំនួន ១០នាក់ និងរបួសប្រមាណ ៦០នាក់។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ សាលារៀន នៅក្រុង-ស្រុកចំនួន ២០ នៃបណ្តាខេត្តចំនួន៦ បានបិទទ្វារសរុបចំនួន ៩០៩សាលា ប៉ះពាល់ដល់គ្រូបង្រៀនជាង ៧ពាន់នាក់ (៧ ៦០១នាក់) និងសិស្សជាង ២១ម៉ឺននាក់ (២១៦ ១០៧នាក់)។
សម្រាប់ ក្រសួងមហាផ្ទៃវិញ ក៏បានចេញសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះផងដែរ ដោយថា ចាប់ពីយោធាថៃបានបាញ់ផ្លោង និងវាយប្រហារឈ្លានពានទឹកដីកម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ មកដល់ព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបង្អាក់សេវាសាធារណៈជាមូលដ្ឋានជាច្រើនកន្លែង។ យោធាថៃ បានបង្កើនការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីយន្តហោះ F16 សំដៅចូលភូមិឋាន និងតំបន់ទីប្រជុំជនស៊ីវិល រហូតដល់ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ។
ក្រសួងថា ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននោះ មានដូចជា ផ្ទះសម្បែងនិងសម្ភារៈប្រើប្រាស់ផ្សេងៗរបស់ប្រជាពលរដ្ឋ អគារក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជាច្រើនកន្លែង៕









