គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជារបស់​រដ្ឋាភិ​បាល​​ប្តឹ​ង​​មេ​ទាហាន​​​ថៃ​២នាក់​ទៅ​UN

គណៈក​ម្មាធិការ​​សិទ្ធិ​មនុស្ស​​កម្ពុជា នឹង​​​ដាក់​ញត្តិ​​បន្ទាន់​​​ទៅ​​​ឧត្តម​​​ស្នង​ការ​​អង្គ​ការ​​​សហ​​ប្រជា​ជាតិ​​ទទួល​​បន្ទុ​ក​​​សិទ្ធិ​​មនុស្ស​ នៅទីក្រុង​ហ្សឺណែវ និ​ងភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដោយ​​ប្តឹង​មេ​ទាហាន​​ថៃ​ចំនួន ២រូប ដែល​បាន​​​​វាយ​ប្រហារ​លើ​ជន​ស៊ីវិលកម្ពុជា និង​តំបន់ប្រាសាទ ដោយ​​​មិន​រើស​គោលដៅ ដែលជា​អំពើឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​រំលោភ​សិទ្ធិ​មនុស្ស​​យ៉ាង​ធ្ងន់​ធ្ងរ។​

ក្នុង​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​កម្ពុជា (គ.ស.ម.ក.) ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ បាន​​លើកឡើង​ថា គណៈកម្មាធិការ​នេះ មានក្តីបារម្ភយ៉ាងខ្លាំង និង​ធ្វើការ​ថ្កោល​ទោស​ចំពោះការ​វាយ​ប្រហារ​​យ៉ាង​ព្រៃ​ផ្សៃ​របស់​យោធាថៃ ក្រោម​ការ​ដឹកនាំ​របស់​លោក Weerayuth Raksil មេបញ្ជាការ​ភូមិភាគ​២ថៃ និង​លោក Worayos Luangsuwan មេបញ្ជា​ការ​​ភូមិ​ភាគ​១ថៃ ដែលបាន​ប្រើ​ប្រាស់​អាវុធគ្រប់​ប្រភេទ រួម​ទាំង​ផ្សែង​ពុល មក​លើ​ទីតាំង​​ភូមិ​សាស្ត្រ​​របស់​ជន​ស៊ីវិលនៅខេត្តចំនួន​៥​​ជាប់​ព្រំដែន​ ព្រមទាំង​ការ​បំផ្លិច​បំផ្លាញ​ប្រាសាទ​បុរាណ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

សេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា៖ «ទង្វើ​អមនុស្ស​ធម៌ និង​យង់ឃ្នង​ទាំង​នេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្ស​ធម៌អន្តរ​ជាតិ ព្រម​ទាំង​ជា​​បទ​ល្មើស​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​ផង​ដែរ»។

ការណ៍នេះ​ គណៈកម្មាធិកា​រសិទ្ធិ​មនុស្ស​កម្ពុជា នឹង​ដាក់ញត្តិ​បន្ទាន់​បន្ថែម​ទៀត លើករណី​អំពើ​ព្រៃ​ផ្សៃ​និង​យង់ឃ្នង​របស់​យោធា​ថៃ លោក​​​ Weerayuth Raksil និង​​​លោក​ Worayos Luangsuwan ប្តឹង​ទៅឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស និងភាគីពាក់ព័ន្ធដទៃ​ទៀត ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ចាត់​វិធានការ​ជាបន្ទាន់និង​ម៉ឹង​ម៉ាត់ ព្រមទាំង​​ទាមទារឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។

គណៈកម្មាធិកា​រសិទ្ធិ​មនុស្ស​កម្ពុជា ក៏បាន​ទទូច​ស្នើ​សុំ​ដល់​សហគមន៍​អន្តរជាតិ​ និង​តំបន់​ដាក់​សម្ពាធ​លើ​ប្រទេស​ថៃ ឱ្យ​បញ្ឈប់សកម្មភាព​បំពាន​ច្បាប់​ទាំង​នេះ​ជាបន្ទាន់ និង​ថ្កោល​ទោស​មេទាហាន​ថៃទាំង​២នាក់​នេះ ព្រមទាំង​បុគ្គល​ពាក់ព័ន្ធ​ទាំង​អស់ ឱ្យ​ទទួលខុស​ត្រូវ​ទាំង​ស្រុង ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​ចំពោះ​ផល​ប៉ះពាល់​ទាំងឡាយ​ ដែល​បង្ក​ឡើង​​ដោយ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ និងក្រសួងការ​ពារជាតិ គិត​មក​ដល់ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែលជាថ្ងៃ​ទី៥ នៃការ​វាយ​ប្រហារ​របស់​យោធាថៃ មក​លើ​​ដែនអធិបតេយ្យ​កម្ពុជា បាន​បណ្តាល​​ឱ្យ​ជនស៊ីវិលចំនួន ១១នាក់​បានស្លាប់ ក្នុងនោះ​មានទារក​ម្នាក់ និងជាង ៧០នាក់​ទៀត​រង​របួស និងមានជនភៀសសឹក​ជិត ២០ម៉ឺន​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ