នាយករដ្ឋមន្រ្តីថៃ អានុទីន ចាន់វីរៈគុល(Anutin Charnvirakul) បានរំលាយសភានៅថ្ងៃសុក្រនេះ បន្ទាប់ពីកាន់ដំណែងរយៈពេលបីខែ ដែលព្រះរាជក្រឹត្យបានបើកផ្លូវសម្រាប់ការបោះឆ្នោតជាសាធារណៈ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង២៤ របស់ប្រទេសបារាំង។
ប្រព័ន្ធផ្សព្វផ្សាយបារាំង២៤ បានរាយការណ៍នៅថ្ងៃទី១២ ខែធ្នូនេះថា ចំណាត់ការនេះបានកើតឡើងលឿនជាងការរំពឹងទុក អំឡុងពេលមានការប៉ះទង្គិចគ្នាដ៏សាហាវនាពេលថ្មីៗនេះ នៅតាមព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា។
ប្រភពបន្តថា ក្រឹត្យដែលចេញផ្សាយដោយព្រះរាជកិច្ចបាននិយាយថា ‘‘សភាតំណាងត្រូវបានរំលាយដើម្បីរៀបចំការបោះឆ្នោតសកលថ្មីសម្រាប់សមាជិកសភា’’។
លោក អនុទីន(Anutin) មកពីគណបក្សអភិរក្សភូមិចៃថៃ(Bhumjaithai) បានក្លាយជានាយករដ្ឋមន្ត្រីកាលពីខែកញ្ញា បន្ទាប់ពីអ្នកស្នងតំណែងមុន ត្រូវបានដកចេញពីតំណែងដោយតុលាការជុំវិញបទបំពានក្រមសីលធម៌។
ប្រភពថា កាលពីដើមឆ្នាំនេះ លោកបានសន្យាថា នឹងរំលាយសភាជាផ្លូវការ ដើម្បីប្រកាសការបោះឆ្នោតមួយ ហើយរៀបចំការបោះឆ្នោតនៅដើមឆ្នាំ២០២៦។ លោក អានុទីន ត្រូវបានគេរំពឹងថានឹងរង់ចាំរហូតដល់ក្រោយបុណ្យគ្រិស្ទម៉ាស ដើម្បីរំលាយសភា។
ចំណាត់ការនេះ កើតឡើងនៅពេលដែលការប្រយុទ្ធផ្ទុះឡើងម្តងទៀត នៅតាមព្រំដែនជាមួយប្រទេសកម្ពុជាដែលការប៉ះទង្គិចនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងជម្លៀសប្រមាណ ៦សែននាក់(៦០០ ០០០នាក់)។
ជាមួយគ្នានេះ សារព័ត៌មានឆាន់ណែលញូអេស៊ា បានចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះថា ភាពចលាចលនយោបាយនេះ បានកើតឡើងនៅថ្ងៃទី៤ នៃជម្លោះព្រំដែនដ៏ក្តៅគគុករវាងប្រទេសថៃ និងកម្ពុជា ដែលមនុស្សយ៉ាងហោចណាស់ ២០នាក់ត្រូវបានស្លាប់ និងជិត ២០០នាក់រងរបួស។
ប្រភពឆាន់ណែលញូអេស៊ាដដែលថា លោក អនុទីន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ការរំលាយសភានេះ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ថៃនៅតាមបណ្តោយព្រំដែនជួរមុខ ដែលការប៉ះទង្គិចបានផ្ទុះឡើងនៅទីតាំងជាច្រើនកន្លែងដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរកាំភ្លើងធំនោះទេ៕









