បទពិសោធន៍​បទ​ឈប់​បាញ់​កម្ពុជា​ត្រូវ​ខ្លាំង​ខាង​យោធា​ទើប​ទប់​ទល់​សត្រូវ​ឈ្លាន​ពាន​បាន

បទ​ពិសោធន៍​នៃ​ការ​អត់​ធ្មត់​ ដើម្បី​គោរព​បទ​ឈប់​បាញ់​ក្នុង​ជម្លោះ​ព្រំ​ដែនជា​មួយ​ថៃជា​ង​៥​ខែទៅ​នេះ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី កម្ពុជា​ចាំបាច់​ត្រូវ​តែ​ពង្រឹង​សមត្ថ​ភាព​វិស័យ​យោធា​ឱ្យ​ខ្លាំង រួម​ទាំង​ពង្រឹង​ផ្ទៃ​ក្នុង​ជាតិ​ឡើង​វិញ ទើប​អាច​ទប់​ទល់​សត្រូវ​ឈ្លាន​ពាន​បាន។

ការលើកឡើងនេះ ចំពេល​យោ​​ធា​ថៃបើ​ក​ការ​បាញ់​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ជាលើ​ក​ទី​២ ទាំង​ជើង​គោក និង​ជើង​អាកាស ​​​​ទោះ​មាន​បទ​ឈប់​បាញ់​ដែល​​​​ធ្វើ​​​​ឡើង​​​​​​នៅ​​​ប្រទេស​​​ម៉ាឡេ​​ស៊ី កាល​​​​​​​ពី​​ថ្ងៃ​ទី​​២៨ ខែ​​កក្កដា ឆ្នាំ​​​២០២៥ ក្រោម​​​យន្ត​ការ​​អាស៊ាន​​ និង​ផ្តួច​​ផ្តើម​​គំនិត​ដោយ​​ប្រធានា​ធិបតី​​​អាមេរិក​ លោក ដូណាល់ ត្រាំ ក្តី។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់​ថា ជា​បទពិសោធន៍​នៃ​ការ​គោរព​បទ​ឈប់​បាញ់​នេះ ថៃ​បាន​ឈ្លាន​ពាន​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ចូល​ចាប់​ទាហាន​ខ្មែរ តែមិ​នមា​ន​អន្តរជាតិ​ណា​អាច​ជួយ​កម្ពុជា​បាន​ទេ។

បន្ថែម​លើ​នេះ លោកថា ទោះកម្ពុជាមានចិន និងវៀតណាម ជាសម្ព័ន្ធ​មិត្ត​ក្តី​តែ​ពេល​មាន​សង្រ្គាម​ជាមួយ​ថៃ ប្រទេស​ទាំង​នោះ​ហាក់​ស្ងៀម​ស្ងាត់​ទៅ​វិញ។

ក្នុងន័យនេះ លោកថា កម្ពុជាធ្វើទំនើបកម្មយោធា ពង្រឹងផ្ទៃក្នុ​ង​ជាតិ ងាក​ទៅ​រក​ការ​ផ្សះ​ផ្សា​ជាតិ ឯកភាព​ជាតិ​ជាធ្លុ​ង​មួយ ទើប​អាច​ទប់​ទល់​បរទេស​ឈ្លាន​ពាន​បាន។

លោកថា៖ «ត្រូវខ្លាំងខ្លួនឯងកម្ពុជា ត្រូវ​ពង្រឹង​សមត្ថ​ភាព​យោធា​របស់​ខ្លួន តាម​រយៈ​ការ​បំពាក់​សម្ភារៈ​យោធា​ទំនើប​ៗ​ គឺ​កម្ពុជា​ត្រូវ​មាន​យន្ត​ហោះច​ម្បាំង ត្រូវ​មាន​ដ្រូន​ចម្បាំង ត្រូវ​មាន​កាំភ្លើង​បាញ់​ទម្លាក់​យន្ត​ហោះ ឬ​ក៏​ហៅថា​សំណាញ់​មេឃ និង​សម្ភារៈ​យោធា​ទំនើបៗ ដទៃ​ទៀត​ ដែល​យើង​អាច​ទិញ​ពី​អាមេរិក ពី​ចិន ពី​រុស្សី អី​ក៏​បាន ដើម្បី​ការ​ពារ​ដែន​អាកាស​របស់​យើង​ ហើយ​ត្រូវ​មាន​ទំនាក់​ទំនង​ការ​ទូត​ល្អ​ជាមួយ​ប្រទេស​នៅ​លើ​ពិភព​លោក ហើយ​ត្រូវ​ស្ដារ​ប្រជា​ធិប​តេយ្យ​ ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​មាន​ការរួ​ប​រួម​ជាតិ​ទាំង​មូល ទើប​ខ្មែរ​យើង​ខ្លាំង​អាច​ការ​ពារ​ទឹក​ដី​ខ្មែរ​យើង​បាន»។

ក្នុងជម្លោះព្រំដែនជាមួយថៃនេះ ក្រសួងការពារជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា យោធា​ថៃ បាន​ប្រើ​ប្រាស់​សព្វា​វុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ និង​ការ​ដាក់​​ពង្រាយ​​ទាហាន​​ដ៏​ច្រើន​​លើស​​លុប ដើម្បី​ទន្ទ្រាន​​យក​​ទឹក​​​ដី​​កម្ពុជា។

សម្រាប់ កម្ពុជា នេះគឺ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​ លើធម្មនុញ្ញ​អង្គការ​​សហ​ប្រជា​​ជាតិ ធម្ម​នុញ្ញ​អាស៊ាន និង​​គោល​ការណ៍​ជាមូល​​ដ្ឋាន​​នៃ​ច្បាប់​អន្តរ​​ជាតិ ហើយ​សកម្ម​ភា​ព​​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​ខុស​ច្បាប់​បែប​នេះបង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត ​មិន​ត្រឹម​តែ​សម្រាប់​សន្តិ​ភាព និង​ស្ថិរភាព​​ក្នុង​តំបន់​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មូល​ដ្ឋាន​គ្រឹះ​នៃ​សណ្តាប់​ធ្នាប់​អន្តរ​ជាតិ​ផង​ដែរ​។

កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោស និង​ចាត់​វិធាន​ការ​លើទ​ង្វើឈ្លា​ន​ពាន​របស់​ថៃ ដើម្បី​សន្តិ​ភាព និង​សន្តិ​សុខ​ក្នុង​តំបន់ និង​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើឈ្លា​ន​ពាន​កម្ពុជា ដែល​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ​មក។

យ៉ាងណា អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រា​វជ្រាវ លោក សេក សុជាតិ យល់​ថា ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​នេះ ផ្តល់​ជា​មេរៀន​ដ៏សំ​ខាន់​សម្រាប់​កម្ពុជា​ថា បើ​ខ្មែរ​មិន​ខ្លាំង​ផ្នែក​យោធា​ដោយ​ខ្លួន​ឯង​ទេ គ្មាន​បរទេស​ណាម​ក​ជួយ​ខ្មែរ​បាន​ទេ។

ជាងនេះទៀត លោក​ថា វា​ដល់​ពេល​ហើយ​ដែល​រដ្ឋាភិ​បាល​ ត្រូវ​ដោះលែ​ង​អ្នក​នយោ​បាយ​ជំទាស់ សកម្ម​ជន​សង្គម ដើម្បី​ផ្សះ​ផ្សា​ជាតិ ទើប​ធ្វើ​ឱ្យ​ខ្មែរ​​ខ្លាំង​ទប់​ទល់​សត្រូវ​ឈ្លាន​ពាន​ ក្នុង​រយៈ​ពេល​យូរ​ទៀត។

លោកថា«កម្ពុជាគឺត្រូវត្រៀមខ្លួនហើយ​នឹងចាប់ផ្តើម​វិនិយោគ​ទៅ​លើ​សព្វា​វុធ​ទំនើបៗ ដូច​ជា​យន្ត​ហោះ​ចម្បាំង ធ្វើ​យ៉ាង​ម៉េច​នៅ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​យ៉ាង​យូរ ឲ្យ​បាន​ដប់​គ្រឿង និង​មីស៊ីល​បាញ់​រយៈ​ចម្ងាយ​មធ្យម​ ឲ្យ​បាន​យ៉ាង​តិច​ណាស់ ក៏​ត្រឹម​១០០​គ្រាប់ ឬ​ក៏​ច្រើន​ជាង​ហ្នឹង​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ រដ្ឋាភិបាល​ក៏​ដូច​ជា​គណបក្ស​កាន់​អំណាច គួរ​ងាក​ទៅ​រក​ការ​ចរចា​ផ្ទៃ​ក្នុង​នយោ​បាយ​ជាតិ ជាមួយ​នឹង​គណបក្ស​ក្រៅរ​ដ្ឋាភិ​បាល​ ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ផ្សេងៗ​និង​រៀប​ចំ និង​ប្រមូល​នូវ​ធាតុ​ចូល​ ដើម្បី​ធ្វើ​ជា​មូលដ្ឋា​ន​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ តើ​ត្រូវ​ការ​ពារ​ជាតិ​ចេញ​ពី​ជ្រុង​ណា»

ចំពេលថៃឈ្លានពានដីខ្មែរ​នេះ លោក មូន ពេជ្យ នាយទាហានកម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក ក៏​បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវ​ការ​ទៅ​កាន់​សភា និង​ព្រឹទ្ធ​សភា​អាមេរិក ដើម្បី​ប្ដឹង​ថៃ​ដែល​ប្រើស​ព្វាវុ​ធ​អាមេរិក​ឈ្លាន​ពាន​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​មក​លើ​ប្រជាជន​ខ្មែរ។

បើតាម លោក មូន ពេជ្យ លិខិតនេះ ​បើ​ទោះបី​មិន​អាច​បញ្ឈប់​សកម្ម​ភាព​របស់​យោធា​ថៃ​​ភ្លាមៗ​បាន ប៉ុន្តែ​វា​ជាសំ​ឡេង​ទៅកា​ន់​អន្តរ​ជាតិ ​ឲ្យ​បាន​ដឹង​ពីកា​រឈ្លា​ន​ពាន​ដោយ​ខុស​ច្បាប់​របស់​ថៃ មក​លើក​ម្ពុជា​ និង​ឧក្រិដ្ឋ​កម្ម​របស់​ពួក​គេ​មក​លើ​ប្រជាជន​ខ្មែរ។

ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត បញ្ចេញ​មតិ​លើ​ហ្វេស​ប៊ុក​លោក​ថា សង្រ្គាម​ជាមួយ​ថៃ​នេះ បើ​កម្ពុជា​ពុំ​តដៃ​ប្រាកដ​ណាស់​ គ្មាន​អន្ដរ​ជាតិណា​​ចេញ​សេច​ក្ដីថ្លែង​ការណ៍​ដែរ។

លោកថា ដូចឃើញស្រាប់ជាង ៥ខែ យោធាថៃប្រមាថខ្មែរ តែ​អន្ដរ​ជាតិ​គ្មាន​មាត់​មួយ​ម៉ាត់​ ហើយ​បើ​និយាយ​ពី AOT នៅ​ថៃ​ថែម​ទាំង​និយាយ​ថា​ ថៃ​ត្រូវ នៅ​ខ្មែរ​និយាយ​ថា​ខ្មែរ​ត្រូវ បើ​ទូត​ដូច​គ្នា នៅ​ថៃ​ថា​ថៃ​ត្រូវ នៅ​ខ្មែរ​ថា​ខ្មែរ​ត្រូវ ឯណា​ការ​ពិត និង​យុត្តិធម៌​សម្រាប់​កម្ពុជា គឺ​គ្មាន​ឡើយ បើ​គ្មាន​ប្រយោជន៍​សម្រាប់​ពួក​គេ។

លោក ចាន់ឡូត សង្កត់ធ្ងន់ថា ងាកមកមើលអាមេរិក គឺបាន​បាត់​បង់​ឧត្តម​ភាព និង​ការ​ទទួល​ខុស​ត្រូវ​ហើយ ដោយ​​មិន​ត្រឹម​តែ​ជំរុ​ញ​ឱ្យ​ថៃ​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​១៨​នាក់​ពុំ​បាន​ទេ ថែម​ទាំង​ថៃ​ប្រើ​យន្ដ​ហោះ​ទម្លាក់​គ្រាប់​លើ​ខ្មែរ​ជា​លើក​ទី​២​ទៀត នេះ​មិន​រាប់​បញ្ចូល​ថៃ​ប្រើ​ឧបករណ៍​អាមេរិក​រាវមី​ន​ឈ្លាន​ពាន​ខ្មែរ​ផង។

កាលពីខែកក្កដា ឆ្នាំ២​០២៥​នេះ កម្ពុជា-ថៃ​ បាន​ប៉ះ​ទង្គិច​គ្នាដោ​យ​​អាវុធ​រយៈ​ពេល​៥​ថ្ងៃ​ម្តង​ហើយ រហូត​​ដល់​​ថ្ងៃ​ទី​២៨ ខែកក្កដា ទើប​មាន​បទ​​ឈប់​បាញ់ ក្រោម​ការ​សម្រប​សម្រួល​ពី​យន្ត​ការ​អាស៊ាន ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

ប៉ុន្តែ​ជាង​៥ខែម​ក​នេះ ថៃ​មិន​បាន​គោរព​បទ​ឈប់​បាញ់​នេះ​ទេ ហើយ​បន្ត​ឈ្លាន​ពាន​កម្ពុជា រហូត​មាន​ការ​ផ្ទុះ​អាវុធ​ទ្រង់​ទ្រាយ​ធំ​ជា​លើក​ទី២ ក្រោយ​កម្ពុជា​អស់​ការ​អត់​ធ្មត់ ប្រកាស​ប្រើ​សិទ្ធ​តបត ដើម្បី​​ការ​ពារ​ទឹកដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ