កម្ពុជា និងថៃ បានអះអាងប្រហាក់ប្រហែលគ្នា នៅថ្ងៃទី១២ខែធ្នូនេះថា កងទ័ពកម្ពុជា និងថៃ បន្តបើកការប្រយុទ្ធគ្នាលើទីតាំងមួយចំនួនតាមព្រំដែនយ៉ាងស្វិតស្វាញ ដែលថា ពេលនេះ ភាគីកម្ពុជា បានប្រើអាវុធប្រភេទកាំជ្រួចហ្វូង BM-21 ទប់ទល់ជាមួយអាវុធធន់ធ្ងន់របស់ខ្លួន។
បើតាមសារព័ត៌មានថៃ ប៉ុស្តិ៍លេខ៧ និងខាវសុត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ យោធាថៃ និងកម្ពុជាបានបន្តបើកការវាយប្រហារគ្នា នៅតំបន់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងមុំបី។
ប្រភពនិយាយថា យោធាថៃបានបាញ់កាំភ្លើងធំ សំដៅទៅប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ខណៈភាគីកម្ពុជាបាយវាយបកវិញ ដោយប្រើកាំភ្លើងធំ BM-21។
បើតាមប្រភពនេះ ការប្រយុទ្ធគ្នានៅព្រឹកនេះ បានចាប់ផ្តើមបាញ់ប្រហារគ្នា តាំងពីម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
ដោយឡែក ភាគីកម្ពុជាវិញ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ឱ្យនៅព្រឹកថ្ងៃសុក្រនេះថា យោធាថៃបានបើកការបាញ់ផ្លោងដោយអាវុធធន់ធ្ងន់ ចូលដែនអធិបតេយ្យកម្ពុជា ច្រើនកន្លែងក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ។
បើតាមប្រភពនេះ ភូមិព្រៃចាន់ ត្រូវបានទាហានថៃបាញ់ផ្សែងពុល និងផ្តោងចូលភូមិជោគជ័យ និងបឹងត្រកួន ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
រីឯនៅខេត្តឧត្តរមានជ័យវិញ យោធាថៃបានបាញ់ផ្លោងចូលប្រាសាទតាមាន់ តាក្របី និងខេត្តព្រះវិហារ ថៃបានបើកការវាយប្រហារទៅលើតំបន់ផ្ទះតាមុក ជិតប្រាសាទព្រះវិហារ ភ្នំខ្មោច តំបន់អានសេះ និងតំបន់មួយចំនួន។
អ្នកស្រីថា៖ «នៅវេលាម៉ោង៤និង០០នាទីព្រឹក(ថ្ងៃទី១២ខែធ្នូ) យោធាថៃបានចាប់ផ្តើមប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តគ្រប់គោលដៅក្នុងតំបន់អានសេះ អូផ្កាស្នេហ៍ ទ្វារដែក និងភ្នំពងចាប។ នៅម៉ោង៧និង៥នាទីយោធាថៃបានចាប់ផ្តើមវាយប្រហារដោយកាំភ្លើងធំគ្រប់ធន់នៅទីតាំងថ្មដូន ជប់គរគីរ និងប្រាសាទតាក្របី[…] ទង្វើដ៏សាហាវនេះ បានបញ្ជាក់ពីទង្វើអសីលធម៌ ដែលបង្ហាញពីការម៉ាក់ងាយដល់អាយុជិវិតពលរដ្ឋខ្មែរ និងវប្បធម៌ អរិយធម៌ ដែលជាមរតកមនុស្សជាតិ ជាពិសេសជាមរតក ដែលដូនតាខ្មែរបានកសាង ដែលបន្សល់ទុក និងមានតម្លៃមិនអាចកាត់ថ្លៃបាន»។
បើតាមប្រភពនោះ ការវាយប្រហាររបស់យោធាថៃ ចាប់ពីម៉ោង១០យប់ ថ្ងៃទី១១ រហូតដល់ព្រឹកថ្ងៃទី១២ខែធ្នូនេះ យោធាថៃនៅបន្តបើកការបាញ់ផ្លោង ប៉ុន្តែកងទ័ពខ្មែរនៅបន្តប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងនឹងការឈ្លានពាន ដើម្បីការពារទឹកដីខ្មែរ។
អ្នកស្រីថា៖ «កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អារិភាពជាបន្ទាន់ ដោយដកកងកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់ស្ថេរភាព និងនិរន្តភាពក្នុងតំបន់»។
លើសពីនេះ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស និងចាត់វិធានការលើទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានេះ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ និងឱ្យថៃទទួលខុសត្រូវរាល់ទង្វើឈ្លានពានកម្ពុជា ដែលបានកើតឡើងជាថ្មីទៀត រយៈពេល៦ថ្ងៃមកនេះ ។
កាលពីខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានប៉ះទង្គិចគ្នាដោយអាវុធរយៈពេល៥ថ្ងៃម្តងហើយ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ទើបមានបទឈប់បាញ់ ក្រោមការសម្របសម្រួលពីយន្តការអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែជិត៦ខែមកនេះ ថៃមិនបានគោរពបទឈប់បាញ់នេះទេ ហើយបន្តឈ្លានពានកម្ពុជា រហូតមានការផ្ទុះអាវុធទ្រង់ទ្រាយធំជាលើកទី២ ក្រោយកម្ពុជាអស់ការអត់ធ្មត់ ប្រកាសប្រើសិទ្ធតបត ដើម្បីការពារទឹកដី៕









