ថៃប្រើយន្តហោះចម្បាងំ F-16 កម្ទេចស្ពានមេទឹក និងការស៊ីណូនៅឃុំថ្មដា ខេត្តពោធិ៍សាត់

ថៃប្រើយន្តហោះចម្បាងំ F-16 កម្ទេចស្ពានមេទឹក និងការស៊ីណូនៅឃុំថ្មដា ខេត្តពោធិ៍សាត់

សេចក្តីរាយការណ៍នានាបាន​ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក កម្ទេចស្ពានជ័យជម្នះ ឬស្ពានមេទឹក នៅស្រុកវាលវែង​ ខេត្តពោធិ៍សាត់ និងកម្ទេចអគារកាស៊ីណូមួយចំនួនទៀត​ក្នុងខេត្ត​នេះ បើទោះ​បីជាមានការសន្ទនា​ឱ្យឈប់បាញ់ ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំក្តី។

ក្រសួងការពារជាតិកម្ពុជា បាននិយាយ​នៅលើហ្វេសប៊ុក​របស់ខ្លួន នៅព្រឹក​ថ្ងៃសៅរ៍នេះថា ថៃ​កំពុង​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែក កម្ទេច​អគារ សណ្ឋាគារ នៅភូមិសាស្រ្តថ្មដា និង​កម្ទេច​ស្ពានជ័យជំនះ ឬស្ពានមេទឹក។

ក្រសួងថា ការកម្ទេចស្ពាន និងអគារនៅឃុំថ្មដា ក្នុងដែនអធិបតេយ្យកម្ពុជានេះ យោធាថៃ បានបើកប្រតិបត្តិការ​ចន្លោះពីម៉ោង០៥:៥៥នាទី​ព្រឹក ដល់ម៉ោង០៦ន:១២នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ  ហើយថា ​គិត​ត្រឹមម៉ោង​ជាង៦ព្រឹកនេះ យន្តហោះចម្បាំង​ថៃ មិនទាន់​បញ្ឈប់​សកម្មភាព​ទម្លាក់​គ្រាប់​បែក​​នៅឡើយទេ។

លើសពីនេះ សារព័ត៌មាន Fresh News ដែលគេស្គាល់ថា ស្និទ្ធនឹងរដ្ឋាភិបាលនោះ បាន​រាយការណ៍​នៅថ្ងៃសៅរ៍​នេះដែរ​ថា ទាហានថៃ​ប្រើប្រាស់យន្តហោះ​ចម្បាំង F-16 ចំនួន ២គ្រឿង បាញ់កម្ទេច​ អគារកាស៊ីណូនៅថ្មដា និងសម្ទេចស្ពានមេទឹក នៅខេត្តពោធិ៍សាត់ នៅព្រឹកទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

រីឯសារព័ត៌មានក្នុងស្រុករបស់ថៃវិញ បានរាយការណ៍ថា កងទ័ពជើងអាកាសរបស់ខ្លួន បាន​បន្ត​ប្រើយន្តហោះ​ចម្បាំង F-16 បាញ់កម្ទេច​ស្ពានជ័យជំនះ​របស់កម្ពុជា រួមទាំងវាយ​កម្ទេចទីតាំង​មូលដ្ឋានទ័ព កម្ពុជា​មួយផងដែរ។ ហើយថា មកដល់ពេលនេះ ក្រុមយោធាមិនទទួល​បានការជូនដំណឹងពីរដ្ឋាភិបាលថៃ ពីការផ្អាកឈប់បាញ់នៅឡើយទេ។

ដោយឡែក នាយករដ្ឋមន្ត្រីកម្ពជា លោក ហ៊ុន ម៉ាណែត វិញ បានបង្ហោះសារ​លើហ្វេសប៊ុកលោក នៅថ្ងៃសៅរ ថា លោក​បានពិភាក្សាតាមទូរសព្ទ​ជាមួយ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ​លោក ដូណាល់ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោកបញ្ជាក់ថា ការសន្ទនា​តាមទូរសព្ទនោះ គឺដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់​ រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្ត​សេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។

ជុំវិញបញ្ហានេះ លោកថ្លែងអំណរគុណដល់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី ត្រាំ ចំពោះការខិតខំប្រឹងប្រែង​ជាបន្តបន្ទាប់ សំដៅ​សម្រេច​ឱ្យបាន​នូវសន្តិភាពយូរអង្វែង រវាងកម្ពុជា និងថៃ។ ហើយថា កម្ពុជាតែងតែ​ប្រកាន់ខ្ជាប់​នូវជំហរក្នុងការស្វែងរក​ការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាម​ស្មារតី​នៃសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។

យ៉ាងណាលោកគូសបញ្ជាក់ថា ចំពោះហេតុការណ៍បាញ់​ប្រហារនៅ​រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាល​ឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មី រវាងកម្ពុជា-ថៃ លោកបានផ្តល់​យោបល់ថា កងទ័ព ឬស្ថាប័នជំនាញ​របស់​សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាច​ប្រើសមត្ថភាព​ប្រមូល​ព័ត៌មាន​របស់ពួកគេ ដូចជារូបភាព​ផ្កាយរណប​ដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់​ថា តើភាគីណាបាញ់មុន។

លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា វិធីសាស្រ្តនេះ អាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់​ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៣ ខែធ្នូនេះ ថៃបានបើកការឈ្លានពានកម្ពុជាចូលដល់ថ្ងៃទី៧ហើយ ដែលថៃបាន​ប្រើអាវុធធុន​ធ្ងន់ និងយន្តហោះចម្បាំង F-16 កម្ទេចប្រាសាទបូរាណខ្មែរ ដូចជាប្រាសាទតាក្របី​ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ទម្លាក់គ្រាប់បែក​លើប្រាសាទ​ព្រះវិហារ នៅខេត្តព្រះវិហារ និងច្បាម​យកទីតាំង​មួយចំនួន ប៉ុន្តែកម្ពុជា កងទ័ពជួរ​មុខកម្ពុជា​នៅតែបន្ត​ប្រយុទ្ធ​យ៉ាងស្វិតស្វាញ ដើម្បីការពារ​ទឹកដី និងបានប្រកាស​ថា​កម្ពុជា នឹងមិន​ចាញ់ការ​គំរាម​ពីភាគីថៃ ទោះក្នុងរូបភាពណាក៏ដោយ។

ជាការកត់សម្គាល់ កាល​ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កង​ទ័ព​កម្ពុជា និងថៃបាន​ផ្ទុះអាវុធ​ដាក់គ្នា​ជាទ្រង់ទ្រាយ​ធំ​ម្តងហើយ មានរយៈពេល៥ថ្ងៃ ក្រោយមាន​បទឈប់​បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ដែល​សម្រប​សម្រួលដោយយន្តការ​អាស៊ាន ពីប្រធាន​ប្តូរវេននាយករដ្ឋន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមការ​អន្តរាគមន៍ពីប្រធានាធិបតី ត្រាំ។

ប៉ុន្តែភាគីថៃមិន​បានគោរព​កិច្ចព្រមព្រៀងនេះទេ ហើយ​បានចល័ត​ទ័ព​មករាយបន្លា​លួស ព័ទ្ធយក​ដីខ្មែរ​ច្រើនកន្លែង នៅប្រសាទតាមាន់​ធំ ខេត្តឧត្តរមានជ័យ តំបន់អានសេះ ខេត្តព្រះវិហារ និងព័ទ្ធយក​ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រហូត​បើកការ​បាញ់​ពលរដ្ឋ​ខ្មែរ​ នៅភូមិន​ព្រៃចាន់ បណ្តាល​ឱ្យម្នាក់​ស្លាប់ និង៣នាក់រងរបួស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈកម្ពុជា​មិនតបត​ដោយ​គោរពបទ​ឈប់បាញ់។

ការអត់ធ្មត់នេះ ថៃចេះតែបន្ត​ពង្រីការ​ឈ្លានពាន តាមរយៈ​ប្រើប្រាស់​គ្រឿងចក្រ​ចូល​ឈូសផ្ទះពលរដ្ឋ នៅភូមិជោគជ័យ ដោះមីនយកដីខ្មែរ​នៅតាមព្រំដែន ហើយ​ប្រកាសដក​ខ្លួន​ពីបទ​ឈប់បាញ់ ដោយឯកតោភាគី ដើម្បីបាន​លេស​ឈ្លានពានកម្ពូជា រហូតដល់​កម្ពុជា​អស់ការ​អត់​ធ្មត់ ប្រកាស​ប្រសិទ្ធិ​តបត ដើម្បី​ការពារបូរណភាព​ទឹកដី​កម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ