មន្ត្រីបានអះអាងថា យន្តហោះចម្បាំងថៃ F-16 បានបន្តទម្លាក់គ្រាប់កម្ទេចប្រាសាទបូរាណខ្មែរ និងពង្រីកការឈ្លានពានដល់តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ ដោយថា ទង្វើរបស់ថៃនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម គំរាមកំហែងបូរណភាពទឹកដីខ្មែរ ដែលអន្តរជាតិត្រូវចាត់វិធានការចាំបាច់ ដើម្បីធានាសន្តិសុខក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ឱ្យដឹងនៅទី១២ខែធ្នូនេះថា យោធាថៃបានបើកការបាញ់ផ្លោងដោយអាវុធធ្ងន់ចូលដែនអធិបតេយ្យកម្ពុជាច្រើនកន្លែង ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ រួមទាំងបាញ់ផ្សែងពុលចូលភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
រីឯនៅខេត្តឧត្តរមានជ័យវិញ យោធាថៃបានបាញ់ផ្លោងចូលប្រាសាទតាមាន់ និងតាក្របី និងខេត្តព្រះវិហារថៃបាញ់ផ្លោងចូល តំបន់ផ្ទះតាមុក ភ្នំខ្មោច អានសេះ រួមទាំងមានការទម្លាក់គ្រាប់បែកផងដែរ។ អ្នកស្រីថា ការវាយប្រហាររបស់យោធាថៃ គឺចាប់ពីម៉ោង១០យប់ ថ្ងៃទី១១ រហូតដល់ព្រឹកថ្ងៃទី១២ខែធ្នូនេះ យោធាថៃនៅបន្តបើកការបាញ់ផ្លោង ប៉ុន្តែកងទ័ពខ្មែរនៅបន្តប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងនឹងការឈ្លានពាន ដើម្បីការពារទឹកដីខ្មែរ។
អ្នកស្រីថា៖ «យើងក៏សូមបញ្ជាក់ឡើងវិញ នូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ »។
លើសពីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាននិយាយដែរថា ចាប់តាំងពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ អាវុធធន់ធ្ងន់បានផ្លោងចូលភូមិសាស្ត្រជប់គរគីរ ប្រាសាទតាមាន់ធំ ថ្មដូន ប្រាសាទតាក្របី ស្រុកបន្ទាយអំពិល និងភូមិសាស្ត្រប្រាសាទខ្នា និងអូរស្មាច់ស្រុកសំរោងជាដើម។
លោកបន្តថា ថៃក៏បានប្រើយន្តចម្បាំងនេះ ទៅទម្លាក់គ្រាប់បែកនៅតំបន់អូរភ្លុកដំរីផងដែរ។ តែថាស្ថិតក្នុងស្ថានភាពនេះ កម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងត្រៀមអន្តរាគមន៍ក្នុងភាពចាំបាច់។
លោកថា៖ «រហូតមកដល់ម៉ោង១៥:៥៤នាទី ទាហានថៃបានប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់លើគោលដៅទីតាំងអូរភ្លុកដំរីចំនួនបីគ្រាប់»។
លើសពីនេះ លោកថា កម្ពុជានៅតែអំពាវនាវឱ្យសហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចាត់វិធានការច្បាប់ស្របតាមនីតិវិធីអន្តរជាតិ ចំពោះឧក្រិដ្ឋកម្មយ៉ាងយង់ឃ្នង ព្រៃផ្សៃ របស់កម្លាំងចម្រុះថៃ ដែលបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស អនុសញ្ញាស្តីពីការធ្វើទារុណកម្មគ្រប់ទម្រង់ និងធម្មនុញ្ញអាស៊ានជាដើម។
លោកថា៖ «យើងទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់ឧក្រិដ្ឋកម្មឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម ដោយងាកមកអនុវត្តឲ្យបានពេញលេញតាមបទឈប់បាញ់ ជាពិសេសសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះហត្ថលេខាជាសាក្សី»។
យ៉ាងណា តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមានបទពិសោធន៍កិច្ចការព្រំដែន បានឱ្យដឹងនៅថ្ងៃនេះថា ផ្ទះ៣ខ្នង នៅតំបន់អូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាមូលដ្ឋានយោធារបស់កម្ពុជា និងផ្ទះរបស់យោធាខ្មែរ។ ជាមួយគ្នានេះ លោកសូមបួងសួងឱ្យទាហានខ្មែររួចផុតពីគ្រោះថ្នាក់ និងសង្ឃឹមថា BM-21 របស់កម្ពុជា នឹងឆ្លើយតបទៅនឹងទង្វើរបស់ទាហានថៃនេះ។
លើសពីនេះ លោកថា ការប្រើសិទ្ធិការពារខ្លួនប្រឆាំងនឹងទង្វើថៃឈ្លានពាន រួមទាំងការអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការច្បាប់ទៅលើទង្វើឈ្លានពានរបស់ថៃ ជាការឆ្លើយតបដ៏ត្រឹមត្រូវ ប៉ុន្តែសន្តិភាពយូរអង្វែងរបស់កម្ពុជា គឺត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
លោកថា៖ «កម្ពុជាក៏ត្រូវតែប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិicj នៅតំបន់ជម្លោះទាំងបួន ដែលលោក ហ៊ុន ម៉ាណែត សន្យាថានឹងប្ដឹងហ្នឹង ហើយហ្នឹងបន្ថែមតំបន់ដទៃទៀត ដូចជា ភ្នំទ្រព្យ ភូមិជោគជ័យ ភូមិព្រៃចាន់ និងច្រកអានសេះអីជាដើម»។
ជុំវិញបញ្ហានេះ គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទប់ស្កាត់មហិច្ឆិតាឈ្លានពានរបស់ថៃនេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី១០ ខែធ្នូនេះ បានទាមទារឱ្យអាជ្ញាធរថៃ ត្រូវបញ្ឈប់ការឈ្លានពានទឹកដីកម្ពុជា គោរពសិទ្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា១៩៩១ និងត្រូវដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌ។
គណបក្សនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវដាក់ពាក្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រាងទីក្រុងប៉ារីស ឱ្យកោះប្រជុំជាបន្ទាន់ ចំពោះករណីថៃឈ្លានពានទឹកដីកម្ពុជានេះផងដែរ។
ចំណែក គណបក្សប្រជាធិបតេយ្យជឿនលឿន ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះទង្វើព្រៃផ្សៃរបស់ភាគីថៃ និងអំពាវនាវដល់ស្ថាប័នអន្តរជាតិ ទប់ស្កាត់ទង្វើឈ្លានពាន ដើម្បីការពារជីវិត និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលជា«សិទ្ធិរស់នៅក្នុងសន្តិភាព និងគ្មានការភ័យខ្លាច»។
លើសពីនេះ កាលពីថ្ងៃទី៩ខែធ្នូនេះ អង្គការក្រៅរដ្ឋាភិបាលចំនួន៣ មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី រួមមាន អង្គការប្រជាធិបតេយ្យខ្មែរ ក្រុមអ្នកតស៊ូមតិកម្ពុជា និងអង្គការ២៣តុលា ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវសហគមន៍អន្តរជាតិ រួមទាំងរដ្ឋសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ ថ្កោលទោសថៃឈ្លានពានកម្ពុជា។
លើសពីនេះ អង្គការទាំង៣នោះ អំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឱ្យស្នើសុំអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់ និងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។
សេចក្តីថ្លែងការណ៍សរសេរក្នុងន័យដើមថា៖ «បូរណភាពទឹកដីរបស់កម្ពុជា និងជីវិតរបស់ប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែន មិនអាចដោះស្រាយដោយការសម្ងាត់ ការបដិសេធ ឬការរៀបចំដោយស្ងៀមស្ងាត់នៅពីក្រោយឆាកនោះទេ។ ពួកគេត្រូវតែការពារតាមរយៈការទូតដែលមានតម្លាភាព សកម្មភាពផ្លូវច្បាប់ដ៏រឹងមាំ និងការប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិយ៉ាងពេញលេញ»៕









