អ្នកជំនាញសិទ្ធិមនុស្ស និងស្ថាប័នអន្តរជាតិមួយចំនួន លើកឡើងថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាក្នុងឆ្នាំ២០២៥នេះនៅតែអាក្រក់ ហើយក៏គ្មានតម្រុយណាមួយដែលថា នៅឆ្នាំ២០២៦ខាងមុខនឹងល្អប្រសើរនោះដែរ បើរដ្ឋាភិបាលគ្រួសារហ៊ុននៃគណបក្សប្រជាជនកម្ពុជា នៅតែបន្តធ្វើទុក្ខបុកម្នេញចាប់ឃុំខ្លួនអ្នកនយោបាយប្រឆាំង និងសកម្មជនសង្គមឥតឈប់ឈរ ខណៈបច្ចុប្បន្នមានសកម្មជននយោបាយ និងសកម្មជនសង្គមជិត ១០០នាក់ កំពុងជាប់ឃុំក្រោមការចោទប្រកាន់ពីបទញុះញង់។
លោក នី សុខា ប្រធានសមាគមអាដហុក បានថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ គឺមិនទាន់ឃើញមានសញ្ញាណាមួយដែលបង្ហាញថា មានភាពល្អប្រសើរនោះទេ មិនត្រឹមតែប៉ុណ្ណោះ គឺថែមទាំងកាន់តែរួមតូចទៅៗថែមទៀតផង។ លោកលើកឡើងថា របាយការណ៍ពីបណ្តាអង្គការជំនាញអន្តរជាតិមួយចំនួន ក៏បានវាយតម្លៃពីការបន្តធ្លាក់ចុះនូវសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិចូលរួមនយោបាយផងដែរ។
លោកថា៖ «ពាក់ព័ន្ធទៅនឹងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី បរិស្ថាន សង្គមអីផ្សេងៗអីហ្នឹង យើងនៅតែមិនទាន់ឃើញមានការដោះលែង ឬក៏បន្ធូរបន្ថយអ្វីទេ។ មិនត្រឹមតែប៉ុណ្ណោះឆ្នាំ២០២៥នេះ គឺអាជ្ញាធរនៅតែបន្តចាប់ខ្លួនសកម្មជនបន្ថែមទៀតហើយរហូតមកទល់ពេលនេះ យើងឃើញហើយថា មានចំនួនដល់ជិត១០០នាក់ហើយ ដែលកំពុងត្រូវបានជាប់ឃុំ ដោយសារតែការប្រើប្រាស់នូវសេរីភាពសកម្មក្នុងការបញ្ចេញមតិពិសេសអ្នកដែលធ្វើការបញ្ចេញមតិរិះគន់ ទៅលើភាពអសកម្ម ក៏ដូចជាការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាភាពអសកម្មរបស់អាជ្ញាធរផ្សេងៗនឹងដែរ!។
លោក អំ សំអាត នាយកគ្រប់គ្រងទូទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី និងលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា រួមទាំងអង្គការអន្តរជាតិមួយចំនួន ក៏មើលឃើញដូច លោក នី សុខា ផងដែរ។
លោក អំ សំអាត ថ្លែងថា នៅឆ្នាំ២០២៥នេះ លោកមើលមិនឃើញថា ស្ថានភាពសិទ្ធិមនុស្សមិនទាន់មានការវិវត្តទៅរកភាពល្អប្រសើរនៅឡើយទេ គឺនៅតែបន្តធ្លាក់ចុះ ដូចជា លំហរសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋមានការរួមតូច សេរីភាពក្នុងការជួបជុំប្រមូលផ្តុំក៏រួមតូច សេរីភាពសមាគម សហជីព អង្គការសង្គមស៊ីវិលមានការរឹតត្បិត សកម្មជនសិទ្ធិមនុស្ស សកម្មជនការងារសង្គម សកម្មជនបរិស្ថាន សកម្មជនសហជីពរងការគំរាមកំហែង និងការចាប់ឃុំខ្លួនជាបន្តបន្ទាប់ ។
លោកថា៖«ការកត់សម្គាល់របស់អង្គការសិទ្ធិមនុស្សជាតិ អង្គការសិទ្ធិមនុស្សអន្តរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជាសហគមន៍អន្តរជាតិ គេនៅតែមើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែបន្តធ្លាក់ចុះក្នុងឆ្នាំ២០២៥នេះ។ អ៊ីចឹងយើងមើលទៅលើលំហរសេរីភាពរបស់ពលរដ្ឋលំហសេរីភាពនយោបាយ ហាក់ដូចនៅបន្តការរិតត្បិត។ កន្លងមក យើងឃើញសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព សកម្មជនការងារសង្គម សកម្មជនអ្នកនយោបាយ អ្នកសារព័ត៌មាន ក៏ត្រូវមានការចាប់ និងការឃុំខ្លួនជាបន្តបន្ទាប់ដែលធ្វើឱ្យមានការរិះគន់ជាច្រើន»។
វីអូឌី មិនអាចទាក់ទងស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះ ពីលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានទេនៅថ្ងៃទី១០ខែធ្នូនេះ។ ប៉ុន្តែលោកបានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាគ្មានការរិតត្បិតសិទ្ធិសេរីភាពបញ្ចញមតិនោះទេ ដោយលើកហេតុផលថា ប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ អាចបញ្ចេញមតិបានដោយសេរី លើកលែងតែក្រុមប្រឆាំងដែលលោកហៅថា ជាក្រុមឧទ្ទាមក្រៅច្បាប់១ក្តាប់តូចប៉ុណ្ណោះ ដែលតែងតែនិយាយញុះញង់បរិហារធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
យ៉ាងណាក្តី គិតត្រឹមថ្ងៃទី១០ខែធ្នូនេះ មានសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គមចំនួន ៩២នាក់ ត្រូវបានចាប់ឃុំខ្លួន ដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិទាក់ទងនឹងបញ្ហាជាតិនិងសង្គម។ នេះបើតាមអង្គការសិទ្ធិមនុស្សលីកាដូ។
លោក ស៊ឹង សែនករុណា ប្រាប់វីអូឌីនៅថ្ងៃទី១០ខែធ្នូនេះថា លំហសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងឆ្នាំ២០២៥នេះ គ្មានអ្វីល្អប្រសើរនោះទេ គឺឃើញកាន់តែរួមតូច និងមានការរិតត្បិតកាន់តែខ្លាំងទៅលើការបញ្ចេញមតិរហូតដល់មានការវាយដំ និងចាប់ឃុំខ្លួនអ្នកបញ្ចេញមតិជាច្រើននៅពន្ធនាគារ ថែមទាំងមានការបាញ់សម្លាប់ ដូចជា ករណីលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាដើម ដែលជារូបភាពអាក្រក់ខ្លាំងណាស់នៅក្នុងឆ្នាំ២០២៥នេះ។
លោកថា៖«ត្រឡប់មកវិញ បើសិនស្ថានភាពដូចឆ្នាំ២០២៥ នៅតែបន្តលោកមិនរំពឹងថា នៅឆ្នាំ២០២៦ មានការបើកលំហនូវសិទ្ធិសេរីភាពទៅដល់សកម្មជនសង្គម សកម្មជននយោបាយ និងសកម្មជនបរិស្ថាន ឬក៏អ្នកសារព័ត៌មានអីជាដើម។ ចឹងយើងមើលមិនទាន់ឃើញទេ បើក្នុងរូបភាពនឹង បើស្ថានភាពនៅក្នុងឆ្នាំ២០២៥នេះហាក់នៅតានតឹង។ ប៉ុន្តែផ្ទុយទៅវិញ បើសិនរដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាចចង់ដោះស្រាយបញ្ហាទាំងអស់នោះ ឱ្យមានភាពល្អប្រសើរទៅបាន នៅក្នុងឆ្នាំ២០២៦ គឺចាប់ផ្តើមដើមឆ្នាំ គឺត្រូវពិនិត្យដោះលែងរាល់សកម្មជនដែលជាប់ពាក់ព័ន្ធនឹងសកម្មភាព ឬក៏សេរីភាពនយោបាយរបស់ខ្លួនសេរីភាពក្នុងការការពារផលប្រយោជន៍សង្គមនានា នឹងត្រូវពិនិត្យនឹងដោះលែង ហើយទម្លាក់ចោលរាល់បទចោទប្រកាន់»។
ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានកត់សម្គាល់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៥មានការរំលោភបំពាន និងរិតត្បិតខ្លាំងលើសិទ្ធសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយដោយមានការចាប់ឃុំខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមជាបន្តបន្ទាប់។ លោកលើកឡើងថា ប្រទេសកម្ពុជាបានរងសម្ពាធពីសហគមន៍អន្តរជាតិ ទាំងនយោបាយ និងសេដ្ឋកិច្ច នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារតែការរិតត្បិតសិទ្ធិសេរីភាពនេះ ។
លោកថា៖«ហើយប្រជាពលរដ្ឋខ្លួនឯងនៅក្នុងប្រទេស ក៏មិនទទួលបានភាពសុខសាន្តដែរ អាហ្នឹងជាទូទៅវាបែបហ្នឹង ហើយកាលណាមនុស្សត្រូវបានរំលោភបំពាន ត្រូវបានបិទឃាឃាំងផ្នែកសេរីភាពហ្នឹងខ្លាំងពេក តែងតែមានកំហឹងនៅក្នុងចិត្តហើយ ដូច្នេះវាធ្វើឱ្យមានវិបត្តិសង្គមនាពេលអនាគត»។
ជាមួយគ្នានេះ នៅក្នុងអត្ថបទវិភាគមួយចេញកាលពីថ្ងៃទី៩ធ្នូ ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់ថា(CAT) បានធ្វើការកត់សម្គាល់ថា រដ្ឋាភិបាលឯកបក្សនៃគណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់គ្រប់ទម្រង់សកម្មភាព រួមទាំងការបង្ខំដោយផ្ទាល់ និងប្រយោល ឱ្យមន្ត្រីរាជការនៅគ្រប់ក្រសួងស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរបស់រដ្ឋបម្រើផលប្រយោជន៍ និងអំណាចរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសបម្រើនយោបាយឱ្យគ្រួសារហ៊ុន។
CAT លើកឡើងថា ស្ថាប័នរដ្ឋគឺជាស្ថាប័នដែលតំណាងឱ្យអំណាចរបស់រដ្ឋ និងបម្រើដល់ផលប្រយោជន៍ប្រជាជនគ្រប់រូប គ្រប់និន្នាការនយោបាយមិនមែនយកអំណាចរដ្ឋបម្រើបក្សដោយកម្ចាត់គូប្រជែងនយោបាយរបស់ខ្លួន ឬអ្នកមានមតិមិនស្របនឹងខ្លួន ដូចដែលលោកហ៊ុន សែនបាននិងកំពុងតែធ្វើនោះទេ។
ក្រុមអ្នកតស៊ូមតិកម្ពុជា និងអង្គការសិទ្ធិមនុស្ស(Human Rights Watch) បានទាមទារឱ្យគណបក្សប្រជាជនកម្ពុជា បញ្ឈប់រាល់សកម្មភាពរំលោភអំណាច និងកាត់ផ្តាច់រាល់រចនាសម្ព័ន្ធគណបក្សទាំងអស់ ចេញពីមន្ត្រីរាជការគ្រប់ប្រភេទ ពិសេសមន្ត្រីតុលាការ និងនគរបាលយុត្តិធម៌ដើម្បីឱ្យស្ថាប័នជាតិ ជាស្ថាប័នឯករាជ្យ អព្យាក្រឹត្យ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូបគ្រប់និន្នាការនយោបាយ មន្ត្រីរាជការអាចបំពេញតួនាទី និងអនុវត្តអំណាចរបស់ខ្លួនស្របតាមច្បាប់។
បើតាមលោក នី សុខា វិបត្តិសិទ្ធិសេរីភាពដែលបាននិងកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន គឺកើតចេញដោយសារជម្លោះបញ្ហានយោបាយរបស់អ្នកនយោបាយ ដែលធ្វើឱ្យជះឥទ្ធិពលដល់លំហសេរីភាព។ ប្រសិនបើចង់ឱ្យមានការបើកលំហរសេរីភាព និងប្រជាធិបតេយ្យឱ្យបានល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២៦ គឺវាទាល់តែចាប់ផ្តើមឱ្យមានការផ្សះផ្សាដោះស្រាយវិបត្តិនយោបាយឱ្យបាន។
លោកថា៖«ឆ្នាំ២០២៦ខាងមុខ ប្រសិនបើរដ្ឋាភិបាលមិនកែសម្រួលបើកលំហសេរីភាពសិទ្ធិមនុស្ស បរិយាកាសខាងនយោបាយជំរុញឱ្យមានសេរីភាពខាងការធ្វើនយោបាយ ឬក៏ជំរុញឱ្យមានលទ្ធភាពក្នុងការប្រកួតប្រជែងនៅពេលបោះឆ្នោតឱ្យបានស្រួលបួលទេ ខ្ញុំគិតថា អ្វីដែលរដ្ឋាភិបាលនៅតែទទួលរងការរិះគន់ពីមតិជាតិអន្តរជាតិ គឺកើតឡើងមិនខុសពីឆ្នាំកន្លងទៅទេ ហើយទាក់ទងទៅនឹងបញ្ហានៃការដាក់ទណ្ឌកម្មសម្ពាធមកលើរដ្ឋាភិបាល ពីសំណាក់អន្តរជាតិហ្នឹង ក៏ខ្ញុំនៅតែយល់ថាមានការដាក់សម្ពាធជាបន្តបន្ទាប់ទៀត»។
លោក នី សុខា យល់ថា សហគមន៍អន្តរជាតិ នឹងបន្តដាក់សម្ពាធមកលើកម្ពុជាជាបន្តទៀតប្រសិនបើនៅក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជានៅតែមិនកែសម្រួល ឬបើកលំហសេរីភាព និងលំហប្រជាធិបតេយ្យ បើកឱ្យមានការចូលរួមបោះឆ្នោតដោយសេរី ត្រឹមត្រូវឡើងវិញទេនោះ។
លោកលើកឡើងថា ដើម្បីឱ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាបានល្អប្រសើរ ទាល់តែរដ្ឋាភិបាល ពិសេសគណបក្សកាន់អំណាចបើកផ្លូវរៀបចំឱ្យមានការដោះលែងអ្នកនយោបាយ និងសកម្មជនសង្គមទាំងអស់ ដែលជាប់ឃុំ ដោយសារតែមនសិការឱ្យមានសេរីភាពឡើងវិញ ដោយទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើពួកគាត់។
សម្រាប់ក្រុមអ្នកតស៊ូមតិកម្ពុជា និងលោកអំ សំអាត បានសង្កេតឃើញថា មិនមានសញ្ញាណាមួយដែលបង្ហាញថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អាចកែទម្រង់ ជួសជុល ដុសក្អែល ឬកសាងទំនុកចិត្ត និងកិត្តិយសថ្លៃថ្នូរជូនជាតិវិញបានទេ។
ផ្ទុយទៅវិញ ស្ថានភាពដឹកនាំរបស់រដ្ឋាភិបាលរហូតដល់ខែធ្នូ ឆ្នាំ២០២៥នេះ បាននិងកំពុងរុញច្រានកម្ពុជាឲ្យកាន់តែអាប់ឱនកិត្តិយសជាតិ សេចក្តីថ្លៃថ្នូរ តម្លៃប្រជាជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែបន្តធ្លាក់ចុះ ដែលធ្វើឱ្យលំហប្រជាធិបតេយ្យនៅតែរួមតូច នោះកម្ពុជានឹងនៅតែបន្តទទួលរងផលប៉ះពាល់ ទាំងនយោបាយនិងសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះទៀត។
លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងល្អប្រសើរ ឬមិនល្អប្រសើរនៅក្នុងឆ្នាំ២០២៦ គឺវាអាស្រ័យទាំងស្រុងទៅលើឆន្ទៈដឹកនាំប្រទេសរបស់គណបក្សកាន់អំណាច ហើយប្រសិនបើគណបក្សដែលដឹកនាំរដ្ឋាភិបាល នៅតែបន្តប្រើច្បាប់ដើម្បីគាបសង្កត់អ្នកនយោបាយប្រឆាំង និងសកម្មជនសង្គមកាន់តែខ្លាំងទៀត នោះកម្ពុជាក៏នឹងកាន់តែជួបការលំបាកកាន់តែខ្លាំងដែរ៕









