ក្រសួងថាទង្វើឈ្លានពានរបស់ថៃកំពុងបង្កើនផលប៉ះពាល់ដល់តំបន់ស៊ីវិលកម្ពុជា

ការឈ្លានពានរបស់ថៃ​មក​លើ​កម្ពុជា​ជិត​១០ថ្ងៃ​មក​នេះ បាន​បង្កើន​ផល​ប៉ះ​ពាល់​ដល់​តំបន់​ស៊ីវិល​ និង​បំផ្លិច​បំ​ផ្លា​​ញ​ហេដ្ឋារ​ចនា​សម្ព័ន្ធ ផ្ទះ​សំបែង សាលា​រៀន និង​កើន​ឡើង​ជន​ភៀស​សឹក​ជិត​៤០​ម៉ឺន​នាក់​ជាដើម​ ដែល​ការណ៍​នេះ​ក្រសួង​​ថា សហ​​គមន៍​អន្តរ​ជាតិ​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​លើ​ប្រទេស​ថៃ ដើម្បី​សន្តិ​សុខ​តំបន់​។

នេះបើតាមសេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ ចុះ​ថ្ងៃ​ទី​១៤ខែ​ធ្នូ​នេះ «ស្តីពី​ផ​លប៉ះ​​ពាល់​លើ​ប្រជា​ពលរដ្ឋ និង​តំបន់​​ស៊ីវិល​កម្ពុជា ដោយ​អំពើ​ឈ្លាន​ពាន​ប្រដាប់​អាវុធ ជា​មុន​ពី​សំណាក់​ភាគី​ថៃ ចាប់​ពី​ម៉ោង​៦ល្ងាច ថ្ងៃ​ទី​១៣ ខែ​ធ្នូ រហូត​ដល់​ម៉ោង​៧ព្រឹក ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥»។

ក្រសួងនិយាយថា រហូតដល់​ម៉ោង​៧ព្រឹក ថ្ងៃទី​១​៤ ​ខែ​ធ្នូ​នេះ អំពើ​ឈ្លាន​ពាន​រំលោភ​ច្បាប់​អន្តរ​ជាតិ និង​ក្បត់​បទ​ឈប់​បាញ់​ជា​មុន​ម​ក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា​របស់​ភាគី​ថៃ ដែល​ផ្តើម​ឡើង​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូបាន​បណ្តាល​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​លើសុ​វត្ថិ​ភាព​ប្រជា​ពលរដ្ឋ និង​តំបន់​ស៊ីវិល​កម្ពុជា។

បើតាម​ក្រសួង ករណី​ពលរដ្ឋស្លាប់និងរបួសមានចំនួន​ ​​៧០​នាក់ ក្នុងនោះ​​​១១នាក់​ស្លាប់ ៥៩​នាក់​រងរបួស ជំរុំ​សុវត្ថិ​ភាព​(ភៀសសឹ​ក)​កើន​ឡើង​ដល់​៧ខេត្ត មាន​ខេត្ត​ព្រះ​វិហារ ឧត្តរ​មាន​ជ័យ បន្ទាយ​មាន​ជ័យ បាត់​ដំបង ពោធិ៍​សាត់ ​កោះកុង និង​ខេត្ត​សៀមរាប។

រីឯជនភៀសសឹកសរុប ១១៤ ១០៦ គ្រួសារ (កើន​១ ១៤០​គ្រួសារ) ស្មើ​នឹង​មនុស្ស ៣៨៤ ១០១​នាក់ (កើន​៣​ ៨១៧​នាក់) ក្នុ​ង​នោះ​ស្ត្រីមាន​ប្រមាណ​២សែន​នាក់ និង​កុមារ ប្រមាណ ១សែន​នាក់។

ករណី​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ស៊ីវិល មាន​ផ្ទះ​សំបែង និង​សម្ភារ​ប្រើ​ប្រាស់​របស់​ប្រជា​ពលរដ្ឋ​ អគារ​ក្រុម​ហ៊ុន អគារ​រដ្ឋបា​ល សាលា​រៀន វត្ត​អារាម ប្រាសាទ​បុរាណ ផ្លូវ​ថ្នល់ ស្ពាន និង​អង្គ​ភាព សាធារណៈជា​ច្រើន​កន្លែង បាន​​កំពុង​រង​ការ​ខូច​ខាត​ជា​បន្ត​បន្ទាប់ ខណៈ​សេវា​ជាមូ​ល​ដ្ឋាន ដូច​ជា សេវា​រដ្ឋ​បាល សុខាភិបាល និង​អប់រំ​នៅ​តាម​ក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវ​បាន​ផ្អាក​ស្ទើរ​ទាំ​ង​ស្រុង ដោយ​សារ​តែ​ភាគី​ថៃ​បង្កើន​ការ​ វាយ​ប្រហារ​ដោយ​អាវុធ​គ្រប់​ធុន និង​គ្រប់​ទម្រង់​មក​លើ​តំបន់​ស៊ីវិល។

យ៉ាងណា ក្រសួង​​ជឿជាក់​​យ៉ាងមុ​ត​មាំ​លើ​យុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិ​របស់​ថ្នាក់​ដឹក​នាំ និង​ថា កម្លាំង​កង​យោធ​ពល​ខេម​រភូមិន្ទ និង​នគរបាល​ការ​ពារ​ព្រំដែ​ន បាន​កំពុង​ប្រកៀក​ស្មា​រួម​គ្នា​ការ​ពារ​បូរណ​ភាព​ទឹក​ដី និង​ អធិប​តេយ្យ​ភាពជាតិ ដោយ​អង់​អាច​ក្លាហាន និង​មាន​ប្រៀប​ឈ្នះ​គ្រប់​គោល​ដៅ​នៃសមរភូមិ​ប្រយុទ្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ