នៅថ្ងៃសុក្រនេះ កងទ័ពកម្ពុជាបានបើកការប្រយុទ្ធ ទប់ទល់ជាមួយកងទ័ពឈ្លានពានថៃ ចូលដល់ថ្ងៃទី៦ហើយ ដែលក្រសួងថា កងទ័ពកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញនៅគ្រប់គោលដៅតាមបន្ទាត់ព្រំដែន ដើម្បីការពារទឹកដី ដោយមិនចាញ់ការគំរាមកំហែង ទោះសត្រូវប្រើអាវុធធន់ធ្ងន់ និងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ក្តី។
ក្រសួងការពារជាតិកម្ពុជា បាននិយាយថា គិតត្រឹមថ្ងៃទី១២ខែធ្នូនេះ ពោលគឺចូលដល់ថ្ងៃទី៦នេះ យោធាថៃបន្តបើកការបាញ់ផ្លោង និងប្រើយន្តហោះទម្លាក់គ្រាប់បែក ចូលច្រើនកន្លែងតាមបន្ទាត់ព្រំដែន ដូចជានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅខេត្តឧត្តរមានជ័យ និងតំបន់ជាំតែ និងផ្ទះតាម៉ុកខាងខេត្តព្រះវិហារ ជាដើម។
ប្រភពបន្តថា នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ យោធាថៃបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តគ្រប់ទិសដៅ នៅប្រាសាទតាមាន់ ប្រាសាទតាក្របី តំបន់អានសេះ ភ្នំ៥០០ អូរផ្កាស្នេហ៍ ទ្វារដែក ថ្មដូន និងភ្នំពងចាប។
បើតាមក្រសួង សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ បានបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ដោយបាញ់ផ្សែងពុលចូលភូមិព្រៃចាន់។
យ៉ាងណា ក្រសួងបញ្ជាក់ថា កងទ័ពកម្ពុជា បាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
លើសពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា គូសបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវប្រើសិទ្ធិស្វ័យការពារ ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។
អ្នកស្រីបន្តថា កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យនោះទេ ទោះក្នុងទម្រង់ណាមួយឡើយ គឺកងទ័ពកម្ពុជាបន្តប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ និងរឹងម៉ាំបំផុត ដើម្បីការពារទឹកដីនិងពលរដ្ឋ។
អ្នកស្រីថា៖ «សុំការបញ្ជាក់ផងដែរថា វរៈកងទ័ពកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងម៉ាំស្វាហាប់នោះ នឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា យើងក៏បញ្ជាក់ឡើងវិញ នូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យ ក្នុងទម្រង់ណាមួយឡើយ»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន គាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ រួមទាំងកងទ័ពកម្ពុជាដែលប្រកាសមិនចុះញ៉មឬចុះចាញ់ នឹងទង្វើចោរសៀមឈ្លានពាន។
លោកបន្តថា មានតែកម្ពុជារឹងម៉ាំ ខ្លាំងក្លា និងអង់អាចក្លាហាន និងសាមគ្គីគ្នាជាធ្លុងមួយទេ ទើបសត្រូវឈ្លានពានខ្លាចរអា បាក់ស្បាត និងព្រមចុះចាញ់កម្ពុជា ដូចសុភាសិតខ្មែរថា បើខ្មែរខ្លាំង ទើបខ្មែររស់។
លោកថា៖ «អ្នកនាំពាក្យក្រសួងការពារជាតិថា នឹងមិនចុះញ៉មចំពោះយោធាថៃ ហើយប្រើសិទ្ធិស្វ័យការពារហ្នឹង គឺជារឿងត្រឹមត្រូវហើយ ដូច្នេះដំណាក់កាលនេះ គឺគ្មានជម្រើសអីក្រៅពីប្រើសិទ្ធិស្វ័យការពារនោះទេ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជាគួរតែទិញអាវុធទំនើបៗបន្ថែមទៀត ដើម្បីការពារទឹកដីយើងហើយគួរតែទិញយន្តហោះF-16ពីអាមេរិក ឬយន្តហោះចម្បាំងពីស៊ុយអែត ពីចិន និងពីរុស្សីជាដើម»។
សម្រាប់ លោក សំអាន នៅតែទទូចឱ្យមេដឹកនាំកម្ពុជា ត្រូវពន្លឿនបញ្ជូនសំណុំរឿងព្រំដែនប្តឹងថៃ ទៅតុលាការអន្តរជាតិICJ សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមហាអំណាចសហរដ្ឋអាមេរិក ជាដើមដោយលោកសំអាងថា មានតែការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ តុលាការអន្តរជាតិ ICJ រួមទាំងប្រទេសមហាអំណាចទេ ទើបចោរសៀមខ្លាច បញ្ឈប់ការឈ្លានពានលើដែនអធិបតេយ្យកម្ពុជាបាន។
លោកថា៖ «កម្ពុជាត្រូវតែប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ អាយស៊ីជេ នៅតំបន់ជម្លោះទាំងបួន ដែលលោក ហ៊ុន ម៉ាណែត សន្យាថា នឹងប្ដឹងហ្នឹង ហើយនឹងបន្ថែមតំបន់ដទៃទៀត ដូចជា ភ្នំទ្រព្យ ភូមិជោគជ័យ ភូមិព្រៃចាន់ ច្រកអានសេះអីជាដើម ហើយកម្ពុជាត្រូវប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីជាដើម»។
នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សេង វណ្ណលី និយាយថា វាជារឿងល្អនិងចំបាច់បំផុត ក្នុងការប្រើសិទ្ធិស្វ័យការពារ ព្រោះវាជាច្បាប់អន្តរជាតិផងដែរ។
លោកអះអាងថា សកម្មភាពយ៉ាងគឃ្លើន និងឃោឃៅរបស់យោធាថៃប៉ុន្មានថ្ងៃនេះ ឆ្លុះបញ្ចាំងថា ពួកយោធាអភិរក្សនិយមរបស់ថៃ ជាជនល្មោភសង្រ្គាម ហើយតែងចិញ្ចឹមចិត្តចង់ឈ្លានពានទឹកដីខ្មែរ។
លោកថា៖ «កម្ពុជាមិនព្រមចុះញ៉មទៅនឹងទង្វើឈ្លានពានរបស់សត្រូវនោះទេ ដោយសារតែសង្គ្រាមនេះ មិនមែនជាសង្គ្រាមរយៈពេលខ្លីទេ គឺជាសង្គ្រាមដែលបម្រើមហិច្ឆតាឈ្លានពានរបស់ពួកក្រុមអភិរក្សនិយម ជាពិសេសកងទ័ព ដូច្នេះកម្ពុជាត្រូវតែសាមគ្គីគ្នា ដើម្បីប្រឆាំងទៅនឹងកងកម្លាំងឈ្លានពានរបស់ថៃ ថៃអាចវ៉ៃសង្គ្រប់ទាំងស្រុងបានទេ អាចវៃសង្រ្គប់តែនៅតាមខេត្តជាប់បណ្តោយព្រំដែន ហើយនឹងលើសពីចំណុចតំបន់រសើបមួយចំនួន តែថៃមិនអាចលូកលាន់ចូលទៅជ្រៅបានទេ»។
លើសពីនេះ លោក សេង វណ្ណលី យល់ថា មេដឹកនាំកម្ពុជា គ្មានអ្វីត្រូវរារែកចិត្តទៀតទេ គឺដំណាក់កាលនេះចាំបាច់ណាស់ ត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីការពារទឹកដី និងអាយុជីវិតពលរដ្ឋ។
បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញថា សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែធ្នូនេះ មានជនស៊ីវិលខ្មែរចំនួន ១១នាក់ស្លាប់ និងរបួស ៥៩ នាក់។
ចំណែក ជនភៀសសឹក សរុបទាំង ៥ខេត្ត មានចំនួន ៨៩ ៦៨៧ គ្រួសារ ស្មើនឹង ៣០៣ ២១៣ នាក់៕









